RFA | សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជាង​២០​ម៉ឺន​នាក់​ដែល​ផុត​ទិដ្ឋាការ​ការងារ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​របស់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង​២០​ម៉ឺន​នាក់ ដែល​ដល់​ថ្ងៃ​ផុត​កំណត់​ទិដ្ឋាការ​ការងារ នៅ​ថ្ងៃទី​៣០ មេសា។ ពួកគេ​ស្នើ​ដល់​ក្រសួង​ការងារ​ឲ្យ​ជួយ​ទាក់ទង​ភាគី​ថៃ ដើម្បី​សម្រួល​ដល់​ការ​បន្ត​ទិដ្ឋាការ​ការងារ​របស់​ពលករ​ខ្មែរ។

មន្ត្រី​ជំនាញ​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការ​សង់ត្រាល់​(CENTRAL)​ប្រចាំ​នៅ​ប្រទេស​ថៃ​លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ មេសា ថា នៅពេលនេះ​ពលករ​ជាង​២០​ម៉ឺន​នាក់​ដល់​ថ្ងៃ​ផុតកំណត់​សុពលភាព​ទិដ្ឋាការ​ការងារ ធ្វើ​ឲ្យ​ពលករ​ទាំងនោះ​សម្រុក​ធ្វើដំណើរ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​បន្ត​សុពលភាព​ទិដ្ឋាការ​ការងារ ឬ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បន្ត​ទិដ្ឋាការ​ការងារ​ជំនួស​ពួកគេ។ លោក​បន្ត​ថា ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ពលករ​ប្រឈម​នឹង​ការ​ចំណាយ​ថ្លៃ​សោហ៊ុយ​ធ្វើ​ដំណើរការ​កកស្ទះ​នៅ​ច្រក​ចេញ​ចូល និង​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​ជាដើម។

លោក លឹង សុផុន៖ «ខ្ញុំ​ឃើញ​តំបន់​ច្រើន​ពេល ដែល​មាន​បញ្ហា​ពលករ​អស់​សុពលភាព​វីសា (ទិដ្ឋាការ) ពួកគាត់​ចុះ​ឆែក​ដល់​កន្លែង​ពួកគាត់​ស្នាក់​នៅ ជាពិសេស​ប៉ូលិស​តាម​តំបន់​មួយៗ​ចុះ​ចាប់​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង​ជួនកាល​អាច​យក​ពួកគាត់​ទៅ​ឃុំឃាំង​បណ្ដោះអាសន្ន ឬក៏​ផាកពិន័យ​អីចឹង​ច្រើន​សម្រាប់​អ្នក​ដែល​អស់​សុពលភាព​វីសា បែប​ហ្នឹង​ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​រស់នៅ​ផង ក្នុង​ការ​ស្វែងរក​ការងារ​ផង នៅ​ពេល​ដែល​ដាច់​ហើយ​គឺ​មាន​ការ​លំបាក​ច្រើន»

លោក លឹង សុផុន ឲ្យ​ដឹង​ទៀត​ថា នៅពេល​ពលករ​ផុតកំណត់​សុពលភាព​ទិដ្ឋាការ​ការងារ ពួកគេ​ប្រឈម​នឹង​ការ​ផាកពិន័យ និង​ប្រឈម​នឹង​ការ​ឃាត់ខ្លួន​ពី​អាជ្ញាធរ​ថៃ នៅពេល​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​ឯកសារ​ផ្សេងៗ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​ក្រសួង​ពាក់ព័ន្ធ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​សម្រួល​ដល់​ការ​បន្ត​សុពលភាព​ទិដ្ឋាការ​ការងារ​សម្រាប់​ពលករ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ក្រសួង​ការងារ​បាន​ប្រជុំ​ជាមួយ​នាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ថៃ ហើយ​បាន​កែសម្រួល​នីតិវិធី​មួយចំនួន​ដើម្បី​ឲ្យ​ពលករ​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាន​លឿន​ជាង​មុន។

អ្នកនាំពាក្យ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ពលករ​ដែល​ផុតកំណត់​ទិដ្ឋាការ​ការងារ ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​បន្ត​សុពលភាព​ហើយ​ពលករ​អាច​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​បាន​ភ្លាមៗ ក្នុង​ករណី​មាន​ឯកសារ​គ្រប់គ្រាន់។

លោក កត្តា អ៊ន អំពាវនាវ​ឲ្យ​ពលករ​ដែល​ផុត​សុពលភាព​ទិដ្ឋាការ​ការងារ សូម​ត្រឡប់​មក​កម្ពុជា​វិញ និង​បំពេញ​បែបបទ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងករណី​ចង់​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ ជៀសវាង​ចូល​ធ្វើ​ការ​ដោយ​ខុសច្បាប់ និង​ប្រឈម​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ពី​សមត្ថកិច្ច​ថៃ។

ចំណែក​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​នៅ​លើ​គេហទំព័រ​ស្ថានទូត​ថា នៅ​ពេល​ពលករ​ចំណាកស្រុក​ដោយ​គ្មាន​ទិដ្ឋាការ​ការងារ ឬ​ប័ណ្ណ​អនុញ្ញាត​ការងារ​គឺ​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចាប់ពី​៥​ពាន់​បាត ឬ​ជាង​១​រយ​ដុល្លារ​អាមេរិក ដល់​៥​ម៉ឺន​បាត ឬ​ជាង​១​ពាន់​២​រយ​ដុល្លារ​អាមេរិក​ការ​បញ្ជូន​ចេញ​ពី​ប្រទេស​ថៃ និង​ការបាត់បង់​សិទ្ធិ​ធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ​រយៈពេល​២​ឆ្នាំ។

ជុំវិញ​រឿង​នេះ​ដែរ អនុប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក ខារ៉ុម ផលផនក្លាង (Kharom Polpornklang) បាន​ព្រមាន​ថា ពលករ​មកពី​ប្រទេស​ចំនួន​៣ រួមមាន​ឡាវ (Laos) ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) និង​កម្ពុជា​ត្រូវតែ​ចាក​ចេញពី​ប្រទេស​ថៃ​នៅ​មុន​ពេល​ទិដ្ឋាការ​ការងារ​របស់​ពួកគេ ផុតកំណត់​នៅ​ថ្ងៃទី​៣០ មេសា ឬ​ត្រូវ​ប្រឈម​នឹង​វិធានការ​ច្បាប់​នៅពេល​ផុតកំណត់​សុពលភាព​ទិដ្ឋាការ​ការងារ​។ អនុប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា អនុស្សរណៈ​យោគយល់​គ្នា (MoU) បាន​ពន្យារពេល​ផុតកំណត់​នៃ​ទិដ្ឋាការ​ការងារ​រយៈពេល​៤​ឆ្នាំ តាំងពី​ខែមករា ដើម​ឆ្នាំ​២០២៤ មក​ផុតកំណត់​នៅ​ថ្ងៃទី​៣០ ខែមេសា ហើយ​បើ​និយោជក ឬ​ថៅកែ​ចង់​នាំ​ពលករ​ទាំងនោះ​ត្រឡប់​មក​វិញ ត្រូវតែ​រៀបចំ​ឯកសារ​ឡើងវិញ ដើម្បី​កាត់បន្ថយ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពលករ​។ អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ថា នាយកដ្ឋាន​មុខរបរ នៃ​ក្រសួង​ការងារ​ថៃ​បាន​សហការ​ជាមួយ​ប្រទេស​ទាំង​បី ដើម្បី​អនុញ្ញាត និង​កាត់បន្ថយ​ពេលវេលា​ឲ្យ​ពលករ​បាន​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​ឆាប់រហ័ស​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន ឌឹ ណេសិន (The Nation) របស់​ថៃ​កាលពី​ថ្ងៃទី​២១ មេសា។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង ១​លាន​២​សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង​ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ជាង ២​លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments