RFA | អ្នក​ឃ្លាំ​មើល​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ​រដ្ឋាភិបាល ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ និង​ស្វែងរក​មេខ្លោង​នៅ​ពីក្រោយ | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ឃ្លាំមើល​ថា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ដែល​កំពុង​រីក​រាល​ដាល​នៅ​កម្ពុជា លុះត្រា​តែ​រដ្ឋាភិបាល​ដាក់​វិធានការ​ម៉ឺងម៉ាត់​លុប​បំបាត់​អំពើ​ពុករលួយ និង​ស្វែងរក​ខ្នង​បង្អែក​របស់​អ្នក​ជួញដូរ​គ្រឿងញៀន​ទាំង​នោះ ។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ចាប់​យក​គ្រឿងញៀន​ប្រមាណ​១រយ​គីឡូក្រាម​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ ។

អ្នក​សិក្សា​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែ​តុលា ថា បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បច្ចុប្បន្ន បាន​សាយភាយ​ពី​ទីក្រុង​រហូត​ដល់​ជនបទ រួម​ទាំង​វត្តអារាម និង​ពន្ធនាគារ​ជាដើម។ លោក​បារម្ភ​ថា ជនល្មើស​នឹង​ប្រើប្រាស់​ទឹកដី​កម្ពុជា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ដោយសារ​តែ​បញ្ហា​អំពើ​ពុករលួយ និង​អំពើ​និទ្ទណ្ឌភាព។

លោក វ៉ន ចាន់ឡូត៖ «រដ្ឋ​ដែល​ទន់ខ្សោយ និង​ពោរពេញ​ដោយ​អំពើពុករលួយ​ដូច​កម្ពុជា គឺ​អំណោយ​ផល​ខ្លាំង​ណាស់​ទៅ​ដល់​ឧក្រិដ្ឋជន​ក្នុង​ការ​ប្រើប្រាស់​ទឹកដី​កម្ពុជា ក៏​ដូច​ជា​ប្រើប្រាស់​នូវ​ការ​សូកប៉ាន់​ទៅ​កាន់​អ្នក​មាន​អំណាច​ដើម្បី​ជួយ​ការពារ​នូវ​ទង្វើ​ឧក្រិដ្ឋ ឬក៏​បង្កើត​ឲ្យ​មាន​នូវ​អំពើ​និទ្ទណ្ឌភាព»

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​១៩ ខែ​តុលា បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​នៅ​រាជធានី​ភ្នំពេញ ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស ជា​ជនជាតិ​ចិន​ចំនួន ៤នាក់ និង​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន​ប្រមាណ ១រយ​គីឡូ​ក្រាម ព្រមទាំង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​ទីតាំង​ចំនួន ៤​ទីតាំង​ផ្សេង​គ្នា និង​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី។

អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ២០ ខែ​តុលា​ថា កង​រាជ​អាវុធហត្ថ​ប្ដេជ្ញា​បង្ក្រាប​បញ្ហា​គ្រឿងញៀន​នេះ ប្រសិន​ជា​មាន​ពាក្យ​បណ្ដឹង និង​មាន​បទល្មើស​ជាក់​ស្ដែង។
ក្នុង​រយៈពេល​ជិត ៦​ខែ ដើម​ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ជាង ៣​ពាន់​ករណី (.០៧៨) ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ជាង ៦ពាន់ ៦រយ​នាក់ (.៦៥២) និង​រឹប​អូស​បាន​គ្រឿងញៀន​ជាង ៣តោន។

អ្នក​សិក្សា​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើកឡើង​ថា លុះត្រា​តែ​រដ្ឋាភិបាល មាន​ឆន្ទៈ​ក្នុង​ការ​លុប​បទល្មើស​គ្រឿងញៀន និង​អំពើ​ពុករលួយ ព្រមទាំង​ផ្ដន្ទាទោស​មេខ្លោង​នៅ​ពីក្រោយ​គ្រឿងញៀន ទើប​អាច​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments