លោក កឹម សុខា (កណ្តាល) នៅក្នុងកិច្ចប្រជុំរបស់គណបក្សកាលពីម្សិលមិញ។ រូបថត ហ្វេសប៊ុក |
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Tue, 31 January 2017
ភ្នំពេញៈ នៅថ្ងៃនេះតំណែងប្រធានតំណាងរាស្រ្តសំឡេងភាគតិចនៅក្នុងរដ្ឋសភារបស់លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដែលមានឋានៈស្មើនាយករដ្ឋមន្រ្តីសម្រាប់ការចរចានយោបាយនឹងត្រូវដកចេញដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចទៅតាមបំណងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជន។
អ្នកវិភាគយល់ថាការបង្កើតតំណែងដែលមិនចាំបាច់នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីបំបែកគណបក្សប្រឆាំង ប៉ុន្តែនៅពេលដែលបំបែកគណបក្សប្រឆាំងមិនបានគណបក្សប្រជាជនក៏លុបចោលតំណែងនេះវិញគឺគ្មានអ្វីប្លែកនោះទេ។
នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងបក្សកាលពីម្សិលមិញក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានសម្រេចរួចហើយថាពួកគេនឹងធ្វើពហិការសម័យប្រជុំពេញអង្គនៃរដ្ឋសភានៅថ្ងៃនេះដោយសារពួកគេមិនគាំទ្រវិសោធនកម្មមាត្រា ៤៨ ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែលការធ្វើវិសោធនកម្មនៃមាត្រានេះគឺដើម្បីបញ្ចប់តំណែងរបស់លោក សុខា។
លោក សុន ឆ័យ ប្រធានតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានថ្លែងបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា៖ «យើងបានសម្រេចអម្បាញ់មិញនេះថា [យើង] នឹងមិនចូលរួមសម័យប្រជុំ [រដ្ឋសភា] ទេ។ យើងមិនគាំទ្រ [វិសោធនកម្មនេះ] ទេ»។
លោក សុន ឆ័យ បានបដិសេធធ្វើអត្ថាធិប្បាយលម្អិតអំពីមូលហេតុនៃការធ្វើពហិការរបស់គណបក្សសង្គ្រោះជាតិដោយថ្លែងថាសូមរង់ចាំសន្និសីទកាសែតនៅថ្ងៃនេះ។
មាត្រា ៤៨ ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាគឺជាគំនិតផ្តួចផ្តើមមួយ និងស្នើឡើងដោយលោក ហ៊ុន សែន ដើម្បីតែងតាំង លោក កឹម សុខា ជាមេដឹកនាំតំណាងរាស្រ្តសំឡេងភាគតិចនៅក្នុងរដ្ឋសភាដែលមានឋានៈស្មើលោក ហ៊ុន សែន នៅក្នុងការជជែកបញ្ហានយោបាយជាមួយគ្នាដើម្បីដោះស្រាយបញ្ហានយោបាយ។
ប៉ុន្តែ មាត្រានេះនឹងត្រូវធ្វើវិសោធនកម្មនៅថ្ងៃនេះ ដើម្បីលុបតំណែងលោក កឹម សុខា ពីប្រធានតំណាងរាស្រ្តសំឡេងភាគតិចបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីមិនសប្បាយចិត្តដោយចោទថា ការចរចានយោបាយជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិមិនអាចទៅមុខបានដោយសាររបៀបវារៈសម្រាប់ការចរចាដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិគឺនឹងស្នើឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សមន្រ្តី គជប និងសមាជិកគណបក្សសង្គ្រោះជាតិជាង ១០ នាក់ដែលកំពុងជាប់ពន្ធនាគារ។
ទោះយ៉ាងណាក្តីអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានថ្លែងថាគ្មានអ្វីជាឧបសគ្គសម្រាប់វិសោធនកម្មនៃមាត្រានេះទេ បើទោះបីជាមានការធ្វើពហិការពីគណបក្សសង្គ្រោះជាតិក៏ដោយ ដោយសារសំឡេងនៃការអនុម័តនៅក្នុងការធ្វើវិសោធនកម្មនេះផ្អែកតាមរដ្ឋធម្មនុញ្ញត្រូវការតែ ៥០ បូក១ នៃតំណាងរាស្រ្តសរុបចំនួន ១២៣ នាក់។
លោក សុខ ឥសាន បញ្ជាក់ថា អ្នកដែលជាអ្នកបង្កើតបទបញ្ជាផ្ទៃក្នុងនេះគឺគណបក្សប្រជាជនហើយអ្នកដែលនឹងលុបចោលមាត្រានេះក៏ជាគណបក្សប្រជាជនដែរ។
លោកបានបន្ថែមថា៖«ចូលតាមច្រកណាចេញតាមច្រកហ្នឹង»។ «គ្មានអ្វីខុសទេជាច្បាប់ធម្មជាតិ។ [គណបក្សសង្គ្រោះជាតិ] ចូលរួម ឬមិនចូលរួមវាជារឿងរបស់គាត់»។
អ្នកវិភាគនយោបាយលោក គឹម សុខ បានថ្លែងថាការបង្កើតតំណែងប្រធានតំណាងរាស្រ្តសំឡេងភាគតិច និងភាគច្រើនគឺគ្រាន់តែជាល្បិចកលនយោបាយរបស់គណបក្សកាន់អំណាចប៉ុណ្ណោះដើម្បីបំបែកគណបក្សសង្គ្រោះជាតិ ប៉ុន្តែជាធម្មតានៅពេលគណបក្សប្រជាជនកម្ពុជាមិនអាចបំបែកគណបក្សសង្គ្រោះជាតិបានទៅតាមបំណងប្រាថ្នារបស់ខ្លួន ពួកគេត្រូវតែលុបចោលតំណែងនោះវិញ។
លោក គឹម សុខ បន្តថា៖ «ការចូលរួម [សម័យប្រជុំរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ] មិនមានប្រយោជន៍ក្នុងការរារាំងការអនុម័តនេះទេ។ នោះហើយជាមូលហេតុការចូលរួមរបស់គណបក្សសង្គ្រោះជាតិវាគ្មានប្រយោជន៍សូម្បីការជជែកពិភាក្សាគ្នាក៏គ្មាន»។
ស្ថានការណ៍នយោបាយបានធូរស្រាលបន្តិចពីដើមខែមុននៅពេលលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រលើកលែងទោសហើយគណបក្សទាំងពីរបានប្រកាសថាអ្នកទោសនយោបាយដែលកំពុងជាប់ឃុំអាចនឹងត្រូវបានដោះលែងជាបន្តបន្ទាប់តាមរយៈការចរចានយោបាយ។ ប៉ុន្តែមកដល់ពេលនេះមិនមានអ្នកជាប់ឃុំណាម្នាក់ត្រូវបានដោះលែងនោះទេដែលនេះត្រូវបានអ្នកវិភាគយល់ថាគឺដោយសារតែលោក កឹម សុខា មិនធ្វើទៅតាមអ្វីដែលលោក ហ៊ុន សែន ចង់បាន៕ PS
From KI Media - Khmer Intelligence
via_IFTTT
0 Comments