RFA | ពលរដ្ឋ​នៅ​ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន SV Asset | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ ដែល​កំពុង​រស់​នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ នៅ​ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន  អេសវី អ៊ែសេត (SV Asset Co.Ltd) ត​ទៅ​ទៀត។ សកម្មជន​បរិស្ថាន យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​យក​សំណើ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ប្រសើរ​ជាជាង​ទុក​បញ្ហា​ទាំង​អស់​នេះ​ចោល។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ​សម្រាប់​ចិញ្ចឹម​ជីវិត ស្ថិត​នៅ​ឃុំ​តានូន ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ទទូច​​ឲ្យ​រដ្ឋាភិបាល ចុះ​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ដក​ហូត​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ពី​ក្រុមហ៊ុន  អេសវី អ៊ែសេត (SV Asset Co.Ltd) ដោយ​ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ និង​មិនបាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​ដែល​ក្រសួង​បាន​កំណត់​នោះ​ទេ។

តំណាង​សហគមន៍​តានូន លោក សំ ធី បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ថា ក្រុមហ៊ុន អេសវី អ៊ែសេត បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​មុខ​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​សិក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ដោយ​អាជ្ញាធរ​បាន​កោះហៅ​ប្រជាពលរដ្ឋ​តែ ​៣០​គ្រួសារ​ប៉ុណ្ណោះ ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់ ខណៈ​ពលរដ្ឋ​អាស្រ័យផល​នៅ​តំបន់​នោះ​មាន​រហូត​ដល់​ជាង​ ៤០០​គ្រួសារ ដែល​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន អេសវី អ៊ែសេត ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ​ឡើយ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ និង​ត្រូវ​ដក​ហូត​អាជ្ញាប័ណ្ណ​បូម​ខ្សាច់ ពីព្រោះ​មិន​មាន​ផល​ចំណេញ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ឡើយ។

លោក សំ ធី៖ «ពលរដ្ឋ​ទាំង​អស់​គ្នា​មាន​ការ​ព្រួយបារម្ភ​ហើយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ក៏​ដូច​សម្ដេច​ធិបតី និង​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​តំណែង​ពី​មុន​មក​នោះ សុំ​អំពាវនាវ​ឲ្យ​គាត់​ជួយ​ពិនិត្យ​អាជ្ញាប័ណ្ណ​នេះ​ឡើង​វិញ ចុះ​មក​ពិនិត្យ​ម្ដង​ទៀត ពីព្រោះ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង»

អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេសវី អ៊ែសេត បាន​ធ្វើ​ឲ្យ​បាត់បង់​ឆ្នេរ​ខ្សាច់​មាត់​ពាម​តានូន​ស្ទើរ​ទាំង​ស្រុង  ហើយ​ពលរដ្ឋ​ក៏​លែង​អាច​ទទួល​បាន​ផល​ពី​របរ​នេសាទ​ដូច​មុន​នោះ​ដែរ។

បុរស​ម្នាក់​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​មុខ​របរ​នេសាទ នៅ​តំបន់​មាត់​ពាម​តានូន​ជាង​ ៣០​ឆ្នាំ គឺ​លោក ហេង ទូក ឲ្យ​ដឹង​ថា លោក​មិន​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នោះ​ទេ ដោយសារ​ការ​ធ្វើ​អាជីវកម្ម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ របស់​ប្រជាពលរដ្ឋ​នឹង​មិន​អាច​រក​ជលផល​ដូច​មុន​ឡើយ។ លោក​បន្ថែម​ថា កាល​ពី​មុន​ក្នុង​រយៈ​ពេល​២​យប់​២​ថ្ងៃ លោក​អាច​រក​ប្រាក់​បាន​ពី​ការ​នេសាទ​នេះ ចន្លោះ​ពី​ជាង ២០ ​ទៅ​ ៤០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​អាច​រក​បាន​ចាប់​ពី ​១០​ម៉ឺន ទៅ ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

លោក ហេង ទូក៖ «ពិបាក​ដែរ យើង​ធ្វើ​ការងារ​ខាង​នឹង​បើ​គេ​បូម​វា​នឹង​បាក់​ច្រាំង​បាក់​ដើម​កោងកាង ចម្ងាយ​ពី​ច្រាំង​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ យើង​ថា​៥០០​ម៉ែត្រ​ចុះ បើ​បាក់​ច្រាំង​អស់​យើង​រក​វា​អត់​បាន មិន​ថា​តែ​ខ្ញុំ​ឬក៏​គេ​នោះ​ទេ អ្នក​គេ​មក​ពី​ចម្ងាយ​ក៏​គេ​រអ៊ូ​ដែរ អ្នក​ដែល​ធ្លាប់​មក​រក​នៅ​ទី​នេះ ចង់​សំណូមពរ​បើ​គេ​ផ្អាក​បូម​វា​ល្អ​តែ​ម្ដង»

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បាន​ទេ​នៅ​ថ្ងៃ​ទី២៤ ខែតុលា។ ចំណែក​តំណាង​ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset CO.Ltd ក៏​វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​លោក កែវ រតនៈ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន អេសវី អ៊ែសេត ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លើ​ផ្ទៃ​សមុទ្រ​ចំនួន ២៩ហិកតារ ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​តានូន ស្រុក​បូទុមសាគរ ខេត្ត​កោះកុង ហើយ​ក្រុមហ៊ុន​ត្រូវ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​នៅ​តំបន់​នោះ។ ក្នុង​លិខិត​ដដែល​បាន​បញ្ចា​ឲ្យ​ក្រុមហ៊ុន បោះ​តម្រុយ ឬ​ស្លាក​សញ្ញា​សម្គាល់​ព្រំប្រទល់​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន មុន​ដំណើរការ​អាជីវកម្ម ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​ធ្វើ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​រ៉ែ និង​ថាមពល នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ យុវជន​ចលនា​មាតា​ធម្មជាតិ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព  យល់​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង វា​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​តានូន​តែងតែ​រងគ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត។ លើស​ពី​នោះ​កញ្ញា​ថា ធនធាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ខេត្ត​កោះកុង ត្រូវ​បាន​រដ្ឋាភិបាល​បែង​ចែក​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ងារ​ជា​ឧកញ៉ា​គ្រាក់​ៗ ចំណែក​ពលរដ្ឋ​រស់នៅ​រង​ទុក្ខវេទនា។ កញ្ញា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​សំណើ និង​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ទៅ​រក​ដំណោះស្រាយ​ប្រសើរ​ជាជាង​ទុក​បញ្ហា​ទាំង​អស់​នេះ​ចោល។

យុវជន​ចលនា​មាតា​ធម្មជាតិ៖ «ខ្ញុំ​នៅ​តែ​បារម្ភ​ពី​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ការ​នេសាទ ប្រសិនបើ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ការ​បូម​ខ្សាច់​នៅ​តែ​បន្ត​កើត​មាន​នេះ វា​ផ្ដល់​ផល​ប៉ះពាល់​ច្រើន​មែន​ទែន​ទៅ​លើ​ពួក​គាត់ អ៊ីចឹង​បន្ត​ស្នើ​ទៀត​ហើយ រដ្ឋាភិបាល​គួរ​តែ​គិត​លើ​បញ្ហា​នេះ​ឲ្យ​បាន​ច្រើន​លម្អិត​មែន​ទែន មិន​មែន​គ្រាន់​តែ​ចេញ​មក​ហើយ ចោទ​ប្រកាន់​ប្រជាពលរដ្ឋ ចេញ​មក​លាប​ពណ៌​ហើយ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត»

ប្រជាពលរដ្ឋ​លើក​ឡើង​ថា តំបន់​ដែល​មាន​សាឡង់​កំពុង​បូម​ខ្សាច់​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ មក​ពី​ស្រុក​ចំនួន៣ កំពុង​ប្រកប​របរ​នេសាទ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក្នុង​នោះ​មាន​ស្រុក​បូទុមសាគរ គីរីសាគរ និង​ស្រុក​ស្រែអំបិល។ ពលរដ្ឋ​ព្រមាន​លើក​គ្នា​តវ៉ា​បណ្ដេញ​សាឡង់​បូម​ខ្សាច់​ចេញ​ពី​តំបន់​នោះ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ចំណាត់​ការ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់ ដោយ​ពួក​គាត់​អះអាង​ថា រដ្ឋាភិបាល​បាន​យក​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯក​ជន​ម្ដង​រួច​ហើយ ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​បំផ្លាញ​មុខ​របរ​ចិញ្ចឹម​ជីវិត​ចុង​ក្រោយ​របស់​ពួក​គាត់​ថែម​ទៀត​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments