RFA | អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយចំនួន​មិន​ជឿ​ថា កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​អាមេរិក​បាន | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​មិន​ជឿ​ថា កម្ពុជា​នឹង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ធំៗ​ពី​អាមេរិក​បាន​ឡើយ បើ​កម្ពុជា​មិន​ស្តារ​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឲ្យ​រស់​ឡើងវិញ​នោះ​ទេ។

ពួកគាត់​មើលឃើញ​ទៀត​ថា បើសិនជា​លំហ​សេរីភាព​របស់​ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកនយោបាយ​កាន់​តែ​មាន​សភាព​តានតឹង និង​កាន់តែ​រួម​តូច​ទៅៗ​ដូច​សព្វថ្ងៃ​នេះ កុំ​ថា​ឡើយ​មាន​អ្នក​វិយោគ​មក​រក​ស៊ី​នៅ​កម្ពុជា​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ជាដើម នឹង​បង្កើន​ការ​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​ទាំង​នៅ​លើ​ហ្វេសប៊ុក និង យូធូប រិះគន់​រដ្ឋាភិបាល​ឪ កូន គឺ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ថា ចង់​បាន​អ្នក​វិយោគ​ច្រើន​មក​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​ការងារ​ធ្វើ និង​ចម្រើន​សេដ្ឋកិច្ចជាតិ មិន​ប្រឹងប្រែង​គោរ​ព្ធ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ គឺ​បែរ​ប្រឹង​តែ​ចាប់​ពលរដ្ឋ​ដាក់គុក។

ម្ចាស់​គណនី​យូធូប @phoungt hoeung សរសេរ​ថា រដ្ឋាភិបាល ខំ​ណាស់ ខំ​ប្រឹងប្រែង​ចាប់ មនុស្ស​ដាក់​គុក។

បញ្ហា​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យូធូប ដែល​ដាក់​ឈ្មោះ​ថា ទី​ប៉ា (@tipa5681)៖ បញ្ចេញមតិ​ថា ឱ្យគេ​ទៅ​វិនិយោគ​យ៉ាងម៉េច​បើ​មិន​បើក​លំហ​សេរីភាព​របស់​ប្រជាជន​ផង។

ចំណែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត​ដាក់ឈ្មោះ​ថា វាសនា លឹម (@VeasnaLIM-ce2qe) សរសេរ​រិះគន់​ថា៖ «គ្មាន​ក្រុមហ៊ុន​ប្រទេស​សេរី​ណា​មក​វិនិយោគ​ក្នុង​ប្រទេស​ពុករលួយ និង​ផ្ដាច់ការ​ទេ​...»។

រីឯ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងទៀត ក៏​បាន​បញ្ចេញមតិ​ជុំវិញ​ការដែល​រដ្ឋាភិបាល​ប្រឹង​ដើរ​គោះទ្វារ​ប្រទេស​ផ្សេងៗ​ដូចជា​សហរដ្ឋអាមេរិក​ជាដើម​ដើម្បី​ឲ្យ​គេ​មក​វិនិយោគ​កម្ពុជា។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ផ្សេង​ទៀត មាន​ឈ្មោះថា សៀក គង្គ (@SeakKong) បាន​ផ្តល់​ជា​យោបល់​ថា​៖ «បញ្ហា​ដែល​ត្រូវ​ដោះស្រាយ គឺ​បើក​លំហ​ប្រជាធិបតេយ្យ ហើយ​បំបាត់​អំពើពុករលួយ​បាន នោះ​អ្វីៗ​នឹង​ដោះស្រាយ​បាន​ទាំងអស់​...»។

ការ​បញ្ចេញមតិ​រិះគន់​បែបនេះ របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បន្ទាប់ពី​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​មក​សហរដ្ឋអាមេរិក​ដើម្បី​ស្វែងរក​អ្នក​វិនិយោគ​ឲ្យ​មក​កម្ពុជា​កាល​ពី​ពេល​ថ្មី​នេះ​។ លោក​អះអាង​ថា ក្រុមហ៊ុន​អាមេរិកាំង​ជាច្រើន​ចាប់អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។​

ជុំវិញ​បញ្ហា​សិទិ្ធ​មនុស្ស​វិញ លោក​ក៏បាន​អះអាង​ដែរ​ថា ជាទូទៅ នៅ​កម្ពុជា សេរីភាព​នៃ​ការ​បញ្ចេញមតិ គឺ​ប្រសើរ​ច្រើន​ឆ្ងាយ​ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់។

ទោះបីជា​លោក ស៊ុន ចាន់ថុល អះអាង បញ្ជាក់​យ៉ាង​ដូច្នេះហើយ​ក៏ដោយ ក៏​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយចំនួន​មិន​ជឿ​ឡើយ ហើយ​ថា ការ​លើកឡើង​នេះ ផ្ទុយ​ពី​ការ​ពិត។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​​ម្នាក់​ផ្សេង​ទៀត ឈ្មោះ ណែរ៉ូ ហៀ (@nerohea4094) ហាក់​មិន​ជឿ​លើ​ការ​អះអាង​របស់​លោក ស៊ុន ចាន់ថុល ឡើយ ដោយ​សរសេរ​ថា៖ «និយាយ​ធ្វើ​ដូច​សម័យ​គ្មាន​អ៊ីនធឺណិត។ ក្មេងៗ​ថ្នាក់​ទី១២ លឺ ដឹង​គ្នា​សើច​ម៉េច​ទេ!»។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត ឈ្មោះ អាបប៉ូអេ...(@OppoA-jq6ow) ហាក់​មិន​ជឿ​​ថា​ក្រុមហ៊ុន​អាមេរិកាំង​ជាច្រើន​ចាប់អារម្មណ៍​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​ដូច​ក្នុង​ស្ថានភាព​សព្វថ្ងៃ​នេះ​ទេ​។ គាត់​សរសេរ​ថា៖ «ឮ​តែ​មាន​អ្នក​វិនិយោគ​ចូល​មក​រហូត ប៉ុន្តែ​ប្រជាជន​ចេះតែ​លំបាកទៅៗ ខ្ញុំ​ចង់​មិនបាន​អ្នក​វិនិយោគ​ច្រើន​អី​ទេ បើ​ប្រជាជន​នៅតែ​វេទនា​បែបនេះ​នោះ សូម​ជួយ​ឲ្យ​តែ​ចំណូល​ប្រជាជន​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ បើ​ប្រាក់ខែ​ឡើង​តែ​បន្តិច​ទំនិញ​ឡើង​កប់​ពពក»។

ទាក់ទង​នឹង​ការ​អួតអាង​របស់ លោក ស៊ុន ចាន់ថុល នេះ​ដែរ​ម្ចាស់​គណនី បណ្ដាញ​សង្គម​ម្នាក់ទៀត ឈ្នោះ ប្រូជី (@BroG-p9t) សរសេរ​ថា៖ «និយាយ​មក​អត់​អន់​បន្តិច​និយាយ​អួត​វិញ​លេខ១ ប្រជាជន​ខ្លះ​រក​តែ​លុយ​ធនាគារ​មិន​ចង់បាន​ផង​រីឯ​រោងចក្រ​វិញ​បិទ​បណ្តើរៗ​ហើយ និយាយ​ពី​អួត​នោះ​អួត…»។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត ក៏​ហាក់​មិន​ជឿ​ដូចគ្នា​ដែរ។ ម្ចាស់​គណនី​បណ្តាញ​សង្គម​ម្នាក់ទៀត ឈ្នោះ អ៊ិច សូឡា (@xsola1489) សរសេរ​ថា៖ «លោក ស៊ុន ចាន់ថុល និយាយ ខ្ញុំ​ចង់​សើច ប្រូ! ពូកែ​មែន លោក ប៉ុន្តែ ជាក់ស្ដែង ដូចជា​មិន​អ៊ីចឹង»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់​ឡូត (Vorn Chanlout): ក៏បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដែរ ដោយ​ហាក់​ហួសចិត្ត​ថា៖ ទៅ​ឡង់សេ​ក្រុមហ៊ុន​អាមេរិក​ឲ្យ​មក​វិនិយោគ ស្រាប់​តែ​ចាប់​មនុស្ស​ដែល​អាមេរិក​ធ្លាប់​ផ្តល់​ពាន​ផ្នែក​សិទ្ធិមនុស្ស​ដាក់គុក «អញ្ចឹង​បាន​ថា មិន​ច្រឡំ​គេ​មែន​..!!»។

ដោយឡែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត ឈ្នោះ រិទ្ធី តា (@rithytar8766)៖ គាត់​បាន​ចោទ​សួរ​ថា​៖ «​មក​វិនិយោគ​ខាង​វិស័យ​អ្វី​ខាង​ដី​ឡូ​ខ្យល់​ផ្ទះល្វែង​ខ្យល់​បុរី​ខ្យល់ ឬ​ខាង​វិស័យ​កសិកម្ម​ឧស្សាហកម្ម​...?»

ចំណែក​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ទៀត (@valeriepivert6713) សរសេរ​រិះគន់​ថា រាស្ត្រ​ទឹកភ្នែក​គ្រប់​ទីកន្លែង​ដែល​អភិវឌ្ឍ​លោក​បំភ្លៃ​ការពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments