មន្ត្រី​បក្ស​ប្រជាជន​បដិសេធ​ការ​បង្កើត​ក្រុម​ហ្វេសប៊ុក​វ៉ៃ​ប្រហារ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៣

By , Comment
Share on Facebook Tweet on Twitter
ឯកសារ​បែក​ធ្លាយ​អំពី​ការ​បង្កើត​ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន Cyber War Room (CWR) ដែល​អាស៊ីសេរី ទទួល​បាន។ Screenshot

ដោយ វ៉ាន វណ្ណដេត RFA 2017-05-25

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ការ​បង្កើត​ក្រុម​ហ្វេសប៊ុក (facebook) មួយ​កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​វាយ​ប្រហារ​គណបក្ស​ប្រឆាំង។ អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង​ថា​មិន​ខ្វល់​ថា​មាន​ការ​បង្កើត​ពិត ឬ​មិន​ពិត​ទេ តែ​លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ឈប់​បង្កើត​ក្រុម​ឥត​ប្រយោជន៍ ដើម្បី​កាច់កុង​គ្នា តែ​ត្រូវ​ទៅ​គិត​រឿង​បម្រើ​ប្រយោជន៍​ជាតិ​វិញ។

មន្ត្រី​បក្ស​កាន់​អំណាច និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់​ថា លោក​មិន​បាន​ដឹង​ពី​ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន Cyber War Room (CWR) ដែល​បង្កើត​ឡើង​ដើម្បី​បង្កើន​សំឡេង​គាំទ្រ​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​ដើម្បី​បន្សាប​ព័ត៌មាន​របស់​បក្ស​ប្រឆាំង​តាម​ហ្វេសប៊ុក​នោះ​ទេ។ លោក​ថា អ្នក​ដែល​លួច​អ៊ីមែល​លោក ជា​អ្នក​បង្កើត​ឯកសារ​ទាំងនោះ។

លោក គឹម សន្តិភាព បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា អ៊ីមែល​របស់​លោក​ត្រូវ​បាន​ចោរ​លួច​ហែក (hack) ចូល​តាំង​ពី​ថ្ងៃ​ទី​២០ ឧសភា មក។ ដូច្នេះ ក្រុម​បណ្ដាញ​ព័ត៌មាន​តាម​ហ្វេសប៊ុក​ដែល​បង្កើត​ឡើង​ដើម្បី​បន្សាប​រាល់​ព័ត៌មាន​របស់​បក្ស​ប្រឆាំង លោក​ថា​ជា​ស្នាដៃ​របស់​ក្រុម​ចោរ​លួច​អ៊ីមែល​របស់​លោក៖ «ខ្ញុំ​សូម​ជម្រាប​ថា អ៊ីមែល​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ហែក​តាំង​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២០ មក​ដល់​ឥឡូវ​គ្រប់គ្រង​អត់​បាន​ទេ គឺ​ថា​នៅ​លើ​ដៃ​ហែកឃ័រ។ ហែកឃ័រ​មាន​លទ្ធភាព​នៅ​ក្នុង​ការ​ហែក​យក​អាខោន​អ៊ីមែល (email account)។ ចឹង​ហែកឃ័រ​ក៏​មាន​លទ្ធភាព​នៅ​ក្នុង​ការ​កែច្នៃ​ប្រឌិត​នូវ​ព័ត៌មាន​ទាំងអស់​នៅ​ក្នុង​អាខោន​របស់​ខ្ញុំ​ដែរ»។

លោក គឹម សន្តិភាព បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ឧសភា ឲ្យ​ជួយ​ស្វែងរក​ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​លួច​ចូល​គ្រប់គ្រង​អ៊ីមែល​របស់​លោក និង​គណនី​ហ្វេសប៊ុក​របស់​លោក​ផ្ទាល់ និង​ហ្វេសប៊ុក​ក្រសួង​យុត្តិធម៌ ហើយ​បាន​យក​ទៅ​ផ្សព្វផ្សាយ​ការ​ឃោសនា​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

តាម​រយៈ​អ៊ីមែល​ឈ្មោះ Kim Santipheap ដែល​បាន​ផ្ញើ​ឯកសារ​ស្ដីពី​ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន Cyber War Room និង​លេខាធិការដ្ឋាន​របស់ Cyber War Room បាន​ទម្លាយ​ឲ្យ​ដឹង​ថា ក្រុម​ការងារ​នេះ​មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន លោក សុខ ពុទ្ធីវុធ កូន​ប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុប្រធាន លោក ឌិត ទីណា កូន​ប្រុស​លោក ឌិត មន្ទីរ ជា​អនុប្រធាន លោក គឹម សន្តិភាព កូនប្រសា​លោក ជាម យាប ជា​អនុប្រធាន លោក មាន ចាន់យ៉ាដា បច្ចុប្បន្ន​ជា​អភិបាល​រង​ក្រុង​ភ្នំពេញ ជា​អនុប្រធាន និង​មន្ត្រី​មាន​ងារ​ជា​ឯកឧត្តម​ជាច្រើន​នាក់​ទៀត ជា​អនុប្រធាន​ដឹកនាំ​ក្រុម​បណ្ដាញ​ព័ត៌មាន​នេះ។

ក្រុម​នេះ​ចែក​ចេញ​ជា​ក្រុម​ប្រតិបត្តិការ ៥​ផ្នែក​រួម​មាន លេខាធិការដ្ឋាន មាន​ក្រុម​គាំទ្រ ក្រុម​បច្ចេកទេស ក្រុម​កម្សាន្ត និង​ក្រុម​វាយ​លុក។

ឯកសារ​ដែល​បែក​ធ្លាយ​តាម​អ៊ីមែល​លោក គឹម សន្តិភាព បាន​សរសេរ​ថា យោង​តាម​កិច្ច​ប្រជុំ​នៅ​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០១៣ ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន​សង្គម Cyber War Room ដែល​មាន​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា និង​ប្រធាន​ការងារ​បណ្ដាញ​ព័ត៌មាន​សង្គម Cyber War Room លោក ហ៊ុន ម៉ាណែត និង​មាន​អនុប្រធាន​ការងារ Cyber War Room និង​ប្រធាន​ផ្នែក​ទាំង​៥ រួម​ទាំង​ក្រុម​ការងារ​ព័ត៌មាន និង​គេហទំព័រ បាន​រៀបរាប់​ថា ការ​កើន​ឡើង​អាសនៈ​គណបក្ស​ប្រឆាំង​ដោយសារ​តែ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ឧបករណ៍ ជា​កន្លែង​ប្រមូល​ផ្ដុំ​កម្លាំង និង​ព័ត៌មាន ជា​ឧបករណ៍​ផ្សព្វផ្សាយ​គោល​នយោបាយ និង​ជា​ឧបករណ៍​បំពុល​បរិយាកាស។

ឯកសារ​បន្ត​ថា តួនាទី និង​ភារកិច្ច​របស់​ក្រុម​នេះ​នៅ​លើ​ការងារ​ហ្វេសប៊ុក គឺ​បន្សាប​រាល់​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​បក្ស​ប្រឆាំង ហើយ​ធ្វើ​ប្រតិកម្ម​ជា​បន្ទាន់​តាម​ប្រភេទ​ពណ៌​ខ្មៅ ប្រផេះ និង​ស ប៉ុន្តែ​ឯកសារ​នោះ​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ប្រតិកម្ម​ជា​បន្ទាន់​តាម​ប្រភេទ​ពណ៌​ខ្មៅ ប្រផេះ និង​ស​នោះ ជា​អ្វី​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​រាល់​ចំណុច​ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​នោះ​ទេ ដោយ​លោក គឹម សន្តិភាព ឆ្លើយ​ថា​មិន​ដឹង និង​អះអាង​ថា​ជា​ព័ត៌មាន​ដែល​ហែកឃ័រ (Hacker) បង្កើត​ឡើង​ផ្ញើ​ឲ្យ​អ្នក​សារព័ត៌មាន។

មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៣ ឯកសារ​បែក​ធ្លាយ​នេះ​សរសេរ​ថា ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា រឹងមាំ មាន​ប៉ូលិស ប៉េអិម​ទប់​ជាប់ និង​មាន​ការ​ប្រមូល​ផ្ដុំ​កម្លាំង​ពី​ក្រៅ និង​ក្នុង គួបផ្សំ​ពី​ការ​ជួយ​ពី​ក្រៅ។

មាន​ឈ្មោះ​ក្នុង​ឯកសារ​ជា​ប្រធាន​លេខាធិការដ្ឋាន​ក្រុម Cyber War Room គឺ​លោក គួច វែងស្រ៊ុន មិន​បាន​ឆ្លើយតប​នឹង​ឯកសារ​នេះ​ទេ ដោយ​លោក​ប្រាប់​ថា​រវល់​បើក​ឡាន ក្រោយ​ស្ដាប់​សំណួរ​របស់​អាស៊ីសេរី សួរ​ចប់។

ឯកសារ​បែក​ធ្លាយ​បាន​បង្ហាញ​ការវិភាគ​របស់​លោក ហ៊ុន ម៉ាណែត ថា​មាន​ការ​ព្យាយាម​ញុះញង់​យុវជន ការ​បណ្ដុះ​ឆន្ទៈ​យុវជន និង​ឥទ្ធិពល​ហ្វេសប៊ុក អាច​ផ្ដួល​រដ្ឋាភិបាល​តាម​រយៈ​អំណាច​ពលរដ្ឋ (People Power)។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហ៊ុន ម៉ាណែត បាន​ទេ ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។ ឯកសារ​បែក​ធ្លាយ​ក៏​បាន​រៀបរាប់​ពាក់ព័ន្ធ​នឹង​មាន​តួនាទី​របស់ គ.ជ.ប ដែរ ដោយ​សរសេរ​ថា គ.ជ.ប ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវការ និង​ជា​អ្នក​ដោះស្រាយ​ពាក្យ​បណ្ដឹង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​លោក​មិន​អាច​សន្និដ្ឋាន​លើ​ឯកសារ​បែក​ធ្លាយ​នោះ​បាន​ទេ។ តែ​លោក​ថា អ្នក​នយោបាយ​គួរ​កុំ​យក​ពេល​ទៅ​បង្កើត​ក្រុម​ដើម្បី​កាច់​គ្នា ឬ​បំបែក​បំបាក់​បក្ស​ដៃគូ​នយោបាយ គួរ​តែ​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រ ឬ​ឫសគល់​នៃ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ជាដើម៖ «យើង​ធ្វើ​អ្វីៗ​ដើម្បី​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ខ្ញុំ​មិន​ចង់​ឆ្លើយតប ឆ្លើយ​មិន​តប​ទៅ​នឹង​រឿង​ហ្នឹង​តទៅទៀត​ទេ បើ​នៅ​តែ​បន្ត​ការ​វល់​ឆ្លើយតប​នឹង​ការ​កាច់កុង​គ្នា​របៀប​នេះ អត់​ដើរ​ទៅ​មុខ​ទេ នៅ​ទីបំផុត​បរទេស​នៅ​តែ​សើច​យើង​ដល់​ទី​បញ្ចប់»។

ឯកសារ​ដែល​អ៊ីមែល​ឈ្មោះ គឹម សន្តិភាព បាន​ផ្ញើ​អ៊ីមែល​ឲ្យ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ឧសភា បាន​បង្ហាញ​ថា ថ្នាក់​ដឹកនាំ​របស់​ក្រុម​បណ្ដាញ​ព័ត៌មាន​សម្រាប់​វាយ​បក​គណបក្ស​សង្គ្រោះ​ជាតិ មាន ៤៦​នាក់ ហើយ ១៤៣​នាក់​ផ្សេង​ទៀត គឺ​ជា​ក្រុម​ការងារ​ហ្វេសប៊ុក​នៅ​តាម​មូលដ្ឋាន ដោយ​មាន​ហ្វេសប៊ុក​ជាច្រើន​ដាក់​ឈ្មោះ សហភាព​សហព័ន្ធ​យុវជន​នៅ​តាម​សង្កាត់​ក្នុង​ក្រុង​ភ្នំពេញ និង​ក្រុម​ហ្វេសប៊ុក​ក្មេង​ឆេវឆាវ ជាដើម។

កន្លង​ទៅ នៅ​ពេល​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ស្ថាប័ន​រដ្ឋាភិបាល​រង​ការ​លុកលុយ​នោះ ទោះ​ហែកឃ័រ​មាន​សមត្ថភាព​យ៉ាង​ណា​ក្តី ក៏​ពួក​គេ​ភាគច្រើន​គេច​មិន​រួច​ពី​កណ្ដាប់ដៃ​សមត្ថកិច្ច​ឡើយ ខុស​ពី​ករណី​ហែកឃ័រ​ដែល​លួច​អ៊ីមែល​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ គឺ​លោក គឹម សន្តិភាព៕



From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments