RFA | ប្រតិភូ​សហភាព​អឺរ៉ុប​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោះស្រាយ​រឿងEBA | hot news

By , Comment
Share on Facebook Tweet on Twitter

គណៈប្រតិភូ​អឺរ៉ុប បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២០ មីនា ពាក់ព័ន្ធ​នឹង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​EBA។ ប៉ុន្តែ លោក ហ៊ុន សែន អះអាង​ថា ជួប​អ្នកណា​ជួប​ទៅ ប៉ុន្តែ​សម្រាប់​ដំណោះស្រាយ​រឿង​EBA គឺ​លោក​ជា​អ្នក​សម្រេច​។ អ្នកវិភាគ យល់ថា របប​ក្រុង​ភ្នំពេញ គួរតែ​បន្ទន់​ឥរិយាបថ និង​ចាប់ផ្ដើម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ មុននឹង​សហភាព​អឺរ៉ុប​ដាក់​ចេញ​នូវ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ EBA ជា​ផ្លូវការ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុផានិត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា គណៈប្រតិភូ​អឺរ៉ុប ដែល​មក​កម្ពុជា នៅ​ពេល​នេះ គឺ​មិនមែន​មក​ដក EBA ពី​កម្ពុជា ទេ ប៉ុន្តែ​មក​ធ្វើការ​ជាមួយ​គ្នា បើក​កិច្ច​សន្ទនា​ជាមួយគ្នា​ស្វែងរក​ចំណុចរួម និង​ដំណោះស្រាយ ដើម្បី​បង្កើន កិច្ច​សហប្រតិបត្តិការ រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​ភាគី​ទាំងពីរ។លោក ផាត សុផានិត បន្ត​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន ប្រាប់​នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​សហភាព​អឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី (Paola Pampaloni) ថា រដ្ឋាភិបាល កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​នយោបាយ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​សង្គម​ស៊ីវិល បញ្ហា​សិទ្ធិ​ការងារ និង​បញ្ហា​ដីធ្លី​ជាដើម​ទៅតាម​សេចក្ដីថ្លែងការណ៍ របស់​រដ្ឋាភិបាល​ដែល បាន​ចេញ​កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​កន្លងទៅ ។ លោក ស ខេង ក៏​ទទួល​ស្គាល់​ថា ទោះបី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ល្អ​ក្តី ក៏​លោក​អះអាង​ថា កម្ពុជា​មិន​បោះបង់​ផ្លូវ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។

ដោយឡែក​មេដឹកនាំ​រប​ប​ក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ បាន​ថ្លែង​ពី​កន្លែង​ជួបជុំ​ជាមួយ​កម្មករ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​មិន​ខ្វល់​រឿង​ប្រតិភូ​សហភាព​អឺរ៉ុប​មក​ដោះស្រាយ​រឿង​EBA នេះ​ទេ ដោយ លោក​អះអាង​ថា ទៅ​ជួប​អ្នកណា​ជួប​ទៅ ប៉ុន្តែ​រឿង​EBA នេះ​គឺ​លោក​ជា​អ្នក​សម្រេច។ «»

បន្ថែម​ពី​នេះ លោក ហ៊ុន សែន នៅតែ​ថ្លែង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ មិន​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​អ្នកមាន​នោះ​ឡើយ គឺ​មាន​តែ​ការ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ទេ ទើប​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​អ្នក​មានបាន។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ចច អេដហ្កា​រ (George Edgar) ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ថា ក្រុម​គណៈប្រតិភូ​សហភាព​អឺរ៉ុប កំពុង​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​កម្ពុជា និង ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ខ្លី នេះ គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា ក្នុង​បរិបទ​នៃ​EBA

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ លើក​ឡើង​ថា ដំណើរ​ទស្សន​កិច្ច និង​អ្វី​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប លើកឡើង​ជាមួយ​ជាមួយ​មន្ត្រី​ជាន់ ខ្ពស់​របប​ក្រុង​ភ្នំ គឺជា​សញ្ញា​បញ្ជាក់​ថា សហភាព​អឺរ៉ុប កំពុង​ព្រមាន​ដក ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ​ពី​កម្ពុជា ប្រសិនបើ​របប​ក្រុងភ្នំពេញ មិន​វិល​ទៅកាន់ ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ «»

លោក គឹម សុខ បន្ត​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ បង្ហាញ​ភាព​ពុតត្បុត ដើម្បី​អួតថា ខ្លួនឯង​ខ្លាំង​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​លោក ហ៊ុន សែន ក៏​កំពុង​ភ័យ​ស្លន់ស្លោ​ពី​រឿង​ប្រឈមមុខ​បាត់បង់​EBA​នេះ។ «»

សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ​កន្លងទៅ​។ ដំណើរការ​នេះ មាន​រយៈពេល​សរុប​ទាំងអស់​១៨ ខែ​គិត​ចាប់ពី​ថ្ងៃ​ទី​១២ កុម្ភៈ​តទៅ​។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​ក្រុងភ្នំពេញ​ចំនួន ៦​ខែ ដើម្បី​ស្ការ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុង​រយៈពេល ៦​ខែ បន្ទាប់​ទៀត អឺរ៉ុប​នឹង​ចាប់ផ្ដើម​ដំណាក់កាល​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ បើ​មានការ​សម្រេច​ថា ព្យួរ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា ៦​ខែ​ទៀត ដើម្បី​ត្រៀមខ្លួន មុននឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ចូល​ជា​ធរមាន។

នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​មួយថ្ងៃ អង្គការ សមាគម សហជីព និង​សហគមន៍ ប្រមាណ​៧០ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្ដី​សម្រេច​ជា​ផ្លូវការ​នៃ​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល ចំពោះ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ពល​រដ្ឋ ព្រមទាំង​ការ​អភិវឌ្ឍ​ជាតិ​ទាំងមូល​។ ហេតុដូច្នេះ​ពួកគេ ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ចាត់​វិធានការ​ជាក់ស្ដែង និង​ម៉ត់ចត់ ក្នុង​ការ​ស្ដារ ការពារ និង​បំពេញ​លក្ខខណ្ឌ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments