រាជរដ្ឋាភិបាលកម្ពុជារៀបចំពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ដែលស្ថិតក្នុងខេត្តកំពង់ធំ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី១៧ កក្កដា ក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។
ពិធីនេះមានការចូលរួមដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់។
លោក ហ៊ុន សែន ថ្លែងក្នុងពិធីដោយកំណត់យកថ្ងៃទី១០ ខែកក្កដា រៀងរាល់ឆ្នាំ ប្រារព្ធទិវានៃការដាក់បញ្ចូលតំបន់ប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក។ លើសពីនេះទៀត លោក ហ៊ុន សែន ស្នើដល់ពលរដ្ឋខ្មែរទាំងអស់ត្រូវចូលរួមធ្វើកិច្ចការរួមគ្នាបន្តទៀត ដើម្បីស្នើដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ ប្រាសាទបន្ទាយឆ្មារ និងតំបន់ភ្នំគូលែនជាដើម ជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅថ្ងៃមុខ។
ក្រៅពីនេះលោក ហ៊ុន សែន ក៏អំពាវនាវពលរដ្ឋឲ្យពិនិត្យមើលថា តើគណបក្សនយោបាយណាមួយដែលមានសមត្ថភាពគ្រប់គ្រាន់ អាចដឹកនាំប្រទេសប្រកបដោយសន្តិភាព ដើម្បីជំរុញការការពារ និងលើកស្ទួយវិស័យវប្បធម៌របស់កម្ពុជា ខណៈដែលលោកអះអាងថា នេះជាកិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោកផ្ទាល់។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) កាលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាទីក្រុងក្រាកូវ (Cracow) ប្រទេសប៉ូឡូញ (Poland) បន្ទាប់ពីកម្ពុជាបានស្នើអង្គការយូណេស្កូពិនិត្យដាក់តំបន់ប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៩។
បច្ចុប្បន្នកម្ពុជាមានសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានដូចជា តំបន់ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ចាប៉ីដងវែង ល្ខោនប្រមោលស្បែកធំ របាំព្រះរាជ្យទ្រព្យ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments