RFA | សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​៦​នាក់​ករណី​យុវជន​ម្នាក់​ស្លាប់​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ខេត្ត​ព្រះសីហនុ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​ពិនិត្យ​សាកសព​យុវជន​ម្នាក់​ឈ្មោះ ម៉េង តុង ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​ផ្ទះ​កាល​ពី​ម៉ោង​ជាង ៩​យប់ ថ្ងៃ​ទី​២១ ខែ​កុម្ភៈ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ពិត។

ហេតុការណ៍​នេះ អាណាព្យាបាល និង​ញាតិ​ជិត​ខាង​សង្ស័យ​ថា ការ​ស្លាប់​របស់​យុវជន​រងគ្រោះ គឺ​ជា​រឿង​ឃាតកម្ម និង​ស្នើ​ដល់​សមត្ថកិច្ច​ជួយ​វែក​រក​មុខ​ជន​ប្រព្រឹត្តិ​ល្មើស​យក​ទៅ​ផ្ដន្ទាទោស។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិតត្រាំង លោក កែវ សាវុធ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ ថា ការ​ស្លាប់​របស់​យុវជន​ឈ្មោះ ម៉េង តុង សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ជា​រឿង​គំនុំ ឬ​ឃាតកម្ម​អ្វី​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើប​អង្កេត និង​ពិនិត្យ​សាកសព។

លោក​បន្ត​ថា ករណី​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស ៦​នាក់ រួម​ទាំង​អាណាព្យាបាល​យុវជន​រងគ្រោះ​ផង យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​បិតត្រាំង ដើម្បី​ស៊ើប​អង្កេត​បន្ត ព្រោះ​តាម​សាក្សី និង​អាណាព្យាបាល​របស់​យុវជន​រងគ្រោះ បាន​អះអាង​ថា នៅ​ពេល​កំពុង​មាន​ភ្លើង​ឆេះ យុវជន​ឈ្មោះ ម៉េង តុង គេ​ឃើញ​មាន​ខ្សែ​ចង​រឹត​ក និង​ចង​ដៃ​ទាំង​ពីរ​ផ្អោប​ភ្ជាប់​ទៅ​នឹង​សសរ​ផ្ទះ ដោយ​ពួក​គេ​សង្ស័យ​ថា​អាច​ជា​រឿង​ឃាតកម្ម៖ «ខ្ញុំ​ទៅ​ពិនិត្យ​ដល់​ទីកន្លែង​កើត​មាន គឺ​ពិត​ជា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ និង​មាន​ក្មេង​ម្នាក់​ស្លាប់​ពិត​មែន ប៉ុន្តែ​អ្វី​ក្រៅ​ពី​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​បែប​ណា​ទេ គឺ​ត្រូវ​រង់ចាំ​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ថ្នាក់​លើ​ខ្ញុំ​បន្ត​ទៀត​លើ​ករណី​នេះ»

សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សាកសព មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្លាប់​របស់​យុវជន​ឈ្មោះ ម៉េង តុង ថា​ជា​រឿង​ឃាតកម្ម ឬ​បែប​ណា​នៅ​ឡើយ​ទេ ព្រោះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត និង​សួរ​នាំ​សាក្សី​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ទើប​ធ្វើ​ការ​សន្និដ្ឋាន​ជា​ក្រោយ។

សាក្សី​មួយ​ចំនួន​ដែល​មាន​លំនៅឋាន​ជាប់​កន្លែង​កើត​ហេតុ​មាន​ភ្លើង​ឆេះ​ផ្ទះ បាន​អះអាង​ថា ពេល​មាន​អណ្ដាត​ភ្លើង​ឆេះ​ផ្ទះ​កើត​ឡើង ពួក​គេ​បាន​ជួយ​ពន្លត់​ភ្លើង​ទៅ​តាម​ការ​ដង្ហោយ​ហៅ​របស់​អាណាព្យាបាល​យុវជន​រងគ្រោះ។

សាច់ញាតិ ឬ​សាក្សី​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ ឪពុក​ម្តាយ​យុវជន​រងគ្រោះ​មិន​នៅ​ផ្ទះ​ទេ ដោយ​ឪពុក​បាន​ចេញ​ទៅ​ផឹក​កាហ្វេ និង​ម្តាយ​ទៅ​មើល​ទូរទស្សន៍​នៅ​ផ្ទះ​អ្នក​ជិត​ខាង មាន​ចម្ងាយ​ចន្លោះ​ពី ២០០​ម៉ែត្រ​ទៅ ៣០០​ម៉ែត្រ​ពី​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ ប៉ុន្តែ​នៅ​ពេល​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​ឡើង ក៏​នាំ​គ្នា​ឆោឡោ និង​ហៅ​អ្នក​ជិត​ខាង​ឲ្យ​មក​ជួយ​ពន្លត់​ភ្លើង តែ​មិន​អាច​ជួយ​ជន​រងគ្រោះ​បាន។

ទាំង​អាណាព្យាបាល និង​សាក្សី​ជា​ញាតិ​ជិត​ខាង បាន​អះអាង​ដូចៗ​គ្នា​ថា សព​យុវជន​ឈ្មោះ ម៉េង តុង មុន​ត្រូវ​ភ្លើង​ឆេះ​ខ្លោច គឺ​ពួក​គេ​បាន​ឃើញ​មាន​ខ្សែ​ចង​រឹត​ក និង​ចង​ក​ដៃ​ទាំង​ពីរ​ឆ្កាង​ភ្ជាប់​ទៅ​សសរ​ផ្ទះ​ប្រក់​ស័ង្កសី បាំង​ជញ្ជាំង​ឈើ និង​បន្ទះ​ជ័រ។

លោក ប៊ួន ណារិទ្ធ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ផ្ទាល់​ដល់​ទីតាំង​ភ្លើង​ឆេះ​ផ្ទះ លោក​ស្នើ​ដល់​សមត្ថកិច្ច​ជំនាញ ជួយ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ការ​ស្លាប់​នេះ​ទាំង​អាណាព្យាបាល និង​សាក្សី​មាន​ផ្ទះ​នៅ​ជិត​កន្លែង​កើត​ហេតុ បាន​អះអាង​ថា ការ​ស្លាប់​របស់​យុវជន​រូប​នេះ​អាច​ជា​រឿង​ឃាតកម្ម ដោយ​ពួក​គេ​សំអាង​ទៅ​លើ​សាកសព​នៅ​ពេល​កំពុង​ត្រូវ​ភ្លើង​ឆេះ ឃើញ​មាន​ចំណង​ចង​រឹត​ក និង​ចង​ដៃ​ទាំង​ពីរ​ឆ្កាង​ភ្ជាប់​ទៅ​សសរ​ផ្ទះ មុន​នឹង​ត្រូវ​ភ្លើង​ឆេះ​ខ្លោច៖ «សាកសព​នេះ គឺ​មាន​សភាព​ដេក​ស្លាប់​ផ្ងារ​នៅ​ក្បែរ​សសរ​មួយ និង​ក្បែរ​ជញ្ជាំង ហើយ​តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ហ្នឹង គឺ​នៅ​ពេល​ដែល​គាត់​មក​ដល់​ឃើញ​ភ្លើង​ឆេះ​ដំបូង គឺ​សាកសព​ឆេះ​ក្នុង​លក្ខណៈ​នៅ​អង្គុយ​នៅ​ឡើយ​ទេ គឺ​នៅ​អង្គុយ​លើ​គ្រែ និង​ឃើញ​មាន​ខ្សែ​ចំណង​ចង​ក និង​ចង​ដៃ​ថែម​ទៀត​ផង។ ចឹង​ករណី​នេះ​ហាក់​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​ច្រើន​ជាង​អគ្គីភ័យ​ឆេះ​ផ្ទះ»

សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា កំពុង​ស៊ើប​អង្កេត និង​ពិនិត្យ​តាមដាន​ករណី​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ មុន​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ទៅ​លើ​ហេតុការណ៍​នេះ​ជា​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments