មន្ត្រីគណបក្សប្រឆាំង និងក្រុមយុវជនរិះគន់ថា ការចុះបង្ក្រាបអាជីវកម្មបនល្បែងស៊ីសងតាមតែបញ្ជារបស់នាយករដ្ឋមន្ត្រីបង្ហាញពីភាពអសកម្ម និងការខ្វះទំនួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ។ ពួកគេចង់ឃើញអាជ្ញាធរតាមមូលដ្ឋាន ជាពិសេសអភិបាលរាជធានីខេត្តចេះរៀបចំផែនការ និងបំពេញការងារដោយឯករាជ្យ ក្នុងការប្រឆាំងនឹងបញ្ហាល្បែងស៊ីសង និងបញ្ហាសង្គមផ្សេងទៀតកុំរង់ចាំទាល់តែថ្នាក់លើបញ្ជា។
អាជ្ញាធរថ្នាក់ក្រោមជាតិចាប់ផ្ដើមត្រួតពិនិត្យអាជីវកម្មបនល្បែង ខណៈអភិបាលខេត្តមួយចំនួនហាក់ខ្នះខ្នែងបើកកិច្ចប្រជុំជាមួយសមត្ថកិច្ចក្នុងការរឹតបន្តឹងច្បាប់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបអាជីវកម្មល្បែងស៊ីសងដែលនៅតែបន្តបើកថ្មីៗបន្ថែមទៀត។
ទោះបីជាយ៉ាងណា យុវជន និងអ្នកឃ្លាំមើលរិះគន់ចំណាត់ការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិថា ការធ្វើបែបនេះគ្មានប្រសិទ្ធភាពក្នុងការលុបបំបាត់បញ្ហាល្បែងស៊ីសងយូរអង្វែងនោះទេ ដោយសារតែអាជ្ញាធរគ្មានឆន្ទៈក្នុងការបំពេញតួនាទី ពោលគឺចាំតែស្ដាប់តាមមេកើយរបស់ខ្លួនក្នុងការបង្ក្រាបល្បែងស៊ីសង។
ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈ ថា អាជ្ញាធរនៅតែមានទម្លាប់អាក្រក់ ដោយសាររង់ចាំស្ដាប់តាមតែបញ្ជារបស់មេកើយទើបមានការអនុវត្តបង្ក្រាបល្បែងស៊ីសងតាមក្រោយ។ លោកចាត់ទុក របៀបធ្វើការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិបែបនេះថា ធ្វើឱ្យបាត់បង់វិជ្ជាជីវៈក្នុងនាមជាអ្នកអនុវត្តច្បាប់ និងរួមចំណែកជំរុញឱ្យមានការយឺតយ៉ាវក្នុងការបង្ក្រាបបទល្មើសតាមមូលដ្ឋាន។
លោក កើត សារ៉ាយ៖ «ទន្ទឹងគ្នានឹង យើងឃើញហើយអំពើពុករលួយ ជាប្រព័ន្ធវាក៏បានរួមចំណែកយ៉ាងច្រើនក្នុងការជួយបិទបាំង ជួយរក្សា ជួយការពារ ល្បែងស៊ីសងនៅកម្ពុជា នៅតែអាចបន្តបើកបាន ហើយអាជ្ញាធរនៅតែគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ក្រាប ឬបញ្ឈប់វា» ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១៨ ខែកុម្ភៈ។
ប៉ុន្តែ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរមូលដ្ឋានតែងមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសង។ លោកឱ្យដឹងទៀតថា ក្រោយលោក ហ៊ុន ម៉ាណែត បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដាក់ចេញគោលការណ៍មួយទៀតដល់រដ្ឋបាលតាមរាជធានីខេត្តទាំងអស់ ធ្វើស្ថិតិអាជីវកម្មល្បែងស៊ីសងទូទាំងប្រទេស។ លោកបញ្ជាក់ថា គោលការណ៍នេះ គឺដើម្បីពិនិត្យរាល់អាជីវកម្មបនល្បែងចាស់ៗ សម្រាប់ឈានដល់ការបង្ក្រាបអាជីវកម្មល្បែងស៊ីសង ដែលជនល្មើសលួចបន្លំបើកអាជីវកម្មថ្មីៗដោយគ្មានច្បាប់អនុញ្ញាត។
លោក ទូច សុខៈ៖ «រដ្ឋបាលរាជធានីខេត្តនីមួយៗគឺបានដឹកនាំប្រជុំ បែងចែកកម្លាំង ឬក្រុមការងារក្នុងដែនដីរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យ ឬធ្វើស្ថិតិឱ្យបានជាក់លាក់ ថាតើស្របច្បាប់មានប៉ុន្មានទីតាំង ហើយលបលួចបើកបន្ថែមលើសពីការអនុញ្ញាតច្បាប់ប៉ុន្មានទីតាំង ដើម្បីឈានដល់ការចាត់នីតិវិធីតាមច្បាប់ ឬធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យលើរឿងហ្នឹងជាក់ស្ដែង»។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ដល់ពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបបានល្បែងស៊ីសងទូទាំងប្រទេសជាង ៥រយករណី និងឃាត់មនុស្សជាង ១ពាន់នាក់បញ្ជូនទៅតុលាការ។ នេះបើយោងតាម លោក ទូច សុខៈ។
អ្នកឃ្លាំមើលរិះគន់ថា បើរដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់បញ្ហាអាជីវកម្មបនល្បែងស៊ីសង នោះការណ៍នេះនឹងធ្វើឱ្យសង្គមមានបញ្ហាអសន្តិសុខកាន់តែច្រើន ពីព្រោះល្បែងស៊ីសង គឺជាប្រភពបង្កឱ្យកើតមានបញ្ហាចោរកម្ម ឆក់ប្លន់ និងបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសង្គម ជាដើម។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សង្កេតឃើញថា ការស្រែករបស់លោក ហ៊ុន ម៉ាណែត ហាក់ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិបង្ក្រាបបទល្មើសល្បែងស៊ីសងតែមួយឆាវៗ ដើម្បីជាការយកមុខមាត់តែប៉ុណ្ណោះ។ លោកយល់ថា បើរដ្ឋាភិបាលពិតជាមានឆន្ទៈក្នុងការលុបបំបាត់ល្បែងស៊ីសង រដ្ឋាភិបាលគួរតែមានយន្តការបោសសម្អាតអំពើពុករលួយផ្ទៃក្នុងជាមុន និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះមេខ្លោងដែលជាម្ចាស់អាជីវកម្មបនល្បែងនានា។
លោក រ៉ុង ឈុនោះ៖ «បើបនល្បែងកើតនៅខេត្តណា ស្រុកណា ឃុំណា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នោះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ បើមិនដូច្នោះទេ គ្រាន់តែប្រកាសអំពាវនាវហើយបន្ទាប់មកធ្វើមួយភ្លែតអ៊ីចឹងទៅវារលាយស្កុលទៅវិញហើយ គេហៅថា ផែនការពពោះសាប៊ូអត់បានយូរអង្វែងមិនមានប្រសិទ្ធភាព។ យើងចង់ឃើញនាយករដ្ឋមន្ត្រីធ្វើការងារច្រើនជាង ដើរស្រែកតាមវេទិកា ចង់ឃើញចាត់វិធានការ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានប្រាកដប្រជា វាប្រសើរជាងនិយាយច្រើន តែធ្វើគ្មានប្រសិទ្ធភាព»។
រដ្ឋាភិបាលកម្ពុជាហាក់បរាជ័យក្នុងការទប់ស្កាត់ និងលុបបំបាត់បញ្ហាល្បែងស៊ីសង និងការភ្នាល់ល្បែងតាមអនឡាញ។ ពលរដ្ឋ និងអ្នកឃ្លាំមើលពិនិត្យឃើញថា ហេតុផលដែលអាជីវកម្មបនល្បែងស៊ីសងនៅតែអាចបន្តដំណើរការជាហូរហែគឺដោយសារតែមានអាជ្ញាធរខ្លះកាងការពារអាជីវកម្មផ្ទាល់តែម្ដង ជាថ្នូរនឹងការទទួលបានសំណូកពីឈ្មួញ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ជំរុញដល់អភិបាលរាជធានីខេត្តនានាគួររៀបចំផែនការជាក់លាក់ ណែនាំដល់អាជ្ញាធរមូលដ្ឋានក្រោមបង្គាប់របស់ខ្លួន ចាត់វិធានការដោះស្រាយបញ្ហាល្បែងស៊ីសងនេះប្រកបដោយការទទួលខុសត្រូវ ជាជាងរង់ចាំតែស្ដាប់បញ្ជាថ្នាក់លើទើបអាជ្ញាធរខ្នះខ្នែងចេញប្រតិបត្តិការ ដែលជាហេតុធ្វើឱ្យការបង្ក្រាបបទល្មើសល្បែងស៊ីសងនៅតែគ្មានប្រសិទ្ធភាព និងយូរអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments