RFA | អាណាព្យាបាល​ខេត្ត​ព្រះសីហនុ​បារម្ភ​អំពី​សុវត្ថិភាព​កូនៗ​ព្រោះ​បង​តូច​បងធំ​កើត​មាន​ច្រើន | hot news

By , Comment
Share on Facebook Tweet on Twitter

អាណាព្យាបាល​រស់​នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​សមាជិក​ក្នុង​គ្រួសារ ដោយសារ​មូលដ្ឋាន​នេះ​កើត​មាន​ក្រុម​បង​តូច​បងធំ​ជា​ច្រើន​ក្រុម​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​ហិង្សា​វាយ​កាប់​សម្លាប់​គ្នា បាន​កើត​មាន​ច្រើន​ករណី​គួរ​ឲ្យ​ភ័យខ្លាច។

​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ចំពោះ​សុវត្ថិភាព​នៃ​ការ​ធ្វើ​ដំណើរ  ពិសេស​នៅ​ពេល​យប់ ព្រោះ​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ​មាន​ក្មេង​ទំនើង​ជា​ច្រើន​ក្រុម​បាន​ដើរ​បង្ក​ការ​អុកឡុក និង​វាយ​កាប់​សម្លាប់​គ្នា​តាម​ផ្លូវ​សាធារណៈ និង​ហាង​ផឹក​ស៊ី ជា​ច្រើន​ករណី ប៉ុន្តែ​សមត្ថកិច្ច​បង្ក្រាប​មិន​បាន​ទាន់​ពេល​ទេ។

​អាណាព្យាបាល​មាន​ទីលំនៅ​ក្បែរ​ផ្សារ​លើ ក្រុង​ព្រះសីហនុ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​កូនៗ ពេល​ធ្វើ​ដំណើរ​ទៅ​សាលា ព្រោះ​រាល់​ថ្ងៃ​នេះ​ឃើញ​មាន​ក្រុម​ក្មេង​ទំនើង​បាន​បង្ក​ការ​អុក​ឡុក​នៅ​តាម​ផ្លូវ និង​តាម​មូលដ្ឋាន​មួយ​ចំនួន ហើយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​មិន​បាន​ទាន់​ពេល​ទេ។ ឪពុក​រូប​នេះ​បន្ថែម​ថា រាល់​ថ្ងៃ​នេះ រូប​គាត់​ត្រូវ​ចំណាយ​ពេល​ដឹក​កូន​ទៅ​រៀន ទាំង​ទៅ​ទាំង​វិល​មក​ផ្ទះ​វិញ ព្រោះ​មិន​ហ៊ាន​បណ្ដោយ​ឲ្យ​កូនៗ​របស់​គាត់​ទៅ​សាលា​ដោយ​ខ្លួន​ឯង ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ ពិសេស​នៅ​ពេល​យប់ ដោយសារ​ក្មេង​ទំនើង​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន បាន​កើត​មាន​ច្រើន​ក្រុម។

​អាណាព្យាបាល​រូប​នេះ​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ រួម​មាន​កង​រាជអាវុធហត្ថ និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ជាដើម ត្រូវ​បន្ត​សកម្មភាព​ចុះ​ល្បាត​តាម​ផ្លូវ​សាធារណៈ ឲ្យ​បាន​ញឹក​ញាប់​បន្ថែម​ទៀត ពិសេស​នៅ​ពេល​យប់ ដោយ​មិន​ត្រូវ​ចុះ​ល្បាត​មួយ​ភ្លែត ហើយ​នាំ​គ្នា​ថតរូប​បង្ហោះ​បង្អួត ឬ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អំពី​សកម្មភាព​ភូត​កុហក​របស់​ខ្លួន ដូច​ធ្លាប់​អនុវត្ត​នៅ​ពេល​កន្លង​មក ហើយ​ចប់​រឿង​នោះ​ទេ៖ «»។

​ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ ឬ​អាណាព្យាបាល​បែប​នេះ បាន​កើត​មាន​ជា​ថ្មី បន្ទាប់​ពី​កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់ ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ក្មេង​ទំនើង ឬ​ក្រុម​បងតូច​បងធំ​ចំនួន ៤​ក្រុម បាន​វាយ​កាប់​ចាក់​គ្នា បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ នៅ​ពេល​ជនរងគ្រោះ​រូប​នេះ​អង្គុយ​សាសង​គ្នា​ជាមួយ​នារី​ម្នាក់​នៅ​ឆ្នេរ​សមុទ្រ​អារីស្តុន ឬ​តំបន់​ចុង​អូរឈើទាល ក្រុង​ព្រះសីហនុ។

​យុវជន​រងគ្រោះ​រូប​នោះ ឈ្មោះ សយ លួន អាយុ ១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ប៉ាវម៉ាយ មាន​ទីតាំង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ក្បែរ​វិមាន​លំហែ​កាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នេរ​អូរ​ឈើទាល។

​មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ក៏​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ឲ្យ​បន្ត​សកម្មភាព​ចុះ​ល្បាត​នៅ​តាម​គោលដៅ​នានា ឲ្យ​បាន​ញឹកញាប់ ដើម្បី​បន្ត​រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​នឹង​ចូល​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​២០១៧-​២០១៨ ខាង​មុខ ឲ្យ​មាន​ភាព​កក់​ក្តៅ។

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បាន​កត់សម្គាល់​ថា មូលដ្ឋាន​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ បាន​កើត​មាន​ក្រុម​ក្មេង​ទំនើង ឬ​ក្រុម​បង​តូច​បងធំ​ជា​ច្រើន​ក្រុម​ដើរ​បង្ក​ការ​អុកឡុក​នៅ​តាម​ទី​សាធារណៈ​ទាំង​យប់​ថ្ងៃ ជាពិសេស​ក្រុម​អ្នក​លេង​ជនជាតិ​ចិន ដែល​ឈាន​ដល់​បង្ក​ជម្លោះ​វាយ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់​ជំរិត​មនុស្ស​ជា​ដើម កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​ទាន់​ពេល៖ «»។

​ទោះ​ជា​បែប​នេះ​ក្តី សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ បាន​ពង្រឹង​សកម្មភាព​ចុះ​ល្បាត​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជា​ប្រចាំ មិន​ធ្វេសប្រហែស​នោះ​ទេ។ ជាក់ស្ដែង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប និង​ចាប់​បាន​ក្រុម​ចាប់​ជំរិត​ជនជាតិ​ចិន និង​ក្មេង​ទំនើង​ប្រើ​ហិង្សា​កាប់​សម្លាប់​យុវជន​ម្នាក់ នៅ​ចុង​ឆ្នេរ​អូរឈើទាល បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់។

​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ព្រហ្មទណ្ឌ លោក​ឧត្ដមសេនីយ៍​ត្រី កុល ផាលី បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យុវជន​ចំនួន ៩​នាក់ ដែល​សង្ស័យ​ផ្សំគំនិត​គិត​ទុក​ជា​មុន កាប់​យុវជន​ម្នាក់​ឲ្យ​ស្លាប់ កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នៅ​ចុង​ឆ្នេរ​អូរឈើទាល បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នេះ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments