RFA | សកម្មជន​បរិស្ថាន​ថា ក្រុមហ៊ុន​២​នៅ​មណ្ឌលគិរី​កាប់​ឈើ​កន្លែង​ការពារ​ចូល​ការដ្ឋាន​លក់​ទៅ​វៀតណាម | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២ នៅ​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី បាន​ជួល​ក្រុម​កម្មករ​កាប់​ឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច លក់​ឱ្យ​ខ្លួន រួច​ដឹក​លក់​នៅ​ប្រទេស​វៀតណាម។ ការ​លើកឡើង​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​បេសកកម្ម ស្រាវជ្រាវ ពី​ស្ថានភាព​ព្រៃឈើ នៅ​តំបន់​នោះ​កាល​ថ្មីៗ​នេះ ប្រទះឃើញ រោងចក្រ​អារ​ច្រៀក​ឈើ​ពីរ​ទីតាំង​ផ្សេងគ្នា ដោយមាន​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន។

សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច អះអាង​នៅ​ថ្ងៃ​ទី៩ ខែ​មេសា ថា កម្មករ​ជាច្រើន​ក្រុម សម្រុក​កាប់​ចោះ​យក​តែ​ឈើ​មូល​ធំៗ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច រួច​ដឹកជញ្ជូន​ចូល​ការដ្ឋាន​ក្រុមហ៊ុន នីណា និង​ក្រុមហ៊ុន វិចតូរី (មិន​ស្គាល់​អក្សរ​ឡាតាំង​) ដើម្បី​អារ​ច្រៀក​ជា​ឈើ​ជ្រុង និង​បន្ទះ​ក្តារ។ អាជីវកម្ម​ឈើ​ខ្នាត​ធំ​នេះ បាន​ធ្វើ​ឱ្យ​បាត់បង់​ដើមឈើ​ធំៗ គ្រប់​ប្រភេទ ដែល​មាន​មុខកាត់​ចាប់ពី ៥​តឹក​ឡើង​ទៅ ឋិត​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ជា​ជម្រក​សត្វព្រៃ​កម្រ​រស់នៅ។សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ដែល​ចុះ​ស៊ើបអង្កេត​រឿង​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន នីណា និង​ក្រុមហ៊ុន វិចតូរី មាន​ការដ្ឋាន​អារ​ច្រៀក​ឈើ ពីរ​ទីតាំង​ផ្សេងគ្នា និង​មាន​កម្មករ​រាប់​សិប​នាក់ អារ​ច្រៀក​ឈើ​រួច ដឹកជញ្ជូន​ចេញ​ក្រៅ ទំនង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា អាជីវកម្ម​ឈើ​ទាំងនោះ ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព ដឹក​ឈើ​ពី​ព្រៃ​អភិរក្ស ចូល​ការដ្ឋាន​ក្រុមហ៊ុន បន្លំ​ជា​ឈើ​ស្របច្បាប់ ឬ​ហៅថា ប៉េ សេ PC ដែល​មាន​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​សម្របសម្រួល៖ «គេ​កាប់​ឈើ​គ្រប់​ប្រភេទ ដើម្បី​អារ​ច្រៀក​គ្រប់​ម៉ែត្រ និង​គ្រប់​តឹក យក​ទៅ​បាន តែ​ក្រុមហ៊ុន វិចតូរី យើង​បាន​ចូល​ទៅ​ដល់ ដោយ​ឃើញ​កម្មករ​កំពុងតែ​ច្រៀក ម៉ាស៊ីន​រ៉ៃ​អារ​យ៉ាង​សប្បាយរីករាយ ហើយ​យើង​ទៅ គេ​កំពុង​សង់​រោង​ថែមទៀត ដើម្បី​ស្តុក​ឈើ ត្រៀម​ដឹក​ចេញទៅ​ក្រៅ»

សកម្មជន​បរិស្ថាន​រូប​នេះ បន្ថែម​ថា មន្ត្រី​បរិស្ថាន​ដែល​ប្រចាំការ នៅ​ទីនោះ​មិន​ត្រឹមតែ មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ បែរជា​ធ្វើជា​ព្រាប​នាំសារ ផ្តល់​ដំណឹង​ឱ្យ​ជនល្មើស​ផ្អាក​កាប់​ឈើ​សិន នៅ​គ្រា​ដែល​មាន​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ​ចុះ​បង្ក្រាប​នៅ​តំបន់​នោះ​។ លោក​ថា មន្ត្រី​បរិស្ថាន ស្ទើរតែ​គ្រប់​ទីកន្លែង បាន​ចាត់​ទុក​សកម្មជន​បរិស្ថាន ដែល​ចុះ​ស៊ើបអង្កេត​ពី​បទ​ល្មើស​​ព្រៃឈើ ជាស​ត្រូវ បំផ្លាញ​ការ​រកស៊ី​របស់​ឈ្មួញ និង​ផ្ដល់​ប្រយោជន៍​របស់​ពួកគេ៖ «គេ​កាប់​ព្រៃឈើ​នៅ​ក្រៅ ចូល​ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច បម្លែង​ជា​ឈើ​ស្របច្បាប់​ដឹក​ទៅ​ក្រៅ​ប្រទេស។ សូម្បី​ផ្ដាំ​ទៅ លោក សៅ សុខា ដែរ ប្រសិនជា គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃ​ពិតប្រាកដ​មែន មាន​សិទ្ធិ បាញ់​គ្រាប់​រ៉ុកកែត កម្ទេច​ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ក្នុងស្រុក​ខ្មែរ។ នៅតែ​ព្រងើយកន្តើយ​មិន​ខ្ចី​យក​ប្រសាសន៍ លោក ហ៊ុន សែន មក​អនុវត្ត អាហ្នឹង​ព្រៃឈើ​វារ​លាយ​តាម​ហ្នឹង ដោយសារ​មន្ត្រី​ថ្នាក់ក្រោម​របស់​គាត់ ឃុបឃិត​ជាមួយ​ឧកញ៉ា​មួយ​ចំនួន»

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​ស្រែ​សង្គម ស្រុក​កោះញែក លោក ប្រុង លាច សង្កេត​ឃើញ​ថា ដើមឈើ​ធំៗ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​គ្រប់​តំបន់ ត្រូវ​គេ​កាប់​ចោះ យក​តែ​ឈើ​ធំៗ ធ្វើ​អាជីវកម្ម និង​លក់​ឱ្យ​ក្រុមហ៊ុន សូម្បី​តែ​ព្រៃ​សហគមន៍​ដែល​ពួកគេ​គោរព​បូជា និង​អាស្រ័យ​ផល​ក៏​រលាយ​អស់​ដែរ។ លោក​ថា ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន និង​ពលរដ្ឋ​ចំណាកស្រុក បាន​ស៊ី​ឈ្នួល​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន ជា​របប​អាជីព​ចិញ្ចឹមជីវិត៖ «ដី​ព្រៃ​ជិត​ក្រុមហ៊ុន ដើមឈើ​ធំៗ​គេ​កាប់​ឡើង​អា​លីង​ហើយ​។ មើល​ពី​ក្រៅ​ឃើញ​ដើមឈើ ដល់​ចូល​ក្នុង​វាល​អស់​អា​លីង អា​ដើម​ផ្ដៀក​ឱប​ពីរ​នាក់​អត់​ជុំ ឥឡូវ​អស់​អាលីង។ ព្រៃ​សហគមន៍ ខាង​បរិស្ថាន​មិន​ឱ្យ​សហគមន៍​ការពារ ចុះ​កន្លែង​បរិស្ថាន​ម៉េច​ឱ្យ​គេ​កាប់​ដែរ ឈើ​ធំៗ»

អាស៊ីសេរី​បាន​បាន​ព្យាយាម​ទាក់ទង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌលគិរី លោក សុខ ឃាង និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃទី៩ មេសា។ រីឯ​អ្នកនាំពាក្យ​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​នៅ​រាជធានី​ភ្នំពេញ​៖ «ខ្ញុំ​នៅ​ភ្នំពេញ ឡាន​ខូច​អត់​ទាន់​បាន​ទៅវិញ​ផង»

ទោះ​យ៉ាងណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័ក អះអាង​ថា ក្រុមហ៊ុន​ទាំងពីរ​នេះ​មាន​ភូមិសាស្ត្រ ឆ្ងាយ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ត្រូវ​រំលង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​នីមួយៗ មិន​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​គ្នា​បានទេ ហើយ​ទម្រាំ​ដល់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ត្រូវ​ឆ្លងកាត់​ផ្ទៃដី​ក្រុមហ៊ុន​ចំនួន ៣​ទៀត។ លោក​អះអាង​ទៀត​ថា គ្មាន​ការ​ដឹកជញ្ជូន​ឈើ​ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​នោះ​ទេ ព្រោះ​តំបន់​នោះ​មាន​ឆ្មាំ​អភិរក្ស​របស់​មន្ទីរ​បរិស្ថាន​យាមល្បាត​ដោយ​សហការ​ជាមួយ អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ​ចំនួន ប្រចាំការ​ទីនោះ​៖ «មិន​មាន​អ្វី​កើតឡើង​ទេ ដោយសារតែ​មិន​ត្រឹមតែ​មន្ត្រី​បរិស្ថាន​នៅ​ទី​នោះ​ទេ គេ​ហៅថា សហគមន៍ និង​មន្ត្រី​អង្គការ WWF។ ការ​ជ្រៀតចូល​ណាមួយ ពី​ក្រុមហ៊ុន​តែង​យើង​ទប់ស្កាត់។ ព័ត៌មាន​នេះ​មិនទាន់​សុក្រិត​នៅឡើយ​។ ព្រោះ​អី​ក្រុមហ៊ុន វិចតូរី និង​ណា​នេះ ខ្ញុំ​កំពុង​តាមដាន​មើល​ដែរ»

ប៉ុន្តែ​សកម្មជន​បរិស្ថាន និង​ជនជាតិ​ដើម​ភាគតិច​នៅ​ឃុំ​ស្រែសង្គម ស្រុក​កោះញែក នៅតែ​អះអាង​ថា ការ​កាប់​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ​ចុះ​ទប់ស្កាត់​យ៉ាង​ម៉ឺងម៉ាត់​ជាបន្ទាន់។

ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ត្រូវ​បាន​ព្រះមហាក្សត្រ នរោត្តម សីហនុ កំណត់​ជា​ព្រះរាជក្រឹត្យ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី​ជាង ២២​ម៉ឺន​ហិកតារ (២២២.៥០០) ឋិត​នៅ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី និង​ស្រុក​ស្នូល ខេត្ត​ក្រចេះ។ សហគមន៍​ជនជាតិ​ដើម​តិច បារម្ភ​ថា វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ដែល​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ទាំងនោះ កំពុង​ធ្វើ​ឱ្យ​ព្រៃ​ការពារ​មួយ​នេះ មិន​សល់​ព្រៃឈើ​ធំៗ​ទៀត​ទេ​។

ថ្មីៗ​នេះ ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក សៅ សុខា បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ទោះ​យ៉ាងណា សកម្មជន​បរិស្ថាន​អះអាង​ថា ការ​ស្រែក​របស់ លោក សៅ សុខា ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ គឺ​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​មិន​អនុវត្ត​តាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments