RFA | អាជ្ញាធរ​កម្ពុជា​-​ថៃ​គ្រោង​សំអាត​សំរាម​ក្រោម​ស្ពាន​ជាប់​ព្រំដែន​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយប៉ែត | hot news

By , Comment
Share on Facebook Tweet on Twitter

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ របស់​ថៃ បាន​ព្រមព្រៀងគ្នា នឹង​ដាក់​កម្លាំង​ម្ខាង ១០០​នាក់ ដើម្បី​រួមគ្នា​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ជាប់​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ខាងមុខ។

ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ខេត្ត​បន្ទាយមានជ័យ ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ត្រូវ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់ និង​ឲ្យ​បានជា​ប្រចាំ ហើយ​មិន​ត្រូវ​ធ្វើការ​ដើម្បី​ទាញ​យក​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ​នៅមុន​ពេល​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់​នោះ​ឡើយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើកឡើង​ថា នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជា​តំបន់​ដែល​មាន​អ្នក​ទេសចរណ៍​ឆ្លងកាត់​ច្រើន ប៉ុន្តែ​នៅ​ក្រោម​ស្ពាន​ច្រក​ព្រំដែន​មួយ​នេះ​បែរជា​ពោរពេញ​ទៅ​ដោយ​គំនរ​សំរាម និង​ក្លិនស្អុយ​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ដោះស្រាយ​បាន​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លោក ឆេង ប៊ុនហាក់ ឲ្យ​ដឹង​នៅ​ថ្ងៃទី​២១ មីនា​ថា លោក​ស្វាគមន៍​នឹង​គំនិត​ផ្ដួចផ្ដើម​រួមគ្នា​ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ស្រុក​អារញ្ញ ដែល​គ្រោង​ដាក់​កម្លាំង​ធ្វើ​យុទ្ធនាការ​បោសសំអាត​បរិស្ថាន​នៅ​ជុំវិញ​ស្ពាន​ច្រក​ទ្វារ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​នេះ។ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា កន្លងមក​អាជ្ញាធរ​ប្រចាំ​ក្រុង​មួយ​នេះ​ជាច្រើន​ជំនាន់​មក​ហើយ គឺ​គ្មាន​សមត្ថភាព​សំអាត​បរិស្ថាន​នៅ​ច្រក​ទ្វារ​ព្រំដែន​ក្រុង​នេះ​ឲ្យ​បាន​ប្រសើរ​នៅឡើយ​ទេ៖ «ដោយសារ​តែ​មាន​ការ​កែ​តម្រូវ​ខ្លះ​ទៅ ដើម្បី​ល្អ​ទាំងអស់​គ្នា ព្រោះ​ពីមុន​យើង​ឃើញ​ហើយ​សំរាម​ក្លិនស្អុយ​ខ្លាំង​ណាស់ ហើយ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ទេ។ អាជ្ញាធរ​គួរតែ​ដឹងខ្លួន​ហើយ​ព្រោះ​ប្រជាពលរដ្ឋ​ក៏​គេ​ស្វែងយល់​ដែរ។ ខ្ញុំ​សូម​ឲ្យ​អាជ្ញាធរ​បំពេញការងារ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​ផង»

អភិបាលក្រុង​ប៉ោយប៉ែត លោក សាន ស៊ានហូ មាន​ប្រសាសន៍​ថា អភិបាលស្រុក​អារញ្ញ​របស់​ថៃ​បាន​ព្រមព្រៀងគ្នា​ជាមួយ​លោក ដោយ​ដាក់​កម្លាំង​សមត្ថកិច្ច​រួមមាន​មន្ត្រី​ប៉ូលិស​ទាហាន និង​មន្ត្រីរាជការ​ស៊ីវិល​ប្រមាណ​ម្ខាង​១០០​នាក់ ដើម្បី​កាប់​ឆ្ការព្រៃ និង​បោសសំអាត​បរិស្ថាន​នៅ​ក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នៅ​ច្រក​ទ្វារ​ព្រំដែន​ក្រោយ​ប៉ោយប៉ែត​ឲ្យ​បាន​ស្អាត ដោយ​ចាប់ផ្ដើម​នៅ​ម៉ោង​៨​កន្លះ ព្រឹក​ថ្ងៃ​ទី​២៣ មីនា៖ «ព្រោះ​យើង​មើល​ឃើញ​ថា បញ្ហា​បរិស្ថាន​វា​ជា​រឿង​អនាម័យ​ជា​ចម្បង ហើយ​យើង​ធ្វើ​ដើម្បី​ថែរក្សា​ឲ្យ​ទឹកអូរ​ឲ្យ​បាន​ស្អាត សម្រាប់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​យក​ទៅ​ប្រើប្រាស់​បាន។ ម្យ៉ាងវិញទៀត តំបន់​នេះ​ជា​ច្រក​អន្តរជាតិ បាន​ភ្ញៀវ​បរទេស​ចេញចូល​ច្រើន ដូច្នេះ​ហើយ ជា​យើង​ឈាន​ទៅ​ដល់​មាន​ការ​កំណត់​ប្រជុំ​កាលពី​ថ្ងៃ​ទី​២០ មីនា កន្លង​ទៅ​នោះ»

លោក សាន ស៊ានហូ បន្ថែម​ទៀត​ថា អាជ្ញាធរ​កម្ពុជា​-​ថៃ​នឹង​រួមគ្នា​សំអាត​បរិស្ថាន​នៅ​ច្រក​ទ្វារ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ មួយខែ​ម្ដង​ជា​បន្តបន្ទាប់​ទៅ​មុខ​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា សាទរ​នឹង​ការ​សំអាត​បរិស្ថាន​ដោយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំងនេះ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​អនុវត្តន៍​ការងារ​នេះ​ឲ្យ​បាន​ហ្មត់ចត់ និង​មិន​ត្រូវ​ធ្វើ​គ្រាន់តែ​គ្រប់​កិច្ច​ដើម្បី​ផ្ដិត​យក​រូបភាព​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) បង្អួត​សាធារណជន​យក​ស្នាដៃ​ដូច​អភិបាលក្រុង​ជំនាន់​មុនៗ​ទៀត៖ «ត្រូវ​ធ្វើ​ដោយមាន​យុទ្ធសាស្ត្រ​មាន​គំរូ​ច្បាស់លាស់​ឲ្យ​ទីក្រុង​នឹង​ស្អាត​ជានិច្ច មិនមែន​ស្អាត​តែ​ថ្ងៃ​ដែល​លោក​អភិបាលខេត្ត​ចុះទៅ ឬក៏​ថ្ងៃ​ដែល​លោកធំ​ណា​ចុះទៅ​ស្អាត​តែ​ថ្ងៃ​នឹង ហើយ​ក្រៅ​ពី​ថ្ងៃ​នឹង​គគ្រិច​ដដែល​វា​អត់​ល្អ ព្រោះ​គួរតែ​ខ្មាស​ប្រទេស​គេ​ជិតខាង​ផង ប្រទេស​គេ​ស្អាត​បែរជា​ប្រទេស​យើង​មិន​ស្អាត​នោះ»

លោក ស៊ុំ ច័ន្ទគា បន្ថែម​ទៀត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​បាន​ស្អាត​ដូច​ប្រទេស​ជិត​ខាង ព្រោះ​ទីក្រុង​ជាប់​ព្រំដែន​មួយ​នេះ សព្វថ្ងៃ​ពោរពេញ​ទៅ​ដោយ​ក្លិនស្អុយ​គំនរ​សំរាម និង​មាន​លំអងធូលី​ដី​ច្រើន ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​មុខមាត់​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments