RFA | ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ស្រុក​សុរិន្ទ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ស្រុក​នៅ​តាម​តំបន់​មួយចំនួន ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ឬ​សង្ក្រាន្ត​ទៅតាម​ទំនៀមទម្លាប់​ចាស់ របស់​ដូនតា​ដដែល​។ ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​របស់​ពួកគាត់ មាន​ចំណុច​ខ្លះ ដូចគ្នា​នឹង​ទំនៀមទម្លាប់​ការរៀបចំ​របស់​អ្នកស្រុក​ខ្មែរ​ដែរ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ខុសគ្នា។

សុរិន្ទ គឺជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ ដែល​បណ្ដុំ​ទៅ​ដោយ​ចម្រុះ​វប្បធម៌ និង​ភាសា មាន​ដូចជា ថៃ ខ្មែរ កួយ ចិន និង​ឡាវ​ជាដើម ក្នុង​នោះ​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​រស់នៅ​ច្រើន​។ ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​ទាំងនោះ ភាគច្រើន​រស់នៅ​តំបន់​ជនបទ និង​ជាយក្រុង នៅ​ប្រើប្រាស់​ភាសា​ខ្មែរ មាន​សំនៀង​រដឺន ក្នុង​ការ​និយាយ​ប្រាស្រ័យ​ទាក់ទង​គ្នា ពិសេស​នៅក្នុង​ពិធី​កម្ម​បែប​សាសនា និង​ពិធីបុណ្យ​ប្រពៃណី​ជាដើម។

អ្នកស្រុក​ដើមកំណើត​ខ្មែរសុរិន្ទ មិន​ត្រឹមតែ​អាច​និយាយ​ភាសា​ខ្មែរ​បាន​នោះ​ទេ ពួកគាត់​អាច​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​បាន​យ៉ាង​ខ្ជាប់ខ្ជួន មាន​ដូចជា បុណ្យ​ភ្ជុំបិណ្ឌ ឬ​សែនដូនតា ពិធី​កោរ​ជុក រាំ​អង្រែ រាំ​ត្រុដិ ការសម្ដែង​ចម្រៀង​មហោរី និង​យីកេ ជាដើម​។ ដោយសារ​មាន​ឈាមជ័រ​ជា​ខ្មែរ​នេះ​ហើយ ទើប​អ្នកស្រុក​សុរិន្ទ​ភាគច្រើន​មាន​ទម្លាប់​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប្រហាក់ប្រហែល​គ្នា​នឹង​ខ្មែរ​នៅ​ដែនដី​កម្ពុជា​សព្វថ្ងៃ​យ៉ាង​ដូច្នេះ​ដែរ។

ចៅអធិការ​វត្ត​តាតំចមស្វាយ ស្ថិតនៅ​ឃុំ​ស្វាយ ខេត្ត​សុរិន្ទ ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ មាន​ថេរៈ​ដីកា​ថា ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ឬ​ភាសា​តំបន់​របស់​អ្នកស្រុក​សុរិន្ទ ហៅថា​បុណ្យ​ខែ​ចែ​ត្រ ប្រព្រឹត្តទៅ​មាន​លក្ខណៈ​ដូចគ្នា​នឹង​បុណ្យ​ចូលឆ្នាំថ្មី របស់​អ្នកស្រុក​ខ្មែរ​ដែរ ប៉ុន្តែ​ខុសគ្នា​ត្រង់​ថា អ្នកស្រុក​សុរិន្ទ មិន​រៀបចំ​គ្រឿង​សក្ការបូជា​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នោះ​ទេ ដោយ​ពួកគាត់​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​តាម​ផ្ទះ ដើម្បី​បណ្ដេញ​ឧបទ្រពចង្រៃ និង​សុំ​ពរជ័យ។ ព្រះអង្គ​មាន​ថេរៈ​ដីកា​បន្ត​ថា ក្នុង​ទេសកាល​បុណ្យ​ចូលឆ្នាំថ្មី អ្នកស្រុក​សុរិន្ទ រស់នៅ​តំបន់​ដែល​មាន​អ្នក​និយាយ​ភាសា​ខ្មែរ​ច្រើន នាំគ្នា​ទៅ​វត្ត ដើម្បី​ជួបជុំគ្នា​រៀបចំ​លេង​រាំ​ត្រុដិ រាំ​អង្រែ និង​ខ្លះទៀត​ពួន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ​ជាដើម។

ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ «ដូច​យ៉ាង​ឃុំ​ស្វាយ នេះ រដូវ​កាល​សង្ក្រាន្ត​នេះ គេ​នាំ​គ្នា​ជញ្ជួន​ខ្សាច់​មក​ពួន ហើយក៏​មាន​រាំ​អង្រែ រាំ​ត្រុដិ ហើយ​ឥឡូវនេះ​ដល់ពេល​រាំ​ត្រុដិ​ហើយ​ខែចេត្រ​។ បើ​និយាយ​ទៅ​ភាគ​ឦសាន​នេះ គេ​លេង​ដូចគ្នា​ទាំងអស់​រហូតដល់​បាងកក​។ ឥឡូវនេះ​បាត់​ទៅហើយ​(​ល្បែង​ប្រជាប្រិយ​) គេ​លេង​តែ​សាចទឹក​។ ពួកក្មេង​ក្មាង​អី គេ​ក៏​ផ្អាក​រៀន គេ​ក៏​លេង​សាច​(​ជះ​)​ទឹក​គ្នា ដេញ​ប៉ាត​ម្សៅ​គ្នា​ដូច្នេះ»

ការ​រាំ​ត្រុដិ​របស់​អ្នកស្រុក​សុរិន្ទ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ខុសប្លែក​ពី​ការ​រាំ​ត្រុដិ​របស់​អ្នកស្រុក​ខ្មែរ​ទាំង​ការ​ច្រៀង ការ​តុបតែង​ខ្លួន និង​ចង្វាក់ភ្លេង ដោយ​ការ​រាំ​ត្រុដិ​របស់​អ្នកស្រុក​សុរិន្ទ គេ​ប្រគំ​ភ្លេង​ស្រដៀង​នឹង​កន្ត្រឹម មាន​អ្នក​រាំ​ស្លៀកសំពត់​ក្រមា​ក្រហម​កាន់​ចង្ក្រង់ ប៉ុន្តែ​គ្មាន​តួអង្គ​យក្ស ព្រាយ ព្រាហ្មណ៍ សត្វ​ទន្សោង សត្វ​ក្ងោក និង​ខ្សែទាម ដូច​ការ​រាំ​ត្រុដិ​របស់​អ្នកស្រុក​ខ្មែរ​ឡើយ។

ពិធីបុណ្យ​ចូលឆ្នាំ​អ្នកស្រុក​សុរិន្ទ ប្រារព្ធ​មាន​រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣ រហូត​ដល់​ថ្ងៃទី​១៥ ខែ​មេសា ស្រប​ទៅ​តាម​ប្រតិទិន​របស់​ប្រទេស​ថៃ។

នាយិកា​វិទ្យាល័យ​ស្វាយ ក្នុងស្រុក​មឿងសុរិន្ទ កញ្ញា កេសិនី ឈុមកៀត ប្រាប់​ថា សម្រាប់​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ឬ​សង្ក្រាន្ត នៅ​តាម​សាលារៀន​ក្នុង​ខេត្ត​សុរិន្ទ មិន​មាន​រៀបចំ​កម្មវិធី​ច្រៀង រាំ​លេង​កម្សាន្ត សាចទឹក ឬ​ប៉ាត​ម្សៅ​នោះ​ទេ ដោយ​គណៈ​គ្រប់គ្រង​សាលា បាន​រៀបចំ​ពិធី​ស្រង់ទឹក​ព្រះ និង​មនុស្ស​ចាស់​។ កញ្ញា​រៀបរាប់​ថា បច្ចុប្បន្ន​ការ​លេង​ល្បែង​ប្រជាប្រិយ​ក្នុង​បុណ្យ​ចូលឆ្នាំថ្មី ដូចជា ចោល​ឈូង ឬ​លាក់កន្សែង និង​បោះ​អង្កុញ មានតែ​នៅ​តាម​តំបន់​ស្រុកស្រែ​មួយចំនួន​តូច​ប៉ុណ្ណោះ ចំណែក​អ្នក​រស់នៅ​ទីប្រជុំជន នាំគ្នា​លេង​ជះ​ទឹក ប៉ាត​ម្សៅ និង​ច្រៀង​រាំ​ជាដើម​។​

កញ្ញា កេសិនី ឈុមកៀត៖ «ហេតុ​ដូច្នេះហើយ សាលារៀន​មិន​មាន​កិច្ច​កម្ម​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នកស្រុក​នោះ​ហើយ​គេ​មាន​កិច្ច​កម្ម​។ គេ​ធ្វើ​ស្រោច​ទឹក​លោក​(​សង្ឃ​) ស្រង់​ព្រះ ងូតទឹក​ឱ្យ​ម៉ែឪ ស្រង់​ព្រះ​នៅ​ឯ​វត្ត រួច​ក៏​មក​ស្រង់​ព្រះ​ក្នុងផ្ទះ ងូតទឹក​ឱ្យ​ម៉ែ​ឱ្យ​ឪ ហើយក៏​ហូបបាយ​ជុំគ្នា​តាម​ធម្មតា»

ប្រវត្តិវិទូ​ខ្មែរ បណ្ឌិត មីឆែល ត្រាណេ មាន​ប្រសាសន៍​ថា កត្តា​សំខាន់ ដែល​ធ្វើ​ឱ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី របស់​អ្នកស្រុក​ខ្មែរ និង​អ្នកស្រុក​សុរិន្ទ មាន​ភាព​ដូចគ្នា​ភាគច្រើន គឺ​ដោយសារ​ការ​បន្ត​វប្បធម៌ ទំនៀមទម្លាប់​របស់​អ្នកស្រុក​ខ្មែរសុរិន្ទ ពី​ជំនាន់​ដើម ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ និង​ការ​សំយោគ​នៃ​ពិធី​កម្ម​របស់​ព្រះពុទ្ធសាសនា ទៅ​ក្នុង​ពិធី​កម្ម​សង្ក្រាន្ត។

បណ្ឌិត មីឆែល ត្រាណេ៖ «កុំ​ភ្លេច​ថា ជាតិខ្មែរ គឺជា​ជាតិ​មួយ​ធំ​ណាស់​។ ហើយ​ទឹកដី​ខ្មែរ​ទាំងអស់​នោះ នៅ​បន្សល់​នូវ​ស្លាកស្នាម​វប្បធម៌​។ ដូច្នេះ​គេ​នៅ​រក្សា​បាន​ផ្នត់គំនិត ទម្រង់​វប្បធម៌ ទម្រង់​ប្រពៃណី»

យ៉ាងណា​ក៏​ដោយ​ចុះ ចៅអធិការ​វត្ត​តាតំចមស្វាយ ព្រះតេជព្រះគុណ វិភ័តសិរីវឌ្ឍន៍ បារម្ភ​ពី​ការ​បាត់បង់​ទំនៀមទម្លាប់​ដើម​របស់​ខ្មែរសុរិន្ទ ជាពិសេស​ភាសា ការ​និយាយ ដោយសារ​កង្វះ​ការ​អនុរក្ស របស់​អ្នក​ជំនាន់ក្រោយ ដែល​ធ្វើ​ឱ្យ​អ្នក​និយាយ​ភាសា​ខ្មែរ កាន់តែ​មាន​តិច​ទៅ ឬ​និយាយ​មិនសូវ​ច្បាស់ និង​ភ្លេច​ពី​ទំនៀមទម្លាប់​ខ្មែរ​ពី​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments