RFA | ការ​បង្កើត​ក្រុម​ការងារ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ បើ​គ្មាន​ច្បាប់​គាំទ្រ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការបង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​នឹង​មិន​អាច​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​បានទេ ប្រសិនបើ​មិន​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ផលិតផល​គ្រឿង​ស្រវឹង​ដើម្បី​ចាប់បង្ខំ​អ្នក​ផលិត និង​អ្នក​ចែកចាយ​ផលិតផល​គ្រឿង​ស្រវឹង​នោះ។

អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៣០ ខែមេសា ថា ការ​បង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​គឺជា​រឿង​ល្អ​ប្រសិនបើ​មានការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។ ទោះជា​យ៉ាង បណ្ឌិត មាស នី ព្រួយបារម្ភ​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​នេះ​នឹង​គ្មាន​ប្រសិទ្ធភាព​ដូច​ការបង្កើត​គណៈកម្មការ​នានា​របស់​រដ្ឋាភិបាល​នា​ពេល​កន្លងទៅ​ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន ឬ​អ្នក​នាំចូល​ស្រាបៀរ​ភាគច្រើន​ជា​អ្នកមាន​លុយ មាន​អំណាច។

បណ្ឌិត មាស នី៖ «យើង​ដឹង​ហើយ​ថា​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ការពិនិត្យ​គ្រឿង​ស្រវឹង​ពិសេស​រោងចក្រ​ផលិត​ស្រា​បៀ​អី​ផ្សេងៗ ហ្នឹង​វា​សុទ្ធតែ​កាន់កាប់​ដោយ​ឈ្មួយ ឬ​ដោយ​អ្នក​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​នោះ ជា​ភាគហ៊ុន​អី​ផ្សេងៗ​តាម​ដែល​យើង​ដឹង ដូច្នេះ​កាលណា​យើង​និយាយ​អំពី​ការ​រឹតត្បិត​នូវ​ការ​ផ្សព្វផ្សាយ ឬ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​បាន​ន័យ​ថា កាត់បន្ថយ​ការ​ផ្សព្វផ្សាយៗ ឈាន​ទៅ​ដល់​ការ​បាត់បង់​ផលប្រយោជន៍»

ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​នេះ ក្រោយពី​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ទី១២ មេសា បាន​បង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ហៅ​កាត់ ថា (​ក​.​គ​.​ផ​.​ស​) ដែល​មាន​សមាសភាព​ដូចជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាដើម​។ ការបង្កើត​ក្រុមការងារ​នេះ គឺ​ដើម្បី​ដឹកនាំ​ជា​យុទ្ធសាស្ត្រ​លើ​ការគ្រប់គ្រង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង និង​តម្រង់​ទិស​ក្នុងការ​រៀបចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស​លើ​ការគ្រប់គ្រង​ការ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ជាដើម។

នៅ​ថ្ងៃ​តែមួយ​នៃ​ការបង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ហាមឃាត់​ការ​ផ្សព្វផ្សាយ​មិន​សុចរិត​មួយចំនួន រួមមាន​ការ​យក​អនីតិជន​មក​ប្រគល់​រង្វាន់ និង​ការ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​នឹង​ផលិតផល​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​ជំរុញ​ឲ្យ​អនីតិជន​អនុវត្ត​សកម្មភាព​ផ្ទុយ​ពី​សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព ឬ​ការ​អភិវឌ្ឍ​របស់​អនីតិជន​ផង​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា ក្រុម​ការងារ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​នេះ​នឹង​មិនអាច​ធ្វើការ​ដោយមាន​ប្រសិទ្ធភាព​នោះ​ឡើយ ប្រសិន​មិន​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ផលិតផល​គ្រឿង​ស្រវឹង​នោះ​ទេ។

លោក យង់ គិមអេង៖ «ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​ផលិតផល​គ្រឿង​ស្រវឹង​ទៀត​ពីព្រោះ​ថា យើង​មិនអាច​រង់ចាំ​តទៅទៀត ពីព្រោះ​ថា​ផល​ប៉ះពាល់​ហើយ​ហានិភ័យ​ដែល​កើតឡើង​ពី​គ្រឿង​ស្រវឹង​នេះ​គឺ​វា​មាន​ទំហំ​ធំធេង​ជាពិសេស​ជំងឺមិនឆ្លង​នេះ​ដែល​គេ​បាន​រក​ឃើញ​ថា ឈាន​ដល់​បន្ទាប់​ក្រហម​ដែល​មាន​ការ​ព្រួយបារម្ភ»

របាយការណ៍​របស់ វ៉ៃស៍ វ៉ូតធ័រ (Wisevoter) អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០២៣ រកឃើញ​ថា កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុង​តំបន់​អាស៊ាន ដែល​មាន​ប្រជាជន​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ជាងគេ ខណៈ​របាយការណ៍​សិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ជប៉ុន​ឈ្មោះ គីរិន (Kirin) ចេញផ្សាយ​កាលពីពេល​ថ្មីៗ នេះ ក៏បាន​ឱ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​បាន​ចំណាយ​ប្រាក់​ប្រមាណ​ពីរ​ពាន់​បី​រយ​លាន​ដុល្លារ ទៅលើ​ស្រាបៀរ​ដោយ​ម្នាក់ៗ ទទួលទាន​ស្រាបៀរ​ប្រមាណ ៧២​លីត្រ​ក្នុង​មួយឆ្នាំ។

សេចក្ដីព្រាងច្បាប់​ស្ដីពី​ផលិតផល​គ្រឿង​ស្រវឹង​ធ្វើឡើង​តាំងពី​ឆ្នាំ ២០១៥ មក ប៉ុន្តែ​សេចក្ដីព្រាងច្បាប់​នេះ​នៅ​មិនទាន់​អាច​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​បើ​ទោះជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជំរុញ​ទៅកាន់​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ឱ្យ​ពន្លឿន​ដំណើរ​តាក់តែង​ច្បាប់​នេះ​ក្ដី។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បានទេ នៅ​ថ្ងៃទី៣០ ខែ​មេសា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន​កាល​ថ្ងៃទី​១៨ ខែកុម្ភៈ បាន​រៀបចំ​ពិធីបុណ្យ​ក្រោម​ប្រធាន​« សង្គហកម្ម​ស្ដីពី​អភិបាល​លើ​អបាយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​» ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​គ្រឿង​ស្រវឹង​។ ពួកគាត់​អះអាង​ថា គ្មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​បាន ធ្វើ​ឱ្យ​ពលរដ្ឋ​មួយចំនួន​រងគ្រោះ​ដោយសារ​អ្នកបើកបរ​ផឹក​ស្រវឹង បញ្ហា​សីលធម៌​សង្គម​ធ្លាក់ចុះ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments