RFA | មន្ត្រី​បរិស្ថាន​មួយ​ចំនួន​នៅ​ខេត្តស្ទឹងត្រែង​រង​ការ​ចោទ​ថា ចាប់​ពលរដ្ឋ​ជំរិត​ទារ​លុយ​ជា​ថ្នូរ​នឹង​ការ​ដោះលែង | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ចោទ​មន្ត្រី​បរិស្ថាន​មួយ​ចំនួន​ដែល​ប្រចាំការ​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ជា​ច្រើន​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។

ចាប់​តាំង​ពី​ឆ្នាំ២០២៣ រហូត​មក​ទល់​នេះ ពលរដ្ឋ​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នកភូមិ ៥នាក់​ហើយ ដែល​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ប្រឌិត​សំណុំ​រឿង​មិន​ពិត ដើម្បី​​ឃាត់​ខ្លួន​ពលរដ្ឋ​ស្លូតត្រង់​ជំរិត​ទារ​លុយ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ឱ្យ​មាន​សេរីភាព។

ក្នុង​ចំណោម​អ្នកភូមិ ៥គ្រួសារ​នោះ មាន​ពលរដ្ឋ ២គ្រួសារ រស់​នៅ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​ចោទ​មន្ត្រី​បរិស្ថាន​ម្នាក់​ឈ្មោះ អ៊ីវ ឆេន និង​បក្ខពួក​ថា បាន​ចាប់​ខ្លួន​សមាជិក​គ្រួសារ​របស់​ពួក​គាត់​យ៉ាង​អយុត្តិធម៌ ដោយ​ជំរិត​ទារ​ប្រាក់​ជា​ច្រើន​លាន​រៀល ប្រសិន​បើ​ពួក​គាត់​គ្មាន​លុយ​បង់​ឱ្យ​ពួក​គេ​ទេ នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ពលរដ្ឋ​រស់​នៅ​ភូមិកាំងក្ងោក ឃុំកាំងចាម លោកស្រី ឃុត ខឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៨ តុលា​ថា មន្ត្រី​បរិស្ថាន​ឈ្មោះ អ៊ីវ ឆេន ហៅ ឈក បាន​ឃាត់​ខ្លួន​ប្ដី របស់​លោក​ស្រី​ឈ្មោះ សេក សាក់ យ៉ាង​អយុត្តិធម៌ ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​រុន​រាន​ដី​ព្រៃ​ ហើយ​បញ្ជូន​ឃុំ​ខ្លួន​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង។

លោកស្រី​បញ្ជាក់​ថា មន្ត្រី​បរិស្ថាន​រូប​នេះ បាន​ទូរស័ព្ទ​ប្រាប់​លោកស្រី​ថា បើ​ចង់​ឱ្យ​ប្ដី​មាន​សេរីភាព​វិញ ត្រូវ​យក​លុយ ៧លាន​រៀល ឬ​ជិត ២ពាន់​ដុល្លារ​មក​បង់​ឱ្យ​ពួកគេ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត បើ​មិន​ដូច្នេះ​ទេ​នឹង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

លោកស្រី ឃុត ខឿន៖ «គាត់​ថា​ឥឡូវ​ប្អូន​យក​លុយ​មក​លស់​ប្ដី ៧លាន​មក អត់​ស្គាល់​ពូ ឈក ទេ​អី?​ ពូ​អើយ​កុំ​ថា​ឡើយ ៧លាន សូម្បី ២០ម៉ឺន​រៀល​ក្នុង​កាបូប​ក៏​ខ្ញុំ​គ្មាន​ដែរ ព្រោះ​ប្ដី​ខ្ញុំ​ទៅ​ស៊ី​ឈ្នួល​គេ​ទេ។ គាត់​ថា បើ​គ្មាន​លុយ​មក​លស់​ប្ដី​ក្នុង​ពេល​វេលា​នេះ​ទេ ថ្ងៃ​ស្អែក​ឡើង​នឹង​បញ្ជូន​ទៅ​ទៀត​ហើយ និង​តេ​មក​គំរាម​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ទៀត»

ស្ត្រី​ដដែល​បន្ថែម​ថា ដោយសារ​តែ​គ្មាន​ប្រាក់​លស់​ប្ដី មន្ត្រី​បរិស្ថាន​បាន​បញ្ជូន​គាត់​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជិត ៦មក​ហើយ។ លោកស្រី​អះអាង​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ដោយ​គាត់​គ្រាន់​តែ​ស៊ីឈ្នួល​ធ្វើជា​កម្មករ​កាប់​ចម្ការ​សំអាត​ដី​ឱ្យ​គេ ដើម្បី​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព។

ចំណែក​ឯ​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ វ៉ែន វុទ្ធី ដែល​ធ្លាប់​ត្រូវ​បាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​លោក ស្រេង ជាហេង បញ្ជា​កូន​ចៅ​ឱ្យ​ចាប់​ខ្លួន កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី​ជំរិត​ទារ​លុយ ៤ពាន់ដុល្លារ ​ជា​ថ្នូរ​ដោះ​លែង​ឱ្យ​រួច​ខ្លួន ក៏​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​រឿង​នេះ​ដែរ។

លោក វ៉ែន វុទ្ធី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ កញ្ញា​ថា លោក និង​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ វ៉ន ថា រង​ភាព​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ត្រូវ​មន្ត្រី​បរិស្ថាន​ឈ្មោះ អ៊ីវ ឆេន ហៅ ឈក ចាប់​ខ្លួន​​បញ្ជូន​ទៅ​ ឃុំ​ខ្លួន​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​២០២៣ ខណៈ​ពួក​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ។​

លោក​អះអាង​ថា លោក​បាន​បង់​លុយ​ឱ្យ​មន្ត្រី​បរិស្ថាន​ម្នាក់ៗ ២ ពាន់​ដុល្លារ សរុប ៤ ពាន់​ដុល្លារ ក៏ប៉ុន្តែ​មន្ត្រី​បរិស្ថាន​បែរ​ជា​សរសេរ​របាយការណ៍​បំភ្លៃ ក្នុង​លិខិត​ថា​ ពួកគេ​ទទួល​ប្រាក់​ពី​ពួក​លោក​តែ​ជិត ៨ លាន​រៀល​ប៉ុណ្ណោះ។

លោក វ៉ែន វុទ្ធី៖ «គេ​យក​ម្នាក់​៨​លាន បើ​យើង​មិន​ឱ្យ​ទេ គេ​ចាប់​ញាត់​គុក​ហ្នឹង​ហើយ​ តែ​មុន​នឹង​ឡើង​តុលាការ​និង​ជាប់​គុក ខ្ញុំ​ក៏​ចង់​ឱ្យ​មាន​យុត្តិធម៌ និង​មាន​គេ​ដឹង​ឮ​ខ្លះ​ផង​ ថា​យើង​មិន​បាន​ខុស​ផង​គេ​ចាប់​ដាក់​គុក​ដែរ»

កន្លងទៅ ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​ខេត្ត​ស្ទឹងត្រែង លោក ទូច វិចិត្រ បាន​សរសេរ​លិខិត​បំភ្លឺ​ថ្លែង​ការពារ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង លោក​ស្រេង ជាហេង ដែល​រង​ការ​ចោទ​ថា ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ ២នាក់ ចំនួន ៤ពាន់​ដុល្លារ ជា​ថ្នូរ​ដោះ​លែង​ឱ្យ​រួច​ខ្លួន​វិញ។

លោក ទូច វិចិត្រ អះអាង​ថា ជន​សង្ស័យ ២នាក់ ​ឈ្មោះ វែន វុទ្ធី និង​ឈ្មោះ វ៉ន ថា ត្រូវ​បាន​មន្ត្រី​ជំនាញ​ពិន័យ​អន្តរការណ៍​បង្គាប់​ឱ្យ​បង់​ប្រាក់​ជិត ៨លាន​រៀល (.៩៧០.០០០) ឬ​ស្មើ​ជិត ២ពាន់​ដុល្លារ​អាមេរិក ដើម្បី​យក​ថវិកា​ចូល​រដ្ឋ ផ្អែក​តាម​ច្បាប់ និង​អប់រំ​ណែនាំ​ធ្វើ​កិច្ច​សន្យា។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក ស្រេង ជាហេង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៨ តុលា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​មន្ត្រី​បរិស្ថាន លោក អ៊ីវ ឆេន ហៅ ឈក ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៉ុណ្ណារ៍ ពន្យល់​ថា ប្រសិន​បើ​មន្ត្រី​បរិស្ថាន​ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ គឺ​ជា​អំពើ​ពុក​រលួយ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​ករណី​ទាំង​អស់​នេះ​ឱ្យ​ច្បាស់​លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ ៖

លោក ប៉ែន ប៉ុណ្ណារ៍៖ «ការ​ជំរិត​ទារ​ប្រាក់​ប្រជា​ពលរដ្ឋ​វា​ស្ថិត​នៅ​ក្នុង​អំពើ​ពុករលួយ​ បើ​តាម​ផ្លូវ​ច្បាប់​មន្ត្រី​ទាំង​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នៅ​មុខ​ច្បាប់​ ហើយ​អ្នក​ទី​បី​ដែល​ឃើញ​ហេតុការណ៍​នោះ​គួរតែ​ប្ដឹង​ទៅ​តំណាង​អយ្យការ​ចាប់​ពួកគេ​ទៅ​តាម​ផ្លូវ​ច្បាប់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​​ទេ មន្ត្រី​ខិលខូច​នៅ​តែ​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់​តាម​ទំនើង​ចិត្ត​ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដុះ​ស្លែ​ នាំ​ឱ្យ​កើន​ឡើង​វប្បធម៌​និទ្ទណ្ឌភាព​ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments