អាជ្ញាធររបបក្រុងភ្នំពេញ នៅមិនទាន់ដោះលែងអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបង ២នាក់ គឺលោក គង់ ប៊ុនហ៊ាង និងលោក ហង្ស សេង នៅឡើយទេ នៅថ្ងៃទី១៩ តុលា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បញ្ជាក់ដោយខ្លីថា សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីលើអតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិទាំង២រូប នេះ និងចោទពីបទ ប្រមាថព្រះមហាក្សត្រ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់បន្ថែមថា ពួកគេនៅទីណា និងចោទប្រកាន់ដោយយោងទៅលើមូលហេតុអ្វីនោះទេ៖ «សមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធី រួចអត់ទាន់បានដោះលែងទេ ឬមិនទាន់សម្រេចទៅណាទេ។ ខ្ញុំមិនអាចរាយការណ៍ជូនលំអិតទេ ទុកឲ្យសមត្ថកិច្ចគេធ្វើការសិន ក៏ប៉ុន្តែបទចោទប្រកាន់ជាប់ពីការប្រមាថព្រះមហាក្សត្រ។ ឥឡូវសមត្ថកិច្ចគេកំពុងធ្វើការ»។
ប្រពន្ធលោក គង់ ប៊ុនហ៊ាង សមាជិកប្រតិបត្តិខេត្តបាត់ដំបង គឺ លោកស្រី សេន ស៊ី រៀបរាប់ថា រហូតមកដល់ពេលនេះ លោកស្រីពុំទាន់ទទួលបានដំណឹងថា អាជ្ញាធរឃុំខ្លួនប្ដីលោកស្រីនៅទីណានោះទេ។ លោកស្រីបន្តថា លោកស្រីបារម្ភពីសុវត្ថិភាពប្ដីលោកស្រីជាខ្លាំងដោយសារប្ដីលោកស្រីមានវ័យចាស់ជរា និងកំពុងមានជំងឺស្លាប់មួយចំហៀងខ្លួន លើសឈាម និងងាប់សរសៃជើងខាងស្ដាំ កម្រើកមិនបាន។ លោកស្រីស្នើឲ្យអាជ្ញាធរដោះលែងប្ដីលោកស្រីវិញ ដោយសារលោកមិនមានកំហុសនោះទេ៖ «ខ្ញុំថា មិនយុត្តិធម៌ទេ មកចាប់យប់អ៊ីចឹងហ្នឹង មានធ្វើអីខុសផង។ ខ្ញុំដល់ពេលចឹងខ្ញុំដូចគ្មានវិញ្ញាណបណ្ដោយ ខ្ញុំគិតពេក ខ្ញុំគិតច្រើនណាស់ បានម្ហូប ទឹកក៏មិនហូបដែរហ្នឹង ចង់ជួបប្តី។ ខ្ញុំសំណូមពរសូមឲ្យជួយដោះលែងប្តីខ្ញុំឲ្យឆាប់ៗមក នឹងអាលទៅនៅឯផ្ទះវិញ ស្រណុកខ្ញុំមើលថែគាត់ ព្រោះអីគាត់ឈឺ ថ្នាំលេបរហូតហ្នឹងនៅឯផ្ទះហ៎!»។
នគរបាលស្រុកសង្កែ បានចាប់ខ្លួន សមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង គឺលោក គង់ ប៊ុនហ៊ាង កាលពីថ្ងៃទី១៧ តុលា និងបន្តចាប់ខ្លួនសមាជិកប្រតិបត្តិខេត្តម្នាក់ទៀត ឈ្មោះ ហង្ស សេង រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ លោកស្រី សេន ស៊ី ឲ្យដឹងថា អាជ្ញាធរមិនបានបង្ហាញ ឬ អានដីកាចាប់ខ្លួនទេ។
ចាប់តាំងពីខែមករា ឆ្នាំ២០២០មក មានសកម្មជនគណបក្សប្រឆាំងជាង ២០នាក់ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ។ តុលាការបានចោទប្រកាន់ពីបទ រួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមជាដើម។
ទោះជាយ៉ាងណា ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ទាមទាររដ្ឋាភិបាលកម្ពុជា ឱ្យស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយត្រូវដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងយុវជនទាំងឡាយដែលត្រូវបានចាប់ខ្លួនទាំងបំពានច្បាប់នោះឲ្យមានសេរីភាពឡើងវិញ។ពួកគេ មើលឃើញថា ការចាប់ខ្លួនទាំងនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments