ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​​ស្ទឹងត្រែង​សម្ដែង​សិល្បៈ​វាយ​ខែល​ក្នុង​ពិធី​បុណ្យ​ប្រសាទ​ព្រះគោ

By , Comment
Share on Facebook Tweet on Twitter
ជនជាតិ​ដើម​ភាគ​តិច​កួយ សម្ដែងសិល្បៈ​វាយខែល ​នៅ​ទីធ្លា​ប្រសាទ​ព្រះគោ​នៃ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៨។ RFA/Men Sothyr

ដោយ ម៉ែន សុធីរ RFA 2017-04-15

អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ប្រារព្ធ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ ផ្សារភ្ជាប់​សិល្បៈ​វាយ​ខែល​ជា​រៀងរាល់​ឆ្នាំ​រយៈពេល ៣​យប់ ៤​ថ្ងៃ ដោយ​ចាត់​ទុក​ជា​សិល្បៈ​រំឭក​គុណ​ព្រះ​គោ ព្រះ​កែវ បួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន និង​ដើម្បី​អភិរក្ស​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​នា​ខែត្រ​ភាគ​ឦសាន​នេះ។ ជនជាតិ​ដើម​ភាគតិច​កួយ ចាត់​ទុក​សិល្បៈ​វាយ​ខែល ថា​ជា​ការ​រំឭក​គុណ​បុព្វបុរស​ខ្មែរ​ធ្វើ​សង្គ្រាម​ដោយ​ប្រើ​អាវុធ រួម​មាន​ដាវ និង​លំពែង។

«សំឡេង​ភ្លេង​សិល្បៈ​វាយ​ខែល»

រំពាត់​ផ្ដៅ​អម​ដោយ​ខែល និង​ស្គរ​គឺ​ជា​ឧបករណ៍​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​កួយ យក​មក​សម្ដែង​សិល្បៈ​វាល​ខែល​ក្នុង​ពិធី​បុណ្យ​នៅ​មុខ​ប្រាសាទ​ព្រះ​គោ។

ការ​សម្ដែង​សិល្បៈ​នេះ គេ​ចាត់​ឲ្យ​មាន​មនុស្ស​ពីរ​នាក់​ដែល​មក​ពី​ឃុំ​ផ្សេង​គ្នា​ប្រកួត​ជា​ក្រុម ហើយ​ប្រកួត​ម្ដង​មួយ​គូ អម​ដោយ​អាជ្ញាកណ្ដាល​ម្នាក់។ ដៃ​ឆ្វេង​កាន់​ខែល ដៃ​ស្ដាំ​កាន់​រំពាត់​ត្រូវ​បាន​គេ​វាយ​សំដៅ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំងៗ ពេល​ខ្លះ​ចំ​ខែល និង​ខ្លះ​ចំ​ជើង​ដៃ​ដង​ខ្លួន និង​ខ្លះ​រហូត​ដល់​ប៉ះចំ​ភ្នែក​ក៏​មាន​ដែរ។ ការ​វាយ​បែប​នេះ​ជនជាតិ​កួយ ជឿជាក់​ថា មាន​បារមី​គ្រូបាធ្យាយ និង​ព្រះ​គោ ថែរក្សា។

ជនជាតិ​ដើម​ភាគតិច​ខ្លះ បរិភោគ​ប្រទាល ឬ​មើម​ឈើ​ដែល​គេ​ជឿ​ថា វាយ​មិន​ឈឺ។

​អ្នក​ប្រកួត​សិល្បៈ​វាល​ខែល​ម្នាក់​ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​លោក ផាន់ វ៉ាត់ ចាត់​ទុក​ពិធី​បុណ្យ​វាល​ខែល ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច និង​រំឭក​គុណ​ព្រះ​គោ ព្រះ​កែវ ឲ្យ​ជួយ​ថែរក្សា​ពលរដ្ឋ​ឲ្យ​ជួប​សេចក្ដី​សុខ​ចម្រើន។ លោក​ចំណាំ​ថា ឆ្នាំ​កន្លង​ទៅ​អាជ្ញាធរ​ស្រុក​បាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រាសាទ​ព្រះ​គោ  តែ​ពុំ​ប្រារព្ធ​ពិធី​វាល​ខែល បណ្ដាល​ឲ្យ​ថ្នាក់ដឹកនាំ​ស្រុក​មួយ​ចំនួន​កើត​មាន​រឿងរ៉ាវ​ឥត​ឈប់ឈរ។ ដោយសារ​កត្តា​នេះ​ហើយ ទើប​អាជ្ញាធរ​ស្រុក​ច្រើន​ជំនាន់​មក​ហើយ ពុំ​មើល​រំលង​ពិធី​បុណ្យ​នេះ​ទេ ដោយ​ភ្ជាប់​សិល្បៈ​វាយ​ខែល​ផង។

លោក ផាត់ វ៉ា់ត់ មាន​ជំនឿ​ថា ការ​ថែរក្សា​កេរដំណែល​ដូនតា​ឲ្យ​ល្អ​នោះ ហាក់​បី​ដូចជា​ការ​ដឹង​គុណ​បុព្វបុរស​ខ្មែរ​ដូច្នេះ​ដែរ៖ «តាំង​ពី​ប្រាសាទ ប្រាសាទ​មក ខ្ញុំ​ដឹង​តៗ​ពី​ចាស់​មក តែងតែ​បុណ្យ​រៀងរាល់​ឆ្នាំ ហើយ​រៀងរាល់​ឆ្នាំ​ជនជាតិ​ដើម​ភាគតិច និង​កីឡា​វាយ​ខែល មក​វ៉ៃ បើ​ថា​បុណ្យ​ម្ដងៗ បើ​ថា​អត់​មាន​ក្រុម​កីឡា​វាយ​ខែល គឺ​អត់​សុខ​ទេ»។

​ព្រះចៅ​អធិការ​វត្ត​ថាឡាបរិវ៉ាត់ ព្រះតេជព្រះគុណ ពុធ យ៉ាំ មាន​ថេរដីកា​ថា ប្រាសាទ​ព្រះ​គោ គឺ​ជា​ទី​សក្ការ​ដែល​គេ​តែងតែ​គោរព​បូជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​អ្នកស្រុក​ថាឡាបរិវ៉ាត់ តែងតែ​រៀបចំ​ពិធីបុណ្យ​ប្រាសាទ​ព្រះ​គោ សុំ​សេចក្ដី​សុខ​ចម្រើន ធ្វើ​កសិកម្ម​បាន​ផល​ច្រើន។ លើស​ពី​នេះ បើ​អ្នក​ភូមិ​មាន​ជំងឺ​ឈឺ​គឺ​តែងតែ​យក​តង្វាយ បួងសួង​នៅ​ប្រាសាទ​ព្រះ​គោ និង​តែងតែ​ជា​សះស្បើយ​ដូច​បំណង។

ព្រះអង្គ​មាន​ថេរដីកា​បន្ត​ថា អ្នកស្រុក​មាន​ជំនឿ​លើ​សិល្បៈ​វាយ​ខែល ឬ​ហៅ​ថា វាយ​កួយ ដែល​គេ​ជឿ​ថា ធ្វើ​ពិធី​នេះ​នឹង​នាំ​សេចក្ដី​សុខ​ចម្រើន ប្រសិនបើ​អ្នក​ស្រុក​ពុំ​បាន​ប្រារព្ធ​ពិធី​នេះ​ទេ​គេ​ជឿ​ថា អ្នក​ភូមិ​ច្រើន​កើត​ជំងឺ ជាពិសេស​អាជ្ញាធរ​ស្រុក​តែងតែ​មាន​បញ្ហា​មិន​ចេះ​ចប់៖ «គេ​ធ្លាប់​ធ្វើ​ពិធី​នេះ​តាំង​ពី​ដើម​មក បើ​មិន​ធ្វើ​ពិធី​នេះ​អ្នកស្រុក​នឹង​មាន​ជំងឺ​ច្រើន។ មាន​បញ្ហា​ចេញ​ចុះ​តាំង​ពី​មន្ត្រី​រាជការ»។

​ព្រះតេជព្រះគុណ ពុធ យ៉ាំ កត់សម្គាល់​ថា កាល​ពី​ទសវត្សរ៍​ទី​៨០ មាន​ជនជាតិ​វៀតណាម យក​កាំបិត​សំលៀង​នៅ​ចម្លាក់​ប្រាសាទ​ព្រះ​គោ ជួប​ប្រទះ​គ្រោះ​ធ្ងន់​បណ្ដាល​ឲ្យ​ស្លាប់​ច្រើន​នាក់។ ព្រះអង្គ​បារម្ភ​ថា ការ​អភិរក្ស​ប្រាសាទ​នេះ​មាន​ភាព​ធូរ​លុង​បណ្ដាល​ឲ្យ​ទ្រង់ទ្រាយ​ប្រាសាទ​រង​ភាព​ទ្រុឌទ្រោម ហើយ​អ្នក​ស្រុក​ថាឡាបរិវ៉ាត់ មួយ​ចំនួន​បាន​លែង​គោ​ក្របី ពាសវាលពាសកាល​ចូល​បរិវេណ​ប្រសាទ​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រាសាទ។ បញ្ហា​នេះ​ព្រះអង្គ​ចង់​ឲ្យ​ក្រសួង​វប្បធម៌​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ប្រាសាទ​បន្ថែម ខណៈ​ឆ្មាំ​អភិរក្ស​ប្រាសាទ​បច្ចុប្បន្ន​ហាក់​ដូច​ជា​ពុំ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ឲ្យ​បាន​ល្អ​នោះ​ទេ។

ព្រះអង្គ​កត់សម្គាល់​ថា អ្នក​ភូមិ​តែង​យក​តង្វាយ​មាន​ចេក ស្មៅ​ខ្ចី និង​ស្លាធម៌​ជាដើម ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន​នៅ​ក្នុង​ពិធី​បុណ្យ​ប្រាសាទ​រៀងរាល់​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ព្រះអង្គ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល និង​ពលរដ្ឋ​គាំទ្រ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​កួយ ដូចជា​សិល្បៈ​វាយ​ខែល​ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច៖ «ដូច​ប្រាសាទ​កាល​ពី​មុន​នៅ​ល្អ តែ​ចាស់ៗ។ ភាព​យល់​ដឹង​ពលរដ្ឋ​អី​តិចតួច គាត់​ចេះតែ​ឆ្កឹះ​យក​ថ្ម​យក​ឥដ្ឋ​អី​​ទៅ និង​យក​កំណប់​បាន​ប្រាសាទ​វា​ទ្រុឌទ្រោម»។

នាយក​រដ្ឋបាល​សាលាស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី  មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​តែងតែ​ជ្រោមជ្រែង​បង្កើត​ឲ្យ​មាន​ពិធី​បុណ្យ​ប្រាសាទ​ព្រះ​គោ ជា​រៀងរាល់​ឆ្នាំ អម​ដោយ​សិល្បៈ​វាល​ខែល និង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ដែល​ត្រូវ​បាន​លេង​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ។ លោក​ថា បុណ្យ​ប្រាសាទ​ព្រះ​គោ​ឆ្នាំ​នេះ មាន​ការ​ប្រកួត​បាល់​ទាត់ មាន​ទាំង​វ័យ​ចំណាស់ និង​វ័យ​ក្មេង ដែល​ប្រកួត​វិល​ជុំ​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា។ លើស​ពី​នេះ ក្នុង​ពិធី​បុណ្យ​ប្រាសាទ​ថ្ងៃ​ទី​១ មាន​ពិធី​ក្រុង​ពាលី ពិធី​សូត្រមន្ត រហូត​ដល់​ម៉ោង ៤​ល្ងាច​ទើប​ចាប់​ផ្ដើម​សិល្បៈ​វាយ​ខែល រយៈពេល ៣​ថ្ងៃ។

លោក​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ មក​ពី​ស្រុក​ឆែប ខែត្រ​ព្រះវិហារ បាន​ប្រកួត​សិល្បៈ​វាយ​ខែល ជាមួយ​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរិវ៉ាត់។ លោក​ទទួល​ស្គាល់​ថា កីឡាករ​ខ្លះ​បរិភោគ​ប្រទាល ឬ​មើល​ឈើ​ដើម្បី​ការពារ​កុំ​អោយ​គេ​វាយ​ឈឺ​សាច់​ពេល​ប្រកួត​វាយ​ខែល ក៏ប៉ុន្តែ​កីឡាករ​ដែល​បរិភោគ​ប្រទាល​គេ​ឃើញ​មាន​តែ​ជនជាតិ​ដើម​ភាគតិច​នៅ​ស្រុក​ឆែប​នោះ​ទេ៖ «កីឡាករ​មក​ពី​ស្រុក​ឆែប គឺ​គាត់​មាន​ប្រទាល​ដែល​គាត់​ហូប ហើយ​យើង​បាន​បាន​សួរ​គាត់​ថា ប្រទាល​ហ្នឹង​ហូប​ទៅ​យ៉ាង​ម៉េច? គាត់​ថា ហូប​ទៅ​វាយ​មិន​ឈឺ​សាច់។ តែ​យើង​មិន​ដែល​សាក​ដែរ មិន​ដឹង​ពិត​មែន​អ៊ីចឹង ឬ​យ៉ាង​ម៉េច​ទេ»។

បរិវេណ​ប្រាសាទ​ព្រះ​គោ ដែល​គេ​ប្រារព្ធ​វាល​ខែ មាន​ទំហំ​ប្រហែល​ជាង ២​ហិកតារ រាង​ជា​រង្វង់ មាន​រូបសំណាក​ឥសី​ពីរ​អង្គ​អម​សងខាង​ក្នុង​ប្រាសាទ មាន​ចម្លាក់​យោនី នាង សុម៉ាវតី និង​លិង្គព្រះឥសូរ។

អ្នក​ជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់​លើក​ឡើង​ថា  ប្រាសាទ​ព្រះ​គោ ដែល​អ្នកស្រុក​ថាឡាបរិវ៉ាត់ ជឿជាក់​ថា ពូកែ​សក្ដិសិទ្ធិ​នោះ កសាង​ឡើង​នៅ​សម័យ​មុន​អង្គរ គឺ​សម័យ​ចេនឡា​ក្នុង​សតវត្ស​ទី​៧ ឈាន​ចូល​ដល់​សតវត្ស​ទី​៨ នៃ​គ.ស​ដោយ​ព្រះបាទ​វរ្ម័ន​ទី​១ សម្រាប់​ឧទ្ទិស​ជូន​អាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា។ នៅ​ខាង​មុខ​ប្រាសាទ​ចម្ងាយ​ជាង ១០​ម៉ែត្រ​មាន​បដិមា​រូប​ព្រះគោ បែក​បាក់​មួយ​ចំហៀង​ខ្លួន​ខាង​ស្ដាំ​ដែល​គេ​សង្ស័យ​ថា ជនខិលខូច​បំផ្លាញ​ប្រហែល ៣០​ឆ្នាំ​មក​ហើយ ថែម​ទាំង​មាន​ស្នាម​ប្រេះ​ពុះ​ច្រៀក​ស្ទើរ​ពាក់កណ្ដាល​ខ្លួន តែ​ត្រូវ​បាន​បិទ​វិញ​ដោយ​ស៊ីម៉ងត៍​នៅ​ពេល​ថ្មីៗ​នេះ។ ស្ថានភាព​បដិមា​ព្រះ​គោ បែប​នេះ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ផ្នែក​ប្រវត្តិវិទ្យា​ដាក់​ការ​សង្ស័យ​ថា ជា​ការ​ស្វែង​រក​កំណប់​របស់​ជន​ខិលខូច៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments