RFA | ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អន្តរាគមន៍​ទៅ​វៀតណាម​ដោះលែង​សកម្មជនខ្មែរក្រោម | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​ភ្នំពេញ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ដែល​អាជ្ញាធរ​វៀតណាម​កំពុង​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការ​ទាមទារ​សិទ្ធិ​ជន​ជាតិ​ដើម។ សំណើ​ធ្វើ​ឡើង​មុន​ពេល​ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន តំណាង​ឲ្យ​កម្ពុជា​ដឹក​នាំ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម។

អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម និង​សកម្មជន​សិទ្ធិមនុស្ស​​​ស្វាគមន៍​គម្រោង​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​របស់​លោក ហ៊ុន សែន ប៉ុន្តែ​ពួក​គេ​ក៏​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​សាសនា​ព្រះពុទ្ធ​របស់​អាជ្ញាធរ​វៀតណាម មក​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ផង​ដែរ​។ ពួកគេ​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​យល់​ច្រឡំ​ថា ​វៀតណាម​នឹង​គោរព​សិទ្ធិ​ខ្មែរ​ក្រោម​ដោយសារ​តែ​កឋិន​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើក​ដំបូង ទាំង​ដែល​លោក​បាន​ដឹក​នាំ​ប្រទេស​រាប់​ទសវត្សរ៍​មក​ហើយ​ក្ដី។

សកម្មជន​សិទ្ធិ​មនុស្ស​កំពុង​រស់​នៅ​លើ​ទឹក​ដី​ខេត្ត​ ព្រះត្រពាំង ​លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​ លោក​ចង់​ឃើញ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​ហ៊ាន​ទាមទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​មនុស្ស និង​ព្រះ​សង្ឃ​ខ្មែរ​ក្រោម។

លោក ថាច់ ង៉ា បន្ត​ថា បច្ចុប្បន្ន​អាជ្ញាធរ​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ​ក្រោម​ ដែល​ហ៊ាន​ងើប​ឡើង​ទាមទារ​សិទ្ធិ។ លោក​ថា សូម្បី​ខ្លួន​លោក​ផ្ទាល់​ក៏​ត្រូវ​សមត្ថកិច្ច​វៀតណាម​ជិះ​ម៉ូតូ ​ដេញ​តាម​ពី​ក្រោយ​បណ្ដាល​ប្រពន្ធ​លោក​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ពេល​លោក​ចង់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ សកម្មជន​ខ្មែរ​ក្រោម​ផ្សេង​ទៀត។

លោកនាយក​មន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី៤ ខែ​តុលា បាន​បង្កើត​គណៈកម្មាធិការ​រៀបចំ​អង្គ​កឋិន​ទៅ​វត្ត​ខ្មែរ​ក្រោម ដែល​មាន​សមាសភាព​ថ្នាក់ដឹកនាំ​របស់​រដ្ឋាភិបាល​មួយ​ចំនួន។ អតីត​នាយករដ្ឋមន្ត្រី​​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា លោក ​និង​ប្រពន្ធ​​លោក​នឹង​ដង្ហែ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មួយ​ ទៅ​វត្ត​ខ្មែរ​ក្រោម ​នៅថ្ងៃទី៤ ខែ​វិច្ឆិកា ​ខាងមុខ​ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ផ្សេង​ទៀត​ដង្ហែ​ទៅ​ដោយ​ផ្ទាល់។ លោក ហ៊ុន សែន ថា ខ្មែរ​លើ​ ខ្មែរ​កណ្ដាល ខ្មែរ​ក្រោម ជាខ្មែរ​តែមួយ ទើប​ឈ្មោះ​អង្គ​កឋិន​ទាន​នេះ​ថា (អង្គ​កឋិនទាន ​មហា​សាមគ្គី​គ្រួសារ​ខ្មែរ) ដែល​ជនជាតិ​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ គ្រប់​គណបក្ស​នយោបាយ ​គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា។

ជុំវិញ​កឋិន​របស់​កម្ពុជា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរៈដីកា​ថា កឋិន​នេះ ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​បាន​ស្វែង​យល់​បន្ថែម​ទៀត ពី​ស្ថានភាព​ខ្មែរ​កម្ពុជា​ក្រោម​ ក្នុង​នោះ​ រួម​មាន​ការ​រស់​នៅ ​ការ​គោរព​ប្រតិបត្តិ​សាសនា វប្បធម៌ និង​ប្រពៃណី។

ព្រះអង្គ​បន្ត​ថា ពេល​ដង្ហែ​កឋិន​ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​ លោក ហ៊ុន ម៉ាណែត នឹង​មាន​ឱកាស​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ខ្មែរ​កម្ពុជា​ក្រោម។

បច្ចុប្បន្ន​មាន​ព្រះអង្គ​ ៥អង្គ​ និង​សកម្មជន​ខ្មែរ​ក្រោម​ ៨នាក់ ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ដាក់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ដោយសារ​តែ ​ពួកគេ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម និង​សាសនា។ ព្រះសង្ឃ ៥អង្គ ដែល​ត្រូវ​បាន​​អាជ្ញាធរ​វៀតណាម​ខេត្ត​លង់ហោរ​ចាប់​កាល​ពី​ខែ​មីនា រួម​មាន​ព្រះចៅ​អធិការ និង​ព្រះសង្ឃ​គង់​នៅ​វត្ត​ប្រជុំពលមង្គលបូរី ឬ​ហៅថា វត្តទ្រនំសេក​ចំនួន ៥អង្គ​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ» និង​ពី​បទ «ការ​ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់» ។ដោយឡែក​ ព្រះសង្ឃ​ខ្មែរក្រោម​មួយ​អង្គ​ទៀត​គឺ​ព្រះភិក្ខុ គឹម សំរិន្ទ ដែល​ជា​សកម្មជន​សង្ឃ និង​ជា​អ្នក​កសាង​រូប​សំណាក​លោក​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​ឧកញ៉ា សឺន គុយ ​តម្កល់​ទុក​នៅ​ផ្ទះ​ក្នុង​ខេត្ត​ព្រះត្រពាំង  ត្រូវ​បាន​គណៈសង្ឃ​ខេត្ត​ក្រោម​ឥទ្ធិពល​វៀតណាម​ ប្រកាស​មិន​ទទួល​ស្គាល់​ព្រះអង្គ​ជា​អ្នកបួស និង​មិន​អនុញ្ញាត​ឱ្យ​វត្ត​ជាង ១៤០វត្ត ​ក្នុង​ខេត្ត​ព្រះត្រពាំង​ទទួល​យក​ព្រះអង្គ​គង់​។បច្ចុប្បន្ន​ព័ត៌មាន​មិន​ទាន់​ផ្លូវការ​អះអាង​ថា កម្ពុជា​នឹង​ដង្ហែ​កឋិន​ទៅ​វត្ត​ស្វាយសៀម​ថ្មី នៅ​ខេត្ត ព្រះត្រពាំង។ ខេត្ត​ព្រះត្រពាំង​ជា​ខេត្ត​មួយ​ដែល​សម្បូរ​ដោយ​ទៅ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments