RFA | សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន ៤​នាក់​ពី​បទ​ប្លន់ | hot news

By , Comment
Share on Facebook Tweet on Twitter

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ជនជាតិ​ចិន​៤​នាក់ ក្នុង​ករណី​ពីរ​ផ្សេងគ្នា ពី​បទ​ប្លន់ និង​ប៉ុនប៉ង​លួច​ម៉ូតូ។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ហើយ​សមត្ថកិច្ច​គ្រោង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ទី​១៦ នេះ​។ សមត្ថកិច្ច​អះអាង​ថា ឃាតកម្ម និង​បទល្មើស​ផ្សេងៗ​មានការ​ថយ​ចុះ ប៉ុន្តែ​សង្គម​ស៊ីវិល​និយាយ​ថា បទល្មើស​នៅ​បន្ត​កើន​ឡើង បើ​ទោះបី​ចំនួន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ថយ​ចុះ។

ស្នងការ​រង​ខេត្ត​ព្រះសីហនុ លោក កុល ផល្លី នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​តុលា នេះ​ឱ្យ​ដឹង​ថា សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​ប្រាក់​ចំនួន ១.៧០០​ដុល្លារ ពី​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា។

លោក កុល ផល្លី បន្ត​ថា នគរបាល​លោក ក៏​បាន​ឃាត់​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត ដែល​ជា​ជនជាតិ​ចិន​បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ បាន​ប៉ុនប៉ង​លួច​ម៉ូតូ​មួយ​គ្រឿង​ពី​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​ចិន​ដូចគ្នា​នៅ​ក្រោយ​មួយថ្ងៃ​បន្ទាប់​មក៖ «គ្នា​វា​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ហើយ​ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដែរ ហើយ​បាន​ធ្វើ​សកម្មភាព​យក​ដែក​វ៉ៃ ជនរងគ្រោះ​ដួល​ម៉ូតូ​យក​លុយ​១.៧០០​ដុល្លារ​ហើយ​នឹង​ទូរស័ព្ទ​មួយ​គ្រឿង»

លោក​អះអាង​ថា បទល្មើស​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​មានការ​ថយ​ចុះ​ច្រើនតែ​លោក​មិន​មាន​ចំនួន​តួលេខ​ជាក់លាក់​ទេ ប៉ុន្តែ​លោក​ថា ចំនួន​ជនជាតិ​ចិន​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏​មាន​ការ​ថយ​ចុះ​ប្រមាណ ៥០​ភាគរយ៖ «យើង​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ទៅ​ប៉ុន្មាន គ្រាន់តែ​វា​ទៅ​ច្រើនតែ​ប៉ុណ្ណឹង វា​មិន​ដូច​រាល់ដង​ណាស់»

មន្ត្រី​ក្រសួងមហាផ្ទៃ​ធ្លាប់​អះអាង​ថា ជនជាតិ​ចិន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ច្រើន ដោយសារតែ​របប​លោក ហ៊ុន សែន បាន​ផ្អាក​ល្បែង​តាម​អ៊ីនធឺណិត។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ លោក ស្រេង វណ្ណី អះអាង​ផ្ទុយ​ពី​សមត្ថកិច្ច​ថា ឃាតកម្ម​និង​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​កើន​ឡើង តែ​លោក​ថា ចំនួន​ជនជាតិ​ចិន​ដែល​រស់នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​ថយ​ចុះ ក្រោយ​ពី​របប​លោក ហ៊ុន សែន បាន​បិទ​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កាល​ពី​ខែ​កញ្ញា មុន៖ «ខ្ញុំ​មើល​ឃើញ​ថា មិន​មាន​ការ​ថយ​ចុះ​ទេ ហើយ​វា​កាន់តែ​សាហាវ​ទៅទៀត​រហូតដល់​សម្លាប់​ហើយ​កាត់​សាកសព​ជា​កំណាត់ៗ និង​មាន​ការ​បាញ់សម្លាប់​នៅ​តាម​ផ្លូវ​ជាដើម»

របាយការណ៍​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ ២០១៩ បង្ហាញ​ថា មាន​ជន​អន្តោប្រវេសន៍​ចិន​ចំនួន​ជាង ២៥ ម៉ឺន នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ជាង ១១ ម៉ឺន​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង ជិត ១០​ម៉ឺន​នាក់ នៅ​ទីក្រុង​ភ្នំពេញ ហើយ​ភាគច្រើន ជន​ជាតិ​ចិន​ទាំងនោះ​តែងតែ​ប្រកប​របរ លេងល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​ផ្ញើ​របាយការណ៍​មួយ ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង សំដែង​ការ​ព្រួយ​​បារម្ភ អំពី​ទិដ្ឋភាព អវិជ្ជមាន​នៃ​ការ​កើនឡើង នូវ​វត្តមាន​របស់​ជនជាតិ​ចិន នៅ​ក្នុង​ខេត្ត​នេះ។

លោក យន្ត មីន ថា ជន​ជាតិ​ចិន​មួយ​ចំនួន បាន​ចូលរួម​ក្នុង​សកម្មភាព ឧក្រិដ្ឋកម្ម ដែល​បាន​រៀបចំឡើង ហើយ​បាន​ចំ​រួម​ចំណែក​ក្នុង​ការ​ជំរិត​ទារ​ប្រាក់ ពី​វិនិយោគិន ដទៃ​ទៀត ហើយ​ថា ពលករ​បរទេស​ដែល​ភាគច្រើន​ជា​ជន​ជាតិ​ចិន កំពុង​បង្កជម្លោះ​ជាមួយ​អ្នកស្រុក។ ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា និង​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ជូន​ប៉ូលិស​របស់​ចិន ឱ្យ​មក​ជួយ​បង្ក្រាប​អំពើ​ឧក្រិដ្ឋកម្ម​នានា​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន ដោយសារ​កំណើន​ជនជាតិ​ចិន​បាន​ចូល​មក​កម្ពុ​ជាច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments