RFA | មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភក្ដិ​សួរសុខទុក្ខ​កញ្ញា​ ភួន កែវរស្មី | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភ័ក្ដិ​សួរសុខទុក្ខ​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ គួរតែ​ពិនិត្យ និង​បើក​ឱកាស​ឲ្យ​មិត្តភ័ក្ដិ​កញ្ញា ភួន កែវរស្មី បាន​សួរ​សុខទុក្ខ​កញ្ញា​ឡើង​វិញ។

ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែតុលា​ថា លោក​សោកស្ដាយ ដែល​មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មិន​អនុញ្ញាត​ឲ្យ​មិត្តភ័ក្ដិ ចូល​ជួប​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់។

លោក សាន់ ម៉ាឡា៖ «ខ្ញុំ​គិត​ថា មន្ត្រី​ពន្ធនាគារ​នៅ​ក្នុង​ខេត្ត ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំឃាំង គួរតែ​មាន​ការ​អាណិត ស្រឡាញ់ ហើយ​ពិចារណា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នក​ទោស​មនសិការ​អាច​ទទួល​ជួប​មិត្តភ័ក្ដិ​ដូចជា​អ្នក​ទោស​ដទៃ​ទៀត​ដែរ ខ្ញុំ​ជឿ​ថា អ្នក​ទោស​ធម្មតា​ហ្នឹង​គាត់​ប្រាកដ​ជា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជួប​គ្រួសារ មិត្តភ័ក្ដិ បងប្អូន​ជិត​ឆ្ងាយ។ ដោយឡែក សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ​វិញ ពួក​គាត់​បែរ​ជា​ទទួល​បាន​ការ​រឹត​ត្បិត​មិន​ឲ្យ​ជួប​គ្រួសារ​អ៊ីចឹង វា​ជា​រឿង​មួយ ដែល​គួរ​ឲ្យ​អាណោចអាធ័ម​សម្រាប់​ពួកគាត់​មែនទែន»

San_Mala_FB_01.jpg
(រូបឯកសារ) លោក សាន់ ម៉ាឡា ប្រធាន​កម្មវិធី​បណ្ដាញ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED)។ រូបពី​ហ្វេសប៊ុក​លោក សាន់ ម៉ាឡា

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មិត្តភក្ដិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ភួន កែវរស្មី ចំនួន ៣ក្រុម បាន​ទៅ​សួរ​សុខទុក្ខ​កញ្ញា នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ នៅ​មុន និង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​បាន​បដិសេធ​មិន​ឲ្យ​ពួកគេ​ចូល​ជួប​កញ្ញា​ឡើយ។

សកម្មជន​សង្គម និង​ជា​មិត្តភ័ក្ដិ​កញ្ញា ភួន កែវរស្មី យុវតី ឆែម ស្រីគា ដែល​បាន​ទៅ​សួរ​សុខទុក្ខ​កញ្ញា​ភួន កែវរស្មី នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៥ ខែតុលា ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត ឲ្យ​ចូល​ជួប​កញ្ញា ភួន កែវរស្មី​ឡើយ ក្រោម​ហេតុផល​ថា កញ្ញា​ពុំ​មែន​ជា​សាច់ញាតិ​របស់​នាង។

កញ្ញា ឆែម ស្រីគា៖ «ឥឡូវនេះ​ខ្ញុំ​នៅ​មណ្ឌល​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មក​លេង ភួន កែវរស្មី ប៉ុន្តែ​ដោយសារ​តែ​ខ្ញុំ​មិន​មែន​ជា​សាច់ញាតិ ខ្ញុំ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ ​អីចឹង​គេ​មិន​ឲ្យ​ចូល​ជួប»

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ ខែតុលា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​សិទ្ធិ​ដូច​ទៅ​នឹង​មនុស្ស​ជា​ទូទៅ​ដែរ។ លោក​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាច់ញាតិ និង​មិត្តភក្ដិ ដែល​សិទ្ធិ​នេះ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

លោក អំ សំអាត៖ «វា​អាច​នឹង​មាន​ចំណុច​អ្វី ដែល​ជា​ការ​ភណ្ឌ​ច្រឡំ អីចឹង​សុំ​ឲ្យ​ខាង​ពន្ធនាគារ លោក​បើក​ទូលាយ​សម្រាប់​សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ការ​សួរ​សុខទុក្ខ គឺ​ជា​សិទ្ធិ​មនោសញ្ចេតនា​រវាង​មិត្តភ័ក្ដិ​របស់​កញ្ញា ភួន កែវរស្មី ឲ្យ​បាន​សួរ​សុខទុក្ខ​ឡើង​វិញ​ដូច​ដើម​ផង ពីព្រោះ​សិទ្ធិ​មនោសញ្ចេតនា ឬក៏​សិទ្ធិ​ក្នុង​ការ​សួរ​សុខទុក្ខ​នេះ គឺ​មិន​មាន​ការ​ដក​ហូត​ដោយ​តុលាការ​ទេ»

កាលពី​ថ្ងៃទី២ ខែកក្កដា តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​សកម្មជន​បរិស្ថាន ១០នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ៦ឆ្នាំ ដល់ ៨ឆ្នាំ​ក្រោម​បទ​ចោទ«រួម​គំនិត​ក្បត់» និង «ប្រមាថ​ព្រះ​មហាក្សត្រ» ដោយសារ​តែ​សកម្មភាព​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ការពារ​បរិស្ថាន និង​សុខុមាលភាព​សាធារណៈ ។

ភ្លាមៗ បន្ទាប់​ពី​តុលាការ​បាន​ប្រកាស​សាលក្រម សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា លោក យីម លាងហ៊ី និង​លោក លី ចាន់ដារ៉ាវុត ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ដាច់​ស្រយាល​ផ្សេងៗ គ្នា ។

មាត្រា ៥៥ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ចែង​ថា ជន​ជាប់​ឃុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ ឬ​ញាតិ​មិត្ត​មក​សួរ​សុខទុក្ខ​តាម​ការ​កំណត់ លើកលែង​តែ​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​តុលាការ។ ប្រធាន​ពន្ធនាគារ​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ពេល​វេលា និង​រយៈ​ពេល​សួរ​សុខទុក្ខ ដែល​មាន​កំណត់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ពន្ធនាគារ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments