សហជីពកម្មករជួបពិភាក្សាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិ
ដោយ ឡេង ម៉ាលី RFA 2016-11-20
តំណាងសហជីពកម្មករមូលដ្ឋាន និងតំណាងសហភាពសហព័ន្ធសហជីពប្រមាណ ៩០នាក់ ជួបគ្នាពិភាក្សាអំពីលទ្ធភាពធ្វើពាក្យបណ្ដឹងដាក់ទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ការជួបជុំគ្នានេះ គឺក្នុងវេទិកាផ្សព្វផ្សាយច្បាប់ការងារមួយនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ វិច្ឆិកា។
នៅឯវេទិកាដែលមានឈ្មោះពេញថា "ការយល់ដឹងរបស់សហជីពកម្មករអំពីច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិស្ដីពីការងារ" ព្រឹកថ្ងៃទី២០ វិច្ឆិកា គឺជាការពិនិត្យលើយន្តការច្បាប់ការងារជាតិ និងអន្តរជាតិ ដើម្បីរៀបចំពាក្យបណ្ដឹងស្ដីពីសិទ្ធិការងារទៅអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អនុប្រធានសហភាពការងារកម្ពុជា លោក ឯក សុភក្ដី ថ្លែងថា មូលហេតុដែលនាំឲ្យមានការពិភាក្សាអំពីបញ្ហានេះ ក៏ព្រោះតែខាងសហជីពយល់ឃើញថា សិទ្ធិក្នុងការបង្កើតសហជីពរបស់កម្មករនិយោជិតត្រូវបានបំបិទ ក្រោយពីរដ្ឋាភិបាលបានអនុវត្តច្បាប់សហជីព ដែលរដ្ឋសភាបានអនុម័តរយៈពេល ៦ខែកន្លងទៅ៖ «»។
ច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋសភាអនុម័តដ៏ចម្រូងចម្រាសកាលពីខែឧសភា ឆ្នាំ២០១៦។ ភាគីសហជីពកម្មករ មិនពេញចិត្តច្បាប់នេះទាំងស្រុងទេ ដោយគេចាត់ទុកថា ច្បាប់នេះបិទសិទ្ធិពួកគេ។
មន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិ និងច្បាប់ការងារនៃអង្គការអន្តរជាតិខាងការងារ (ILO) លោក អាឡាំង ប៉ិលស៍ (Alain Pelce) មានប្រសាសន៍ថា ការធ្វើពាក្យបណ្ដឹងទៅអង្គការអន្តរជាតិខាងការងារ គឺពាក់ព័ន្ធនឹងរដ្ឋជាភាគី ដែលមិនអនុវត្តតាមអនុសញ្ញាអន្តជាតិស្ដីពីការងារ។ ជាទូទៅ គឺការរំលោភធ្ងន់ធ្ងរលើអនុសញ្ញាដែលរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវអនុវត្តតាម។
លោកឲ្យដឹងថា យន្តការនៃការធ្វើពាក្យបណ្ដឹង គឺអាចធ្វើបាន ដោយរដ្ឋភាគីផ្ដល់សច្ចាប័នដល់អនុសញ្ញា និងគណៈប្រតិភូដែលចូលរួមមហាសន្និបាតរបស់គណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញា និងអនុសាសន៍អង្គការអន្តរជាតិខាងការងារ៖ «»។
លោកបញ្ជាក់បន្ថែមថា ទោះបីជារដ្ឋាភិបាលមិនបានផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ១៤៤ ក្ដី ក៏រដ្ឋមានកាតព្វកិច្ចត្រូវគោរពតាមគោលការណ៍ពិគ្រោះយោបល់ជាមួយភាគីនិយោជក និងតំណាងអង្គការកម្មករ ពេលធ្វើរបាយការណ៍រាល់ ៣ឆ្នាំម្ដងដាក់ជូនគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ ជាពិសេសរបាយការណ៍អំពីការអនុវត្តអនុសញ្ញាលេខ៨៧ ស្ដីពីសេរីភាពបង្កើតសមាគម និងការការពារសិទ្ធិបង្កើតសមាគម ហើយនិងអនុសញ្ញាស្ដីពីការអនុវត្តគោលការណ៍នៃសិទ្ធិបង្កើតសមាគម និងសិទ្ធិនៃការចរចាសមូហភាព។
ទោះបីជាយ៉ាងណាក្ដី ក្រុមសហជីពនៅមិនទាន់កំណត់ច្បាស់នៅឡើយទេថា នឹងត្រូវបញ្ចប់ការធ្វើពាក្យបណ្ដឹងរបស់ខ្លួននៅពេលណា ហើយនឹងដាក់ជូនគណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារនៅពេលណាដែរ។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺលោក ហេង សួរ ដើម្បីបញ្ជាក់លើបញ្ហាទាំងនេះបានទេ នៅថ្ងៃទី២០ វិច្ឆិកា។
មន្ត្រីជំនាញផ្នែកបទដ្ឋានការងារអន្តរជាតិ និងច្បាប់ការងារនៃអង្គការអន្តរជាតិខាងការងារ លោក អាឡាំង ប៉ិលស៍ (Alain Pelce) ឲ្យដឹងថា គណៈកម្មាធិការជំនាញស្ដីពីការអនុវត្តអនុសញ្ញា និងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ តែងធ្វើសន្និបាតពិនិត្យរបាយការណ៍របស់ប្រទេសនីមួយៗរៀងរាល់ចុងខែវិច្ឆិកា និងដើមខែធ្នូ។ ឆ្នាំនេះ សន្និបាតនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments