គណបក្សបេះដូងជាតិ ដែលកើតចេញពីអតីតមន្ត្រីបក្សប្រឆាំងបានដាក់ឯកសារបន្ថែមទៅក្រសួងមហាផ្ទៃតាមការស្នើសុំរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទាមទារឲ្យគណបក្សនេះកែសម្រួលលក្ខន្តិកៈបក្ស។ អ្នក ឃ្លាំមើលស្ថានការណ៍នយោបាយ ថា ករណីក្រសួងមហាផ្ទៃមិនទាន់ចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ អាចទាក់ទងបញ្ហាឯកសារ និងស្ថានការណ៍នយោបាយ។
មេដឹកនាំគណបក្សបេះដូងជាតិ នៅតែមានក្ដីរំពឹងថា លោក ស ខេង នឹងឆ្លើយតបជាវិជ្ជមាន ដើម្បីបើកផ្លូវឲ្យគណបក្សនេះអាចធ្វើសកម្មភាពតាមផ្លូវច្បាប់។
លិខិតរបស់គណបក្សបេះដូងជាតិ ដែលបានដាក់ជូនក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែកញ្ញា ឲ្យដឹងថា គណៈកម្មាធិការបណ្ដោះអាសន្នគណបក្សបេះដូងជាតិ បានធ្វើការកែសម្រួលបន្ថែមនូវខ្លឹមសារកំណត់វិធានគោលនៃការបញ្ចូលសមាជិកភាពគណបក្សក្នុងប្រការ ៩ នៃលក្ខន្តិកៈតាមការស្នើសុំឡើងវិញ ដើម្បីឲ្យស្របតាមខ្លឹមសារមាត្រា១០ ចំណុច៤ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ លិខិតដដែលឲ្យដឹងទៀតថា គណៈកម្មាធិការបណ្ដោះអាសន្នគណបក្សបានឯកភាពគ្នាដាក់លក្ខន្តិកៈ ដែលបានកែសម្រួលជូនក្រសួងមហាផ្ទៃឡើងវិញ ដើម្បីពិនិត្យ និងសម្រេច។
បន្ថែមពីលិខិតនេះ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុកឲ្យវិទ្យុអាស៊ីសេរីដឹងថា ក្រោយគណបក្សលោកបានដាក់លក្ខន្តិកៈកែសម្រួលថ្មីទៅក្រសួងមហាផ្ទៃរួចហើយ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងចេញប្រកាសអនុញ្ញាតឲ្យគណបក្សបេះដូងជាតិដំណើរការសកម្មភាពនយោបាយឆាប់ៗ នេះ។
កាលពីថ្ងៃទី១៥ កញ្ញា លោក ស ខេង បានផ្ញើលិខិតមួយច្បាប់ទៅគណបក្សបេះដូងជាតិ ឲ្យកែសម្រួលខ្លឹមសារនៃលក្ខន្តិកៈគណបក្ស។ ក្រសួងមហាផ្ទៃរំលឹកថា ក្រសួងបានស្នើសុំឲ្យកែសម្រួលករណីនេះពីរដងមកហើយ។ ក្រសួងមហាផ្ទៃ ទុករយៈ ១៤ថ្ងៃគិតចាប់ថ្ងៃទី១៤ ខែកញ្ញា បើមិនដូច្នេះក្រសួងនឹងមិនសម្រេចចុះឈ្មោះគណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃឡើយ។
បន្ថែមពីព្រមានរបស់ក្រសួងមហាផ្ទៃបែបនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ថ្លែងព្រមានបន្ថែមនៅថ្ងៃទី១៧ កញ្ញាថា បើគណបក្សនេះនៅតែរឹងរូសក្រសួងមហាផ្ទៃមិនចាំបាច់ចុះបញ្ជីផ្លូវការឲ្យឡើយ៖ «នៅគណបក្សបេះដូងជាតិគណបក្សហ្នឹងរឹងរូសសម្ដេចក្រឡាហោម ស ខេង បានព្រមានថា បើមិនកែលក្ខន្តិកៈបក្សឲ្យស្របតាមច្បាប់ស្ដីពីបក្សនយោបាយ មិនចុះបញ្ជីឲ្យ នៅព្រម តើវារឹងអីវា? បើរឹងអត់តែប៉ុណ្ណឹង!»។
ទាក់ទងរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលកំពុងរស់នៅក្រៅប្រទេស យល់ថា ក្រសួងមហាផ្ទៃមិនទាន់សម្រេចចុះបញ្ជីផ្លូវការឲ្យគណបក្សនេះបេះដូងជាតិ អាចជាប់ពាក់ព័ន្ធបញ្ហាសំខាន់ពីរ។ លោកបន្តថា ទី១ គឺសំណុំឯកសារ។ ទី២ ដែលជាបញ្ហាធំ អាចពាក់ព័ន្ធបញ្ហានយោបាយនៅរយៈចុងក្រោយ ដែលលោកយល់ថា លោក ហ៊ុន សែន អន់ចិត្តភាគីលោក សម រង្ស៊ី ដែលបញ្ចេញព័ត៌មានរឿងលោក ហ៊ុន សែន លួចចូលប្រជុំតាមប្រព័ន្ធហ៊្សូម (Zoom) ជាមួយក្រុមការងារគណបក្សសង្គ្រោះជាតិ៖ «មិនចុះឲ្យគណបក្សបេះដូងជាតិ អាចមកពីហេតុផលនយោបាយភាគី លោក សម រង្ស៊ី ព្រមទាំងហេតុផលមួយទៀតគឺ ខ្វះសំណុំឯកសារគ្រប់គ្រាន់ ដូច្នេះ គេមិនចុះ ព្រោះសំណុំឯកសារពាក់ព័ន្ធនឹងគណៈកម្មការនាយកគណៈកម្មការអី ហើយបើគណៈកម្មការនាយកភាគីលោក សម រង្ស៊ី មិនដាក់បញ្ជីតើអ្នកណាខ្លះជាសមាជិកនៃគណៈកម្មការនាយកគណបក្សថ្មីហ្នឹង អ៊ីចឹងគេ (ក្រសួងមហាផ្ទៃ) មិនចុះឲ្យដែរ»។
ទោះក្រសួងមហាផ្ទៃមិនទាន់សម្រេចចុះបញ្ជីឲ្យគណបក្សបេះដូងជាតិក្ដី ប៉ុន្តែ កាលពីថ្ងៃទី១៥ កញ្ញា ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីផ្លូវឲ្យគណបក្សកែទម្រង់កម្ពុជារបស់ លោក អ៊ូ ច័ន្ទរ័ត្ន។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីលោក អ៊ូ ច័ន្ទរ័ត្ន ពីការផែនការសកម្មភាពនយោបាយរបស់គណបក្សនេះ ក្រោយទទួលបានសិទ្ធិពេញលេញពីក្រសួងមហាផ្ទៃ។
ចំណែកគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឫទ្ធិ កំពុងរៀបចំឯកសារ និងប្រមូលស្នាមមេដៃអ្នកគាំទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments