RFA | បើ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា ហើយ​នៅ​សម្ងំ​មិន​ចេញ​តវ៉ា «ពួកគាត់​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​ឡើយ» | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ប្រសិន​បើ​ពលរដ្ឋ​ចាញ់​បោក​ប្រាក់​ក្រុមហ៊ុន​ឧកញ៉ា និង​អតីត​ឧកញ៉ា​មួយ​ចំនួន នៅ​តែ​សម្ងំ​ស្ងៀម មិន​ចេញ​តវ៉ា​ដូច​បច្ចុប្បន្ន នោះ​ពលរដ្ឋ​រងគ្រោះ​នឹង​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ឡើយ ខណៈ​គ្រប់​សំណុំ​រឿង​ឆបោក សុទ្ធ​តែ​មាន​ព័ត៌មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រជាពលរដ្ឋ​ដែល​ចាញ់​ការ​ឆបោក​ប្រាក់​ ក្រុមហ៊ុន​របស់​អ្នកស្រី ឡេង ចាន់ណា ត្អូញត្អែរ​អំពី​ភាព​យឺតយ៉ាវ​នៃ​ដំណោះស្រាយ បន្ទាប់​ពី​ក្រុម​មេធាវី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​ដឹក​នាំ​ដោយ​លោក គី តិច ជិត​មួយ​ឆ្នាំ​មក​ហើយ បាន​ត្រឹម​តែ​ប្រាប់​ពលរដ្ឋ​ថា រង់ចាំ​អ្នក​រងគ្រោះ​ទាំងអស់​ទាំង​ជាង ១ម៉ឺន ២ពាន់​នាក់ ដាក់​ពាក្យ​បណ្ដឹង​គ្រប់​គ្នា​សិន ខណៈ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង ៣ពាន់​នាក់​រួច​ទៅ​ហើយ​នោះ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា ការ​ដាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ គ្រាន់​តែ​ជា​ការ​ស្អំ​ចិត្ត​ពួកគាត់ កុំ​ឱ្យ​ធ្វើ​សកម្មភាព​តវ៉ា​ជា​សាធារណៈ ហើយ​ឱ្យ​ពលរដ្ឋ​ចេះ​តែ​នៅ​រង់​ចាំ​ដំណោះស្រាយ​ដែល​គ្មាន​ពន្លឺ ឬ​គ្មាន​ប្រសិទ្ធភាព ឱ្យ​ឆ្លើយ​តប​នឹង​ការ​ចង់​បាន​យុត្តិធម៌​របស់​ពលរដ្ឋ​ឡើយ។

លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​មិន​ងាយ​នឹង​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​ទេ ដោយ​លោក​លើក​ហេតុផល​ថា អំពើ​ឆបោក​លុយ​រាប់​រយ​លាន​ដុល្លារ ពី​សំណាក់​ឧកញ៉ា​មួយ​ចំនួន និង​អតីត​ឧកញ៉ា​ផ្សេង​ៗ​ទៀត ដូចជា អតីត​ឧកញ៉ា ឡេង ចាន់ណា ជាដើម មាន​ក្រុម​អ្នក​មាន​អំណាច​ជួយ​ជ្រោមជ្រែង​ជា​ប្រព័ន្ធ ហើយ​មាន​បណ្ដាញ​អាជ្ញាធរ​រដ្ឋ​នៅ​ពី​ក្រោយ​ខ្នង ចាំ​ជួយ​សម្រួល​ដល់​អំពើ​ឆបោក​ទាំង​នោះ។

លោក វ៉ន ចាន់ឡូត៖ «ចេញ​ធ្វើ​សកម្មភាព​ជា​សាធារណៈ​ប្រសិន​បើ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ធ្វើ ហើយ​មិនមាន​ប្រសិទ្ធភាព ឬ​ក៏​អាជ្ញាធរ​មិន​អើពើ​ទៅ​នឹង​បញ្ហា​របស់​ពួកគាត់។ អ្វី​ដែល​ខ្ញុំ​ឱ្យ​តម្លៃ​ចំពោះ​មុខ​មាន​តែ​ការ​ចេញ​តវ៉ា​ជា​សាធារណៈ​របស់​ពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ហ្នឹង។ ខ្ញុំ​ជឿ​ថា អាច​មាន​ប្រសិទ្ធភាព ហើយ​អាច​នឹង​ឆាប់​ទទួល​បាន​ដំណោះស្រាយ»

ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អ្នកស្រី ឡេង ចាន់ណា អស់​លុយ ២៣ ម៉ឺន​ដុល្លារ ត្អូញត្អែរ​ថា លោក​និង​ក្រុម​គ្រួសារ​អស់​លទ្ធភាព​សង​ធនាគារ​ហើយ ដោយសារ​រង់​ចាំ​ដំណោះស្រាយ​យូរ​ពេក នៅ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ថា គ្មាន​លទ្ធភាព​ទូទាត់​សង​ទៅ​ហើយ។ លោក​ឱ្យ​ដឹង​ថា លោក​រួម​ជាមួយ​ម្ដាយ និង​ប្អូន​របស់​លោក ដែល​ជំពាក់​ធនាគារ ៣​ស្ថាប័ន ថែម​ទាំង​កម្ចី​ពី​​ឯកជន​សរុប​ជិត ២០​ម៉ឺន​ដុល្លារ លក់​អស់​ពី​ខ្លួន​ទៅ​ហើយ​តាំង​ពី​ចុង​ឆ្នាំ ២០២៣ម៉្លេះ ដើម្បី​សង​បំណុល ហើយ​ពេល​នេះ នៅ​សល់​តែ​ទ្រព្យ​ដែល​បញ្ចាំ​នៅ​ធនាគារ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «កាល​ថ្ងៃ​ទី២៧ បី​ថ្ងៃ​មុន​ធនាគារ​ហត្ថា​បាន​យក​លិខិត​អញ្ជើញ ដើម្បី​ឱ្យ​ខ្ញុំ​ផ្ដិត​មេ​ដៃ​រក​លុយ​សង​គេ។ អាហ្នឹង​គេ​ថា លិខិត​អញ្ជើញ​លើក​ទី១ គេ​ឱ្យ​បង់​លុយ ហើយ​ថា មួយ​ទៀត​គេ​នឹង​ធ្វើ​លិខិត​អ៊ីចឹង​លើក​ទី២ បើ​សិន​លិខិត​អញ្ជើញ​លើក​ទី១ អត់​លុយ​មាន​លុយ​បង់ ហើយ​បន្ទាប់​មាន​លិខិត​លើក​ទី៣ គឺ​មាន​ការ​កោះ​ហៅ​ពី​តុលាការ»

លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ទៀត​ថា ពិត​ជា​ទ័ល​ខ្លាំង បើ​នៅ​បន្ត​រង់ចាំ អត់​ដំណោះស្រាយ​ តែ​បើ​តវ៉ា ខ្លាច​មាន​ការ​ចាប់​ខ្លួន។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ចាញ់​បោក​ ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ខ្លះ​រត់​ចោល​ស្រុក ព្រោះ​ទ័ល​ច្រក​ពេក ហើយ​ក៏​មាន​អ្នក​សម្លាប់​ខ្លួន​ផង។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «ក្រុម​គ្នា​របស់​ខ្ញុំ​មេ​ក្រុម ២៥ នាក់​ហ្នឹង មួយ​មេ​របស់​ខ្ញុំ​មាន​ទាំងអស់ ៥ លាន​ដុល្លារ នៅ ២៤​ក្រុម​ទៀត ព្រោះ​អី​នៅ​ក្នុង​ក្រុមហ៊ុន​ហ្នឹង គេ​ចាត់​ចែង​ឱ្យ​មាន​មេ ២៥​រូប។ អ៊ីចឹង​ក្រុម​ខ្ញុំ​របស់​រៀង​តូច​ជាង​គេ​មាន​តែ ៥លាន​ដុល្លារ ហើយ​ក្រៅ​ពី​ហ្នឹង មាន២០ ទៅ ៣០ លាន​ដុល្លារ​មាន ២៤​ក្រុម​ទៀត។ អ៊ីចឹង​សរុប​លុយ​ទាំងអស់​ចាញ់​បោក​ក្រុមហ៊ុន ឡេង ចាន់ណា ចូល​ខ្ទង់ ៣០០​លាន​ដុល្លារ ហើយ​មាន​អ្នក​រងគ្រោះ ១ម៉ឺន ២ពាន់ ១រយ​នាក់​តាម​ទិន្នន័យ​ចៅហ្វាយ​ខេត្ត​សៀមរាប​បាន​ប្រកាស​មក»

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង បាន​បដិសេធ​ដែល​ថា មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដោះស្រាយ ដោយ​លោក​ពន្យល់​ថា ក្នុង​មួយ​សប្ដាហ៍ៗ តុលាការ​មាន​ចំណាត់ការ​រហូត និង​ម្យ៉ាង​ទៀត សំណុំ​រឿង​ឆបោក​របស់​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា នេះ មាន​ជន​រងគ្រោះ​ច្រើន​រាប់ពាន់​នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចៅក្រម​ស៊ើបសួរ។

លោក យិន ស្រាង៖ «នៅ​ពេល​ចៅក្រម​ស៊ើបសួរ​ចប់ គេ​នឹង​បញ្ជូន​ទៅ​ចៅក្រម​ជម្រះ ហើយ​នៅ​ពេល​នោះ គេ​នឹង​ប្រកាស​សាល​ក្រម​សម្រេច​ពី​សំណង​ហើយ។ នៅ​ទេ គេ​កំពុង​ស៊ើប​ទេ នៅ​ចៅក្រម​ស៊ើបសួរ ព្រោះ​សំណុំ​រឿង​ហ្នឹង​វា​ច្រើន»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​រង​ការ​ចោទ​ប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អ្នកស្រី ឡេង ចាន់ណា បាន​ចេញ​មុខ​ផ្ដល់​មេធាវី​ ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​រងគ្រោះ ដែល​ត្រូវ​ក្រុមហ៊ុន​នេះ បោក​លុយ​ប្រមាណ ៣០០​លាន​ដុល្លារ។ ក្រៅ​ពី​លោក ហ៊ុន ម៉់ាណែត ក៏​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ គឺ​លោក ស៊ាន បូរ៉ាត់ ម្នាក់​ទៀត​ដែរ ដែល​គេ​មើល​ឃើញ​ជាប់​ឈ្មោះ​ក្នុង​សំណុំ​រឿង​អាស្រូវ​ឆបោក​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី លោក គី តិច ដែល​ជា​ប្រធាន​ក្រុម​មេធាវី​រដ្ឋាភិបាល ទទួល​បន្ទុក​ការពារ​ក្ដី​ឱ្យ​ពលរដ្ឋ​ចាញ់បោក ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។ យ៉ាង​ណា លោក គី តិច ធ្លាប់ បាន​អះអាង​ប្រាប់​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ថា បាន​ជួប​ជន​រងគ្រោះ​ចំនួន ១៤លើក​សរុប​ជាង ៤.០០០នាក់។

ប៉ុន្តែ ពលរដ្ឋ​ដែល​ចាញ់​បោក​ក្រុមហ៊ុន ឡេង ចាន់ណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ ទី២១ ខែ​តុលា ថា ក្រុម​មេធាវី​របស់​លោក គី តិច បាន​ត្រឹម​តែ​សួរ​ចោល​ពី​ព័ត៌មាន​របៀប​ដាក់​លុយ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ប៉ុន្តែ​គ្មាន​បាន​ឃើញ​ផល​ប្រយោជន៍​អ្វី​ឡើយ។

លោក​ថា នៅ​ចំពោះ​មុខ​វិបត្តិ​ជំពាក់​បំណុល​ធនាគារ និង​ការ​ធ្លាក់​ដុនដាប​ជីវភាព​ លោក និង​ពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត លេប​ថ្ម លេប​គ្រួស យំ​ស្ទើរ​តែ​ខ្សោះ​ទឹក​ភ្នែក ពីព្រោះ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជាង ៣​ពាន់​នាក់​ទៅ​ហើយ បែរ​ជា​ក្រុម​មេធាវី​ គ្រាន់​តែ​លើ​ហេតុផល​ថា ឱ្យ​រង់​ចាំ​អ្នក​រងគ្រោះ​ទាំងអស់ ចំនួន​ជាង ១ម៉ឺន ២ពាន់​នាក់ ដាក់​ពាក្យ​បណ្ដឹង​គ្រប់​គ្នា​សិន។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ «ដំណឹង​អ្នក​ចូល​ទៅ​ជួប​មេធាវី​ចូល​ហើយ​មក​ក៏ ស្ងាត់​ឈឹង​មក​វិញ​ស្ងាត់​ឈឹង​អ្នក​ខ្លះ ៦​ខែ​ហើយ​រង់ចាំ​ចូល​ទៅ​ជួប ហើយ​អ្នក​ចូល​ទៅ​ជួប​ចេញ​មក​វិញ ដូច​ជា ស្ងាត់​ទៅ​ៗ អត់​បាន​ទទួល​ដំណឹង​ថា ត្រូវ​ដោះស្រាយ​ពី​បញ្ហា​រឿង​អ្នក​រងគ្រោះ កូន​ចៅ​អ្នក​រងគ្រោះ​ត្រូវ​ដោះស្រាយ​យ៉ាង​ណា អត់​បាន​ដោះស្រាយ​ឱ្យ​ហើយ ក៏​មិន​បាន​ប្រាប់​ថ្ងៃ​នេះ​ខែ​នេះ ដោះស្រាយ​អី​យ៉ាង​ម៉េច អត់ ឈឹង​ៗៗ​អត់​មាន​ឱ្យ​ដំណឹង​យ៉ាង​ម៉េច​ទេ»

អតីត​ឧកញ៉ា និង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ពាក់ព័ន្ធ​អំពើ​ឆបោក​ទ្រង់​ទ្រាយ​ធំ រួម​មាន​ម្ចាស់​ក្រុមហ៊ុន ប្រ៊ីលានស៊ីធី អ្នកស្រី ឡេង ចាន់ណា ម្ចាស់​ក្រុមហ៊ុន ជា សារ៉ន លោក ជា សារ៉ន ប្រធាន​ក្រុមហ៊ុន​ស៊ីអាយស៊ី (CIC) លោក គុយ វ៉ាត ម្ចាស់​ក្រុមហ៊ុន​ពិភពដីមាស លោក ហ៊ី គឹមហុង  ជំនួយ​ការ​លោក ហ៊ុន សែន គឺ​លោក ដួង តារា ដែល​ជាប់​រឿង​អាស្រូវ​បោក​ប្រាស់​របស់​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប និង​ទីប្រឹក្សា​មួយ​រូប​ទៀត​របស់​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត។

ក្នុង​ចំណោម​នេះ អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ពី​​ឃុំ​ខ្លួន​មួយ​រយៈពេល​ខ្លី ខណៈ​លោក លី សាម៉េត សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន រីឯ​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​សម្បូរ​រឿង​ អាស្រូវ​លក់​ផ្ទះ​ខ្យល់​វិញ មិន​ត្រូវ​បាន​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើយ ទោះបី​ជា​មាន​ការ​តវ៉ា​ជា​ហូរហែ​របស់​ពលរដ្ឋ​រងគ្រោះ​ក៏​ដោយ។

អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រសិន​បើ​នីតិវិធី​តុលាការ​នៅ​តែ​ពន្យារ​ពេល នោះ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ​ បន្ថែម​ទៀត ដូច្នេះ ពួកគាត់​មាន​សិទ្ធិ​ចេញ​មុខ ទៅ​តវ៉ា​ទាមទារ​ដំណោះស្រាយ​នៅ​ ស្ថាប័ន​ពាក់ព័ន្ធ។

លោក ស៊ឹង សែនករុណា៖ «អ៊ីចឹង​គាត់​មាន​សិទ្ធិ​ទាមទារ​តវ៉ា គាត់​ទាមទារ​តវ៉ា​ទៅ​តាម​ស្ថាប័ន​ដែល​ពួកគាត់​មាន​សង្ឃឹម​ថា ជា​ស្ថាប័ន​អាច​រក​ដំណោះស្រាយ​ជូន​ពួកគាត់​បាន បើ​ពួកគាត់​នៅ​តែ​សម្ងំ គាត់​អត់​មាន​ប្រើ​សិទ្ធិ​ពួកគាត់ ក្នុង​ការ​ទាមទារ​តវ៉ា ច្បាស់​ណាស់​រឿង​រ៉ាវ​របស់​ពួកគាត់​មិន​អាច​ដោះស្រាយ​បាន​ទេ នៅ​តែ​បែប​ហ្នឹង​ឯង»

ឧកញ៉ា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ខ្លះ​ក៏​ត្រូវ​បាន​តុលាការ​រឹប​អូស​អចលនវត្ថុ និង​បង្កក​លុយ​ក្នុង​ធនាគារ​របស់​ពួកគេ​ដែរ ដោយ​តុលាការ​អះអាង​ថា ដើម្បី​យក​មក​លក់​ឡាយឡុង​ទូទាត់​សង​ពលរដ្ឋ ដែល​ចាញ់​បោក​ក្រុមហ៊ុន។ ប៉ុន្តែ​ជាង ១​ឆ្នាំ​មក​ហើយ ពលរដ្ឋ​រងគ្រោះ​អះអាង​ថា ពួកគាត់​មិន​បាន​ទទួល​ព័ត៌មាន​ដំណោះស្រាយ​ពី​តុលាការ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់​មេធាវី​​ជួយ​ការពារ​ក្ដី​ឱ្យ​ក៏​ដោយ។

អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ប្រើ​ពេល​យូរ​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ សមរម្យ ជូន​ពលរដ្ឋ​រងគ្រោះ មិន​ខុស​អ្វី​ពី​ជ្រមុជ​ពលរដ្ឋ​រងគ្រោះ​ ទៅ​ក្នុង វិបត្តិ​ក្រីក្រ ពីព្រោះ​តែ​អស់​ទ្រព្យ និង​ដីធ្លី ដោយសារ​តែ​លក់​សង​បំណុល​វ័ណ្ឌក ហើយ​ស្ថានការណ៍​បែប​នេះ បើ​នៅតែ​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ វា​អាច​ធ្វើ​ឱ្យ​មាន​ចលនា​តវ៉ា របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​មិន​អាច ទ្រាំ​បាន​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments