RFA | ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​តំបន់​ព្រៃឡង់​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ | hot news

By , Comment
Share on Facebook Tweet on Twitter

ដី​ព្រៃ​រាប់​រយ​ហិកតារ​នៅ​ដែន​ជម្រកសត្វព្រៃ​ព្រៃឡង់​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​ដោយ​មិនទាន់​ឃើញ​អាជ្ញាធរ​មាន​វិធានការ បង្ក្រាប​នៅ​ឡើយ។ អ្នក​ការពារ​ព្រៃឈើ​ថា គ្មាន​ជំនឿ​ទៅលើ​អាជ្ញាធរ​ថ្នាក់​ជាតិ​អាច​បង្ក្រាប​បទល្មើស​នៅក្នុង​តំបន់​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ។

ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ខេត្តព្រះវិហារ រាប់រយ​ហិកតារ រង​ការ​កាប់​ទន្ទ្រាន យ៉ាង​អនាធិបតេយ្យ​។ សហគមន៍​ថា ពួកគេ​បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​សារ ដើម្បី​ឲ្យ​ចុះ​ជួយ​ទប់ស្កាត់ និង​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ក្រុម​ជនល្មើស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​នៅ​ឡើយ​ទេ។

សមាជិក​ក្រុម​ស្នូល បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែ​មេសា​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​កំពុង​កើតមាន​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ហើយ​មិនទាន់​ឃើញ​អាជ្ញាធរ​ថ្នាក់​ជាតិ ចុះ​បង្ក្រាប​ឬ​ទប់ស្កាត់​នោះ​ទេ​។ លោក​បន្ថែម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវតែ​ចុះ​សិក្សា​ស្រាវជ្រាវ ស្វែងរក​ជនល្មើស និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ជាពិសេស​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​កើតឡើង។

លោក ខេម សុឃី៖ «អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ហើយ​អ្នក​ដែល​មាន​កាតព្វកិច្ច ថែរក្សា​នូវ​ធនធានធម្មជាតិ ឲ្យ​ចេះ​ស្រឡាញ់​នូវ​ធនធាន​ធម្មជាតិ​របស់​យើង ហើយ​ឈប់​ប្រព្រឹត្តិ​អំពើពុករលួយ​ទាំងឡាយ​ណា ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សម្បត្តិ​ជាតិ​របស់​យើង»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានទេ​នៅ​ថ្ងៃទី​២៩ ខែ​មេសា។ ចំណែក អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់​ឃើញ​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវតែ​ចុះ​បង្ក្រាប​បទល្មើស​ទូទាំង​ប្រទេស និង​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​និង​អ្នក​ជាប់​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​ឲ្យ​ខាន​តែ​បាន បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស និង​ស្ដារ​ព្រៃឈើ​ឡើងវិញ​នោះ​ទេ ។ លើស​ពី​នោះ​លោក​ថា តំបន់​ព្រៃ​ឡង់​គឺជា​តំបន់​ការពារ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បើ​អាជ្ញាធរ​បណ្ដែតបណ្ដោយ​តទៅទៀត តំបន់​ព្រៃ​ការពារ​មួយ​នេះ និង​វិនាស​ហិនហោច​ជាក់​ជាមិនខាន​។​

លោក អូត ឡាទីន៖ «ខ្ញុំ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ថ្មី​សុំ​ឲ្យ​ផ្ដល់​បរិយាកាស​សមរម្យ បើ​ចំហ​សិទ្ធិ​សេរីភាព​ដល់​សហគមន៍​មូលដ្ឋាន ដល់ដៃ​គូរ​អភិវឌ្ឍន៍​ពាក់ព័ន្ធ រួម​ទាំង​សកម្មជន​អាច​ចូលរួម​កិច្ចការងារ​ការពារ​ព្រៃ​ឡង់​ដោយ​សេរី​ឡើងវិញ ដូច្នេះ​មានតែ​ធ្វើ​កិច្ច​ការងារ​រួមគ្នា ហើយ​ទទួលយក​នូវ​ការពិត​យើង​ដោះស្រាយ​ជាមួយគ្នា ទើប​ធ្វើ​ឲ្យ​ព្រៃឈើ​ធនធានធម្មជាតិ​ក្នុង​ប្រទេស​របស់​យើង​អាច​ការពារ​បាន អាច​ដោះស្រាយ​បាន»

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត​៥​សែន (៤៨៩.៦៦៣) ហិកតារ គ្របដណ្ដប់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦ ។ ប៉ុន្តែ​រយៈពេល​ជាង​៧​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ។

ដោយឡែក​អត្ថបទ​ស៊ើបអង្កេត​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ម៉ុងហ្គាបេ (Mongabay) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក (The United States) រក​ឃើញ​ថា ព្រៃឈើ​នៅ​កម្ពុជា បន្ត​បាត់បង់ ១​សែន ២​ម៉ឺន​ហិកតារ​នៅក្នុង​ឆ្នាំ​២០២៣​ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ ស្មើ​ទីក្រុង​ឡូសអែនជ័រ​លេស (Los Angeles) ក្នុង​នោះ​តំបន់​ព្រៃឡង់​កាប់​បំផ្លាញ​ច្រើន​ជាងគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments