RFA | ឧបនាយករដ្ឋមន្ត្រី​កម្ពុជា​ថា នាវា​កងទ័ព​បរទេស​ណា​ក៏​អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​ដែរ | hot news

By , Comment
Share on Facebook Tweet on Twitter

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស៊ុន ចាន់ថុល លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​នាវា​ទ័ព​បរទេស​ទាំងអស់ រាប់ទាំង​នាវា​ទ័ព​សហរដ្ឋអាមេរិក​ផង អាច​ចូល​ចត​នៅ​មូលដ្ឋានទ័ព​រាម​នៅ​ខេត្ត​ព្រះសីហនុ ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន បន្ទាប់ពី​បាន​បញ្ចប់​សាងសង់​ជា​ស្ថាពរ។

ការ​អះអាង​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ធ្វើឡើង​នៅក្នុង​វេទិកា​ភាព​ជា​អ្នកដឹកនាំ​អាស៊ាន រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIC) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington D.C.) កាលពី​ថ្ងៃទី​១ ខែ​តុលា។

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់​ថា មូលដ្ឋានទ័ព​រាម មិនមែន​កសាង​ឡើង​សំរាប់​ចិន​ទេ​។ រដ្ឋាភិបាល​ចិន​ផ្តល់​ជំនួយ​ធ្វើ​ទំនើបកម្ម​នេះ ដើម្បី​ពង្រីក​មូលដ្ឋាន​ការពារ​ជាតិ​របស់​កម្ពុជា​តែប៉ុណ្ណោះ មិនមែន​សំរាប់​ប្រើប្រាស់​ដោយ​កងទ័ព​ចិន ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​នោះ​ឡើយ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។

លោក​អះអាង​បន្ត​ថា កង​នាវាចរ​បរទេស​ណា​ក៏​អាច​មក​ចត​បាន​ដែរ ដរាបណា​នាវា​នោះ សំរាប់​ការ​សង្គ្រោះ​មនុស្សធម៌ និង​គ្រោះមហន្តរាយ ឬក៏​សំរាប់​សមយុទ្ធ​យោធា​រួមគ្នា។

សហរដ្ឋអាមេរិក និង​ប្រទេសជិតខាង​កម្ពុជា បង្ហាញ​ក្តី​បារម្ភ​ពី​ការ​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ក្រោម​ជំនួយ​របស់​ចិន ចាប់តាំងពី​ឆ្នាំ​២០២១ មក។ សហរដ្ឋអាមេរិក​សង្ស័យ​ថា ចិន​នឹង​ប្រើប្រាស់​មូលដ្ឋានទ័ព​រាម​នេះ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅក្នុង​តំបន់​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ទាំង​លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ក៏បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អេភី (AP) កាលពីដើម​ខែ​កញ្ញា​កន្លង​មក​នេះ​ថា រដ្ឋាភិបាល​ចិន មាន​គំរោង​ផ្តល់​នាវាចម្បាំង​ចិន​ពីរ​គ្រឿង ដែល​ជា​ប្រភេទ​នាវា​ចំបាំង កំពុង​ចត​នៅ​មូលដ្ឋានទ័ព​រាម តាម​ការ​ស្នើសុំ​របស់​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​របស់​កងទ័ពជើងទឹក​កម្ពុជា។

អ្នកវិភាគ​យោធា​ជាច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​ទាំង​មន្ត្រីជាន់ខ្ពស់​នៅ​សកលវិទ្យាល័យ​អន្តរជាតិ​រ៉ា​យ៉ា រ៉ាត់ណាម ក្នុង​ប្រទេស​សិង្ហបុរី (S. Rajaratnam School of International Studies) លោក កូលីន កោះ (Collin Koh) លើកឡើង​ថា កម្ពុជា​ទំនងជា​ផ្ដល់​អាទិភាព​ខ្ពស់ ទៅ​ឲ្យ​នាវាចម្បាំង​ចិន ចូល​ចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រាម នៅ​ពេល​ស្នើសុំ​ម្តងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments