RFA | ក្រុម ​Hacker កូរ៉េខាងជើង​ចូល​លួច​យក​ទិន្នន័យ​ក្នុង​ស្ថាប័ន​សំខាន់ៗ​នៅ​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម Hackers របស់​ក្រសួង​សន្តិសុខ​ជាតិ​កូរ៉េខាងជើង បង្កើត​យុទ្ធនាការ​មេរោគ​មួយ​ដើម្បី​បង្កើត​ប្រព័ន្ធ​ជ្រៀតជ្រែក ចូល​ទៅ​យក​ឯកសារ​ព័ត៌មាន និង​ទិន្នន័យ​ក្នុង​កុំព្យូរទ័រ​របស់​អង្គការ​ឬ​ស្ថាប័ន​សំខាន់ៗ នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០២៣​កន្លង​ទៅ។

អ្នកជំនាញ​សន្តិសុខ​អ៊ីនធឺណិតនៃ​ក្រុមហ៊ុន Securonix ចុះផ្សាយ​របាយការណ៍​មួយ​មាន ២២​ទំព័រ កាលពី​ថ្ងៃទី​៣ ខែ​តុលា ឲ្យ​ដឹង​ថា កម្ពុជា​គឺជា​ប្រទេស​គោលដៅ​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង ហើយ​ក្រុម Hackers នេះ មាន​ទិសដៅ​ជ្រៀតជ្រែក​ទៅ​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​អាស៊ាន​។ ក៏ប៉ុន្តែ​ក្រុម​អ្នកជំនាញ​មិនបាន​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​ក្រុម Hackers នេះ កំពុង​ស្វែងរក ឬក៏​អំពី​មូលហេតុ​ដែល​ក្រុម​នេះ ផ្ដោត​គោលដៅ​លើ​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ឯកសារ​ដែល​ក្រុម​អ្នកជំនាញ​ពី​ក្រុមហ៊ុន Securonix រក​ឃើញ មាន​ជា​ភាសា​ខ្មែរ ពាក់ព័ន្ធ​នឹង​ប្រាក់ចំណូល​ពី​វិស័យសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាដើម​។ មាន​ឯកសារ​ខ្លះទៀត ជា​ភាសា​អង់គ្លេស ដែល​មាន​ព័ត៌មាន​ជាច្រើន​ទាក់ទង​នឹង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះ​បាន​ជួយសង្គ្រោះ ដល់​ក្រុម​អង្គការ​ខ្លះ ដែល​ជា​ជនរងគ្រោះ ដែល​មិន​ចង់​បង្ហាញ​ឈ្មោះ​ឲ្យ​ដឹង​ថា នៅ​ពេល​ក្រុម Hackers ទាំងនេះ ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​បាន​ហើយ គេ​អាច​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ទាញ​យក និង​បញ្ជូន​ឯកសារ​ទាំងនោះ បាន​យ៉ាង​ងាយ​បញ្ជូន​ទៅ​កន្លែង ដែល​ពួកគេ​ចង់​ផ្ញើ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៥ ខែ​តុលា។

រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េខាងជើង មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ តាំងពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែល​ពីមុន​មាន​ព្រះរាជដំណាក់​ព្រះអង្គ​នៅ​កូរ៉េខាងជើង។ បន្ថែម​ពី​នេះ ស្ថានទូត​កូរ៉េខាងជើង ស្ថិតនៅ​ផ្លូវ​ម្ខាង​ទល់មុខ គេហដ្ឋាន​របស់​លោក ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments