RFA | ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្នើ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រទេស​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដូចជា ប្រទេស​បារាំង និង​អូស្ត្រាលី​ជាដើម បាន​ថ្លែង​សារ​ក្នុង​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

ស្ថានទូត​សហភាព​អឺរ៉ុប​បាន​ថ្លែង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៣ ខែ​តុលា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​សម្រេច​បាន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដែល​មាន​គោលដៅ​បញ្ចប់​សង្គ្រាម និង​ការ​ឈឺចាប់​ជាច្រើន​ឆ្នាំ​នៅ​កម្ពុជា​។ កិច្ចព្រមព្រៀង​នេះ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហគម​ន៍​អន្តរជាតិ​ក្នុង​ការ​គាំទ្រ​ការផ្លាស់ប្ដូរ​របស់​កម្ពុ​ជា​ឆ្ពោះ​ទៅ​កាន់​ការផ្សះផ្សា ការ​អភិវឌ្ឍ និង​ការគោរព​សេរី​ភាពជា​មូលដ្ឋាន។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មិន​ត្រឹម​តែ​មាន​គោលដៅ​ស្វែងរក​សន្តិភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើត​នូវ​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​ស្ថិរភាព​ដែល​ផ្អែកលើ​ការគោរព​សិទ្ធិមនុស្ស អភិបាលកិច្ច​ប្រកបដោយ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ ប្រវត្តិសាស្ត្រ​ដ៏​សោកនាដកម្ម​ដែល​កម្ពុជា​បាន​ឆ្លងកាត់​បាន​តម្រូវ​ឱ្យ​អាជ្ញាធរ និង​សហគមន៍​អន្តរជាតិ​គោរព​ការ​ប្ដេជ្ញាចិត្ត​ដែល​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ស្ដារ​សន្តិភាព និង​ការ​អភិវឌ្ឍ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ថា សហភាព​អឺរ៉ុប​មាន​មោទនភាព​ចំពោះ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ដែល​បាន​បង្កើត​ឡើង​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​បី​ទសវត្សរ៍​ចុងក្រោយ​នេះ។ ក្នុង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ និង​អនុលោម​តាម​មរតក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​គោលការណ៍​មាន​ចារ​នៅក្នុង​រដ្ឋធម្មនុញ្ញ សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដកចេញ​នូវ​ការ​ដាក់​សម្ពាធ​លើ​ការអនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ជាពិសេស​សម្រាប់​អ្នកសារព័ត៌មាន សមាជិក​ក្រុម​ប្រឆាំង និង​អង្គការ​ក្រៅរដ្ឋាភិបាល​នានា។

ចំណែក​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​លើកឡើង​ថា ៣៣ ឆ្នាំមុន រដ្ឋាភិបាល​អូស្ត្រាលី គឺជា​សហ​ហត្ថលេខី​មួយ​ក្នុងចំណោម​សហ​ហត្ថលេខី​ចំនួន ១៩ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដែល​នាំ​ឱ្យ​មានដំណើរ​ការ​ឆ្ពោះ​ទៅ​រក​សន្តិភាព និង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍។

អូស្ត្រាលី​មាន​សេចក្តី​រីករាយ ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ទាំងនេះ​ជា​ការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ដែល​ជួយ​សម្រួល​ដល់​ការរៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣។ កិច្ចព្រមព្រៀង​ទាំង​នេះ បាន​បង្កើត​គោលការណ៍​នានា​សម្រាប់​ការបង្កើត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ផ្អែកលើ​នីតិរដ្ឋ និង​ការ​ការពារ​សិទ្ធិមនុស្ស។

ចំណែក​អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស ២៣ តុលា ១៩៩១ ក៏​ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម។ លោក​ថា ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​លោក គឺ​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​លោក​ថា បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទាំងមូល​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ។

រីឯ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នាំមក​នូវ​ក្តី​សង្ឃឹម​សម្រាប់​កម្ពុជា​ជា​លើកដំបូង ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​បំផ្លាញ ដោយសារ​របប ហ៊ុន សែន មិន​គោរព​តាម​លក្ខខណ្ឌ​បន្តិច​ម្តងៗ។ លោក សម រ​ង្ស៉ី ថា ប៉ុន្មាន​ឆ្នាំក្រោយ​មកនេះ ប្រទេស​កម្ពុជា​បាន​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ ដោយ​គ្រួសារ លោក ហ៊ុន សែន បាន​ប្រមូល​ក្ដោប​អំណាច​ទាំងមូល និង​កាត់ផ្ដាច់​សេរីភាព​នយោបាយ។

ដោយឡែក​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្នុង​រយៈពេល ៣៣​ឆ្នាំ​កន្លង​មក​នេះ គោលការណ៍​គ្រឹះ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ត្រូវ​បាន​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ឡើយ ដូចជា ការ​បង្រួបបង្រួម និង​ឯកភាព​ជាតិ ការគោរព​សិទ្ធិមនុស្ស គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ។ ដូច្នេះ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត អំពាវ​ដល់​បណ្ដា​ប្រទេស​ហត្ថលេខី​ទាំងអស់ បន្ត​ជួយ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​បាន​ពេញលេញ ដើម្បី​ជួយ​ស្ការ និង​កសាង​ប្រទេស​កម្ពុជា ព្រមទាំង​រួមចំណែក​ដល់​ការ​កសាង​សន្តិភាព និង​សន្តិសុខ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ទោះបីជា​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី ក៏​លោ​កថា​រដ្ឋាភិបាល​នៅតែ​គាបសង្កត់​ទៅលើ​សំឡេង​រិះគន់ និង​ធ្វើ​ឱ្យ​លំហ​សិទ្ធិមនុស្ស​កាន់តែ​រួម​តូច។ លោក​អំពាវនាវ​ដល់​អ្នក​នយោបាយ​គ្រប់​និន្នាការ​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើងវិញ។

លោក នី សុខា៖ «ប៉ុន្តែ​បើ​យើង​ពិនិត្យមើល​ស្មារតី​នៃ​ការអនុវត្ត ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ារីស​ដែល​និយាយ​អំពី​ដែល​និយាយ​ពី​ការគោរព​សិទ្ធិមនុស្ស ការគោរព​គោលការណ៍​ប្រជាធិបតេយ្យ ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការផ្សះផ្សា​ការ​បង្រួប​បង្រួម​ជាតិ​ទាំងអស់​នេះ យើង​ឃើញ​ថា មក​ទល់​ពេល​នេះ​ការអនុវត្ត​នូវ​ស្មារតី​ហ្នឹង យើង​សង្កេត​ឃើញ​ថា​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ​នៅឡើយ​ទេ»

កាល​ថ្ងៃ​ពី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ភាគី​ជម្លោះ​ទាំង ៤ របស់​កម្ពុជា​រួមមាន រដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចលនា​តស៊ូ​ហ៊្វុនស៊ិនប៉ិច តំណាង​ដោយ​សម្តេច​ព្រះ នរោត្តម សីហនុ និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ឋិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ តំណាង​ដោយ​លោក សឺន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ​ឬ ក្រុម​ខ្មែរ​ក្រហម តំណាង​ដោយ លោក ខៀវ សំផន បាន​ឈាន​ទៅ​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មកពី ១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ​១៩៩៣។ ទោះជា​យ៉ាងណា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ទៅតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ ជាពិសេស​នៅ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​អ្នកនយោបាយ​បក្ស​ប្រឆាំង ដែល​ប្រាសចាក​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments