RFA | សត្វ​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវ័ន​ងាប់​ជា​បន្ត​បន្ទាប់ ពេល​អាកាស​ធាតុ​កើន​កំដៅ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រួយ​បារម្ភ​ពី​អាយុ​ជីវិត​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​រស់​នៅ ក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន កំពុង​ប្រឈម​គ្រោះ​ថ្នាក់​ដោយសារ​ខ្វះ​ទឹក​ស្រប​ពេល​អាកាស​ធាតុ​កើន​កម្ដៅ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ឱ្យ​ដឹង​ថា ក្នុង​ពេល​អាកាស​ធាតុ​ឡើង​កម្ដៅ​ខ្លាំង​នៅ​រយៈ​ពេល​ជាង ៣ខែ​ចុង​ក្រោយ​នេះ ប្រភព​ទឹក​យ៉ាង​សំខាន់​ ដែល​ជួយ​ទ្រទ្រង់​ជីវិត​សត្វ​ព្រៃ​ក្នុង​ស្ទឹង​ធម្មជាតិ​ កំពុង​គោក​រាក់​ដោយ​អន្លើ បូក​ផ្សំ​ពលរដ្ឋ​ដណ្ដើម​គ្នា​នេសាទ​ត្រី​ក្នុង​ស្ទឹង​នេះ ​បង្ក​ការ​រំខាន​ដល់​ជីវិត​សត្វព្រៃ ស្វែង​រក​ទឹកផឹក ក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន។ប្រធាន​ក្រុម​ល្បាត​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វន្ត ព្រះតេជ​ព្រះ​គុណ តោន ប៊ុនលីន មាន​ថេរ​ដីកា​នៅ​ថ្ងៃ​ទី១ ឧសភា​ថា សត្វ​ព្រៃ​ដែល​កំពុង​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​រួមមាន សត្វ​ទន្សោង ប្រើស ស្វា និង ជ្រូក​ព្រៃ​ជាដើម ត្រូវ​ការ​ទឹក​ផឹក និង​ចុះ​ត្រាំ​ក្នុង​ទឹក ក៏ប៉ុន្តែ​ពេល​នេះ​ប្រភព​ទឹកស្ទឹង ដែល​សត្វ​ព្រៃ​ចិញ្ចឹមជីវិត បាន​គោក​រាក់​ដោយ​អន្លើ ធ្វើ​ឱ្យ​សត្វ​ព្រៃ​ខ្វះ​ទឹក។ ព្រះអង្គ​បន្ថែម​ថា អ្នកភូមិ​ជា​ច្រើន​នាក់ បាន​ដណ្ដើម​គ្នា​នេសាទ​ត្រី ក្នុង​ស្ទឹង ធ្វើ​ឱ្យ​ទឹក​ល្អក់​រំខាន​ដល់​សត្វ​ព្រៃ​ចុះ​ផឹក​ទឹក នៅ​រដូវ​ប្រាំង បូកផ្សំ​ការ​បើក​បង្ហូរ​ទឹក​ចេញពី​តំបន់​នោះ ​ដើម្បី​បំពេញ​តម្រូវ​ការ​ធ្វើ​ស្រែ​ប្រាំង ប៉ះពាល់​ជីវិត​សត្វ​ព្រៃ៖ 

ព្រះតេជព្រះគុណ តោ ប៊ុនលីន៖ «វា​ត្រូវ​ការ​ទឹក​ខ្លាំង​បំផុត ជ្រូក​ព្រៃ ឈ្លូស សត្វ​គ្រប់​ប្រភេទ ខែក្ដៅ​ហើយ វា​ដេក​ក្នុង​ទឹក ព្រោះ​ទឹក​ស្រក​អស់​រលីង នៅ​បាត់​ស្ទឹង។ បញ្ហា​ទី២ មាន​ពលរដ្ឋ​ចូល​បង់​ត្រី ដេកចាំ​នៅ​ហ្នឹង គ្នា​ម៉េច​ហ៊ាន​ទៅ​រក​ទឹក​ផឹក» ព្រះ​តេជ​ព្រះ​គុណ តោន ប៊ុនលីន បន្ថែម​ថា ថ្មីៗ​នេះ​សត្វ​ទន្សោង ១ក្បាល​ និង​សត្វ​ប្រើស​មួយ​ក្បាល​ទៀត​ងាប់ ក្នុង​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន ដោយសារ​អាកាស​ធាតុ​កើន​កម្ដៅ​បណ្ដាល​ឱ្យ​ខ្វះ​ទឹក។ រីឯ​ព្រាន​ព្រៃ បាន​កំណត់​ទីតាំង​សំខាន់ៗ ដែល​សត្វ​ព្រៃ​​ផឹក​ទឹក នៅ​ជុំវិញ​បឹង​នេះ។ 

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​អធិប្បាយ​បន្ថែម​ជុំ​វិញ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្ដរមានជ័យ​លោក ភួង លីណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១ ឧសភា។ រីឯ​អភិបាល​ខេត្ត​ឧត្តរ​មានជ័យ លោក ប៉ែន កុសល្យ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

ព្រៃ​សង្ឃ​សហគមន៍​រុក្ខាវ័ន​មាន​ផ្ទៃ​ដី​ជាង ៣ម៉ឺន​ហិកតារ (៣០.២៥៤ហិកតារ) ស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។

ព្រៃ​អភិរក្ស​នេះ​មាន​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​មាន​ទំហំ ៦ពាន់​ហិកតារ (.០០០) សំបូរ​ត្រី​ក្រពើ ជីវចម្រុះ​ផ្ដល់​ប្រភព​ទឹក​យ៉ាង​សំខាន់ ដល់​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ ដូចជា សត្វ​ខ្ទីង ទន្សោង ស្វា ប្រើស ខ្លារខិន ត្រដក់​ធំ ពង្រូល ខ្លាឃ្មុំ តូច ឆ្កែព្រៃ​ទោច និង​សត្វ​ក្ងោក​ជា​ដើម។ ប្រជា​សហគមន៍​ថា សត្វ​ព្រៃ​ដ៏​កម្រ​ទាំង​នេះ ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​សត្វ​ខ្លះ​ទៀត បាន​ផុត​ពូជ។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន សង្កេត​ឃើញ​ថា អាង​ទំនប់​ទឹក​ស្ទឹង​ធម្មជាតិ ដែល​អាជ្ញាធរ​តែង​តែ​បើក​បង្ហូរ​ចេញ​ពី​តំបន់​អភិរក្ស​នេះ រីង​ស្ទើរ​តែ​អស់​ទឹក​ក្នុង​អាង បូក​ផ្សំ​អាកាស​ធាតុ​កើន​កម្ដៅ ធ្វើ​ឱ្យ​ទឹក​ស្ទឹង​ធម្មជាតិ ​ផ្គត់ផ្គង់​ជីវិត​សត្វ​ព្រៃ​រីង​ហួត ប៉ះ​ពាល់​ជីវចម្រុះ និង​សត្វ​ព្រៃ។

លោក អូត ឡាទីន៖ «ក្រៅ​ពី​សត្វ​ទន្សោង មាន​សត្វ​ប្រើស ខ្ទីង ក្នុង​តំបន់​សង្ឃ​សហគមន៍​រុក្ខាវ័ន មាន​សត្វ​ផ្សេងៗ​ទៀត​ដែរ​ប្រឈម​មុខ​ទៅ​ហ្នឹង បញ្ហា​កង្វះ​ទឹក។ មេ​រៀន​បទ​ពិសោធន៍​នេះ ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី ដើម្បី​ឱ្យ​សត្វ​ព្រៃ​មាន​ទឹក រស់​រាន​មាន​ជីវិត​បាន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឱ្យ​អាជ្ញាធរ និង​ក្រសួង​បរិស្ថាន ត្រូវ​បន្ថែម​យន្តការ​ថែរក្សា​ប្រភព​ទឹក សម្រាប់​សត្វ​ព្រៃ​ចិញ្ចឹម​ជីវិត​នៅ​រដូវ​ប្រាំង និង​ហាម​ឃាត់​មិន​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​នេសាទ​ត្រី​ក្នុង​តំបន់​នោះ ដើម្បី​សង្គ្រោះ​សត្វ​ព្រៃ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments