RFA | មេធាវី​អះអាង​នៅ​មុខ​តុលាការ​កំពូល​ថា លោក សៀម ភ្លុក និង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ផ្សេង​ទៀត ជា​មនុស្ស​ស្អាតស្អំ | hot news

By , Comment
Share on Facebook Tweet on Twitter

មេធាវី​បញ្ជាក់​នៅ​មុខ​តុលាការ​កំពូល​ថា ប្រធាន​បក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប​ទៀត ដែល​កំពុង​ជាប់​ឃុំ គឺ​ជា​មនុស្ស​ស្អាតស្អំ ហើយ​ស្នើ​ឱ្យ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ការ​សំអាង​នេះ ធ្វើ​ឡើង​នៅ​ពេល​តុលាការ​កំពូល​បើក​សវនាការ​ជំនុំជម្រះ​ក្តី​ជុំវិញ​សំណុំរឿង​ក្លែង​ឯកសារ​បង្កើត​គណបក្ស​បេះដូង​ជាតិ ហើយ​ដែល​តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី១៣ ខែឧសភា​ខាង​មុខ​នេះ។

ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី២៩ មេសា បាន​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​បណ្ដឹង​សាទុក្ខ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក និង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ពីរ​រូប​ទៀត គឺ លោក ខឿន វីរ៉ាត់ អ្នកស្រី នូ សុទ្ធារី ក្នុង​សំណុំរឿង​ក្លែង​បន្លំ​ឯកសារ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។

សវនាការ​រយៈ​ពេល​មួយ​ព្រឹក​នេះ ភាគ​ច្រើន​មេធាវី​ការពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ គឺ​លោក ជូង ជូងី និង​លោក អែម ចន្ថា បាន​លើក​ឡើង​ពី​អង្គ​ច្បាប់ អង្គ​សេចក្ដី​បញ្ជាក់​ទៅ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​កូន​ក្តី​ឱ្យ​មាន​សេរីភាព។ ចំណែក​តំណាង​អយ្យការ​វិញ ស្នើ​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល។ តែ​ទោះ​យ៉ាង​ណា​ក្ដី ក្រោយ​ស្ដាប់​ការ​បកស្រាយ និង​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ឃុំ​រួច​ហើយ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក យូរ ឧត្តរា បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​លើ​បណ្ដឹង​ជំទាស់​នេះ ទៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែឧសភា។

មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក និង​ជា​មេធាវី​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន លោក អែម ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ពេល​សវនាការ​ថា កូន​ក្ដី​របស់​លោក​មិន​បាន​ក្លែង ឬ​ប្រើប្រាស់​ឯកសារ​ក្លែង​ដូច​ការ​ចោទ​ប្រកាន់​កន្លង​មក​នោះ​ទេ។ លោក​ឱ្យ​ដឹង​ថា លោក សៀម ភ្លុក គឺ​ជា​អ្នក​យក​ឯកសារ​ស្នើសុំ​បង្កើត​បក្ស​បេះដូង​ជាតិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ​ដោយ​គ្មាន​ចេតនា​ធ្វើ​ឱ្យ​ខូច​ស្នាម​មេដៃ​ខុស ឬ​បន្លំ​ស្នាម​មេដៃ​ទេ ពីព្រោះ​គាត់​មិន​ដឹង​ថា ស្នាម​មេដៃ ដែល​ប្រមូល​មក​នោះ​មាន​បញ្ហា​នោះ​ឡើយ។ លោក​បន្ត​ថា ចំណែក​លោក ខឿន វីរ៉ាត់ និង​អ្នកស្រី នូ សុទ្ធារី មាន​ឈ្មោះ​ជា​​សមាជិក​ស្ថាបនិក​បក្ស តែ​ពួក​គេ​មិន​ពាក់ព័ន្ធ​នឹង​ឯកសារ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​នោះ​ដែរ ដូច្នេះ​លោក​បញ្ជាក់​ថា បើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្អែក​តាម​ច្បាប់​នោះ កូន​ក្ដី​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ។

លោក អែម ចន្ថា៖ «នៅ​ក្នុង​ការ​ចោទ​ពី​បទ​ហ្នឹង សកម្មភាព​ហ្នឹង ហើយ​អង្គ​ច្បាប់ នៃ​មាត្រា​ហ្នឹង យើង​គិត​ថា​វា​អត់​ត្រូវ​ទេ កូន​ក្តី​របស់​ខ្ញុំ​មិន​គួរ​ទទួល​បាន​ការ​ចោទ​ប្រកាន់​បែប​ហ្នឹង​ទេ អ៊ីចឹង យោង​តាម​មាត្រា​ផ្សេងៗ ទៀត ដូច​ខ្ញុំ​រៀបរាប់ រួម​ទាំង​ក្រម​ព្រហ្មទណ្ឌ រួម​ទាំង​រដ្ឋធម្មនុញ្ញ​នោះ កូន​ក្ដី​ខ្ញុំ គួរ​រួច​ផុត​ពី​បទ​ចោទ»

ចំណែក​ប្រពន្ធ​ប្រធាន​ចលនា​យុវជន​ថ្នាក់​ជាតិ​របស់​បក្ស​ភ្លើង​ទៀន លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ ថ្លែង​ថា លោកស្រី​ខ្លោច​ចិត្ត​ពេល​ឃើញ​ប្តី​ស្លៀក​ខោ​អាវ​អ្នក​ទោស ដៃ​ជាប់​ខ្នោះ​ដោយ​គ្មាន​កំហុស។ លោក​ស្រី​រំពឹង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៅ​ពេល​ខាង​មុខ​មាន​ការ​ប្រែប្រួល​ប្រកប​ដោយ​យុត្តិធម៌ សម្រាប់​ប្ដី​លោកស្រី និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត

លោកស្រី ថាច់ ចន្ធូ៖ «ថ្ងៃទី១៣ តុលាការ​ប្រកាស​ហ្នឹង ខ្ញុំ​សូម​សំណូមពរ​ឱ្យ​តុលាការ​ដោះលែង​ប្តី​ខ្ញុំ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ជួបជុំ​គ្រួសារ​វិញ ដោយ​គ្រួសារ​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​កំហុស ហើយ​ខ្ញុំ​សុំ​ឱ្យ​ដោះ​លែង​ប្តី​ខ្ញុំ និង​អ្នកទោស​នយោបាយ​ផ្សេងៗ ទៀត»

សាលា​ឧទ្ធរណ៍​ភ្នំពេញ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាល​ពី​ខែមីនា ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​ឱ្យ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ ៦ខែ ចំណែក​លោក ខឿន វីរ៉ាត់ លោក តូច ថឹង និង​អ្នកស្រី នូ សុទ្ធារី ត្រូវជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​លិខិត​ក្លែង និង​ការ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ។

ទោះ​ជា​យ៉ាង​ណា ក្ដី មន្ត្រី​បក្ស​ភ្លើង​ទៀន គឺ​លោក តូច ថឹង អវត្តមាន​នៅ​ក្នុង​សវនាការ​នេះ ដោយសារ​គាត់​មិន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល កាល​ពី​ខែមករា​កន្លង​ទៅ។

គ្រួសារ និង​មេធាវី​របស់​លោក តូច ថឹង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មូលហេតុ​ដែល​លោក តូច ថឹង សម្រេច​ចិត្ត​មិន​ប្ដឹង​ជំទាស់​បន្ត​ទៀត ដោយសារ​គាត់​គ្មាន​ជំនឿ​ថា តុលាការ​ផ្តល់​យុត្តិធម៌ ស្រប​ពេល​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​តំបន់​ដាច់​ស្រយាល។

Touch_Thoeung_Hanh_Sovanna_FB_083123_1.jpg
លោក តូច ថឹង មន្ត្រី​បក្ស​ភ្លើង​ទៀន ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ចាម ពេលឆ្មាំ​បណ្ធនាគារ​នាំមកពា្យបាល​ភ្នែក នៅ​មន្ទីរពេទ្យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​លោកស្រី ហាញ់ សុវណ្ណា 2023-08-31

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែមេសា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា មាន​ប្រសាសន៍​ថា កន្លង​មក​ចំណាត់​ការ​លើ​លោក សៀម ភ្លុក និង​អ្នក​ផ្សេង​ទៀត មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ឡើយ ខណៈ​រដ្ឋធម្មនុញ្ញ​ធានា ចំពោះ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ និង​ធ្វើ​សកម្មភាព​នយោបាយ។ លោក​មើល​ឃើញ​ថា ប្រសិនបើ​ឯកសារ​ស្នើសុំ​បង្កើត​បក្ស​បេះដូង​ជាតិ​មាន​ភាព​មិន​ប្រក្រតី អាជ្ញាធរ​ត្រូវ​បញ្ជូន​ឯកសារ​ទាំង​នោះ​ឱ្យ​តំណាង​បក្ស​នោះ​កែ​តម្រូវ​វិញ ដោយ​អាជ្ញាធរ​មិន​គួរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ដាក់​ពន្ធនាគារ​នោះ​ទេ។

លោក នី សុខា បញ្ជាក់​ថា បញ្ហា​នេះ​ធ្វើ​ឱ្យ​មតិ​ជាតិ​អន្តរជាតិ​ចាត់​ទុក​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សកម្មជន​ទាំង​នោះ​ថា ជា​ជាង​ការ​អនុវត្ត​ច្បាប់។

លោក នី សុខា៖ «វា​អត់​មាន​ការ​ខូចខាត​ដល់​អ្នក​ណា​មួយ​ទេ វា​គ្រាន់តែ​បើ​សិន​ពួក​គាត់​មិន​បាន​ដឹង មិន​បាន​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​នូវ​បទ​ល្មើស ឬ​ឱ្យ​អ្នក​ណា​ផ្ដិត​មេដៃ​ជំនួស ដោយ​មិន​បាន​ដឹង​រឿង​ហ្នឹង អា​ហ្នឹង គាត់​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ទេ ពីព្រោះ​បទ​ព្រហ្មទណ្ឌ​អ្នក​ណា​ប្រព្រឹត្ត អ្នក​ហ្នឹង​ទទួល បើ​យើង​គ្រាន់តែ​ជា​មេ​គណបក្ស​ឱ្យ​ទៅ​ទទួល​អ្វី​មិន​បាន​ប្រព្រឹត្ត អា​ហ្នឹង វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គាត់​ហើយ​បាទ»

មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​តុលាការ​សម្រេច​ក្ដី​សំណុំរឿង​នេះ​ដោយ​យុត្តិធម៌ និង​ដោះលែង​ឱ្យ​ពួក​គេ​មាន​សិទ្ធិ​សេរី​ភាព​ពេញ​ត្រឡប់​មក​ធ្វើ​សកម្មភាព​នយោបាយ ព្រម​ទាំង​កែ​លម្អ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments