RFA | ពលករ​ខ្មែរ​នៅ​ថៃ​នាំ​ស្នាមមេដៃ​ជាង​ ១០​ម៉ឺន​នាក់​ដាក់​ទៅ​​អង្គការ​សហប្រជាជាតិ​​នៅ​​ក្រុង​​បាងកក​ កុំ​ឲ្យ​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រមាណ ​១០​នាក់​ ដែលអះអាងថា ពួក​គេ​ជា​តំណាង​ឲ្យ​ពលករ​ជាង​ ១០​ម៉ឺន​នាក់​ នៅ​រសៀល​ថ្ងៃ​ទី​២៧ ​កក្កដា​ នាំ​ញត្តិ​ដាក់​ទៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទី​ក្រុង​បាងកក ស្នើសុំ​កុំ​ឲ្យ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា។ ពលករ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ថា​ ជា​ការ​បោះ​ឆ្នោត​​ក្លែងក្លាយ​ ដើម្បី​ឲ្យ​លោក​ ហ៊ុន សែន​ និង​បក្ស​ពួក​បាន​ឡើង​កាន់​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ។

តំណាង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ លោក​ លី រតនៈ​រស្មី​ ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​ដាក់​ញត្តិ​នៅ​រសៀល​ថ្ងៃ​ទី​២៧​ កក្កដា​ថា នៅ​ក្នុង​ញត្តិ​​មាន​ស្នាមមេដៃ​និង​ហត្ថលេខា​របស់​ពលករ​ជាង​ ១០​ម៉ឺន​នាក់​(១០០.០០០) ដើម្បី​ជំរុញ​​ឲ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

តំណាង​ពលករ​រូប​នេះ​ អះអាង​ទៀត​ថា ការ​បោះឆ្នោត​នេះ ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ចូលរួម​​ប្រកួតប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ ដោយ​របប ​​លោក​ ហ៊ុន សែន​ រៀបចំ​ការ​បោះឆ្នោត​នេះ​ឡើង​ ដើម្បី​បង្គ្រប់​កិច្ច​ឲ្យ​សហគមន៍​​អន្តរជាតិ​ទទួល​ ស្គាល់ដើម្បី​ឲ្យ​លោក​បាន​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត​ប៉ុណ្ណោះ ហើយ​​ពួកគេ​ជា​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មិន​ចង់បាន​ការ​បោះឆ្នោត​ក្លែងក្លាយ​បែប​នេះ​​ទេ៖ «ហើយ​ដៃ​គួរ​ដែល​គេ​ដាក់​ទាំង​២០​គណបក្ស​គឺ​ជា​គណបក្ស​ដែល​គេ​បង្កើត​ដើម្បី​ឲ្យ​ចូល​រួម​ប្រកួត​សម្រាប់​លំអ​បក្ស​កាន់​អំណាច​ ដូច្នេះ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ ការ​រៀបចំ​ដោយ​មិន​មាន​ប្រជាធិបតេយ្យ​​ត្រឹមត្រូវ​នឹង​យុត្តិធម៌​បាន​ជា​ពួក​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​ការ​តស៊ូ​មតិ​ ដើម្បី​បាន​មេ​ដឹង​នាំ​ល្អ​ សម្រាប់​ដឹក​នាំ​កម្ពុជា»

​​​​​​​​​​​​លោក​ លី រតនៈ រស្មី​ បន្ថែម​ថា​អង្គការ​សហប្រជាជាតិ​អនុញ្ញាត​ឲ្យ​ពួកគាត់​ចំនួន​៣​នាក់​នាំ​ញត្តិ​ទៅ​ដាក់​ខាង​ក្នុង​ការិយាល័យ​​ ហើយ​តំណាង​អង្គការ​សហប្រជាជាតិ​ចំនួន​៤រូប បាន​ចេញ​មក​ទទួល​​ញត្តិ​ពី​ពួកគាត់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា​ ការ​​ដាក់​ញត្តិ​នេះ​ជា​រឿង​ធម្មតា​របស់​ក្រុម​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​នោះ​ទេ​ ព្រោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កំពុង​តែ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​ ហើយ​មាន​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​របស់​លោក​យ៉ាង​ច្រើន​កុះករ​ទៀត​ផង។ លោក សុខ ឥសាន​ អះអាង​ទៀត​ថា​ ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​គណបក្ស​ប្រឆាំង​អះអាង​កន្លង​មក​នោះ​ទេ៖ «វា​ដូច​ទឹក​បាក់​ទំនប់​អីចឹង​មិន​មែន​បាក់​ទំនប់​វារីអគ្គិសនី​នៅ​លាវ​ទេ បាក់​ទំនប់​មនុស្ស​នៅ​ភ្នំពេញ​ អីចឹង​ទេ​វា ខ្ញុំ​យល់​ថា​ប្រជាធិបតេយ្យ​រីក ចំរើន​នេះ​វា​ជា​កត្តា​កំណត់​អាស្រ័យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»

អ្នកវិភាគ​នយោបាយ​ ​លោក បណ្ឌិត ឡៅ ម៉ុង ហៃ ដែល​​ជា​អតីត​ទីប្រឹក្សា​អនុប្រធានទី១​ រដ្ឋសភា​ លោក​ កឹម សុខា​នោះ​ លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ​ ដូច្នេះ​ការ​ដាក់​ញាតិ​នេះ​អាច​​មានន័យ​ថាជា​សារៈ​សំខាន់ និង​មាន​​ឥទ្ធិពល​មួយ​កម្រិត​ដែរ ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​បញ្ជូន​សារ​ទៅ​ឲ្យ​ពិភពលោក​បាន​ដឹង​ពី​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ ព្រោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​រាប់​លាន​នាក់​ មិន​មាន​​សិទ្ធិ​សេរី​ភាព​ពេញលេញ​ជា​ម្ចាស់​អំណាច​នោះ​ទេ ដោយ​ពួកគាត់​ត្រូវ​ទទួល​​រង​ការ​បង្ខិតបង្ខំ​ពី​របប​លោក​ហ៊ុន សែន​ឲ្យ​ទៅ​បោះឆ្នោត៖ «ខ្ញុំ​ថា​បរិយាកាស​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​សុំ​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ​នោះ​ ឃើញ​តែ​សកម្មជន​គណបក្ស​ហែ​អីចឹង​ទៅ​ ប៉ុន្តែ​នៅ​តាម​ផ្លូវ​អី​គឺ​ខុស​ពី​ពេល​មុន​ៗ គឺ​ប្រជាពលរដ្ឋ​ហាក់​សោះអង្គើយ​មិន​ចេញ​ទៅ​ឈរ​មើល​ទទួល​ឬ​អបអរសាទរ​ ឬ​ទះដៃ​ស្រែក​ហូរ​អី​​នោះ​ទេ គឺ​ប្រៀប​ដូច​មាន​តែ​តួល្ខោន​​អីចឹង​ចេះ​តែ​លែង​តែ​គ្មាន​អ្នក​មើល»

ការ​ដាក់​ញត្តិ​របស់​ពលករ​ខ្មែរ​នេះ ស្រប​ពេល​ដែល​​ថ្មីៗ នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អះអាង​ថា​ ពួក​គេ​នឹង​ធ្វើ បាតុកម្ម​នៅ​តាម​បណ្ដា​ប្រទេស​របស់​ពួកគេ​រស់​នៅ​ផ្សេងៗ​គ្នា​ ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដោយ​​ប្រទេស​ខ្លះ​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី២៨ និង​ប្រទេស​ខ្លះ​ទៀត ធ្វើ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments