អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលធ្លាប់ទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក ត្រូវបានតុលាការ ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី២៤ ខែតុលា ក្រោយជាប់ឃុំចំនួន ២៥ ថ្ងៃ។ យ៉ាងណា អ្នកជំនាញ សារព័ត៌មាន និងសង្គមស៊ីវិលទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើលោក ម៉ិច ដារ៉ា ដើម្បីឱ្យលោកបន្តអាជីពជាអ្នកសារព័ត៌មានទៀត។
អ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចេញពីពន្ធនាគារ នៅថ្ងៃទី២៤ តុលាថា លោកនឹងផ្អាកការងារជាអ្នកសារព័ត៌មាន ឯករាជ្យមួយរយៈ ខណៈលោកនៅមានសុខភាពទន់ខ្សោយនៅឡើយ។
លោក ម៉ិច ដារ៉ា៖ «និយាយតាមត្រង់ទៅខ្ញុំក្អក ថ្ងៃខ្ញុំចូលពន្ធនាគារថ្ងៃទី១ រហូតមកដល់ពេលនេះ ខ្ញុំនៅតែក្អកគេងអត់លក់ អារម្មណ៍ អស់អារម្មណ៍។ សុខភាពខ្ញុំនៅខ្សោយ ខួរក្បាលខ្ញុំអត់ទាន់ដំណើរការ»។
លោក ម៉ិច ដារ៉ា បញ្ជាក់បន្ថែមថា ការបាននៅក្រៅឃុំរបស់លោកនេះ មានកិច្ច អន្តរាគមន៍ច្រើនពីស្ថាប័នពាក់ព័ន្ធ។
លោក ម៉ិច ដារ៉ា៖«អរគុណអ្នកទាំងអស់គ្នា ដែលបានធ្វើអ្វីៗ បង្ហាញការគាំទ្រមកលើរូបខ្ញុំ ហើយខ្ញុំឃើញមានមិត្តភក្ដិខ្ញុំជាច្រើននាក់ ទាំងនៅក្នុងស្រុក ទាំងនៅក្រៅស្រុកពួកគាត់បានខិតខំព្យាយាមអស់ពីកម្លាំងកាយចិត្តធ្វើយ៉ាងណា ឱ្យខ្ញុំបាននៅក្រៅឃុំ ហើយក៏មានការសន្ដោសប្រណីពីថ្នាក់ដឹកនាំដែរ ហើយក៏មានការអន្តរាគមន៍ពីស្ថាប័ន ពីស្ថានទូតផ្សេងៗជួយរូបខ្ញុំផងដែរ»។
ការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ ធ្វើឡើង ក្រោយពីតុលាការបានសាកសួរលោកអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃទី ២៣ តុលា ហើយនៅយប់ថ្ងៃដដែលនោះ បណ្ដាញសារព័ត៌មានស្និទ្ធនឹងគ្រួសារត្រកូលហ៊ុន Fresh News បានផ្សព្វផ្សាយវីដេអូខ្លីមួយរបស់លោក ម៉ិច ដារ៉ា ក្នុងសំលៀកបំពាក់ជាអ្នកជាប់ឃុំលើកដៃសំពះ សុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយនិយាយដាក់បន្ទុកខ្លួនឯងថា បានប្រព្រឹត្តកំហុសរួមជាមួយនឹងលិខិត ៣ សន្លឹកផ្សេងទៀតដែលនិយាយអំពីកំហុសទាំងនោះ។
វិទ្យុអាស៊ីសេរីមិនអាចផ្ទៀងផ្ទាត់ជាមួយប្រភពឯករាជ្យអំពីទីតាំង និងពេលវេលា នៃការថតវីដេអូនោះបានទេ ហើយក៏មិនដឹងថា តើលោក ម៉ិច ដារ៉ា ត្រូវបានគេបង្ខំឱ្យចេញវីដេអូ និងលិខិតសុំទោស ឬយ៉ាងណានោះដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីលោក ម៉ិច ដារ៉ា បាន ទេគិតត្រឹមម៉ោងផ្សាយនេះ។
ទាក់ទងនឹងការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ សហមេធាវីការពារក្ដីឱ្យលោក ម៉ិច ដារ៉ា គឺលោក ឌុច ពិសិដ្ឋ ប្រាប់វិទ្យុអាស៊ីសេរីថា លោកនឹងពិភាក្សាជាមួយកូនក្ដី និងធ្វើការតស៊ូមតិបន្តទៀត។
លោក ឌុច ពិសិដ្ឋ៖ «ខ្ញុំត្រូវការជួបកូនក្ដីទៅមុខទៀតសិន ដែលយើងនៅមាននីតិវិធីបង្ហាញភស្តុតាងផ្សេងៗ ដែលថា គាត់មិនមានចេតនាក្នុងការ«ញុះញង់ឱ្យមានប្រព្រឹត្តបទឧក្រិដ្ឋ ឬវឹកវរអីទេ។ យើងសង្ឃឹមថា តុលាការឬចៅក្រម នឹងអាចពិចារណាទម្លាក់បទចោទទៅលើគាត់»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា CAMBOJA លោក ណុប វី ស្នើដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់លើលោក ម៉ិច ដារ៉ា ។
លោក ណុប វី៖ «យើងនៅតែទទូចទៅដល់តុលាការ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធឱ្យមានការពិចារណាលើកការចោទប្រកាន់ទៅលើលោក ម៉ិច ដារ៉ា។ យើងយល់ឃើញថា ការចោទប្រកាន់និងប្ដឹងផ្ដល់ ឬការចាប់ខ្លួនអ្នកសារព័ត៌មាននេះ វាអាចនឹងបន្តធ្វើឱ្យមានការភ័យខ្លាច សម្រាប់អ្នកសារព័ត៌មានផ្សេងៗទៀត ដែលវានឹងជះឥទ្ធិពលជាអវិជ្ជមានទៅលើដំណើរការចូលរួមចំណែករបស់អ្នកសារព័ត៌មានក្នុងការផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ព័ត៌មានដែលបង្ហាញពីចំណុចអសកម្មឬក៏ចំណុចខ្លះដែលយើងធ្វើមិនទាន់បានល្អនៅក្នុងសង្គម»។
តុលាការក្រុងភ្នំពេញបានឃុំខ្លួនអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា រយៈពេលជិតមួយខែ នៅ ពន្ធនាគារខេត្តកណ្ដាលដោយចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» បន្ទាប់ពីចាប់ខ្លួនលោកកាលពីថ្ងៃទី៣០ ខែកញ្ញា ទាក់ទងនឹង ការបង្ហោះរូបថតរមណីយដ្ឋានបាភ្នំ ដែលអាជ្ញាធរថាកាត់ត ឬព័ត៌មានក្លែងក្លាយ។
ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនយល់ថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា នេះ ទំនងជាការសងសឹកច្រើនជាង ពីព្រោះការចោទប្រកាន់និងឃុំខ្លួននេះ ធ្វើឡើងនៅពីរសប្ដាហ៍ក្រោយ ដែលសហរដ្ឋអាមេរិកបានដាក់ ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមនុស្សសំខាន់របស់គណបក្សកាន់អំណាចលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញបោកតាមអនឡាញនិងរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) ខណៈលោក ម៉ិច ដារ៉ា ធ្លាប់ទទួលបានពានរង្វាន់ពីក្រសួងការបរទេសអាមេរិក ចំពោះភាពក្លាហាននៃការរាយការណ៍ព័ត៌មានអំពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូលោក អំ សំអាត មានប្រសាសន៍ថា លោក ម៉ិច ដារ៉ា នៅតែមានសម្ពាធដដែល ពីព្រោះតុលាការមិនទាន់ទម្លាក់ចោលបទចោទប្រកាន់នៅឡើយទេ ។
លោក អំ សំអាត៖ «លោក ម៉ិច ដារ៉ា គាត់ដើរតួនាទីសំខាន់ក្នុងការយកព័ត៌មានទាក់ទងនឹងរឿងរសើបៗ ដូចជាការជួញដូរមនុស្ស ការឆបោកតាមអនឡាញល្បែងអនឡាញជាដើមរហូតទទួលបានពានរង្វាន់ពីសហរដ្ឋអាមេរិក។ ការដាក់ឱ្យនៅក្រោមការដោះលែងក្រៅឃុំបណ្ដោះអាសន្ននេះ វាមិនមែនជាសេរីភាពសម្រាប់លោកទេ។ អ៊ីចឹងគួរណាស់ទម្លាក់បទចោទប្រកាន់»។
ទាក់ទងនឹងករណីលោក ម៉ិច ដារ៉ា នេះដែរ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៣ ខែតុលា នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) អ្នកស្រី សាមែនថា ផៅវ័រ (Samantha Power) បានលើកឡើងអំពីកង្វល់មួយចំនួន ដូចជា ការគំរាមកំហែងលើសិទ្ធិជាមូលដ្ឋាន និងការចាប់ខ្លួន ដោយមិនត្រឹមត្រូវជាដើម ក្នុងនោះ អ្នកស្រីថា សហរដ្ឋអាមេរិកបានតាមដានយ៉ាងដិតដល់ចំពោះករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យលោក ម៉ិច ដារ៉ា ផងដែរ។
ការដោះលែងលោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ កើតមានឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារ USAID ក្នុងដំណើរទស្សនៈកិច្ចរបស់អ្នកស្រី Samantha Power បានប្រកាសអំពីការផ្ដល់មូលនិធិលើសពី ៥០លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់កម្មវិធីដោះមីនប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងកម្មវិធីជាច្រើនទៀត សម្រាប់ផ្នែកបរិស្ថាន ប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments