អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ស្នើដល់បណ្ដាប្រទេសលោកខាងលិចបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថ្មីដែលពួកគេចាត់ទុកថា កើតចេញពីការបោះឆ្នោតក្លែងក្លាយ ដើម្បីឱ្យគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធានាអព្យាក្រឹត្យកម្ពុជា។ ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្ទេរអំណាចឱ្យកូនប្រុសរបស់ខ្លួនគឺ លោក ហ៊ុន ម៉ាណែត បន្តដឹកនាំកម្ពុជានៅចុងខែសីហា។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ លើកឡើងថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តដែលនិយមរបបប្រជាធិបតេយ្យ នៅតែចង់ឃើញកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ បើទោះបីជាបណ្ដាប្រទេសនិយមរបបប្រជាធិបតេយ្យធំៗបញ្ចេញប្រតិកម្ម និងដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតប នឹងការបោះឆ្នោតក្លែងក្លាយយ៉ាងណាក្ដី។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែកក្កដា ថា ផែនការលោក ហ៊ុន សែន កំពុងប្រែក្លាយកម្ពុជាឱ្យមានរបបដឹកនាំតាមបែបផ្ដាច់ការដូចកូរ៉េខាងជើង។ លោកព្រមានថា លោក ហ៊ុន សែន និងរដ្ឋាភិបាលដឹកនាំដោយកូនប្រុសរបស់លោកនឹងទាល់ច្រកជួបបញ្ហាវិបត្តិសង្គម បញ្ហាសេដ្ឋកិច្ចជាតិ កាន់តែធ្ងន់ធ្ងរ បើនៅតែបន្តលម្អៀងផ្នែកនយោបាយពឹងពាក់ចិនជាខ្នងបង្អែកតែម្ខាង និងនៅតែដឹកនាំប្រទេសប្រាស់ចាកពីខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងគោលការណ៍ប្រជាធិបតេយ្យ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «សហរដ្ឋអាមេរិក និងប្រទេសលោកសេរីទាំងអស់ដែលសម្ពន្ធភាពរបស់សហរដ្ឋអាមេរិកគេដាក់ទណ្ឌកម្មបន្តិចបន្តួចទេ ដើម្បីចង់ឱ្យលោក ហ៊ុន សែនគាត់បែរត្រឡប់ថយក្រោយវិញ ដូចកិច្ចព្រមព្រៀងទីក្រុងប៉ារីសព្រោះលោក ហ៊ុន សែន គាត់អត់បានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ដែលគាត់ជាម្ចាស់ហត្ថលេខីមួយដែរ គាត់អត់បានគោរពទេហើយគាត់បាននិយាយទៀតគាត់ដាក់សំណួរថា បើខ្ញុំមិនរំពឹងលើប្រទេសចិន តើឱ្យខ្ញុំទៅរំពឹងលើអ្នកណា។ លោក ហ៊ុន សែន និយាយអីនិយាយពីការគោរពរដ្ឋធម្មនុញ្ញ សេរីពហុបក្ស ក្នុងក្រដាស តែគាត់អត់អនុវត្ត គាត់ថាគាត់ពឹងចិន តែចិនកំពុងប្រឈមបញ្ហាសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់អាមេរិក»។
ប្រតិកម្មរបស់មន្ត្រីរបស់គណបក្សប្រឆាំងបែបនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៅចុងខែសីហា និងផ្ទេរអំណាចជានាយករដ្ឋមន្ត្រីឱ្យទៅកូនប្រុសគឺលោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន សែន ប្រកាសនៅថ្ងៃទី២៦ ខែកក្កដាថា បន្ទាប់ពីលោកចាកចេញពីតំណែងនាយករដ្ឋមន្ត្រីលោកនៅតែជាប្រធានគណបក្សកាន់អំណាច ហើយនៅថ្ងៃខាងមុខ ព្រះមហាក្សត្រក៏នឹងតែងតាំងលោកឱ្យធ្វើជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។លោកអះអាងទៀតថា លោកនឹងធ្វើជាប្រធានព្រឹទ្ធសភាចាប់ពីដើមឆ្នាំ២០២៤។ ចំពោះរដ្ឋាភិបាលថ្មីវិញ លោកថា នឹងមិនជ្រៀតជ្រែកកិច្ចការរបស់រាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មីនោះឡើយ។
លោក ហ៊ុន សែន៖«កុំឱ្យយប់យូរ សុបិនច្រើន ពាក្យចចាមអារ៉ាមនានាដែលវាកើត រហូតទៅដល់ក្រុមពួកអ្នកវិភាគដូរបាយ ឬអាចថា ពួកគាត់ក្រុមនិយមជ្រុលចូលចិត្តវាយប្រហារបានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត អាចនឹងក្លាយខ្លួនជានាយករដ្ឋមន្ត្រីនៅប៉ុន្មានជា ជាងបីអាទិត្យទៀតតែប៉ុណ្ណោះ។ ហ៊ុន ម៉ាណែត មានលទ្ធភាពហើយ សន្តិភាព និងការអភិវឌ្ឍនឹងត្រូវតែទទួលបានបន្តទៀតតាមរយៈកូនរបស់ខ្ញុំ»។
ទោះបីជាយ៉ាងណា អ្នកឃ្លាំមើលមិនរំពឹងថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំដោយក្រុមគ្រួសារត្រកូល ហ៊ុន ដោះស្រាយបញ្ហាវិបត្តិនយោបាយ ដឹកនាំប្រទេសដើរតាមគន្លងប្រជាធិបតេយ្យឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត នឹងបន្តនយោបាយបែបកុម្មុយនិស្តផ្ដាច់ការតពីឪពុករបស់លោក។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលលោក ហ៊ុន សែន បានដឹកនាំប្រទេសផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតាមរយៈការរៀបចំការបោះឆ្នោតបង្គ្រប់កិច្ច និងលម្អៀងទៅរកប្រទេសចិនកុម្មុយនិស្តតែម្ខាង ដើម្បីរក្សាអំណាច។
លោក គឹម សុខ៖ «ឈាមថ្មីហ្នឹង គឺឈាមបន្តវេនកុម្មុយនីស្តផ្ដាច់ការ ឡើងកាន់អំណាចដោយឧក្រិដ្ឋកម្មនយោបាយបោះឆ្នោតខុសច្បាប់។ ហ៊ុន ម៉ាណែត ដែលជាឈាមថ្មីរបស់ក្រុមគ្រួសារហ៊ុននេះ ខ្ញុំមើលទៅមានកម្មវិធីនយោបាយតែមួយគត់ គឺធ្វើតាមឪពុក គឺគំរាមធ្វើបាបប្រជាពលរដ្ឋបំផ្លាញជាតិ ដូចជាតិផ្អែកខ្លួនលើពួកកុម្មុយនីស្ត ដើម្បីរក្សាអំណាច ហេតុដូច្នេះហើយ ហ៊ុន ម៉ាណែត បន្តនយោបាយភេរវកម្មរដ្ឋ បំផ្លាញជាតិខ្មែរ និងគោលការណ៍គ្មានអព្យាក្រឹត្យនេះពីឪពុករបស់ខ្លួន»។
កន្លងទៅ លោក ហ៊ុន សែន បានដឹកដៃកូនប្រុសរបស់ខ្លួនទៅជួបមេដឹកនាំចិនពីរលើកមកហើយគឺកាលពីដើមឆ្នាំ២០២០ និងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចរបស់លោក ដែលអ្នកឃ្លាំមើលចាត់ទុកថា ជាការបង្ហាញពីភក្ដីភាព និងការជួយគាំទ្រផ្នែកនយោបាយការទូតដល់គ្នាទៅវិញទៅមក។
អ្នកឃ្លាំមើលរិះគន់ថា កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន បានធ្វើឱ្យសេដ្ឋកិច្ចជាតិខាតបង់ធំធេងពីបណ្ដាប្រទេសលោកសេរី ដោយសារតែលោក ហ៊ុន សែន បានរៀបចំការបោះឆ្នោតក្លែងក្លាយ បំផ្លាញប្រជាធិបតេយ្យ ការធ្វើនយោបាយតាមកម្ទេចក្រុមអ្នកប្រឆាំង និងលម្អៀងទៅរកប្រទេសចិនកុម្មុយនិស្តតែម្ខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments