RFA | គណបក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​បញ្ចប់​ជម្លោះ​នយោបាយ និង​ដោះលែង​អ្នក​ទោស​មនសិការ​ពេល​ចូល​ឆ្នាំ​ថ្មី | hot news

By , Comment
Share on Facebook Tweet on Twitter

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ចេញ​អួត​អំពី​សមិទ្ធផល​ឆ្នាំ​ចាស់ ខណៈ​គណបក្ស​ប្រឆាំង​ស្នើ​ឱ្យ​បញ្ចប់​ជម្លោះ​នយោបាយ និង​ដោះ​លែង​អ្នក​ទោស​មនសិការ ឱ្យ​មាន​សេរីភាព​ជួប​ជុំ​ក្រុម​គ្រួសារ ដើម្បី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​ចេញ​សារ​សម្ដែង​ព្រះទ័យ​ស្រឡាញ់​ប្រជារាស្ត្រ និង​ជូនពរ​ដល់​ប្រជារាស្ត្រ ប្រកប​តែ​នឹង​ព្រះពុទ្ធពរ​គ្រប់​ប្រការ ។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ជា​វប្បធម៌​ដ៏​យូរ​លង់ និង​ល្អ​ផូរផង់ ដែល​បុព្វបុរស​ដូន​តា​ខ្មែរ បាន​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន ហើយ​ក៏​ជា​ពិធី​បុណ្យ​មួយ ដែល​មាន​អត្ថន័យ​ដ៏​ធំធេង ក្នុង​ការ​បណ្ដុះ​ស្មារតី​សាមគ្គីភាព​ជាតិ ថែ​រក្សា​ការពារ ស្រឡាញ់​ទំនៀម​ទម្លាប់ ប្រពៃណី និង​ដើម្បី​លើក​កម្ពស់​អរិយធម៌​ជាតិ​ខ្មែរ​យើង។

ក្នុង​អត្ថន័យ​បណ្ដុះ​ស្មារតី​សាមគ្គីភាព​ជាតិ ដូច​ព្រះបន្ទូល​ព្រះមហាក្សត្រ គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល បង្ហាញ​បំណង​ឱ្យ​ផ្ដល់​សេរីភាព​ ដល់​អ្នក​ទោស​មនសិការ ឱ្យ​បាន​ជួប​ជុំ​គ្រួសារ និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ នៅ​ពេល​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ប្រាប់​ឱ្យ​ពលរដ្ឋ​រីករាយ​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

ប្រធាន​ព្រឹទ្ធសភា និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា ជម្រុះ​ចោល​ឱ្យ​ជ្រះស្រឡះ នូវ​អពមង្គល​ឧបទ្រព​ចង្រៃ និង​មន្ទិល​ហ្មងសៅ​ទាំង​ពួង​ក្នុង​ឆ្នាំ​ចាស់ ហើយ​តាំង​ចិត្ត​ថ្មី ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ឆ្នាំ​ថ្មី។

រីឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​កូន ក្រៅ​ពី​អួត​អំពី​គុណ​របស់​ឪពុក បាន​ត្រឹម​តែ​ផ្ញើ​សារ​បួង​សួង​ឱ្យ​ប្រជាជន​ខ្មែរ មាន​សមាន​ចិត្ត​ជា​កុសល យោគយល់​គ្នា រួម​សាមគ្គី​គ្នា ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ នៅ​លើ​ទឹក​ដី​មាតុភូមិ​អង្គរ ប៉ុន្តែ​លោក​ នាយករដ្ឋមន្ត្រី មិន​បង្ហាញ​ជំហរ​ផ្សះផ្សា​ជាតិ តាម​បំណង​ប្រាថ្នា​របស់​ប្រជាជន ឱ្យ​ប្រជាជន​រួច​ផុត​ពី​អយុត្តិធម៌ និង​ការ​ឈឺ​ចាប់ ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

សម្រាប់​គណបក្ស​នយោបាយ និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​វិញ ពួកគេ​ផ្ញើ​សារ​ផ្ដោត​ជា​សំខាន់ លើ​ការ​ចង់​បាន​យុត្តិធម៌ និង​សេចក្ដី​សុខ របស់​ប្រជាពលរដ្ឋ​ ជា​ពិសេស ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​ការ​ផ្សះផ្សា​ជាតិ ដោយ​គ្មាន​ ការ​រើស​អើង​និន្នាការ។

គណបក្ស​កម្លាំង​ជាតិ មាន​បំណង​ប្រាថ្នា ឱ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​សម្រប​សម្រួល ​ដោះលែង អ្នក​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​ឃាំង ដូចជា លោក កឹម សុខា លោក ថាច់ សេដ្ឋា លោក សៀម ភ្លុក លោក តូច ថឹង លោក ខឿន វីរ៉ាត់ លោកស្រី នូ សុទ្ធារី លោក អ៊ុំ វីរៈរដ្ឋ  លោក ចៅ វាសនា និង​សកម្មជន​សិទ្ធិ​មនុស្ស​កញ្ញា សេង ធារី លោក កើត សារ៉ាយ ព្រមទាំង​មេ​ដឹក​នាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ជាដើម។

ចំណែក​ឯ គណបក្ស​ភ្លើង​ទៀន ក៏​បាន​ផ្ញើ​សារ​អំពាវនាវ​ឱ្យ​បញ្ចប់​នូវ​ជម្លោះ នយោបាយ  ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ពិត​ប្រាកដ​នៅ​ប្រទេស ​កម្ពុជា។

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ផ្ញើ​សារ​នៅ​ថ្ងៃ​ទី១២ ខែមេសា ដោយ​ពាក្យ​ជូន​ពរ និង​បួង​សួង​ឱ្យ​ឆ្នាំ​ថ្មី ចង់​ឃើញ​អ្នក​ដឹក​នាំ​ប្រទេស បំពេញ​ តួនាទី​ផ្ដោត​លើ​ការ​ផ្ដល់​សេចក្ដី​សុខ និង​ជីវភាព​ប្រជាពលរដ្ឋ​ជា​ធំ ឱ្យ​ប្រជាពលរដ្ឋ​ រស់នៅ​ថ្លៃថ្នូរ មាន​សុវត្ថិភាព និង​យុត្តិធម៌។

លោក​ថា ឆ្នាំ​ថ្មី ក៏​គួរ​ជា​ឱកាស ដែល​មេ​ដឹក​នាំ​ថ្មី បង្ហាញ​នយោបាយ សាមគ្គីភាព​ផ្ទៃ​ក្នុង​ជាតិ ដោយ​ឱ្យ​សមាជិក​គណបក្ស​នយោបាយ និង​សកម្មជន​សង្គម​ជា​អ្នក​ទោស​មនសិការ ដែល​កំពុង​ជាប់​ពន្ធនាគារ មាន​សេរីភាព​ជួប​ជុំ​ក្រុម​គ្រួសារ ដើម្បី​អបអរ​សាទ​ឆ្នាំ​ថ្មី។

លោក សុន ឆ័យ៖ «ហើយ​ចង់​ឱ្យ​ឃើញ ថា​ក្នុង​ឆ្នាំ​ថ្មី​នេះ ការ​ជានា​រវាង​ប្រជាជាតិ​ខ្មែរ គឺ​អាច​នឹង​កើត​មាន ការ​រយៈ​ការ​អនុគ្រោះ យោគយល់ និង​ការ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​នៅ​កម្ពុជា»

ងាក​ទៅ​មើល​ស្ថានទូត​ប្រទេស​ជា​មិត្ត ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​មាន​សារ​ជូនពរ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ នៅ​ស្រប​ពេល​ដែល​ស្ថានទូត​ជា​មិត្ត​មួយ​ចំនួន បង្ហាញ​សមាន​ចិត្ត​ចូលរួម​អបអរ។

ស្ថានទូត​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី១០ ខែមេសា ផ្ញើ​សារ​ជូនពរ​ដល់​ដៃគូ​សហការ​នានា។

ស្ថានទូត​សហភាព​អឺរ៉ុប៖«ក្រុម​ការងារ​យើង​ខ្ញុំ ទាំង​សូម​ជូនពរ​ដល់​ដៃគូ​សហការ សហការី មិត្តភ័ក្ដិ ក្រុម​គ្រួសារ និង​អ្នក​ទាំងអស់​គ្នា»

ស្ថានទូត​សហរដ្ឋ​អាមេរិក សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១២ ខែមេសា ថា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ គឺ​ជា​ឱកាស​ពិសេស​មួយ ដើម្បី​ធ្វើការ​អបអរ​ភាព​ រស់រវើក​នៃ​វប្បធម៌​ខ្មែរ។

ស្ថានទូត​អាមេរិក បញ្ជាក់​ថា តទៅ​អនាគត សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​កសាង​ប្រទេស​កម្ពុជា​មួយ ដែល​មាន​ឯករាជ្យ វិបុលភាព និង​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments