RFA | អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការយាយីអ្នកការពារសិទ្ធិមនុស្សនិងសង្គមស៊ីវិល | hot news

By , Comment
Share on Facebook Tweet on Twitter

 អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​រក​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា ​កំពុង​យាយី​និង​ដាក់​ទោស​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ​ដោយ​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​ស៊ីវិល និង​នយោបាយ​ដោយ​​សេរី​ទេ​។ អ្នក​ជំនាញ​ក៏​រក​ឃើញ​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​ រំលោភ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​ការ​បង្កើត​សមាគម ​និង​ការ​ជួប​ប្រជុំ ​ដោយ​សន្តិវិធី​ ដែល​មាន​ចែង​នៅ​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ផង។

អ្នក​ឃ្លាំមើល​សង្គម ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ការ​ពិត​ ចំពោះ​សកម្ម​ភាព ​ដែល​យាយី​ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​សកម្មជន​សង្គម​ស៊ីវិល​នា​នា ​ព្រមទាំង​បើក​ទូលាយ ​ឱ្យ​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ទាំង​ឡាយ​ អាច​​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ ​បាន​ដោយ​សេរី​និង​ទូលំ​ទូលាយ​ឡើង​វិញ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​នៅ​ប្រទេស​ន័រវែស​(Norway) លោក ​ម៉ែន ណាត មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មេសា​ថា ការ​​ដែល​រដ្ឋាភិបាល​ល​កម្ពុជា​ឆ្លើយ​ដោះសា​ មិន​ទទួល​យក​សេចក្ដី​ថ្លែងការណ៍ ​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ​អំពី​ករណី​រំលោភ​សិទ្ធិ​មនុស្ស ​និង​កំពុង​យាយី​ ទៅ​លើ​ក្រុម​អ្នក​ការ​ពារ​សិទ្ធិមនុស្ស ​សកម្មជន​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​នោះ​ គឺ​វា​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​ ​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ថែម​ទៀត។

លោក ​ម៉ែន ណាត ​យល់​ថា​ការ​ឆ្លើយ​ដោះសា​ មិន​ទទួល​ស្គាល់​ការពិត​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ ​លោក​ ហ៊ុន ម៉ាណែត​ គ្មាន​ឆន្ទៈ​កែ​សម្រួល​ស្ថានភាព​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​ល្អ​ឡើង​វិញ ​ដើម្បី​បញ្ចប់​នូវ​ទុក្ខ​វេទនា ​របស់​ពលរដ្ឋ​កម្ពុជា​ទេ។

លោក ​ម៉ែន ណាត​៖ «​ចំពោះ​រឿង​នេះ​វា​ជា​រឿង​ដែល​មិន​ល្អ​ទេ ​នៅ​ពេល​ដែល​អង្គ​ការ​សហ​ប្រជាជាតិ ​ចេះ​តែ​រាយការណ៍​អំពី​ស្ថានភាព​អាក្រក់​របស់​កម្ពុជា​បែប​នេះ​ ហើយ​រដ្ឋាភិបាល​ដោះសា​មិន​ព្រម​កែ​សម្រួល​។​ ដូច្នេះ​វា​ធ្វើ​ឱ្យ​ឥទ្ធិពល​អាក្រក់​របស់​កម្ពុជា ​ចេះ​តែ​ជះ​ទៅ​លើ​អ្នក​រកស៊ី ​អ្នកវិនិយោគទុន​អន្តរជាតិ​ គេ​មិន​ហ៊ាន​ទៅ​រក​ស៊ី​នៅ​ស្រុក​យើង​ទេ​»។

ការ​រិះគន់​​របស់​អ្នក​ឃ្លាំមើល​នេះ​ បន្ទាប់​ពី​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​ កំពុង​តែ​ធ្វើ​ទុក្ខបុកម្នេញ ​និង​យាយី​ទៅ​លើ​គណបក្ស​នយោបាយ ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សង្គម​ស៊ីវិល​និង​សកម្មជន​ការពារ​បរិស្ថាន​ជា​ច្រើន​ទៀត។

សេចក្ដី​ថ្លែងការណ៍​រួម ​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​(Genev)​ប្រទេស​ស្វីស​ កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសា​និយាយ​ថា​ ថ្មីៗ​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​ បាន​កោះ​ហៅ​សកម្មជន​នយោបាយ ​សង្គម​ស៊ីវិល​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ ព្រម​ទាំង​ចាប់​ខ្លួន​មួយ​ចំនួន ​ដោយសារ​តែ​អ្នក​ទាំង​នោះ​ បាន​ធ្វើ​ការងារ​ពាក់ព័ន្ធ​និង​កិច្ច​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ។

អ្នក​ជំនាញ​របស់​អង្គការ​សហ​ប្រជាជាតិ​ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ចប់​រាល់​ការ​យាយី​និង​ការ​ដាក់ទោស ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​សកម្មជន​សង្គម​ស៊ីវិល​ ហើយ​បើក​ទូលាយ​ឱ្យ​ពួកគេ​អាច​ធ្វើ​ការងារ​ពាក់ព័ន្ធ​និង​ការ​អនុវត្ត​សិទ្ធិ​ស៊ីវិល ​និង​នយោបាយ ​ដោយ​សេរី​ឡើង​វិញ។

វិទ្យុ​អាស៊ី​សេរី​ មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ​លោក ប៉ែន បូណា ​និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក ​កែវ រ៉េមី​ ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​របាយការណ៍​នេះ ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា ដោយសារ​តែ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ។

ក៏​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​មេសា​កន្លង​ទៅ ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ របស់​រដ្ឋាភិបាល​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជំទាស់​និង​សេចក្ដី​ថ្លែងការណ៍​រួម ​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ ​របស់​រដ្ឋាភិបាល​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ​កម្ពុជា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ យាយី​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​និង​រំលោភ​ទៅ​លើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ សិទ្ធិ​បង្កើត​សមាគម ​ព្រម​ទាំង​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​នោះ​ គឺ​ជា​រឿង​មិន​ពិត​។

ជុំវិញ​រឿង​នេះ ​អតីត​អ្នក​តំណាងរាស្ត្រ ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​អ៊ុំ ​សំអាន បាន​ចាត់​ទុក​សេចក្ដី​ថ្លែងការណ៍​ របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ថា​ រដ្ឋាភិបាល​កម្ពុជា ​កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស ​និង​យាយី ទៅ​លើ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​នានា ​គឺ​ជា​រឿង​ពិត។

លោក​ អ៊ុំ សំអាន ​យល់​ថា​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ ​លោក ​ហ៊ុន ​ម៉ា​ណែត ​គឺ​មិន​ខុស​គ្នា​ពី​ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន ​ជា​ឪពុក​ទេ ​សុទ្ធ​តែ​បាន​រំលោភ​សិទ្ធិ​មនុស្ស ​និង​យាយី​ទៅ​លើ​សកម្មជន​នយោបាយ ​សង្គម​ស៊ីវិល​ សហជីព​កម្មករ ​ព្រមទាំង​សកម្មជន​ការពារ​បរិស្ថាន​ជា​ដើម។

លោក អ៊ុំ សំអាន៖ « ​​​អង្គការ​សហ​ប្រជាជាតិ ​គេ​មាន​តំណាង​របស់​គេ​នៅ​កម្ពុជា​​គឺ​ការិយាល័យ​ ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​។​​​គេ​មាន​មនុស្ស​​ធ្វើការ​ស៊ើប​អង្កេត ​តាមដាន​ស្រាវជ្រាវ ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ​មិនមែន​ឮ​តាម​តែ​រយៈ​សង្គម​ស៊ីវិល ​ឬ​ក៏​សារព័ត៌មាន​នោះ​ទេ​។ ​ដូច្នេះ​ការ​ដែល​រដ្ឋាភិបាល​​ថា​អង្គ​ការ​សហ​ប្រជាជាតិ​ មាន​ការ​យល់​ច្រឡំ​នោះ ​គឺ​ជា​ការ​មិន​សម​ហេតុផល​សម្រាប់​រដ្ឋាភិបាល​ឆ្លើយ​ការពារ​ខ្លួន​នោះ​ទេ​»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​​(LICADHO) លោក ​អំ សំអាត ​យល់​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ច្រានចោល​ទាំង​ស្រុង​ នូវ​សេចក្ដី​ថ្លែងការណ៍ ​របស់​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​ ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។ លោក​បញ្ជាក់​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ពិនិត្យ​មើល​ទៅ​លើ​ចំណុច​ខ្វះខាត​មួយ​ចំនួន ដែល​គេ​បាន​លើក​ឡើង ​ហើយ​ធ្វើការ​កែ​លំអ​នោះ​ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ប្រសើរ​ឡើង។

លោក ​អំ ​សំអាត៖ «​បើ​សិន​ច្រាន​ចោល​ទាំង​ស្រុង ​គឺ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ត​ទៅ​មុខ​ទៀត​ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស ​ដែល​ត្រូវ​បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​ទៀត ។​ កន្លង​មក​សហរដ្ឋអាមេរិក ​ឬ​ក៏​សហគមន៍​អឺរ៉ុប​ធ្លាប់​សំដែង​ការ​ព្រួយ​បារម្ភ​ ហើយ​សុំ​ឱ្យ​កម្ពុជា ​កែ​លំអ​ទៅ​លើ​លំហ​ប្រជាធិបតេយ្យ​និង​លំហ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​»។

អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ សិទ្ធិ​ការងារ​បាន​កត់​សំគាល់​ឃើញ​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​ កំពុង​តែ​រឹតត្បិត​និង​មាន​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ចំនួន​បី ​គឺ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ និង​សិទ្ធិ​សមាគម​មិនមែន​រដ្ឋាភិបាល​ជា​ដើម៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments