RFA | គ្រូបង្រៀន និង​អ្នក​តាមដាន​សង្គម​បន្ត​ទទូច​ឱ្យ​តុលាការ​លើកលែង​ការ​ចោទប្រកាន់​លោក រ៉ុង ឈុន | hot news

By , Comment
Share on Facebook Tweet on Twitter

គ្រូបង្រៀន ពលរដ្ឋ និង​អ្នក​តាមដាន​សង្គម បន្ត​ទទូច​ឱ្យ​តុលាការ​លើកលែង​ការចោទប្រកាន់ និង​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​កុំ​ឱ្យ​មានការ​រិះគន់​ពី​ប្រជា​ពលរដ្ឋ​បន្ត​ទៀត។

ពលរដ្ឋ​មួយ​ចំនួន នៅតែ​បន្ត​ដាក់​រូបលោក រ៉ុង ឈុន លើ​បណ្ដាញ​សង្គម និង​ទាមទារ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដោះលែង​លោក រ៉ុង ឈុន នៅ​ថ្ងៃ​សវនាការ នៅ​ពេល​ខាងមុខនេះ។

កាល​ពី​ដើម​ខែ​កុម្ភៈ តុលាការ​ក្រុង​ភ្នំពេញ​បាន​បន្ត​ជំនុំជម្រះ​សំណុំរឿង​របស់​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត គឺ​សកម្មជន​សិទ្ធិ​ការងារ កញ្ញា សរ កណិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក តុន និមល​។ តុលាការ គ្រោង​ជម្រះក្ដី​លើ​សំណុំរឿង​របស់​អ្នក​ទាំង​៣ នៅ​ថ្ងៃ ទី​១៧ កុម្ភៈ បន្ត​ទៀត។

សហការី​លោកគ្រូ រ៉ុង ឈុន គឺ​លោក ឯម ប៊ុនណារិទ្ធ លើកឡើង​ថា រយៈពេល​ជាច្រើន​ខែ​មក​ហើយ​ដែល​តុលាការ​របប​ក្រុងភ្នំពេញ​បាន​ឃុំខ្លួន​លោក រ៉ុង ឈុន នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​។ លោក​បន្ត​ថា លោក ពលរដ្ឋ និង​គ្រូបង្រៀន​ជាច្រើន សោកស្ដាយ​ចំពោះ​ការ​ចាប់ខ្លួន​នេះ ដោយសារ​លោក រ៉ុង ឈុន មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ ហើយ​អ្វី​ដែល​លោក​បាន​កសាង​កន្លងមក គឺជា​ការ​លះបង់ និង​ធ្វើ​ដើម្បី​ប្រទេសជាតិ​ប៉ុណ្ណោះ​។ លោក​សង្ឃឹម​ថា តុលាការ​ក្រុង​ភ្នំពេញ នឹង​ឈរ​លើ​គោលការណ៍​ឯករាជ្យ ដោះលែង​លោក រ៉ុង ឈុន៖ «ការ​ចាប់​លោកគ្រូ​រហូត​មក​ដល់​ពេលនេះ គឺ​ឃុំ​ដោយ​អត់​មាន​មូលដ្ឋាន​អី​ច្បាស់​លាស់​ទេ ចោទ​ម្តង​ពី​នេះ ចោទ​ម្តង​ពី​នោះ ពី​បទ​ញុះញង់ ប៉ុន្តែ​មិន​ឃើញ​មូលដ្ឋាន​ណាមួយ​និយាយ​អំពី​បទ​របស់​គាត់​។ មកដល់​ម៉ោង​នេះ តុលាការ​មិនទាន់​ចោទ​គាត់​ពី​បទ​អី​ឱ្យ​ច្បាស់លាស់​នៅ​ឡើយ​ទេ នៅ​សួរដេញដោល​លើក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពន្យារ​ពេល​ហើយ ពន្យារ​ពេល​ទៀត​។ យើង​អត់​ដឹង​ថា ចេតនា​របស់​អ្នកដើមចោទ​នោះ គឺ​គេ​ចោទ​យ៉ាងម៉េច​ឱ្យ​ពិតប្រាកដ​ទេ»

អ្នកវិភាគ​ដែល​បាន​តាមដាន​ករណី​នេះ​លើកឡើង​ថា ករណី​ចាប់​លោក រ៉ុង ឈុន ដាក់​ពន្ធនាការ អាច​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ ជា​ជាង​រឿង​យុត្តិធម៌។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន ដាក់​​​​​​​​​ពន្ធនាគារ​កន្លង​មក តុលាការ​មិនបាន​ឈរ​​​​​​លើ​គោល​ការ​ឯករាជ្យ ឬ​យុត្តិធម៌ តាម​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ទេ តែ​អនុវត្ត​តាម​នយោបាយ​របស់​បក្ស​កាន់អំណាច​។ លោក​បន្ថែម​ថា ប្រសិនបើ​តុលាការ និង​រដ្ឋាភិបាល​មិន​ព្រម​ដោះលែង​លោក រ៉ុង ឈុន និង​បញ្ចប់​បញ្ហា​នយោបាយ​នេះ​ទេ កម្ពុជា​អាច​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៖ «​តុលាការ​គួរតែ​យល់​អំពី​ស្ថានភាព​ហ្នឹង ព្រោះ​អី លោកគ្រូ​គឺជា​បុគ្គល​មួយ​រូប​ដែល​អន្តរជាតិ​ទទួលស្គាល់ អ៊ីចឹង​ហើយ​វា​គ្មាន​ផល​ចំណេញ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​កាត់ទោស​ឱ្យ​គាត់​ជាប់ពន្ធនាគារ​ទេ អ៊ីចឹង​គួរតែ​ដោះលែង​គាត់​ទៅ ដើម្បី​អី​? ដើម្បី​យើង​រក្សា​បាន​ផលប្រយោជន៍​ទាំងសងខាង​ទាំង​ផលប្រយោជន៍​រដ្ឋាភិបាល ទាំង​ផលប្រយោជន៍​របស់​មន្ត្រី​រាជការ ទាំង​ផលប្រយោជន៍​ដែល​យើង​ទទួល​បាន​ជំនួយ​សេដ្ឋកិច្ច​ពី​អន្តរជាតិ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សួរនាំ​បន្ថែម​ពី​ករណី​នេះ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នកទទួល។

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម ដោយសារ​ពួកគេ​គាំទ្រ ហើយ​យល់​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ គឺ​មិន​​​មាន​មូលដ្ឋាន​ច្បាប់ ឬ​ហេតុផល​សមរម្យ​ក្នុង​ការ​ដាក់​បន្ទុក​នោះ​ទេ​។ លោក​ទទូច​ឱ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​ដទៃ​ទៀត ហើយ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់ ដើម្បី​កុំ​ឱ្យ​មាន​​មតិ​រិះគន់​ពី​ប្រជាពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ទៀត៖ «សហគមន៍​អន្តរជាតិ ជាពិសេស​គឺ​អ្នករាយការណ៍​ពិសេស គេ​បាន​ទទូច និង​ទាមទារ​សូម​ឱ្យ​ទម្លាក់​ចោល​នូវ​បទចោទប្រកាន់​ទៅលើ​អ្នក​ទាំងអស់​គ្នា ហើយ​នឹង​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​គេ​ចាត់ទុកថា ការ​ចាប់​និង​ឃុំខ្លួន​ហ្នឹង វា​ជា​ការ​បំពាន​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​។ អ៊ីចឹង​រឿង​តែមួយ​ទេ គឺ​សូម​ឱ្យ​ពន្លឿន​នីតិវិធី​នៅ​តុលាការ ដើម្បី​កុំ​ឱ្យ​ការ​ឃុំខ្លួន​នៅ​ក្នុង​នីតិវិធី​នៃ​ការ​រងចាំ​សវនាការ​នេះ វា​អូស​បន្លាយ​យូរ​តទៅទៀត»

អាជ្ញាធរ​បាន​ចាប់ខ្លួន​មេ​សហជីព និង​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​រូបនេះ កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា ដោយ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​លោក​ចុះ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ចំណែក កញ្ញា សរ កណិកា និង​លោក តុន និមល ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ក្រោយពេល​ពួកគេ​ចូលរួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន និង​ជន​ជាប់ឃុំ​មួយ​ចំនួន​ទៀត​។​

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២០​រហូតម​ក ដល់​ថ្ងៃ​ទី​១១ កុម្ភៈ មាន​សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ សកម្មជន​នយោបាយ និង​ក្រុម​យុវជន​ជិត​៧០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ រួមគំនិត​ក្បត់ ញុះញង់ និង​ប្រមាថ​ថ្នាក់ដឹកនាំ​ជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments