RFA | សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា | hot news

By , Comment
Share on Facebook Tweet on Twitter

សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល ករណី​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ពួកគេ​ចាត់​ទុក​រឿង​នេះ​ថា​ជា​ការ​បង្ក្រាប​ទៅ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ និង​គំរាម​កំហែង​អ្នកសារព័ត៌មាន​ដទៃ​ទៀត។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួងព័ត៌មាន​ថា​ការ​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ​សេរីភាព​សារព័ត៌មាន​នោះ​ទេ ប៉ុន្តែ​ជា​ការ​អនុវត្ត​ច្បាប់។

ក្រៅ​ពី​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ទាំង​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លើក​ឡើង​នៅ​ថ្ងៃ​ទី២ ខែ​តុលា ថា អូស្ត្រាលី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​កាសែត លោក ម៉ិច ដារ៉ា ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​សារៈ​សំខាន់ ចំពោះ​អភិបាលកិច្ច​ល្អ និង​គណនេយ្យភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

ជាមួយ​គ្នា​នេះ អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnasty International ថា​ការ​ចោទ​ប្រកាន់ លោក ដារ៉ា ពី​បទ​ព្រហ្មទណ្ឌ​រំលេច​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត កំពុង​គាបសង្កត់​សេរីភាព​សារព័ត៌មាន។

នាយករង​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ អ្នកនាង Kate Schuetze លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី២ ខែ​តុលា​ថា ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា ជា​សកម្មភាព​ថ្មី​ចុង​ក្រោយ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុង​ការ​លុប​បំបាត់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ អ្នកនាង​បន្ត​ថា ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បែប​មិន​ត្រឹមត្រូវ​គឺ​ជា​យុទ្ធសាស្ត្រ ដែល​រដ្ឋាភិបាល​តែង​ប្រើ​ជា​ទូទៅ ដើម្បី​បំបិទ​មាត់ និង​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​រិះគន់​រដ្ឋាភិបាល ដោយ​ដាក់​ទោស​ធ្ងន់ធ្ងរ​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ។ អ្នកនាង​ថា អ្វី​ដែល​លោក ដារ៉ា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​អាជ្ញាធរ​ចោទ​ថា ជា​បទ​ល្មើស​នោះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ មិន​មែន​ជា​ទោស​កំហុស​ទេ។ អ្នកនាង​ថា អាជ្ញាធរ​មិន​គួរ​យក​ការ​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​មក​ធ្វើ​ជា​ទារុណកម្ម​ដាក់​ពិន័យ​អ្នក​សារព័ត៌មាន​ឡើយ។

ជាមួយ​គ្នា​នេះ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បន្ត​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ នៅ​ពេល​ដែល​សារព័ត៌មាន​ឯករាជ្យ​មាន​តួនាទី​ជា​សសរ​ទ្រូង​ប្រជាធិបតេយ្យ ហើយ​អ្នកសារព័ត៌មាន​មាន​តួនាទី​ផ្សព្វផ្សាយ​ការ​ពិត និង​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ដូច​លោក ម៉ិច ដារ៉ា បែរ​ជា​ត្រូវ​ចោទ​ប្រកាន់ និង​ចាប់​ឃុំខ្លួន​ពី​បទ​ញុះញង់​ទៅ​វិញ។

សមាជិក​ក្រុមប្រឹក្សាភិបាលAPHRនិង​ជា​តំណាងរាស្ត្រ​ហ្វីលីពីន (Philippines) អ្នកស្រី អារលែន ប្រូសាស (Arlene Brosas) ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី១ ខែតុលា​ថា APHR រំលឹក​រដ្ឋាភិបាល​កម្ពុជា​ថា​ត្រូវ​គោរព​តាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន និង​ធានា​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន។

APHR បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញ​មតិ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រា ៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

ការ​ទាមទារ​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែតុលា ចោទ​ប្រកាន់​លោក ម៉ិច ដារ៉ា ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ចំពោះ​ការ​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា លោក ម៉ិច ដារ៉ា បាន​បង្ហោះ​សារ​ជាច្រើន ដែល​មាន​លក្ខណៈ​ញុះញង់ និង​យក​រូបភាព​កាត់​ត​រមណីយដ្ឋាន​បាភ្នំ ត្រូវ​បាន​វាយ​កម្ទេច​ចោល​បំភ្លៃ​ការ​ពិត ប្រឌិត​ព័ត៌មាន​មិន​ពិត​ផ្សេង​ទៀត នៅ​លើ​បណ្ដាញ​សង្គម កាល​កាល​ពី​អំឡុង​ខែកញ្ញា។ សាលា​ដំបូង​ចាត់​ទុក​ការ​បង្ហោះ​ទាំងនេះ​ថា ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា​ការចោទប្រកាន់ លោក ម៉ិច ដារ៉ា ពីបទ «ញុះញង់» ដែល​នឹង​អាច​នាំ​ឱ្យ​លោក​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ព្យាយាម​បំបិទ​សំឡេង​អ្នក​សារព័ត៌មាន​ដ៏​លេច​ធ្លោ​ម្នាក់​នេះ ដែល​ជា​អ្នកសារព័ត៌មាន​សកម្ម​ម្នាក់​ក្នុង​ការ​ស្រាវជ្រាវ និង​តែងតែ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ទទួល​ខុសត្រូវ យក​ចិត្ត​ទុក​ដាក់ ក្នុង​ករណី​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន។

លោក នី សុខា៖ «រឿង​នេះ​មិន​គួរ​ឈាន​ដល់​មាន​ការ​ចាប់​ខ្លួន​គាត់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​គាត់​នេះ​គ្មាន​ផល​ចំណេញ​នោះ​ទេ ហើយ​បើ​យើង​យកល្អ​គួរ​តែ​ឱ្យ​គាត់​មាន​ការ​បកស្រាយ ឬ​ក៏​គាត់​មាន​ការ​ពន្យល់ គាត់​មាន​បកស្រាយ​ឡើងវិញ​អំពី​មូលហេតុ​អី​បាន​ជា​ការ​ធ្វើ​ការចែក​រំលែក​អីចឹង​ទៅ នេះ​វា​គឺ​ជា​រឿង​ដែល​ល្អ​វិញ»

ស្របគ្នា​នេះ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក និង​នៅ​ក្រៅ​ប្រទេស​ចំនួន ៤៦ អង្គភាព​រួមមាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ផង ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៅ​កម្ពុជា (OPCC) និង​អង្គការ​សម្ព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​ហៅ​កាត់​ថា ហ៊្វីដ (FIDH) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​កាលពី​ល្ងាច​ថ្ងៃ​ទី១ ខែតុលា ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នករាយការណ៍​ព័ត៌មាន លោក ម៉ិច ដារ៉ា។

សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា លោក ម៉ិច ដារ៉ា គឺ​ជា​អ្នកសារព័ត៌មាន​ឈាន​មុខ​មួយ​រូប ដែល​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ជាច្រើន​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែល​ពុំ​មាន​អ្នក​សារព័ត៌មាន​ផ្សេង​អាច​ធ្វើ​បាន ដូច​ជា ទាក់ទង​ទៅ​នឹង​អំពើ​ពុករលួយ ការបំផ្លាញ​បរិស្ថាន និង​ការ​ជួញដូរ​មនុស្ស​នៅ​ទូទាំង​ប្រទេស ហើយ​ក៏​តែងតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ និង​ផ្ដល់​យុត្តិធម៌។

ផ្ទុយ​ពី​នេះ ក្រសួងព័ត៌មាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី២ ខែតុលា ថា តាម​អង្គហេតុ ដែល​បាន​ចោទ​ប្រកាន់ លោក ម៉ិច ដារ៉ា នេះ​មិន​ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ សារព័ត៌មាន​ទេ។ ដូច្នេះ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​កុំ​ព្យាយាម​ភ្ជាប់​នឹង​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​វាយ​តម្លៃ​ដោយ​ខុសឆ្គង និង​គ្មាន​មូលដ្ឋាន​លើ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និង​មិន​គួរ​មាន​ជំងឺ​តួឯក និង​តាំង​ខ្លួន​ជា​ជើង​ឯក​ក្នុង​សេរីភាព​សារព័ត៌មាន​ជាដើម។ ក្រសួង​ព័ត៌មាន​ថា​នឹង​បន្ត​តាមដាន​សំណុំ​រឿង​នេះ ហើយ​ក្រសួង​លើក​ទឹកចិត្ត​ដល់​លោក ម៉ិច ដារ៉ា និង​ក្រុម​មេធាវី​ខិតខំ​ប្រមែប្រមូល​ភស្តុតាង ដើម្បី​តតាំង​ស្រប​តាម​នីតិវិធី​នៅ​ចំពោះ​មុខ​តុលាការ។

បើ​ទោះ​ជា​យ៉ាងណា​អង្គការ​អន្តរជាតិ​ផ្នែក​សារព័ត៌មាន និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១ ខែតុលា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ថា លោក លោក ម៉ិច ដារ៉ា គឺ​ជា​សំឡេង​នាំមុខ​គេ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស និង​ការ​បោកប្រាស់​តាម​អ៊ីនធឹណិត ហើយ​លោក​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​ពី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​គឺ «ជា​វីរបុរស នៃ​របាយការណ៍​ពី​ការ​ជួញដូរ​មនុស្ស​ឆ្នាំ២០២៣ (2023 Trafficking in Persons Report Hero)»។ សហរដ្ឋ​អាមេរិក​ចង់​ឃើញ​អាជ្ញាធរ​ទទួល​យក​សំឡេង​ចម្រុះ និង​ជំរុញ​ឱ្យ​មាន​សារព័ត៌មាន​សេរី និង​ឯករាជ្យ។

ទាក់ទង​នឹង​រឿង​នេះ ប្អូនស្រី​របស់​លោក ម៉ិច ដារ៉ា គឺ​កញ្ញា ម៉ិច ជូឡាយ ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​បងប្រុស​កញ្ញា​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន​ជួយ​ដល់​សង្គម​តទៅ​ទៀត។ កញ្ញា​បន្ថែម​ថា​រដ្ឋាភិបាល​ក៏​គួរ​ពិចារណា​ទៅ​លើ​គ្រួសារ​របស់​កញ្ញា ដែល​មាន​ម្ដាយ​វ័យ​ជរា ឯ​បងប្រុស​កញ្ញា​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ពិសេស​បញ្ហា​គេង​មិន​លក់។

កញ្ញា ម៉ិច ជូឡាយ៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពិត​ជា​មាន​ការ​បារម្ភ​សុវត្ថិភាព​សម្រាប់​បង​ប្រុស​ខ្ញុំ​ដោយសារ​ពេល​ខ្លះ​សុខភាព​របស់​គាត់​អត់​សូវ​ល្អ​ដែរ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​បង​ប្រុស​របស់​ខ្ញុំ​គាត់​អាច​ចេញ​ពី​ពន្ធនាគារ​ឆាប់ៗ អីចឹង​ទៅ ព្រោះ​ម៉ាក់​ក៏​គាត់​ចាស់​ដែរ​ចេះ​តែ​បារម្ភ​អំពី​បងប្រុស និង​ម៉ាក់​ដែរ»

ក្រុម​កង​រាជ​អាវុធហត្ថ​បាន​ចាប់​ខ្លួន លោក ម៉ិច ដារ៉ា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា នៅ​ស្រុកស្រែ​អំបិល ខេត្ត​កោះកុង។ អ្នក​ជំនាញ​មួយ​ចំនួន​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា គឺ​មាន​ហេតុ​ផល​នយោបាយ និង​ជា​ការសងសឹក​ពី​ឥស្សរជន គណបក្ស​កាន់​អំណាច ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក ដោយសារ​សេចក្ដី​រាយការណ៍​របស់​លោក ម៉ិច ដារ៉ា បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​ការ​យល់ដឹង​ជា​សកល អំពី​ឧស្សាហកម្ម​បោកប្រាស់​ដ៏​ធំ​នៅ​កម្ពុជា។ ក្នុង​នោះ​ក៏​មាន​ការ​រាយការណ៍​ទាក់ទង​នឹង​មុខ​ជំនួញ​របស់​លោក​អ្នកឧកញ៉ា លី យ៉ុងផាត់ នៅ​មុន​ពេល​រដ្ឋាភិបាល​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​លោក ដោយ​ចោទ​ប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ទាក់ទង​នឹង​ឧស្សាហកម្ម​បោក​ប្រាស់​តាម​អ៊ីនធឺណិត។

លោក ម៉ិច ដារ៉ា មាន​អាយុ ៣៦ ឆ្នាំ។ លោក​បាន​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សារព័ត៌មាន​នៅ ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC)។ ក្នុង​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​នេះ លោក​បាន​ធ្វើការ​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន និង​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​រហូត​ដល់​ពេល​លោក​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន។ ពេល​នេះ អាជ្ញាធរ​ឃុំ​ខ្លួន​លោក ម៉ិច ដារ៉ា បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments