លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ បានចាកចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី៣០មេសា និងមានសុខភាពល្អធម្មតា។
មន្ត្រីគណបក្សខ្មែររួបរួមជាតិឲ្យដឹងនៅថ្ងៃទី១ ឧសភាថា គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជវិសាមញ្ញ ដើម្បីផ្លាស់ប្ដូរលោក សឹង គីរី ដែលជាប្រធានបច្ចុប្បន្នឲ្យលោក ញឹក ប៊ុនឆៃ ដឹកនាំគណបក្សនេះឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខ។
មកទល់ពេលនេះ គ្មានប្រភពណាមួយបញ្ជាក់ពីមូលហេតុនៃការដោះលែងលោក ញឹក ប៊ុនឆៃ នេះ នៅឡើយទេ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា លោកក៏មិនដឹងពីមូលហេតុពិតប្រាកដនៃការដោះលែងនេះដែរ ដោយលោកបង្វែរឲ្យសួរខាងតុលាការ។ ប៉ុន្តែយ៉ាងនេះក្ដី លោក សុខ ឥសាន មានប្រសាសន៍ថា តាមលោកដឹងសំណុំរឿងលោក ញឹក ប៊ុនឆៃ នេះ នៅក្នុងនីតិវិធីស៊ើបសួររបស់តុលាការនៅឡើយ នៅមុនពេលតុលាការដោះលែងនោះ។
អាស៊ីសេរីមិនអាចទាក់ទង មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរពីមូលហេតុដោះលែងលោក ញឹក ប៊ុនឆៃ បាននៅឡើយទេ នៅថ្ងៃទី១ ឧសភា។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លឺ លីបម៉េង បានចេញដីកាបង្គាប់ឲ្យដោះលែងលោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ និងជាអតីតឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០មេសា ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ លោក ញឹក ប៊ុនឆៃ ត្រូវបានរបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តិនៅភ្នំស្រួច ខែត្រកំពង់ស្ពឺ។
អ្នកវិភាគនយោបាយលើកឡើងថា ការវិលត្រលប់ទៅឆាកនយោបាយវិញរបស់លោក ញឹក ប៊ុនឆៃ នេះ គ្មានអ្វីចម្លែកទេ ព្រោះថាស្ថានភាពនយោបាយបច្ចុប្បន្ន លោករបបលោក ហ៊ុន សែន កំពុងត្រូវការគណបក្សតូចៗ ជាច្រើន ចូលរួមប្រកួតប្រជែងការបោះឆ្នោត ដើម្បីលំអប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីរបបរបស់លោក បានរំលាយគណបក្សប្រឆាំងធំជាងគេចោលនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments