![]() |
ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសង្កាត់ទន្លេបាសាក់កាលពីដើមខែនេះ។ ផា លីណា |
ឡាយ សាមាន ភ្នំពេញ ប៉ុស្តិ៍ | Tue, 31 January 2017
ភ្នំពេញៈ នៅទីបំផុតក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចទៅនឹងសេចក្តីសម្រេចរបស់ គជប ក្នុងការរក្សាឈ្មោះជនជាតិវៀតណាមដែលនិយាយខ្មែរមិនច្បាស់នៅក្នុងបញ្ជីបោះឆ្នោតដំបូងដោយសំអាងថាពួកគេមានឯកសារគ្រប់គ្រាន់ បន្ទាប់ពីស្ថាប័នកំពូលមួយនេះចាប់ផ្តើមបើកសវនាកាដោះស្រាយបណ្តឹងជាលើកដំបូងកាលពីម្សិលមិញ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ុត ឈន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាស្ថាប័នកំពូលមួយនេះបានទទួលពាក្យបណ្តឹងចំនួន ៦២ បណ្តឹងចាប់ពីថ្ងៃទី ២២ ដល់ ថ្ងៃទី ៣០ មករានេះហើយគ្រោងបញ្ចប់សវនាការជាសាធារណៈនៅថ្ងៃទី ១១ ខែកុម្ភៈ។
យ៉ាងនេះក្តី លោកថា ថ្ងៃដំបូង ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយបានពីរបណ្តឹងហើយសម្រេចរក្សាឈ្មោះ ៦២ នាក់ដូចការសម្រេចរបស់ គជប។
លោកបញ្ជាក់ថា៖ «យើងបានរក្សាតាមហ្នឹងព្រោះឈ្មោះដែលគេឱ្យមកគឺមានឯកសារមូលដ្ឋានតាមកុំព្យូទ័រទាក់ទងនឹងលទ្ធផលដែលគេបានចុះបញ្ជី»។
លោកឱ្យដឹងដែរថា ក្រុមប្រឹក្សាធម្មនុញ្ញពុំមានតួនាទីពិនិត្យលើភាពស្របច្បាប់នៃការផ្តល់អត្តសញ្ញាណប័ណ្ណនោះទេ។
លោកថា៖ «ក្នុងច្បាប់យើងមិនមានភារកិច្ចពិនិត្យលើភាពស្របច្បាប់នៃការផ្តល់អត្តសញ្ញាណប័ណ្ណទេសមត្ថកិច្ចផ្សេងអ្នកធ្វើរឿងនេះយើងគ្រាន់តែពិនិត្យមើលថា តើគេចុះឈ្មោះកន្លងមកស្របតាមច្បាប់ស្តីការចុះឈ្មោះដែរឬអត់ហើយយើងបានពិនិត្យឯកសារ និងនៅតាមមូលដ្ឋានឃើញថាអ្នកដែលទៅចុះឈ្មោះសុទ្ធតែមានអត្តសញ្ញាណប័ណ្ណ»។ លោកបន្តថាក្រុមប្រឹក្សាធម្មនុញ្ញក៏បានបញ្ជូនមន្ត្រីជំនាញចុះដល់មូលដ្ឋានក្នុងការស្រាវជ្រាវរកឈ្មោះដែលរងការប្តឹងដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ។
លោក អ៊ុត ឈន បន្តថាក្នុងដំណាក់កាលនេះគឺ គជប ដើរតួជាភាគីចុងចម្លើយដើម្បីការពារសេចក្តីសម្រេចរបស់ខ្លួនក្នុងការរក្សាឈ្មោះដែលរងការចោទទាំងនោះ ខណៈភាគីដើមបណ្តឹងមានតែមេធាវីចូលមកការពារក្តី។
ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មនៃគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាមន្រ្តីគណបក្សសង្គ្រោះជាតិមិនអាចទទួលយកបាននូវការសម្រេចរបស់ គជប ក្នុងការរក្សាឈ្មោះដែលរងការចោទនៅក្នុងបញ្ជីបោះឆ្នោតនោះបានទេ។ «យើងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីសុំឱ្យគាត់លុបចោលឈ្មោះទាំងនោះដោយសារពិនិត្យមើលលក្ខណៈសញ្ជាតិទៅគឺជនទាំងនោះមិនទទួលបានសញ្ជាតិខ្មែរស្របតាមនីតិវិធីច្បាប់ទេ»។
បើតាមលោកស្រី សុភារី មន្រ្តីគណបក្សសង្គ្រោះជាតិនឹងបន្តដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀត បន្ទាប់ពីទទួលសេចក្តីសម្រេចពី គជប។ ទោះបីមានសង្ឃឹមតិចក៏ដោយ។
តាមគោលការណ៍ច្បាប់ដើមបណ្តឹងមានរយៈពេល ៥ ថ្ងៃដើម្បីប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលដំណឹងពី គជប ខណៈក្រុមប្រឹក្សាធម្មនុញ្ញមានពេល ១០ ថ្ងៃដើម្បីដោះស្រាយ បន្ទាប់ពីទទួលពាក្យបណ្តឹង។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ចេញផ្សាយកាលពីថ្ងៃទី ២៦ មករា បានឱ្យដឹងថាចាប់តាំងពីថ្ងៃទី ១១ រហូតដល់ថ្ងៃ ២៣ មករាឆ្នាំ ២០១៧ នាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គជប បានទទួលពាក្យបណ្តឹងសរុបចំនួន ១៧៣ បណ្តឹងទាក់ទងនឹងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងសរុបចំនួន ២៤៧៩ នាក់។
សេចក្តីប្រកាសបន្តថាក្នុងចំណោម ១៧៣ បណ្តឹងមាន ១៦៥ បណ្តឹងជាបណ្តឹងសុំជំទាស់ឱ្យលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតចំនួន ២៤៤១ នាក់ និងមាន ៧ បណ្តឹងជាបណ្តឹងតវ៉ាសុំរក្សាឈ្មោះ ៣៨ នាក់ព្រមទាំងបណ្តឹងសុំឱ្យផ្តន្ទាទោស ១ បណ្តឹង។
បើតាមសេចក្តីប្រកាសក្នុងចំណោមបណ្តឹងទាំងអស់ គជប បានធ្វើការដោះស្រាយបាន ១៧២ បណ្តឹងរួចរាល់ហើយលើកលែងតែ ១ បណ្តឹងសុំផ្តន្ទាទោសដែល គជប ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវឱ្យបានច្បាស់មុននឹងសម្រេចសេចក្តី។ បណ្តឹងទាំងនោះត្រូវបានតំណាងគណបក្សសង្គ្រោះជាតិមកពី ១០០ ឃុំសង្កាត់នៅ ១៧ រាជធានី ខេត្តបានដាក់ពាក្យប្តឹង៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments