កសិករមួយចំនួនរស់នៅខេត្តសៀមរាប ខេត្តព្រៃវែង កំពង់ឆ្នាំង និង ខេត្តស្វាយរៀង បាក់ទឹកចិត្តក្នុងការធ្វើកសិកម្មប្រវាស់មេឃដដែលៗ ដោយសាររដ្ឋាភិបាលព្រងើយកន្តើយមិនពន្លឿន ជីកស្តារប្រព័ន្ធទឹក នៅទូទាំងប្រទេសឱ្យគ្រប់ច្រកល្ហក ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យកសិករមានទឹកគ្រប់គ្រាន់ធ្វើស្រែ។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីប្រឡាយទឹក បឹងបួ និងព្រែកស្ទើរគ្រប់តំបន់ បានរីងគោករាក់ រីឯបឹងបួខ្លះទៀត ដែលធ្លាប់តែសម្បូរត្រី និងអាងស្តុកទឹកសំខាន់ ក៏កំពុងប្រឈមការចាក់ដីលុបជាបន្តបន្ទាប់ដែរ ធ្វើឱ្យបឹងកាន់តែរួមតូច។ ចំណែកឯប្រឡាយទឹក ដែលជាបណ្ដាញទឹកតភ្ជាប់ពីព្រែក និងទន្លេ ក៏កំពុងប្រឈមការបាត់បង់ដែរ។
កសិកររស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកស្ងួន ញៀន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២០ កញ្ញាថា កសិករ ០៨ ភូមិ ក្នុងឃុំតាជេស កំពុងពិភាក្សាគ្នាបង្កើតយុទ្ធនាការជាថ្មីទៀត ស្នើឱ្យរដ្ឋាភិបាលជីកស្ដារបណ្ដាញទឹកដើម្បីជួយអ្នកភូមិមានទឹកគ្រប់គ្រាន់ធ្វើកសិកម្មចិញ្ចឹមជីវិត។
លោកបន្ថែមថា ក្នុងឃុំតាជេស កសិករជួបបញ្ហាប្រឈមច្រើន ខ្វះទឹកធ្វើស្រែដោយសារប្រឡាយទឹកមួយចំនួន ត្រូវក្រុមហ៊ុនឯកជនចាក់លុបជាបន្តបន្ទាប់។
លោក ស្ងួន ញៀន៖ «គេអត់បានស្ដារទៅតាមប្រឡាយចាស់ៗដែលមានទេ ប៉ុន្តែបែរជាទៅលុបប្រឡាយទឹកអស់ហើយ ហើយប្រឡាយតូចៗជាច្រើនដែលសហគមន៍អឺរ៉ុបធ្វើនឹងខាងក្រុមហ៊ុនគឺបានលុបចោលទាំងអស់។ អត់មានមូលនិធិណាមកស្ដារឡើងវិញទេ»។
កសិកររូបនេះបន្ថែមថា រដ្ឋាភិបាលគួរតែបង្វែរ កញ្ចប់ថវិកាឃុំ/សង្កាត់មួយផ្នែក ដើម្បីស្ដារព្រែក ស្ទឹង បឹងបួ និងប្រឡាយទឹក ជួយកសិករឱ្យមានលទ្ធភាពធ្វើកសិកម្មទាំងពីររដូវ។លោក ស្ងួន ញៀន យល់ថា ប្រសិនអាជ្ញាធរជីកស្តារប្រឡាយ បឹងបួ និងព្រែក កសិករនឹងធ្វើកសិកម្មបាន ២ ទៅ ៣ដងក្នុងមួយឆ្នាំដោយមិនទុកដីរាប់ម៉ឺនហិកតារទំនេរចោលនោះឡើយ។
រីឯកសិករម្នាក់ទៀត រស់នៅឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោក ជា គា ប្រាប់វិទ្យុអាស៊ីសេរីថា នៅពេលដែលអាជ្ញាធរមិនជីកស្ដារប្រឡាយ និង ព្រែក មិនត្រឹមតែធ្វើឱ្យកសិករលំបាកវេទនាប៉ុណ្ណោះទេ ឱ្យតែដល់រដូវវស្សា មានភ្លៀងធ្លាក់ច្រើន ទឹកនឹងច្រាល់ឡើងលិចផ្ទះសម្បែងរបស់អ្នកភូមិជាច្រើនគ្រួសារ។
លោកថា បច្ចុប្បន្នប្រឡាយទឹក និងព្រែកមួយខ្សែមានប្រវែងជាច្រើនគីឡូម៉ែត្រក្នុងតំបន់ពួកលោករស់នៅ កំពុងគោករាក់ដោយអន្លើនៅរដូវប្រាំង ផ្នែកខ្លះនៃព្រែកស្មើនឹងដីស្រែរបស់ពលរដ្ឋ។
លោក ជា គា៖ «ដីស្រែគ្មានទឹកមួយដំណក់នោះទេវារាក់ ឥឡូវក្លាយជាដីស្រែនិងដីព្រែកស្មើគ្នា វារាក់អស់រលីង»។
កសិកររូបនេះបន្ថែមថា បច្ចុប្បន្ន នៅគ្រាដែលប្រឡាយទឹក និងព្រែក គោករាក់ ធ្វើឱ្យកសិករខ្លះភ័យខ្លាច ក្នុងការធ្វើស្រែពឹងមេឃ ព្រោះត្រូវចំណាយពេល ថវិកា និងកម្លាំងពលកម្មអសារបង់។
កសិករម្នាក់ទៀត រស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ឃឹម ខា សង្កេតឃើញថា រដូវប្រាំងស្ថានភាពទឹកស្ទឹង ក្នុងតំបន់ពួកលោករស់នៅគោករាក់ និងមានផ្នែកខ្លះទៀតកសិករទន្ទ្រានយកដីចំណីស្ទឹងធ្វើស្រែ ធ្វើឱ្យទឹកស្ទឹងកាន់តែរួមតូច។
លោកថា ប្រសិនបើអាជ្ញាធរជីកស្តារស្ទឹងនោះមិនត្រឹមតែជួយកសិករមានទឹកបូមដាក់ស្រែប៉ុណ្ណោះទេ នឹងបង្កើតទីតាំងអភិរក្សត្រី ជួយសេដ្ឋកិច្ចសហគមន៍។
លោក ឃឹម ខា៖ «បើវាខះទៅ វាអត់មានត្រីទេ អត់មានទឹកឱ្យគោផឹក ប្រសិនបើគេជីកបានគឺវាអត់ខះទេ ហើយស្រែកក៏ធ្វើបានល្អទៀត»។
របាយការណ៍វិភាជធនធានមូលនិធិឃុំ-សង្កាត់បង្ហាញថា កម្ពុជាមាន ឃុំ/សង្កាត់សរុបចំនួនជាង ១ ពាន់ ៦ រយ (១.៦៥២) ហើយឃុំ/សង្កាត់នីមួយៗទទួលបានថវិកាចន្លោះពី៧ម៉ឺនដុល្លារទៅជាង២០ម៉ឺនដុល្លារ ដោយផ្អែកលើដង់ស៊ីតេប្រជាជន ទំហំផ្ទៃដី និងសេដ្ឋកិច្ច។
រីឯ មេឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង លោក ឃាម ឆាង ឱ្យដឹងថា បច្ចុប្បន្នក្នុងឃុំរបស់លោកពុំមានគម្រោងប្រើប្រាស់កញ្ចប់ថវិកាឃុំ ជីកស្តារប្រឡាយទឹក និងប្រព័ន្ធទឹកនោះឡើយ ដោយកញ្ចប់ថវិកាភាគច្រើន យកទៅជួសជុល និងកសាងផ្លូវថ្នល់ជាអាទិភាព។
លោកបញ្ជាក់ថា អាជ្ញាធរឃុំប្រើប្រាស់កញ្ចប់ថវិកាឃុំផ្អែកលើការប្រជុំសម្រេចរបស់សមាជិកក្រុមប្រឹក្សាឃុំ ដោយយោងលើតម្រូវការចាំបាច់របស់ពលរដ្ឋជាអាទិភាព។
លោក ឃាម ឆាង៖ «សម្រាប់បញ្ហាគឺមកពីខាងភូមិឃុំមក ពេលចុះមូលដ្ឋានសួរបញ្ហាប្រឈមរបស់គាត់យកមកដោះស្រាយ ដើម្បីចាប់អាទិភាពសំខាន់ទាំងអស់ ព្រោះថាគម្រោងស្ដារប្រឡាយវាល្អសម្រាប់ជួយពលរដ្ឋជាច្រើនគ្រួសារ»។
ចំណែកយុវជនរស់នៅខេត្តព្រៃវែង លោក រំចង់ សំណាង សង្កេតឃើញថា នៅគ្រាដែលប្រឡាយទឹក និងព្រែក ដែលជាអាងស្តុកទឹកយ៉ាងសំខាន់ របស់កសិកររីងខះគោករាក់នៅរដូវប្រាំងហើយផ្នែកខ្លះនៃព្រែកមានការចាក់ដីលុបធ្វើជាកម្មសិទ្ធិឯកជន នឹងធ្វើឱ្យកសិករប្រឈមបញ្ហាច្រើន រួមមានបាត់បង់ត្រីសាច់ ធ្លាក់ចុះប្រាក់ចំណូល និងខ្វះទឹកធ្វើកសិកម្ម ដែលជាផ្នែកមួយធ្វើឱ្យពលរដ្ឋចំណាកស្រុកកាន់តែច្រើន។
លោក រំចង់ សំណាង៖ «បើខែប្រាំងធ្វើស្រែរំពឹងមេឃ ហើយហ្នឹងពឹងផ្អែកទៅលើកសិករគាត់បុកអណ្ដូង គាត់មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ពេញលេញមួយឆ្នាំបីដងទេ ប៉ុន្តែបើខែវស្សាគឺពឹងផ្អែកទៅលើទឹកភ្លៀង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងកសិកម្មកញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី ២០ កញ្ញា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។ ចំណែកអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកធនធានទឹក និងជាប្រធានអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាប ពន្យល់ថា ប្រភពទឹកប្រឡាយ ស្ទឹង អូរ បឹងបួ និងព្រែក អាជ្ញាធរគួររក្សាឱ្យគង់ ដើម្បីជួយកសិករធ្វើកសិកម្ម អភិរក្សជីវចម្រុះ និងផ្តល់បរិយាកាសធម្មជាតិជួយវិស័យទេសចរណ៍ ព្រមទាំងជាប្រភពចំណីសត្វ និងមនុស្ស ជាដើម។
លោកបារម្ភថា ប្រសិនបើធនធានធម្មជាតិទាំងនេះបាត់បង់ គឺជាបន្ទុកបន្ថែមទៀត នាំឱ្យប្រែប្រួលអាកាសធាតុ បង្កការលំបាកកាន់តែខ្លាំង ប៉ះពាល់ជីវភាពកសិកររយៈពេលវែង។
លោក លាង ប៊ុន លាភ៖ «ធម្មជាតិខូចហើយបរិយាកាសក៏ប្រែប្រួលហើយ ដីសើមត្រពាំងអូរខ្លះលែងមាន ហើយបន្ទុកកាន់តែខ្លាំងទៅលើការប្រែប្រួលអាកាសធាតុ បង្ហូរមកក៏ប្រែប្រួល ប្រព័ន្ធទឹកក៏ប្រែប្រួល ធ្វើឱ្យមានផលលំបាកកាន់តែខ្លាំងជារឿងដែលយើងគួរតែយកចិត្តទុកដាក់»។ កសិករទទូចឱ្យរដ្ឋាភិបាលគិតគូរឱ្យបានល្អិតល្អន់ជុំវិញរឿងនេះដើម្បីការពារភោគទ្រព្យជាតិឱ្យគង់វង្ស ផ្តល់ប្រយោជន៍ច្រើនខាងវិស័យកសិកម្ម បង្កើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតសោភ័ណភាពបរិស្ថានធម្មជាតិ ក្នុងសហគមន៍ កាត់បន្ថយពលរដ្ឋធ្វើចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments