
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បារម្ភខ្លាចព្រៃឈើនៅលើកោះរ៉ុង ត្រូវឈ្មួញ និងមន្ត្រីមានអំណាចទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិ ដោយសាររដ្ឋបាលខេត្តព្រះសីហនុ ហាក់គ្មានលទ្ធភាពទប់ស្កាត់។ នាយកអន្តរវិស័យសាលាខេត្តព្រះសីហនុ ព្រមានថា អ្នកជាប់ពាក់ព័ន្ធបទល្មើសលួចកាប់បំផ្លាញព្រៃឈើ ដែលរដ្ឋាភិបាលត្រៀមបម្រុងដាក់ជាឧទ្យានជាតិកោះរ៉ុង នឹងត្រូវផ្ដន្ទាទោស។
មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរបារម្ភខ្លាចព្រៃឈើធម្មជាតិ មានសោភ័ណភាពស្រស់បំព្រងនៅលើកោះរ៉ុង ត្រូវរលាយហិនហោចដោយសារមានបុគ្គលមួយចំនួនបន្តជួលកម្មករឲ្យចូលទៅកាប់ព្រៃដុតរានយកដីធ្វើកម្មសិទ្ធិឯកជន។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ថា អ្នកស្រីខ្លាចព្រៃឈើមានដើមឈើធំៗនៅលើកោះរ៉ុង ត្រូវបំផ្លាញ ដូចនឹងដីគម្របព្រៃឈើបៃតងឆ្នាំ២០០២ ដែលរដ្ឋាភិបាលដាក់ឲ្យរដ្ឋបាលខេត្តនេះថែរក្សាមានទីតាំងនៅចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ប៉ុន្តែបែរជាត្រូវគេកាប់ព្រៃរានដីធ្វើកម្មសិទ្ធិរលាយហិនហោចគ្មានសល់។
អ្នកស្រីសង្កេតឃើញថា ការបំផ្លាញព្រៃឈើនៅលើកោះរ៉ុង រាល់ថ្ងៃនេះ គឺមានទំហំធំធេង ដោយគ្របដណ្ដប់ ៤ភូមិនៅលើសង្កាត់កោះរ៉ុង បន្ទាប់ពីមន្ត្រីជំនាញក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ ចុះវាស់កំណត់ក្បាលដីជូនប្រជាពលរដ្ឋរស់នៅលើសង្កាត់កោះរ៉ុង កាលពីពេលថ្មីៗនេះ។
អ្នកស្រី សុធារី បន្ថែមថា រដ្ឋបាលខេត្តព្រះសីហនុ គួរបង្កើនសកម្មភាពយកចិត្តទុកដាក់ថែរក្សាការពារព្រៃឈើនៅលើកោះរ៉ុង ឲ្យបានគង់វង្ស ព្រោះបើតំបន់នេះអស់ព្រៃឈើអាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរ ចូលមកទស្សនាខេត្តនេះនាថ្ងៃអនាគតជាពុំខាន។ ជាងនេះទៀត អ្នកស្រីក៏ស្នើដល់អភិបាលខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាល គួរបញ្ជូនមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីបរិស្ថាន ជាដើម ឲ្យបានច្រើននាក់ចុះប្រចាំការជាអចិន្ត្រៃយ៍នៅលើកោះរ៉ុង ទើបអាចទប់ស្កាត់សកម្មភាពបទល្មើសកាប់ព្រៃនៅលើកោះរ៉ុងមានលទ្ធផលល្អ។
មន្ត្រីសង្គមស៊ីវិល និងភ្ញៀវទេសចរមួយចំនួន បង្ហាញទស្សនៈប្រហាក់ប្រហែលគ្នាថា ការប្រើរណារយន្ត ឬម៉ាស៊ីនត្រង់ស៊ឺន័រដើម្បីផ្ដួលរំលំដើមឈើធំៗនៅតាមតំបន់ខ្លះនៅលើកោះរ៉ុង ដែលទីតាំងនៅជាប់ច្រមុះចៅសង្កាត់កោះរ៉ុង លោក អ៊ួង និត និងមន្ត្រីមន្ទីរពាក់ព័ន្ធប្រចាំការនៅលើសង្កាត់កោះរ៉ុង ប៉ុន្មានខែមកនេះ ទំនងជាអាចមានការឃុបឃិតជាលក្ខណៈប្រព័ន្ធរវាងអ្នកនៅពីក្រោយសកម្មភាពកាប់រានដីព្រៃ ឬឈ្មួញ ជាមួយមន្ត្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានសង្កាត់កោះរ៉ុង ជាថ្នូរចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៖ «អាជ្ញាធរមូលដ្ឋានលោកក៏ធ្លាប់បាននិយាយជាសាធារណៈដែរថា តំបន់កោះរ៉ុង ដែលមានភ្ញៀវទេសចរចូលទៅកម្សាន្តលេង គឺដោយសារតែមានព្រៃឈើស្រស់បំព្រង ប៉ុន្តែឥឡូវនេះព្រៃនៅតាមតំបន់ខ្លះលើកោះរ៉ុង ត្រូវបានបុគ្គលដែលអះអាងថាជាម្ចាស់ដីបានធ្វើការកាប់រានព្រៃដើម្បីប្រែក្លាយទៅជាបឹងកាឡូ ជាផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម។ អ៊ីចឹងសួរថា បើនៅលើកោះរ៉ុង អស់ព្រៃឈើ ឬព្រៃឈើត្រូវបំផ្លាញរលាយហិនហោច តើភ្ញៀវទេសចរនឹងចូលមកកម្សាន្តកោះនេះទៀតទេនាថ្ងៃអនាគត»។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម អ្នកស្រី ជៀប សុធារី បានស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយចេញបទបញ្ជាក្តៅទៅដល់ឈ្មួញមានទ្រព្យ និងមន្ត្រីមានតួនាទីខ្ពស់មួយចំនួនកំពុងបម្រើការងារនៅក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិខ្លះដែលមានជាប់ពាក់ព័ន្ធសកម្មភាពកាប់ព្រៃឈើនៅលើកោះរ៉ុង ដើម្បីរក្សាព្រៃឈើឲ្យបានគង់វង្ស សម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរ៖ «សំណូមពរមេត្តាអាជ្ញាធរស្ថាប័នពាក់ព័ន្ធជួយចុះពិនិត្យ និងមានវិធានការដាក់ពិន័យទៅលើអ្នកកាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុង ដើម្បីជាការព្រមាន។ សំខាន់មន្ត្រីជំនាញស្ថាប័នសុរិយោដី នៅពេលដែលពួកគាត់ចុះវាស់វែងដីជូនពលរដ្ឋនៅលើកោះរ៉ុងហ្នឹង ពួកគាត់គួរតែបន្តចុះពិនិត្យបន្តទៀត ព្រោះចាប់តាំងពីការវាស់វែងបែងចែកដីជូនពលរដ្ឋនៅលើកោះរ៉ុង រហូតមកដល់ពេលនេះ យើងមិនដឹងថាលទ្ធផលទៅជាបែបណាទៅហើយទេ។ ហើយចំពោះទីតាំង ឬតំបន់ណាដែលមិនឲ្យមានការកាប់បំផ្លាញព្រៃឈើទេ គឺមន្ត្រីជំនាញត្រូវតែដាក់ស្លាកសញ្ញា ឬបោះបង្គោលកំណត់ហាមមិនឲ្យកាប់ព្រៃ និងត្រូវប្រកាសផ្សាយជាសាធារណៈ ដោយឲ្យប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់នោះ ឲ្យចូលរួមការពារ និងថែរក្សាព្រៃឈើទាំងអស់គ្នា»។
តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) មានលោក គិត ម៉េង ជាអគ្គនាយក ហើយដែលក្រុមហ៊ុននេះទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលសម្រាប់វិនិយោគអភិវឌ្ឍវិស័យទេសចរណ៍ និងកំពុងសង់សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ មានទីតាំងនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង លោក ឈុន ប៊ុនថា ក៏ព្រួយបារម្ភខ្លាចបាត់បង់ព្រៃធម្មជាតិនៅលើកោះរ៉ុងនេះដែរ។ លោកព្រួយបារម្ភនៅពេលព្រៃឈើនៅលើកោះរ៉ុង ត្រូវបំផ្លាញរលាយហិនហោច ភ្ញៀវទេសចរ ពិសេសភ្ញៀវអន្តរជាតិ នឹងលែងចាប់អារម្មណ៍ និងឈប់ចូលមកកម្សាន្តនៅលើកោះរ៉ុងនាថ្ងៃអនាគត។

នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក នួន ប៊ុនថុល ដែលទៅប្រចាំការមើលការងារនៅលើកោះរ៉ុង បានឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទនៅថ្ងៃទី២៨ ខែកុម្ភៈ ថា មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្ត បានបន្តចុះល្បាតនៅតាមតំបន់គោលដៅដែលសង្ស័យមានសកម្មភាពកាប់ព្រៃឈើនៅលើកោះរ៉ុងជាប្រចាំថ្ងៃ។ លោកឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកនៅពីក្រោយបទល្មើសលួចកាប់ព្រៃនៅលើកោះរ៉ុង ដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់៖ «សកម្មភាពកាប់ និងដុតព្រៃនៅតាមតំបន់មួយចំនួននៅលើកោះរ៉ុង គឺយើងកំពុងតែទប់ស្កាត់ឲ្យខាងតែបាន។ បច្ចុប្បន្ននេះ យើងកំពុងឈានទៅវែករកមុខម្ចាស់ដីដែលលក់ដីនៅលើកោះរ៉ុងបន្ត ហើយត្រូវម្ចាស់ទិញដីបន្តបានកាប់បំផ្លាញព្រៃឈើទាំងនោះចោល ហើយពេលនេះអាជ្ញាធរយើងកំពុងស្រាវជ្រាវ ព្រោះពួកគេទាំងនោះមិនគួរកាប់បំផ្លាញព្រៃឈើទាំងនោះចោលទេ ទោះបីជាព្រៃរបោះក៏ដោយ។ ក្រុមការងារយើងបានរកឃើញថា ដីព្រៃកាប់រាន និងដុតនៅតាមតំបន់មួយចំនួននៅលើកោះរ៉ុង គឺមិនត្រូវបានមន្ត្រីជំនាញចុះវាស់ជូនទេ ហើយក៏មានសកម្មភាពកាប់ព្រៃទាំងនោះ»។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានអំពាវនាវដល់ប្រតិបត្តិករទេសចរ ពិសេសប្រជាពលរដ្ឋមានលំនៅឋាននៅលើកោះរ៉ុង ឲ្យចូលរួមសហការជាមួយរដ្ឋបាលខេត្តនេះ ដើម្បីរួមគ្នាថែរក្សាការពារព្រៃឈើនៅលើកោះឲ្យបានគង់វង្សទាំងអស់គ្នា ទោះដីធ្លីដែលមានដុះព្រៃឈើទាំងនោះស្ថិតនៅក្នុងចំណែកក្បាលដីដែលរដ្ឋាភិបាល ឬមន្ត្រីជំនាញបានចុះវាស់កាត់ឆ្វៀលឈានដល់ផ្តល់សិទ្ធិប្រើប្រាស់ស្របច្បាប់ក្តី។
លោកពន្យល់ថា ព្រៃឈើនៅលើកោះរ៉ុងជាសក្ដានុពលដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាតំបន់កោះ ប៉ុន្តែបើព្រៃឈើត្រូវរលាយហិនហោច ភ្ញៀវទេសចរនឹងលែងចាប់អារម្មណ៍ចូលទៅកម្សាន្តតាមកោះទៀតទេ។
លោក យន្ត មីន បញ្ជាក់ថា នៅថ្ងៃខាងមុខ ប្រសិនបើប្រជាពលរដ្ឋ ឬប្រតិបត្តិករទេសចរត្រូវការកាប់ដើមឈើដែលដុះនៅលើចំណែកក្បាលដីរៀងៗខ្លួនសម្រាប់ធ្វើការអភិវឌ្ឍអ្វីមួយ គឺស្នើឲ្យប្រជាពលរដ្ឋត្រូវជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធជាមុន បើមិនដូច្នេះទេ នឹងប្រឈមមុខច្បាប់ធ្ងន់ធ្ងរ៖ «បើយើងថែរក្សាព្រៃឈើនៅលើកោះរ៉ុងបានគង់វង្ស គឺយើងបានចំណេញទាំងបរិស្ថាន និងចំណេញទាំងសេដ្ឋកិច្ច ដោយការលក់ដីទទួលបានតម្លៃខ្ពស់ជាដើម។ អ៊ីចឹងសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជាប់ពាក់ព័ន្ធដីព្រៃនៅលើកោះរ៉ុងទាំងអស់ គឺត្រូវរួមគ្នាការពារព្រៃឈើឲ្យបានគ្រប់ៗគ្នា ប៉ុន្តែបើចាំបាច់ថាត្រូវកាប់ដើមឈើនៅលើដីមានម្ចាស់រៀងៗខ្លួនដើម្បីធ្វើការអភិវឌ្ឍ ចាំបាច់ត្រូវតែសុំច្បាប់មកអាជ្ញាធរជាមុន»។
ទោះជាបែបនេះក្តី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម អ្នកស្រី សុធារី រិះគន់ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើតែងបានដាក់ពាក្យបណ្ដឹងប្ដឹងពលរដ្ឋក្រីក្រដែលចូលទៅកាប់រានដីព្រៃ ដើម្បីយកធ្វើជម្រក និងរានដីកសិកម្មលើដីព្រៃសាធារណៈរបស់រដ្ឋបន្តិចបន្តួច បញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតុលាការផ្ដន្ទាទោសពលរដ្ឋមានជីវភាពក្រីក្រមួយចំនួនដាក់ពន្ធនាគារ។ ប៉ុន្តែសម្រាប់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យដែលបានជួលកម្មករឲ្យចូលទៅកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២ មានទីតាំងនៅតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះ និងដីព្រៃឈើមានដើមធំៗនៅលើកោះរ៉ុងជាដើម មិនត្រូវបានស្ថាប័នរដ្ឋបាលព្រៃឈើ ឬមន្ត្រីបរិស្ថានខេត្តព្រះសីហនុ ចេញមុខទប់ស្កាត់ ឬប្ដឹងអ្នកប្រព្រឹត្តិល្មើសទៅកាន់តុលាការ ឲ្យតាមចាប់ជនល្មើសទៅផ្ដន្ទាទោសនោះទេ។
អ្នកស្រី សុធារី ទទូចដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសមន្ត្រីរដ្ឋបាលព្រៃឈើខេត្តនេះ គួរពិចារណារាល់ទង្វើ និងសកម្មភាពរបស់ខ្លួនដែលបានអនុវត្តច្បាប់កន្លងទៅ ថាតើបានអនុវត្តស្មើភាពគ្នារវាងមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ និងពលរដ្ឋក្រីក្របានត្រឹមត្រូវដែរឬយ៉ាងណា?
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ២បន្ថែមទៀតនៅខេត្តព្រះសីហនុ រួមមានឧទ្យានជាតិកោះរ៉ុង និងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ឲ្យក្លាយជាឧទ្យានជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments