
តំណាងអង្គការក្រៅរដ្ឋាភិបាល និងតំណាងជនជាតិដើមភាគតិចនៅទូទាំងប្រទេស ព្រមទាំងតំណាងរាជរដ្ឋាភិបាល នាំគ្នាប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៣ នៅទីរួមខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ សីហា។ ពិធីនេះមានគោលបំណងជំរុញការគោរពសិទ្ធិជនជាតិដើមភាគតិច ការផ្តល់សិទ្ធិក្នុងការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិនៅតំបន់ដែលពួកគាត់រស់នៅ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ឈប់ការរើសអើងដល់ពួកគាត់ ជាដើម។
ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៣ នៅឆ្នាំ២០១៧ ប្រារព្ធឡើងក្រោមប្រធានបទ គម្រប់ខួបលើកទី១០ នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា ការរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៣ និងជាទិវាជាតិលើកទី១៣ មានគោលបំណងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច តាមរយៈការទទួលស្គាល់ជាសាធារណៈ និងលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋទូទៅអំពីវប្បធម៌ ប្រពៃណី និងបញ្ហាប្រឈមរបស់ពួកគាត់នៅពេលបច្ចុប្បន្ន។
លោកបន្តថា អ្វីដែលពិសេសនៅឆ្នាំនេះសម្រាប់ប្រទេសកម្ពុជា គឺទាំងស្ថាប័នរាជរដ្ឋាភិបាលដែលមានក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការសង្គមស៊ីវិលបានឯកភាពគ្នារៀបចំពិធីនៅក្នុងខេត្តកំពង់ធំ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច និងប្រពៃណីទំនៀមទម្លាប់ ពិសេសជនជាតិដើមភាគតិចកួយ។ បន្ថែមពីនេះ ផ្តល់ឱកាសឲ្យពួកគាត់លើកឡើងពីបញ្ហាប្រឈម និងលើកឡើងពីសេចក្តីត្រូវការ ទៅកាន់អ្នករៀបចំគោលនយោបាយ និងអ្នកអនុវត្តច្បាប់ទៀតផង៖ «នៅក្នុងសេចក្តីប្រកាសហ្នឹងសង្កត់ធ្ងន់ទៅលើទិដ្ឋភាពសំខាន់ៗចំនួន៨។ ទិដ្ឋភាពទាក់ទងការការពារវប្បធម៌ អត្តសញ្ញាណទាក់ទងជនជាតិដើមភាគតិច»។
វេទិកាដែលរៀបចំនៅទីរួមខេត្តកំពង់ធំ នេះមានអ្នកចូលរួមជាង ១ពាន់នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល និងតំណាងជនជាតិដើមភាគតិចមកពីតាមបណ្ដាខេត្តមួយចំនួន។
តំណាងរាជរដ្ឋាភិបាលក៏បានលើកឡើងពីសមិទ្ធផលសម្រេចបាននានា ដែលស្ថាប័នពាក់ព័ន្ធដោះស្រាយជូនជនជាតិដើមភាគតិច និងអះអាងថា រដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ដូចជាលើកកម្ពស់លើវិស័យអប់រំ និងវិស័យសុខភាពដល់ពួកគាត់ ស្របតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច ឲ្យមានសាមគ្គីភាពល្អក្នុងសង្គម។ បន្ថែមពីនេះ ជួយឲ្យពួកគាត់មានចំណេះដឹងប្រសើរ និងមានប្រពៃណីវប្បធម៌ភ្លឺថ្លា ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច ពោលគឺគ្មានភាពក្រីក្រ និងគ្មានអនក្ខរជន។
ក្រៅពីការប្រារព្ធនៅខេត្តកំពង់ធំ ពិធីនេះក៏មានការរៀបចំនៅតាមសហគមន៍ជាច្រើនទៀតនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ផងដែរ។
តំណាងជនជាតិដើមភាគតិចគ្រឹង មកពីខេត្តរតនគិរី លោកស្រី ឡាត់ សុខឯម មានប្រសាសន៍ថា ជនជាតិដើមភាគតិចនៅតែជួបបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាដីធ្លី ការអប់រំនៅមានកម្រិត ស្ថានភាពរស់នៅជួបការលំបាក និងការរើសអើង។ លោកស្រីបន្តថា អ្វីដែលពួកគាត់ចង់បង្ហាញទៅរាជរដ្ឋាភិបាល និងសាធារណជន គឺចង់ឲ្យមានការយកចិត្តទុកដាក់ចំពោះសិទ្ធិជនជាតិដើមភាគតិចជាអាទិភាព ព្រោះពួកគាត់ជាជនងាយរងគ្រោះ ម្យ៉ាងត្រូវបញ្ឈប់ការរើសអើងដល់ជនជាតិដើមភាគតិច៖ «បញ្ហាទាំងអស់ហ្នឹងជាបញ្ហាចម្បង ដែលធ្វើឲ្យជនជាតិដើមភាគតិចរងភាពក្រីក្រ ព្រោះជនជាតិដើមភាគតិចរស់នៅស្រុកខ្មែរ និងលើពិភពលោក ពឹងទាំងស្រុងលើធនធានធម្មជាតិ»។
ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី៩ សីហា ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៤ មក។
ជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា មានប្រមាណ ២៤ក្រុម និងប្រើប្រាស់ភាសាខុសៗគ្នា ហើយមានចំនួនប្រហែល ១ភាគរយនៃចំនួនប្រជាជនសរុបនៅទូទាំងប្រទេសកម្ពុជា។
នាយកប្រតិបត្តិអង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច លោក សៅ វណ្ណសី កត់សម្គាល់ថា ច្បាប់លិខិតបទដ្ឋានផ្សេងៗរបស់រាជរដ្ឋាភិបាលស្ដីពីការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច និងកិច្ចការពារដល់ការរស់នៅរបស់ពួកគាត់ល្អប្រសើរ ប៉ុន្តែការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវ ដែលធ្វើឲ្យជនជាតិដើមភាគតិចនៅតែជួបបញ្ហាប្រឈម៖ «ប្រសិនបើមានការពន្លឿនទទួលស្គាល់ជនជាតិដើមភាគតិចទៅលើដីសមូហភាព ដែលជាដីគាត់សម្រាប់រក្សាទុក ជាដីប្រពៃណីវប្បធម៌របស់គាត់។ ខ្ញុំគិតថាបញ្ហាទំនាស់ដីធ្លី នឹងលែងកើតមានឡើង»។
ក្រោយពីបញ្ចប់វេទិកានេះ តំណាងថ្នាក់ដឹកនាំសហគមន៍ និងសមាជិកជនជាតិដើមភាគតិចបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយមើលឃើញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ចំពោះការទទួលស្គាល់អត្តសញ្ញាណ និងលើកកម្ពស់សិទ្ធិរបស់ជនជាតិដើមភាគតិច ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមពីសំណាក់ក្រសួងពាក់ព័ន្ធមួយចំនួន។ ប៉ុន្តែពួកគាត់បានលើកឡើងពីក្តីព្រួយបារម្ភ ដោយសារការអនុវត្តច្បាប់ គោលនយោបាយ និងអនុសាសន៍ផ្សេងៗនៅមានភាពយឺតយ៉ាវ មិនអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងនៅតាមមូលដ្ឋានជុំវិញរឿងដីធ្លី ដែនដីដូនតា និងធនធានធម្មជាតិ។
ពួកគាត់ស្នើឲ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាជាអាទិភាពមួយចំនួន ដូចជាស្នើឲ្យបញ្ឈប់សកម្មភាពក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនដីសម្បទាននៅតាមបណ្ដាខេត្ត ដូចជាខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តព្រះវិហារ ព្រមទាំងដោះស្រាយវិបត្តិដីធ្លីរវាងសហគមន៍ជាមួយក្រុមហ៊ុននៅតំបន់ទាំងនេះ។ លើសពីនេះទៀត ទាមទារបញ្ឈប់ការរើសអើងជនជាតិដើមភាគតិចនៅភូមិក្បាលរមាស ខេត្តស្ទឹងត្រែង និងដោះស្រាយបញ្ហាផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments