RFA | នគរបាល​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន​ជនជាតិ​ចិន​៣៦​នាក់​ករណី​ប្រើ​ហិង្សា​នៅ​រង្វង់​មូល​តោ​ពីរ | hot news

By , Comment
Share on Facebook Tweet on Twitter

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​ជនជាតិ​ចិន ចំនួន ៣៦​នាក់​យក​ទៅ​សាកសួរ និង​ដើម្បី​ស្រាវជ្រាវ​បន្ត ទាក់ទង​ករណី​ប្រើ​អំពើ​ហិង្សា​នៅ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍​មួយ​នេះ បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការ​ឃុបឃិត​ដោះលែង​ជន​ប្រព្រឹត្ត​ល្មើស​ឲ្យ​រួច​ខ្លួន​ពី​ការ​ផ្ដន្ទាទោស។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា កម្លាំង​ជំនាញ​កំពុង​សួរ​នាំ​ជនជាតិ​ចិន ទាំង ៣៦​នាក់​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​កាល​ពី​វេលា​ម៉ោង ១ និង ៣០​នាទី ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ទាក់ទង​ជម្លោះ​ហិង្សា​វ៉ៃ​តប់​គ្នា​រវាង​ជនជាតិ​ចិន មួយ​ក្រុម និង​ខ្មែរ​មួយ​ក្រុម នៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ។

លោក​បន្ត​ថា ក្នុងចំណោម​ជនជាតិ​ចិន​ទាំង ៣៦​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​នេះ មិន​មែន​ជា​ជន​ដៃ​ដល់​ទាំងអស់​នោះ​ទេ គឺ​មាន​អ្នក​ខ្លះ​បាន​ត្រឹម​មក​ឈរ​មើល​អំពើ​ហិង្សា​នេះ ហើយ​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​នៅ​ទីតាំង​កើត​ហេតុ កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ឬ​ឈាន​ដល់​ផ្ទុះ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក ជួន ណារិន្ទ ឲ្យ​ដឹង​ថា ជនជាតិ​ចិន ទាំងនោះ​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ បើ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​នេះ ហើយ​អ្នក​មិន​ជាប់​ពាក់ព័ន្ធ នឹង​ត្រូវ​ដោះលែង​វិញ ព្រោះ​ករណី​ប្រើ​អំពើ​ហិង្សា​នេះ ដើម​ហេតុ​កើត​ឡើង​ដំបូង​មិន​ធំដុំ​ទេ ប៉ុន្តែ​នៅ​ពេល​មាន​អ្នក​បំផុស​ថា​មាន​ជនជាតិ​ចិន ដេញ​វ៉ៃ​ខ្មែរ ក៏​មាន​ការ​ឆោឡោ​ផ្ទុះ​អំពើ​ហិង្សា​នេះ​រីក​រាលដាល​ធំ​ឡើង៖ «»

យ៉ាង​ណា​ក៏ដោយ លោក ជួន ណារិន្ទ បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ករណី​ផ្ទុះ​អំពើ​ហិង្សា​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ធានា​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគទុន​ឲ្យ​មាន​សុវត្ថិភាព​ល្អ ព្រោះ​ខេត្ត​ព្រះសីហនុ ត្រូវ​រាជ​រដ្ឋាភិបាល​ចាត់​ទុក​ជា​តំបន់​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រមូល​ថវិកា​ជាតិ​មក​អភិវឌ្ឍ​សង្គម​ជាតិ៖ «»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ជៀសវាង​ការ​រិះគន់​ផ្សេងៗ​ពី​សាធារណជន ទៅ​លើ​សកម្មភាព​របស់​ជនជាតិ​ចិន ប្រើ​ហិង្សា​ជា​បន្តបន្ទាប់​មក​នេះ។ អ្នកស្រី​បន្ត​ថា ករណី​វត្តមាន​ជនជាតិ​ចិន បង្ហាញ​វត្តមាន​ច្រើន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​សមត្ថកិច្ច​គ្រប់គ្រង​មិន​បាន​ដិតដល់​ទេ អ្នកស្រី​ព្រួយ​បារម្ភ​ថា​នៅ​ថ្ងៃ​ខាង​មុខ នឹង​អាច​កើត​មាន​បញ្ហា​វឹកវរ ឬ​ហិង្សា​រីក​រាលដាល​ធំ​ធ្ងន់ធ្ងរ​ថែម​ទៀត។

អ្នកស្រី សុធារី បាន​កត់​សម្គាល់​ឃើញ​ថា វត្តមាន​ជនជាតិ​ចិន បង្ហាញ​ខ្លួន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ រាល់​ថ្ងៃ​នេះ ពួក​គេ​បាន​បង្ហាញ​កាយវិការ ឬ​អត្តចរិត​កាច​សាហាវ​នៅ​ពេល​ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​តែង​បង្ក​អំពើ​ហិង្សា​ជា​បន្តបន្ទាប់ ជាពិសេស​ជាង​នេះ ជនជាតិ​ចិន ភាគច្រើន​ពួក​គេ​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង​ក្នុង​ល្បឿន​លឿន និង​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​បន្តបន្ទាប់៖ «»

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទៅ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​កក្កដា ដើម្បី​ចង់​ដឹង​ជុំវិញ​ករណី​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ចំនួន ៣៦​នាក់​នេះ​ដែរ។ លោក​ក៏​ស្នើ​ដល់​សមត្ថកិច្ច​នគរបាល ត្រូវ​ពន្លឿន​ការ​ស៊ើប​អង្កេត និង​សម្របសម្រួល​ករណី​ហិង្សា​នេះ​ឲ្យ​បាន​ឆាប់ និង​មិន​ត្រូវ​ឲ្យ​ទំនាស់​កើត​ឡើង​តូច បំផុស​ឲ្យ​រីក​រាលដាល​ធំ​នោះ​ទេ។

លោក យន្ត មីន ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​បាន​ទាំងអស់​គ្នា ជៀសវាង​ការ​លាប​ពណ៌​គ្នា​បង្កើត​ឲ្យ​មាន​ជម្លោះ​ជនជាតិ​មួយ​ទៅ​ជនជាតិ​ផ្សេង នាំ​ឲ្យ​ជម្លោះ​បន្តិចបន្តួច បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​ជម្លោះ​ធំ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគទុន៖ «»

យ៉ាង​នេះ​ក្តី លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន ទាំង ៣៦​នាក់​នេះ គឺ​ពួក​គេ​ស្នាក់នៅ និង​ធ្វើ​ការងារ​នៅ​សណ្ឋាគារ​កាស៊ីណូ ជីងប៉ី មាន​ទីតាំង​នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ។ ក្នុង​នោះ វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន មាន​ដំបង​ឈើ បំពង់​ទីប​ដែក និង​ដែក​ទីប​បួន​ជ្រុង ជាដើម។

លោក​ថា អំពើ​ហិង្សា​នេះ​មាន​ស្រី​ជន​រងគ្រោះ​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន មុន​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ជូន​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments