មន្ត្រី​បក្ស​ប្រឆាំង​ថា​មន្ត្រី​ជាប់ឆ្នោត​ដែល​ចុះ​ចូល​បក្ស​ផ្សេង​នឹង​អស់​តំណែង​ដោយ​ស្វ័យប្រវត្តិ

By , Comment
Share on Facebook Tweet on Twitter
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។ RFA/Leng Maly

ដោយ មួង ណារ៉េត RFA 2017-10-31

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ថា ការ​ចាកចេញ​របស់​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ក៏​ដូចជា​តំណាងរាស្ត្រ ទៅ​ចុះចូល​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​តិច​តូច​បំផុត ដែល​មិន​ប៉ះពាល់ ដល់​គណបក្ស​ប្រឆាំង​នោះ​ទេ ព្រោះ​អ្នក​ដែល​ចាក​ចេញ នឹង​ត្រូវ​បំពេញ​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​បន្តវេន។ ប៉ុន្តែ មន្ត្រី​គណបក្ស​កាន់អំណាច ថា​យូរ​នឹង​ឆាប់ គណបក្ស​សង្គ្រោះ​ជាតិ គង់តែ​នឹង​ត្រូវ​រម្លាយ​ដដែល។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការ​ចាកចេញ របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ មិន​ប៉ះពាល់​ដល់​ទឹកចិត្ត របស់​មន្ត្រី​ជាប់ឆ្នោត ដ៏​ច្រើន​លើសលប់​ដ៏ទៃ​ទៀត របស់​គណបក្ស​នេះ​ទេ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ អះអាង​ថា ចំនួន​អ្នក​ដែល​ទៅ​នោះ គឺ​មាន​ត្រឹម ៤-៥នាក់ ដែល​ជា​ចំនួន​តិចតួច​បំផុត បើ​ប្រៀបធៀប​ចំនួន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឆ្នោត​ទាំង ៥.០០៧ នាក់ និង​ជាប់​ជា​មេឃុំ​-​ចៅសង្កាត់​ជិត ៥០០​ឃុំ​សង្កាត់ នៅ​ទូទាំង​ប្រទេស​នោះ៖ «ចំនួន​នេះ វា​តិចតួច​ស្ទើរតែ​គ្មាន។ វា​បង្ហាញ​ភាព​រឹងមាំ​របស់​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង ខ្លាំងក្លា​មែនទែន។ សមាជិក​មួយៗ គាត់​បង្ហាញ​ជំហរ​របស់​គាត់ ច្បាស់លាស់​គួរ​ឲ្យ​កោតសរសើរ​ណាស់។ ពួកគាត់​ស្ម័គ្រចិត្ត​បម្រើ​ប្រទេសជាតិ»។

ដោយសារ​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​គណបក្ស​កាន់អំណាច ក្រោយ​ពី​វិទ្យុ​ហ្វេសអឹម (FM) ក្នុងស្រុក​ដែល​គណបក្សប្រឆាំង​ជួល​ម៉ោង​ផ្សាយ ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ និង​ការ​ផ្សាយ​តាំងពី​ខែ​កញ្ញា​កន្លងទៅ មន្ត្រី​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​គណបក្ស​សង្គ្រោះជាតិ បាន​ប្រើ​មធ្យោបាយ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​មិន​ចុះចូល​ទៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ទោះបី​មានការ​អំពាវនាវ​អូសទាញ និង​គំរាម​កំហែង​ឲ្យ​ចុះចូល​យ៉ាង​ណា​ក្តី​។ មេឃុំ និង​ក្រុម​ប្រឹក្សាឃុំ​ទាំង ១១​ឃុំ​នៅ​ស្រុក​អង្គរជ័យ ខេត្ត​កំពត បញ្ចេញ​សារ​តាម​ហ្វេសប៊ុក ថា​មិន​រត់ចោល​រាស្ត្រ​ម្ចាស់​ឆ្នោត​នោះ​ទេ៖ «ខ្ញុំ​ជា​ជំទប់​ទី​២ នៅ​ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ។ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​បម្រើ​បក្ស​លុះ​អវសាន​ជីវិត ទោះ​មាន​ព្យុះភ្លៀង​យ៉ាងណាក៏ដោយ។ ចំណែក​ខ្ញុំ​ជា​មេឃុំ​ខាង​គណបក្ស​សង្គ្រោះជាតិ ខ្ញុំ​ប្ដេជ្ញា​ចិត្ត មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​ខំ​បោះឆ្នោត​ឲ្យ​យើងខ្ញុំ​បាន​ជាប់​ជា​មេឃុំ»។

មេឃុំ និង​ក្រុម​ប្រឹក្សា​ឃុំ​ទាំងអស់ នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ឯណោះ ក៏​អះអាង​ថា មិន​ឲ្យ​រាស្ត្រ​ដែល​ខំ​បោះឆ្នោត​ឲ្យ​ខកចិត្ត​នោះ​ទេ៖ «ខ្ញុំ​តំណាង​ឲ្យ​មេឃុំ និង​ក្រុម​ប្រឹក្សាឃុំ​ទាំងអស់ ក្នុងស្រុក​ស្រី​សន្ធរ ខ្ញុំ​សូម​សម្ដែង​ការ​ស្មោះត្រង់ មិន​លក់​ឧត្ដមគតិ មិន​ក្បត់​ប្រជាពលរដ្ឋ មិន​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បោះ​ឲ្យ​យើងខ្ញុំ​ដើម្បី​បម្រើប្រជាជន»។

ដូចគ្នា​នេះ​ដែរ ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ទាំង ៥៤​រូប នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ផ្សាយ​សារតាំង​ចិត្ត​របស់​ខ្លួន តាម​បណ្ដាញ​ហ្វេសប៊ុក​ដែរ៖ «យើងខ្ញុំ​ជា​ក្រុម​ប្រឹក្សា​ឃុំ-ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ទាំង ៥៤ រូប សូម​ប្ដេជ្ញា​ចិត្ត​ថា យើងខ្ញុំ​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ជាដាច់ខាត»។

ចំណែក​ឯ​ចៅសង្កាត់​អូរចារ ខេត្ត​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ឯណោះ ដែល​ហៅ​ការ​អំពាវនាវ អូសទាញ​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចុះចូល ថា​ជា​នយោបាយ​ទុច្ចរិត​នោះ បាន​ជួប​ប្រជុំ​ជាមួយ​ពលរដ្ឋ​សង្កាត់​អូរចារ ដើម្បី​ពន្យល់​អំពី​សមាជិក​ក្រុមប្រឹក្សា​ម្នាក់ ដែល​បាន​ចាក​ចេញពី​បក្ស ថា​ជា​សិទ្ធិ​របស់​បុគ្គល និង​ជា​ជម្រើស​ផ្ទាល់ខ្លួន។ កញ្ញា រ៉ូហ្ស៊េត បាន​បញ្ជាក់​ថា សង្កាត់​អូរចារ នឹង​ជ្រើសរើស​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត ដើម្បី​បំពេញ​តួនាទី​នេះ ដើម្បី​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ មាន​ចំនួន​ដដែល៖ «គណបក្ស​សង្គ្រោះជាតិ អត់​មាន​វប្បធម៌​គំរាម​កំហែង ចង់​ចូល​ក៏បាន ចង់​ចាកចេញ​ក៏បាន។ ជា​ធម្មតា គណបក្ស​ត្រូវ​តែងតាំង​អ្នក​ក្រោយ​បន្ត ទៅ​សមាជិក​ថ្មី​ជំនួស​អ្នក​ចាកចេញ។ សូម​អ៊ំ​ពូ​មីង​កុំ​ព្រួយបារម្ភ ចៅសង្កាត់​អត់​ចេញ​ទេ ព្រោះ​បើ​ចេញ​សូម្បីតែ​ឆ្កែ​ក៏​អត់​មើល​មុខ​ផង ព្រោះ​ពលរដ្ឋ​មិនមែន​បោះឆ្នោត​ឲ្យ​បុគ្គល​ទេ ពួកគាត់​បោះឆ្នោត​ឲ្យ​ព្រះអាទិត្យ​រះ»។

ទាក់ទង​នឹង​ការ​ចេញ​នេះ លោក សុន ឆ័យ អះអាង​ថា គ្មាន​មន្ត្រី​ជាប់ឆ្នោត​ណាមួយ អាច​ចាកចេញ​ក្នុង​តួនាទី និង​មុខតំណែង​ដែល​ខ្លួន ជាប់ឆ្នោត​ដោយ​រាស្ត្រ​បោះ​ឲ្យ​នោះ​ទេ។ លោក​បញ្ជាក់​ថា ជា​ស្វ័យប្រវត្តិ​មន្ត្រី​ជាប់ឆ្នោត ដែល​ចាកចេញ​នឹង​ចាក​ដោយ​ដោយ​សម្បកខ្លួន​ប៉ុណ្ណោះ ព្រោះ​តួនាទី​ត្រូវ​អស់​ជា​ស្វ័យប្រវត្តិ ពេល​ដែល​គាត់​ប្ដូរ​បក្ស ហើយ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​ចាត់ចែង​រើស​មនុស្ស ដែល​មាន​នៅ​ក្នុង​បញ្ជី​បេក្ខជន​បន្ទាប់ មក​ជំនួស​តំណែង​នោះ។ ដូច្នេះ មាន​ន័យ​ថា ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ និង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​នៅតែ​គ្រប់​ចំនួន​ដដែល៖ «តំណាងរាស្ត្រ​ក៏ដោយ បើ​រត់​ចូល​ទៅ គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​យក​តំណែង​ទៅជា​មួយ​បាន​នោះ​ទេ»។

ប៉ុន្តែ ចំពោះ​មន្ត្រី​គណបក្ស​កាន់អំណាច​វិញ ចាត់ទុកថា តំណែង​របស់​មន្ត្រី​ជាប់ឆ្នោត​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលាយ​ដោយ​ស្វ័យប្រវត្តិ នៅ​ក្រោយ​តុលាការ​កំពូល​សម្រេច​រម្លាយ​គណបក្ស​ប្រឆាំង​នេះ​ចោល។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ច្បាប់​គឺ​វា​តម្រូវ​អ៊ីចឹង៖ «ដូច្នេះ គ្មាន​ចាំបាច់​និយាយ​ថា កូតា​ខាង​ណាៗ​ទៀត​ទេ។ ត្រី​កំពុង​ដើរចូល​ជុច​ហើយ ពេល​ចូល​ជុច​ហើយ​មិន​អាច​ដើរ​ថយក្រោយ​បានទេ»។

តុលាការ​កំពូល បាន​សម្រេច​យក​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាងមុខ ជា​ថ្ងៃ​ធ្វើ​សវនាការ​សម្រេច​សេចក្ដី​លើ​ករណី ដែល​ក្រសួងមហាផ្ទៃ​ប្ដឹង​សុំ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ សហគមន៍​អន្តរជាតិ ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ចំណាត់​ការ​បំបាត់​សំឡេង​បក្ស​ប្រឆាំង​បែបនេះ។ សមាជិក​សភា​អាមេរិក​មួយ​រូប ថែមទាំង​កំណត់​ឱសានវាទ ឲ្យ​ដោះលែង​លោក កឹម សុខា ត្រឹម​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា និង​នាំ​ស្ថានការណ៍​បច្ចុប្បន្ន​ឲ្យ​វិលត្រឡប់​ទៅ​រក​សភាព​ធម្មតា​វិញ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments