សមាគមវៀតណាមបានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំពន្យារពេលបំឡាស់ទីពលរដ្ឋវៀតណាមពីផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងឲ្យមករស់នៅលើគោកវិញ ដោយលើកហេតុផលថា ទីតាំងថ្មី នោះ គ្មានហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹកភ្លើង និងមន្ទីរពេទ្យជាដើម។ ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើយុទ្ធនាការ បំឡាស់ទីជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឲ្យមករស់លើគោកវិញចំនួនជាង ២ ពាន់គ្រួសារ (២.៣៩៧)។
ប្រធានសហគមន៍វៀតណាមនៅកម្ពុជា លោក សឹម ជី ឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកាថា ពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំងគឺសុទ្ធសឹងជាពលរដ្ឋក្រីក្រពុំមានលទ្ធភាពសង់ជម្រករស់នៅ និងជួលដីគេនៅទីតាំងថ្មីដែលអាជ្ញាធរខេត្តនេះគ្រោងជម្លៀសនោះទេ។ លោកថា នៅទីតាំងថ្មីដែលអាជ្ញាធរគ្រោងផ្ដល់ឲ្យពលរដ្ឋវៀតណាមរស់នៅនោះ គ្មានអភិវឌ្ឍអ្វីទាំងអស់ សូម្បីតែមន្ទីរពេទ្យ។ លោកថា បច្ចុប្បន្នអាជ្ញាធរខេត្ត បានចាត់ឲ្យកម្លាំងប្រដាប់អាវុធដេញពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើផ្ទៃទឹក ឲ្យមករស់នៅលើទីតាំងថ្មី ជាបណ្ដើរៗហើយ៖ «យើងខ្ញុំស្នើទៅក្រសួងមហាផ្ទៃ ជួយអន្តរាគមដើម្បី ឲ្យបងប្អូនបានរស់នៅ មួយរយៈពេលសិន ពេលណាដែលខាងសាលាខេត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីហ្នឹងហើយ។ ទីតាំងថ្មីត្រូវទិញដីគេ និងជួលដីគេរស់នៅ អ៊ីចឹងបងប្អូនភាគច្រើនគ្មានលទ្ធភាពជួលដីគេ និងទិញដីគេរស់នៅទេ»។
លោក សឹម ជី បន្ថែមថា ពលរដ្ឋវៀតណាមភាគច្រើន បានមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ និងបានបង្កើតកូនចៅជាច្រើនជំនាន់ ហើយពួកគេបានចុះបញ្ជីអន្តោប្រវេសន៍ស្នាក់នៅ កាលឆ្នាំ២០១៤ ស្របតាមច្បាប់របស់កម្ពុជាផង។ ទោះយ៉ាងណា លោកបដិសេធមិនឆ្លើយសំនួររបស់អាស៊ីសេរីថា បើអាជ្ញាធរបញ្ជូនពួកគេឲ្យត្រឡប់ទៅ ប្រទេសគេវិញ តើលោកយល់យ៉ាងណា? បើរកឃើញថា ពលរដ្ឋវៀតណាមទាំងនោះ រស់នៅក្នុងប្រទេសកម្ពុជាខុសច្បាប់។ លោកគ្រាន់តែបញ្ជាក់ថា ជនអន្តោប្រវេសន៍វៀតណាម គឺមានសិទ្ធិរស់នៅកម្ពុជារយៈ ៧ឆ្នាំអាចស្នើសុំ ចូលសញ្ជាតិខ្មែរបាន៖ «ខ្ញុំបានសូមបញ្ជាក់ថា ចំពោះបងប្អូនខ្មែរដើមកំណើតវៀតណាម បានមករស់នៅកម្ពុជា ជាច្រើនជំនាន់មកហើយ គាត់បានកើតកូនចៅច្រើនជំនាន់ និងបានចុះបញ្ជីរអន្តោប្រវេសន៍តាមច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០១៤»។
ទោះយ៉ាងណា ប្រធានអង្គការការពារសិទ្ធិជនជាតិ ដើមភាគតិចប្រចាំ ខេត្តកំពង់ឆ្នាំង លោក ពត គឹមស្រួយ ទទួលស្គាល់ថា ចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង គឺជាចំណុចល្អ ដើម្បីសង្គ្រោះបរិស្ថានទន្លេសាប ក៏ប៉ុន្តែការជំលៀសនោះ លោកចាត់ទុកថា ពុំមែនជាដំដោះស្រាយឲ្យពួកគាត់រស់នៅបានសមរម្យនោះទេដោយសារគ្មានការអភិវឌ្ឍអ្វីទាំងអស់។ លោកអះអាងថា វិធានការបណ្ដេញពលរដ្ឋវៀតណាមឲ្យឡើងគោករបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង គឺធ្វើឡើងដោយការចាប់បង្ខំ៖ «ដើម្បីបញ្ចៀសផ្នែកបរិស្ថាន ព្រោះអីបន្ទោរបង់នៅលើទឹកទាំងអស់ វាជាចំណុចមួយល្អដែរ ប៉ុន្តែពាក់ព័ន្ធទីកន្លែងសម្រាប់ឲ្យគាត់រស់នៅអត់។ ខ្ញុំចង់បន្ថែមថា បើរដ្ឋាភិបាលអោយមានជាតិសាសន៍ចូលមក មិនដោះស្រាយបញ្ហាហ្នឹងឲ្យបានសមរម្យ ហើយបើសិនមិនទទួលគាត់ទេ បើកទ្វារព្រំដែនឲ្យគាត់ចូលមកធ្វើអី»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និង អភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកជម្លៀសពលរដ្ឋវៀតណាមឡើងគោក លោក ស៊ុន វណ្ណារិន បដិសេធផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ នៅថ្ងៃទី១៤ វិច្ឆិកា ដោយលោកបានចុចផ្ដាច់ទូរស័ព្ទ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍កាលពីថ្ងៃទី១៣ វិច្ឆិកាថា ជនអន្តោប្រវេសន៍ដែលរស់នៅកម្ពុជាខុសច្បាប់ អាជ្ញាធរនឹងចាត់វិធានការបណ្ដេញចេញ ពីកម្ពុជា ហើយអ្វីដែលអាជ្ញាធរផ្ដល់ឲ្យពលរដ្ឋវៀតណាមអាចរស់នៅបាន គឺជាជនអន្តោប្រវេសន៍ស្របច្បាប់៖ «រឿងជនអន្តោប្រវេសន៍ខុសច្បាប់ យើងនឹងចាត់វិធានការបណ្ដេញចេញ តែអ្វីដែលយើងផ្ដល់ឲ្យគាត់រស់នៅពិតប្រាកដ គឺជាជនអន្តោប្រវេសន៍ស្របច្បាប់»។
យ៉ាងណា លោក ពត គឹមស្រួយ សង្កត់ធ្ងន់ថា ការលើកឡើងរបស់អាជ្ញាធរកម្ពុជា គ្រាន់តែជាការយករួចខ្លួនប៉ុណ្ណោះ ខណៈដែលពួកគេរកឃើញថា ពលរដ្ឋវៀតណាមភាគច្រើន គឺបានមកតាំងទីលំនៅខុសច្បាប់មានជាប់ពាក់ព័ន្ធពីភាពធូររលុងការអនុវត្តច្បាប់។ លោករកឃើញថា កន្លងទៅសមត្ថកិច្ចបានអនុញ្ញាតឲ្យពលរដ្ឋមករស់នៅខុសច្បាប់ មានសិទ្ធិបង់ពន្ធស្នាក់នៅរយៈពេល ២ ឆ្នាំដោយស្វ័យប្រវត្តិ ខុសនីតិវិធី បណ្ដាលឲ្យជនអន្តោប្រវេសន៍កាន់តែកើនឡើងច្រើន៖ «ខាងរដ្ឋាភិបាល គ្រាន់តែឆ្លើយឲ្យតែរួចខ្លួន។ ខ្ញុំឃើញថា គាត់មករស់នៅខុសច្បាប់ច្រើន រហូតឆ្នាំ ២០១៨ គេឲ្យបង់ពន្ធស្នាក់នៅ រយៈពេល ២ឆ្នាំ ចំពោះអ្នកគ្មានឯកសារសោះ រដ្ឋាភិបាលអនុញ្ញាតឲ្យបង់ដោយស្វ័យប្រវត្តិ»។
របាយការណ៍អាជ្ញាធរខែត្រកំពង់ឆ្នាំងបង្ហាញថា មានជនអន្តោប្រវេសន៍វៀតណាម រស់នៅលើទឹកប្រមាណ ២.៣៩៧ គ្រួសារ ក្នុងនោះមានផ្ទះបណ្ដែតទឹកជាង ១ពាន់ខ្នង។ លើសពីនេះ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗ ទៀត។
ប្រធានក្រុមការងារ ១០០រាត្រី លោក មួង សូនី បារម្ភថា ប្រសិនបើពលរដ្ឋវៀតណាម នៅតែមានសិទ្ធិរស់នៅលើគោកក្នុងទឹកដីកម្ពុជាបាន ហើយអាជ្ញាធរនៅតែមិនមានភាពច្បាស់លាស់អនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់នោះទេ នឹងនាំឲ្យជនអន្តោប្រវេសន៍វៀតណាមកាន់តែច្រើនឡើងៗ ក្នុងទឹកដីកម្ពុជា ហើយពលរដ្ឋខ្មែរអាចនឹងក្លាយជា ជនជាតិភាគតិចនៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments