RFA | ពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំដែន​ថៃ​នា​ខេត្ត​បន្ទាយមានជ័យ​ខ្វះ​ទឹក​ប្រើប្រាស់ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​តំបន់​ជាប់​ព្រំដែន​ប្រទេស​ថៃ ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ហើយ​នៅ​តំបន់​នោះ​ពុំ​មាន​ប្រព័ន្ធ​ស្តុក​ទឹក​ធំៗ​ដែល​អាច​ឲ្យ​ពលរដ្ឋ​យក​ទឹក​ទៅ​ប្រើប្រាស់​បាន​ឡើយ។ ពលរដ្ឋ​ភាគច្រើន​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដឹក​តាម​ឡាន​ពី​តំបន់​ឆ្ងាយ យក​ទៅ​ប្រើប្រាស់ ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

ថ្វី​បើ​នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា ក្ដី ប៉ុន្តែ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ គ្មាន​ទឹក​ប្រើប្រាស់​ទេ។ អ្នក​ភូមិ​លើក​ឡើង​ថា នៅ​តាម​ព្រំដែន​ស្រុក​មួយ​នេះ ពុំ​សូវ​មាន​ភ្លៀង​ធំ​ដែល​អាច​យក​ទឹក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​នោះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ទំនប់ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ជាប់​ព្រំដែន​ថៃ លោកស្រី សន ថែ អះអាង​ថា ពួក​គាត់​ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា​ជាច្រើន​ឆ្នាំ​មក​ហើយ។ លោកស្រី​បន្ថែម​ថា សព្វថ្ងៃ គ្រួសារ​របស់​លោកស្រី​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដឹក​តាម​ឡាន​យក​មក​ប្រើប្រាស់ ហើយ​ចំណាយ​អស់​ថវិកា​ប្រហែល ៣​ម៉ឺន​រៀល​ក្នុង​មួយ​សប្ដាហ៍ ដែល​បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «យើង​ខ្ចី​ប្រាក់​គេ​ដាក់​ទឹក​សិន​ទៅ ពេល​យើង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​សង​គេ​វិញ។ រឿង​ទឹក​វា​លំបាក​ខ្លាំង​ណាស់ ព្រោះ​អ្នក​ខ្លះ​គ្មាន​ប្រាក់​ទិញ​ទឹក​ប្រើ​ទេ។ ណា​មួយ​អង្ករ​ហូប​ផង ទិញ​ទឹក​ប្រើ​ផង រក​ប្រាក់​មិន​ទាន់​ទេ»

នៅ​តាម​ផ្លូវ​តំបន់​ព្រំដែន​ក្នុង​ឃុំ​មួយ​នេះ​មាន​ស្រះ​ទឹក​តូចៗ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ទឹក​បន្តិចបន្តួច ហើយ​ល្អក់​ខួរ​អណ្ដែង​សម្រាប់​ឲ្យ​គោ​ផឹក ចំណែក​អ្នក​ភូមិ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ទំនប់ដាច់ ម្នាក់​ទៀត លោក យាន យឹន ថ្លែង​ថា ចាប់​ពី​ខែ​មិថុនា មក​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ដែរ តែ​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើ​ការ​ប្រចាំ​ថ្ងៃ​ទេ។ លោក​បន្ថែម​ថា បញ្ហា​ទឹក​ប្រើប្រាស់​ជា​រឿង​សំខាន់​របស់​ពួក​គាត់​រស់នៅ​តាម​ព្រំដែន ទាំង​ការ​មុជ​សម្អាត​រាងកាយ ចម្អិន​អាហារ និង​ទឹក​ផឹក ជាដើម ត្រូវ​ទិញ​ពី​គេ​ទាំងស្រុង។ លោក​អះអាង​ថា ពួក​គាត់​ទិញ​ទឹក​ពី​អ្នក​ភូមិ​ដែល​ដឹក​តាម​រថយន្ត​ពី​តំបន់​ឆ្ងាយ​យក​មក​លក់​ដល់​ផ្ទះ ដោយ​ទឹក​ចំណុះ ៣០០​លីត្រ​តម្លៃ ១​ម៉ឺន ៥​ពាន់​រៀល៖ «ទើប​មាន​ភ្លៀង​យប់​មិញ​បន្តិច​ត្រង​ទឹក​មិន​បាន​មួយ​ពាង​ផង។ ពួក​ខ្ញុំ​រស់នៅ​ជាយដែន​គ្មាន​ដី​ធ្វើ​ស្រែ​ទេ បើ​មិន​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ គ្មាន​ប្រាក់​ចំណូល​ទេ។ ពួក​ខ្ញុំ​នៅ​ជាយដែន​លំបាក​ខ្លាំង​ណាស់»

ឆ្លើយតប​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ក្នុង​ឃុំ​នេះ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ប្រាកដ​មែន គឺ​ដោយសារ​នៅ​តំបន់​នេះ​ពុំ​មាន​ប្រភព​ទឹក​សម្រាប់​ឲ្យ​ពលរដ្ឋ​ដង​យក​ទៅ​ប្រើប្រាស់។ ម្យ៉ាង​ទៀត លោក​ថា​កន្លង​ទៅ​មាន​អង្គការ​មួយ​ចំនួន​ចុះ​ខួង​អណ្ដូង​តាម​ភូមិ​ដែរ ក៏ប៉ុន្តែ​ពុំ​មាន​ទឹក​ចេញ ហើយ​ក៏​បាន​ផ្អាក​គម្រោង​ទៅ​វិញ។ លោក​បន្ថែម​ថា ខាង​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត កំពុង​តែ​ជីក​ស្រះ​ទឹក​មួយ​កន្លែង​ទទឹង ១០០​ម៉ែត្រ និង​បណ្ដោយ ១៥០​ម៉ែត្រ​នៅ​ភូមិ​ព្រាវ ឃុំ​អូរបីជាន់ ហើយ​នៅ​ពេល​ជីក​ស្រះ​ទឹក​រួច​រាល់ អាច​ជួយ​កាត់​បន្ថយ​ការ​ខ្វះខាត​ទឹក​បាន​ខ្លះ៖ «ក្នុង​គម្រោង​ដែល​ជំរុញ​ឲ្យ​បណ្ដា​អង្គការ​នៅ​នេះ យើង​ឲ្យ​គាត់​ជួយ​ជា​អណ្ដូងទឹក ស្ដារ​ស្រះ​សម្រាប់​មាន​ភ្លៀង​បាន​ទឹក​ប្រើ។ ហើយ​ក្នុង​ការ​ដោះស្រាយ​ដោយ​មធ្យោបាយ​ឡាន​ជំនួយ​ផ្សេងៗ​ដើម្បី​ដាក់​ធុង​អី​នោះ នៅ​ឆ្នាំ​២០១៧ ពុំ​ទាន់​មាន​ទេ»

សព្វថ្ងៃ អ្នក​ភូមិ​ខ្លះ​ស្វែងរក​ប្រភព​ទឹក ហើយ​ច្រក​ទឹក​ដាក់​ប៊ីដុង​ដឹក​តាម​ម៉ូតូ​ចម្ងាយ​ជិត ១០​គីឡូម៉ែត្រ​ពី​កន្លែង​រស់នៅ ដើម្បី​យក​ទៅ​ប្រើ​ការ​ប្រចាំ​ថ្ងៃ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម លើក​ឡើង​ថា ក្រសួង​ធនធាន​ទឹក បាន​សិក្សា​គម្រោង​រួច​ជាស្រេច​ហើយ​ក្នុង​ការ​សាងសង់​ប្រព័ន្ធ​ប្រឡាយ​ទឹក​ចេញ​ពី​អូរ​ខៃដន ក្នុង​ក្រុង​ប៉ោយប៉ែត ទៅ​ឃុំ​អូរបីជាន់។ លោក​ថា គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​សាងសង់​ក្នុង​ពេល​ឆាប់ៗ ដើម្បី​សម្រួល​ដល់​កសិករ​បាន​ទឹក​ប្រើប្រាស់​នៅ​តាម​ព្រំដែន៖ «ប៉ុន្តែ​គ្រាន់​តែ​ថា​គេ​មិន​ទាន់​ចាប់​ផ្ដើម​អនុវត្ត​នៅ​ឡើយ ដោយ​វា​ជា​នីតិវិធី​របស់​គេ ប៉ុន្តែ​គម្រោង​របស់​គេ​ធំ​ណាស់​នៅ​អូរបីជាន់ នោះ គឺ​គម្រោង​ស្ដារ​ប្រព័ន្ធ​អូរ ហើយ​មាន​ប្រឡាយ​ខ្វាត់ខ្វែង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មក​ហើយ ចំណែក​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​បាន​នៅ​ឡើយ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជីក​ស្រះ​ទឹក​ធំៗ​នៅ​តំបន់​ព្រំដែន​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ស្តុក​ទឹក​ឲ្យ​ពលរដ្ឋ​ប្រើ​ការ​បាន​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា៖ «យើង​មុន​បោះឆ្នោត ស្ទើរ​គ្រប់​ទីកន្លែង គណបក្ស​នានា​ចុះ​ទៅ​សន្យា​ជាមួយ​ពលរដ្ឋ​ច្រើន​ណាស់។ ដល់​បោះឆ្នោត​រួច បាត់​អ្នក​ចុះ​ទៅ​មើល​ប្រជាពលរដ្ឋ​អស់។ មាន​ន័យ​ថា ការ​ដែល​យក​ចិត្ត​ទុក​ដាក់​តែ​ពេល​បោះឆ្នោត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ចំពោះ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ទឹក​ប្រើ មិន​បាន​ដោះស្រាយ​ទេ»

មេ​ឃុំ​អូរបីជាន់ ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មួយ​នេះ​ប្រមាណ ៧០​ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ ៣.២៩០​គ្រួសារ កំពុង​លំបាក​ខ្លាំង​ដោយ​គ្មាន​ទឹក​ប្រើប្រាស់ ហើយ ៣០​ភាគរយ​ដែល​មាន​ជីវភាព​មធ្យម អាច​ដឹក និង​ទិញ​ទឹក​យក​មក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments