RFA | អ្នក​ឃ្លាំមើល​ថា ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​ប្រឈម​ទណ្ឌកម្ម | hot news

By , Comment
Share on Facebook Tweet on Twitter

សារព័ត៌មាន​អន្តរជាតិ​ចុះ​ផ្សាយ​ព្រោងព្រាត ទាក់ទង​នឹង​សំណុំ​រឿង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ខណៈ​អង្គការ​ជាតិ អន្តរជាតិ រួមមាន បណ្ដា​ប្រទេស​លោក​សេរី សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​នានា នាំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​អ្នក​កាសែត​រូប​នេះ ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។ អ្នក​ឃ្លាំមើល​យល់​ថា ប្រតិកម្ម និង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​នេះ នឹង​កាន់​តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង​ប្រឈម​ទណ្ឌកម្ម​ថ្មីៗ បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​សេរី ប្រជាធិបតេយ្យ។

អ្នក​ឃ្លាំមើល លើក​ឡើង​ថា ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​នៅ​ជុំវិញ​ពិភព​លោក ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន កាន់​តែ​អាម៉ាស់​មុខ​នៅ​លើ​ឆាក​អន្តរជាតិ និង​ក៏​ជា​មូលដ្ឋាន​សំខាន់​មួយ សម្រាប់​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ពិចារណា​បន្ថយ​ទំនាក់ទំនង​ការ​ទូត និង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត។

ពួក​គេ​ពន្យល់​ថា ការ​ចុះផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​អន្តរជាតិ​ក្នុង​រឿង​លោក ម៉ិច ដារ៉ា នេះ មាន​ចម្រុះ​ខ្លឹមសារ តាំង​ពី​ការ​គាស់​កកាយ​នូវ​ទិន្នន័យ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ព្រមទាំង​មតិ​ពី​អ្នក​ជំនាញ ដែល​បាន​វាយ​តម្លៃ​មិន​ល្អ ចំពោះ​ស្ថានភាព​ប្រទេស​កម្ពុជា ដូច្នេះ រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ពិបាក​ចៀស​ផុត​ពី​ការ​បាក់​មុខ និង​រង​ទណ្ឌកម្ម​ខ្លះ​ទៀត បើ​មិន​សម្រួល​ដោះ​លែង​ លោក ម៉ិច ដារ៉ា ទេ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៤ ខែតុលា ថា ការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​លោក ម៉ិច ដារ៉ា រដ្ឋាភិបាល​ភ្នំពេញ​សព្វ​ថ្ងៃ ត្រូវ​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត ជាពិសេស ត្រូវ​ប្រឈម​នឹង​ការ​ពិបាក​ស្ដារ​ទំនុក​ចិត្ត ទំនាក់ទំនង​ការ​ទូត​ជាមួយ​បណ្ដា រដ្ឋ ដែល​ជា​មិត្ត​ប្រជាធិបតេយ្យ។ លោក​ថា នេះ​ជា​បរាជ័យ​ការ​ទូត​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

លោក វ៉ន ចាន់ឡូត ថា ករណី​នេះ អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជួប​នូវ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​មួយ​កម្រិត​ទៀត ពីព្រោះ​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ជា​ការ​បញ្ជាក់​ថា អ្នក​កាន់​អំណាច​គ្មាន​ចេតនា​ជាក់លាក់ ក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស​ឱ្យ​ប្រសើរ​ឡើង ដើម្បី​កសាង​កម្ពុជា​ឱ្យ​ដើរ​លើ​ផ្លូវ​នីតិរដ្ឋ​ឡើយ ហើយ​ជា​ការ​បង្ហាញ​ពី​ការ​សង​សឹក​របស់​គ្រួសារ​ត្រកូល​ហ៊ុន ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​លោក លី យ៉ុងផាត់ ដែល​ជា​មនុស្ស​ជំនិត​នៃ​លោក ហ៊ុន សែន ទៅ​វិញ។

លោក វ៉ន ចាន់ឡូត៖ «អន្តរជាតិ អាច​នឹង​ពិចារណា​បន្ថែម​ទៀត​ទៅ​នឹង​ទៅ​នឹង​គោល​នយោបាយ​នានា​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ការ​សហការ​ជាមួយ​ប្រទេស​កម្ពុជា​តួយ៉ាង គឺ​ជំនួយ និង​វិនិយោគ​ឬ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅ​នឹង​បុគ្គល​ស្នូល​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​អ្នក​កាន់​អំណាច ឬ​ក៏​អ្នក​រក​ស៊ី​គ្រាក់ៗ នៅ​ក្បែរ​អ្នក​កាន់​អំណាច​ហ្នឹង»

លោក វ៉ន ចាន់ឡូត លើក​ឡើង​ថា ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា ចុង​ក្រោយ​នេះ ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​កម្ចាត់​ការ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឹណិត ពីព្រោះ​រដ្ឋាភិបាល​ តាម​កម្ចាត់​អ្នក​សារព័ត៌មាន​សេរី ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​វិស័យ​នេះ។

រីឯ​ប្រធាន​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBOJA) លោក ណុប វី មាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី៤ ខែតុលា ថា ព័ត៌មាន​ស៊ើបអង្កេត​របស់​លោក ម៉ិច ដារ៉ា អំពី​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មិន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​កន្លង​មក បាន​ចូលរួម​ជំរុញ​ឱ្យ​ចាត់​វិធានការ​ដោះស្រាយ​ករណី​ជួញដូរ​មនុស្ស គឺ​ដូច​បាន​ជួយ​ជន​រងគ្រោះ ដែល​ត្រូវ​ឆបោក​តាម​ ប្រព័ន្ធ​អនឡាញ ដែល​នេះ ជា​ការ​រួម​ចំណែក​របស់​លោក ចំពោះ​ការងារ​រដ្ឋាភិបាល។

លោក ណុប វី ថា ក្នុង​ករណី​ដែល​លោក ម៉ិច ដារ៉ា នៅ​តែ​បន្ត​ឃុំខ្លួន និង​ការ​ចោទ​ប្រកាន់​បែប​នេះ​ទៀត មាន​ផល​ប៉ះពាល់​ច្រើន​ដល់​វិស័យ​ព័ត៌មាន ដែល​ធ្វើ​កិច្ចការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សង្គម។

លោក ណុប វី៖ «បើ​សិន​អ្នក​សារព័ត៌មាន​ដែល​មាន​សមត្ថភាព ដូច្នេះ ចេះ​តែ​បាត់​បង់​ចេះ​តែ​កាត់​បន្ថយ លោក​បារម្ភ​ថា បញ្ហា​នៅ​ក្នុង​សង្គម។ យើង​សមត្ថកិច្ច​មិន អាច​ដោះស្រាយ​តែ​ឯង​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​គ្រប់​រូប សុទ្ធ​តែ​មាន​តួនាទី​មាន​ភារកិច្ច​ក្នុង​ការ​ចូលរួម​ម្នាក់ៗ បន្តិចៗ ក្នុង​ការ​ផ្ដល់​ព័ត៌មាន ភស្តុតាង​ផ្សេងៗ ដែល​ជំរុញ​ទៅ​ដល់​ការ​អនុវត្ត​តួនាទី ក្នុង​ការ​ដោះស្រាយ​ក្នុង​ការ​ឆ្លើយ​តប​បញ្ហា​ទាំងអស់​នេះ»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា  ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លើ​លោក ម៉ិច ដារ៉ា នេះ គឺ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាននិង​សេរីភាព​បញ្ចេញមតិ ខណៈ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ ដែល​ធ្វើការ​យ៉ាង​សកម្ម​ទាក់ទង​នឹង​ព័ត៌មាន ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ រួម​ទាំង​ល្បែង​អនឡាញ​ជា​ដើម។

លោក អំ សំអាត៖ «ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា មិន​មាន​អ្វី ផល​ចំណេញ​អ្វី​សម្រាប់​កម្ពុជា​ទេ ផ្ទុយ​ទៅ​វិញ ទទួល​បាន​រិះគន់ និង​ការ​ទាមទារ​ក្នុង​ការ​ដោះលែង​លោក ម៉ិច ដារ៉ា ដោយ​ឥត​លក្ខខណ្ឌ​នេះ ពី​បណ្ដា​ស្ថានទូត​លោក​សេរី ហើយ​ពី​អន្តរជាតិ ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ទៅ​វិញ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំការ​អត្ថាធិប្បាយ​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ​នៅ​ថ្ងៃ​ទី៤ ខែតុលា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

លោក ម៉ិច ដារ៉ា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣០ ខែកញ្ញា នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង។ នៅ​ថ្ងៃ​ទី១ ខែតុលា តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្ដាល។

ក្រោយ​ការ​ចាប់​ខ្លួន​លោក សារព័ត៌មាន​អន្តរជាតិ​ធំៗ បាន​ចុះផ្សាយ​អំពី​សំណុំ​រឿង​ ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​រូប​នេះ រួមមាន ទីភ្នាក់ងារ​សារព័ត៌មាន​ប៊ីប៊ីស៊ី (BBC) របស់​អង់គ្លេស សារព័ត៌មាន ស៊ីអ៊ិនអ៊ិន (CNN) របស់​អាមេរិក សារព័ត៌មាន អ៊ិនភីអ (NPR) សារព័ត៌មាន ឌឹ ហ្កាឌៀន (The Guardian) កាសែត ឌឹ ញូវយ៉ក ថាមស៍ (NYT) និង​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ (Reuters) ជា​ដើម។

បណ្ដាញ​ព័ត៌មាន​ទាំង​អស់​នេះ រួម​ទាំង​មជ្ឈដ្ឋាន​អ្នក​ការ​ទូត​អន្តរជាតិ​បង្កើន​ការ​បារម្ភ និង​ទាមទារ​ឱ្យ​ដោះ​លែង​លោក ម៉ិច ដារ៉ា ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments