RFA | ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ លោក សៀម ភ្លុក នឹង​ចេញ​ពី​ពន្ធនាគារ​​នៅ​សប្តាហ៍​នេះ | hot news

By , Comment
Share on Facebook Tweet on Twitter

សមត្ថកិច្ច​អះអាង​ថា ស្ថាបនិក​បក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក នឹង​​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី២៧ ខែតុលា ចុង​សប្ដាហ៍​នេះ ក្រោយ​លោក​អនុវត្ត​ទោស​គ្រប់​ចំនួន​ នៅ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ​កន្លងទៅ។ ប៉ុន្តែ​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស នៅតែ​ចាត់​ទុក​ការ​ផ្ដន្ទាទោស​សមាជិក​បក្សជំទាស់​ទាំងនោះ​ឱ្យ​ជាប់ឃុំ​ចប់​រយៈពេល​២ឆ្នាំ៦ខែ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ពន្ធនាគារ​ព្រៃ​ស លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២២ ខែតុលា​ថា បច្ចុប្បន្ន​លោក សៀម ភ្លុក កំពុង​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ដោះលែង​លោក សៀម ភ្លុក ចេញ​ពី​ពន្ធនាគារ នៅ​ថ្ងៃ​អាទិត្យ ទី២៧ ខែតុលា​ខាង​មុខ ក្រោយ​ការ​អនុវត្ត​ទោស​របស់​គាត់​បញ្ចប់។

លោក នុត សវនា៖ «លោក សៀម ភ្លុក នេះ​នឹង​ត្រូវ​ធ្វើ​ការ​ដោះលែង នៅ​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ។ បច្ចុប្បន្ន​នេះ គាត់​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១»

កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក។ សាលាដំបូង​រាជធានី​ភ្នំពេញ​រហូត​ដល់​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បាន​សម្រេច​ក្ដី​ដូច​គ្នា ដោយ​ផ្ដន្ទាទោស​ឱ្យ​លោក សៀម ភ្លុក ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ​៦ខែ។ ចំណែក​លោក ខឿន វីរ៉ាត់ លោក តូច ថឹង និង​អ្នកស្រី នូ សុទ្ធារី ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ អំពី​បទ «ក្លែងបន្លំ​ឯកសារ» ពាក់ព័ន្ធ​ការ​ប្រមូល​ស្នាមមេដៃ​ពី​ពលរដ្ឋ ដើម្បី​បង្កើត​គណបក្ស​បេះដូង​ជាតិ។ ប៉ុន្តែ​ពួកគាត់​ច្រានចោល​ការ​ចោទ​ប្រកាន់​នោះ។

ជុំវិញ​រឿង​នេះ ប្រពន្ធ​របស់​លោក សៀម ភ្លុក គឺ​លោកស្រី ឆៃ តុលា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្ដី​លោកស្រី​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​២ឆ្នាំ៦ខែ​ទាំង​អយុត្តិធម៌។ ប៉ុន្តែ​លោកស្រី​កោតសរសើរ​ពី​ចិត្ត​ប្តី​ដែល​លះបង់​សេរីភាព តស៊ូ ដើម្បី​បុព្វហេតុ​ជាតិ។ លោកស្រី​រំពឹង​ថា​អាជ្ញាធរ​នឹង​ដោះលែង​ប្ដី​ឲ្យ​មាន​សេរីភាព​បន្ទាប់​ពី​គាត់​អនុវត្ត​ទោស​គ្រប់​ចំនួន។

លោកស្រី ឆៃ តុលា៖ «ក្រោយ​ប្ដី​ខ្ញុំ​ជាប់​ពន្ធនាគារ ជា​ធម្មតា​ខ្ញុំ​ពិបាក​ដូច​ជា​យើង​មាន​ដៃ​ពីរ​នៅតែ​ដៃ​តែ​មួយ​អ៊ីចឹង ណាមួយ​ប្ដី​ខ្ញុំ​អត់​នៅ ខ្ញុំ​មាន​ជំងឺ​ទៀត គឺ​គាប​សរសៃ​ឆ្អឹង​ខ្នង​អត់​អាច​ធ្វើ​ការងារ​អ្វី​កើត​ទេ ការ​លះបង់​របស់​គាត់ (ប្ដី​របស់​លោកស្រី) គឺ​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន​ទេ»

ចំណែក​ប្រពន្ធ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន លោក តូច ថឹង គឺ​លោកស្រី ហាញ់ សុវណ្ណា ថ្លែង​ថា រយៈ​ពេល ៥ខែ​ទៀត ទើប​ប្ដី​លោកស្រី​អនុវត្ត​ទោស​គ្រប់​ចំនួន ២ឆ្នាំដែល​តុលាការ​កំណត់​ទោស។ លោកស្រី​បញ្ជាក់​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ក្លែង​ឯកសារ​បង្កើត​គណបក្ស​នយោបាយ​ដូច​ការចោទប្រកាន់​ឡើយ ដូច្នេះ​លោកស្រី​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ជាពិសេស​រដ្ឋាភិបាល​ដោះលែង​ប្តី​លោកស្រី​ឱ្យ​មាន​សេរីភាព​មុន​ពេល​កំណត់ ខណៈ​គាត់​មាន​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ។

លោកស្រី ហាញ់ សុវណ្ណា៖ «ខ្ញុំ​ទទូច​ហើយ​ទទូច​ទៀត សូម​ឱ្យ​តុលាការ សូម​ឱ្យ​ព្រះមហាក្សត្រ និយាយ​ទៅ​នាយក​រដ្ឋមន្ត្រី​ដោះលែង​ប្ដី​របស់ខ្ញុំ​មក ពីព្រោះ​គាត់​អត់​មាន​កំហុស​ទេ គាត់​ជាប់​ពន្ធនាគារ​ជិត​គ្រប់​ហើយ​សល់​តែ ៥ខែ​ទៀត​ទេ ខ្ញុំ​ស្នើ​ដោះលែង​ប្ដី​របស់ខ្ញុំ​មុន​កំណត់​មក បើ​គាត់​(លោក ហ៊ុន សែន)ទៅ​ធ្វើ​បុណ្យ​កឋិនទាន​នៅ​កម្ពុជា​ក្រោម ហើយ​គាត់​អត់​ដោះលែង​ខ្មែរ​ក្រោម​ដូច​វា​អត់​ន័យ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែតុលា។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ បើ​ឯកសារ​ស្នើ​សុំ​បង្កើត​គណបក្ស​មាន​ភាព​មិន​ប្រក្រតី រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ឯកសារ​ទាំង​នោះ ឱ្យ​តំណាង​បក្ស​កែតម្រូវ​ឡើងវិញ ដោយ​អាជ្ញាធរ​មិន​គួរ​ចាប់ខ្លួន និង​ចោទប្រកាន់​ដាក់​ពន្ធនាគារ​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក យី សុខសាន្ត ដែល​បាន​ឃ្លាំមើល​សំណុំ​រឿង​នេះ​មាន​ប្រសាសន៍​ថា ចំណាត់ការ​លើ​លោក សៀម ភ្លុក និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​ជាប់​ពន្ធនាគារ​កន្លងទៅ គឺ​ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ លោក​បារម្ភ​ថា​បញ្ហា​នេះ​ធ្វើ​ឱ្យ​ការ​ប៉ះពាល់​ដល់​ការអនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត។ លោក យី សុខសាន្ត មើល​ឃើញ​ថា ក្រៅពី​ពួក​គាត់​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ នៅ​សវនាការ​របស់​តុលាការ​គ្រប់​ថ្នាក់​ហើយ ពួកគាត់​​នៅ​បន្ត​រក្សា​ជំហរ​រឹងមាំ​ដោយ​មិន​ទទួល​កំហុស ឬ​សារភាព ហើយ​សុខចិត្ត​ជាប់​ពន្ធនាគារ​មក​ទល់​ពេល​នេះ​ដើម្បី​បង្ហាញ​ឆន្ទៈ ឬ​ភាព​ស្អាតស្អំ។

លោក យី សុខសាន្ត៖ «ខ្ញុំ​ជឿ​ថា​ប្រទេស​មួយ​ចំនួន គឺ​គេ​នៅ​គាំទ្រ​ពួក​គាត់ ដោយ​គេ​ចាត់​ទុក​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ទេ ហើយ​យើង​ស្នើសុំ​ចាប់ពី​ពេលនេះ​ទៅ រដ្ឋាភិបាល​គួរតែ​បើក​លំហ​សេរីភាព​ទាំង​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​គណបក្ស​នយោបាយ​ឱ្យ​បាន​ចូលរួម​ប្រកួតប្រជែង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ២៣ តុលា ១៩៩១»

មន្រ្តី​សង្គម​ស៊ីវិល រួម​ជាមួយ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ការ​ផ្ដន្ទាទោស​លើ​លោក សៀម ភ្លុក និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ជា​រឿង​នយោបាយ មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​ត្រឡប់​មក​ធ្វើ​សកម្មភាព​នយោបាយ ព្រមទាំង​ស្តារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments