RFA | ក្រុម​ពលករខ្មែរ​ គ្រោង​ជួប​មន្ត្រី​ក្រសួង​ការងារ​អារ៉ាប៊ី សាអូឌីត ដើម្បី​ប្រាប់​អំពី​បញ្ហា​របស់​ពួកគាត់ | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​ពលករ​ដែល​ចាញ់​បោក​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើរ៍ (Fatina Manpower Co., Ltd.) អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​នៃ​ប្រទេស អារ៉ាប៊ី សាអូឌីត (Saudi Arabia) គ្រោង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ពលករ ដើម្បី​ឱ្យ​និយាយ​រៀបរាប់​ពី​បញ្ហា​ដែល​ពួកគេ​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ជួយ​ពន្លឿន​នីតិវិធី​បញ្ជូន​ក្រុម​ពលករ​មក​កម្ពុជា​វិញ។

ក្រុម​ពលករ​អះអាង​ថា ពលករ​ចំនួន ៣៩នាក់ ដែល​ស្នាក់​នៅ​ផ្ទះ​ជួល កាល​ពី​ថ្ងៃ​ទី៥ ខែឧសភា បាន​នាំ​គ្នា​ស្រែក​តវ៉ា​ទាមទារ ស្នើ​ឱ្យ​មន្ត្រី​នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត ជួយ​អន្តរាគមន៍​ពួក​គេ ព្រោះ​ភាគី​ក្រសួង​ការងារ និង​ស្ថាន​ទូត​យឺតយ៉ាវ​បញ្ជូន​ពួក​គេ​មក​កម្ពុជា​វិញ និង​នៅ​តែ​ប្រាប់​ឱ្យ​ក្រុម​ពលករ​រង់ចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ពលករ​បញ្ជាក់​ថា មន្ត្រី​ក្រសួង​ការងារ​នៃ​ប្រទេស អារ៉ាប៊ី សាអូឌីត បាន​ដឹង​ពី​បញ្ហា​របស់​ក្រុម​ពលករ និង​គ្រោង​ជួប​ប្រជុំ​គ្នា ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ពលករ​ខ្មែរ​រៀបរាប់​ពី​ការណ៍​ដែល​ក្រុមហ៊ុន និង​ថៅកែ​ធ្វើ​បាប​អំឡុង​ពេល​ធ្វើ​ការងារ។ ក្រុម​ពលករ​រំពឹង​ថា ក្រោយ​បាន​ជួប​មន្ត្រី​នៃ​ក្រសួង​ការងារ​ប្រទេស អារ៉ាប៊ី សាអូឌីត ពួកគេ​អាច​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ឆាប់ៗ នេះ។

ពលករ៖ «តវ៉ា​បាន​លិខិត​ឆ្លង​ដែន​ឱ្យ​យើង​កាន់​រៀងៗ ខ្លួន រង់ចាំ​តែ​ថ្ងៃ​ត​ទល់​ជាមួយ​ក្រុមហ៊ុន​គេ ដើម្បី​ទាមទារ​ប្រាក់​ខែ ដែល​គាត់​ធ្វើ​បាប ហើយ​នឹង​បិទ​វីសា (VISA) ឱ្យ​ត្រឡប់​ទៅ​ខ្មែរ។ ខាង​ក្រសួង អារ៉ាប៊ី សាអូឌីត គេ​និយាយ​អ៊ីចឹង។ គាត់​និយាយ​ថា នឹង​ការពារ​ប្រជាជន​ខ្មែរ នឹង​ការពារ​ឱ្យ​បាន​ត្រឡប់​ទៅ​ខ្មែរ​វិញ បាច់​បារម្ភ​ទេ គេ​ធ្វើ​បាប​ម៉េច អត់​បើក​លុយ​ពី​មុន​មក​ម៉េច គេ​សន្យា​ថា នឹង​ទាមទារ​ឱ្យ​វិញ ហើយ​គេ​សន្យា​ថា គេ​នឹង​ជួយ​នៅ​ខាង​ខ្មែរ គេ​អត់​កាន់​ជើង​នៅ​ខាង​អារ៉ាប់​គេ​ទេ ដោយសារ​ពលករ​ពួក​ខ្ញុំ​សុទ្ធ​តែ​ស្រី»

ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ក្រុម​ពលករ​មក​កម្ពុជា​វិញ​យឺតយ៉ាវ​នេះ ក្រុម​ពលករ​ឱ្យ​ដឹង​ថា ដោយសារ​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) បាន​លក់​ពលករ​ខ្មែរ​ទៅ​ក្រុមហ៊ុន​ដៃគូ​សហការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​ក្នុង​តម្លៃ​ខ្ពស់ ទើប​ក្រុមហ៊ុន​នៅ​ប្រទេស​នេះ​ខ្លាច​ខាតបង់ និង​ព្យាយាម​មិន​ឱ្យ​ក្រុម​ពលករ​ខ្លះ​វិល​ត្រឡប់​មក​កម្ពុជា។

ពលករ​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​កំពុង​បម្រើ​ការងារ​តាម​ផ្ទះ គឺ​លោកស្រី យ៉េ ធឿន រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ទាំង​ទឹកភ្នែក​ថា កាល​ពី​ខែមេសា លោកស្រី​ធ្វើ​ការងារ​បាន​ជាង ២០ថ្ងៃ​តែ​ប៉ុណ្ណោះ ប៉ុន្តែ មក​ទល់​ពេល​នេះ ថៅកែ​ពុំ​បាន​បើក​លុយ​ឱ្យ​ទេ។ លោកស្រី​ឱ្យ​ដឹង​ថា កុងត្រា បម្រើ​ការងារ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត​កំណត់​តែ ៣ខែ​ប៉ុណ្ណោះ គឺ​អាច​ត្រឡប់​មក​កម្ពុជា​វិញ ប៉ុន្តែ ក្រុមហ៊ុន​ក្នុង​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត​ប្រាប់​ថា លោកស្រី​ត្រូវ​ធ្វើ​ការ​រហូត​ដល់ ២ឆ្នាំ​បន្ថែម​ទៀត។ លោកស្រី​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ស្ថានភាព​សុខភាព​លោកស្រី​កាន់​តែ​ទ្រុឌទ្រោម ហើយ​ថៅកែ​ប្រាប់​ថា បើ​គ្មាន​លុយ គឺ​ឱ្យ​លោកស្រី​បន្ត​ដេក​ឈឺ​នៅ​ក្នុង​បន្ទប់។

លោកស្រី យ៉េ ធឿន៖ «គាត់ [ថៅកែ] និយាយ​ភាសា​អារ៉ាប់​ថា ច្រើន​តែ​ខ្ញុំ​អត់​ដឹង​ថា លុយ​ប៉ុន្មាន​ទេ ដឹង​ថា ច្រើន​ណាស់ ដូច្នេះ​គាត់​មិន​អាច​បញ្ជូន​ខ្ញុំ​មក​កម្ពុជា​បាន​ទេ។ បើ​គាត់​ចង់​ឱ្យ​ខ្ញុំ​ទៅ [កម្ពុជា] គឺ​គាត់ [ថៅកែ] ត្រូវតែ​ទាមទារ​លុយ​ខ្ញុំ ១ពាន់ ៥រយដុល្លារ (.៥០០ដុល្លារ)។ ខ្ញុំ​មាន​លុយ​ឯ​ណា? បើ​ខ្ញុំ​មាន​លុយ​ខ្ញុំ​ទៅ​កម្ពុជា​វិញ​តាំង​ពី​ខ្ញុំ​មក​បាន ៤ខែ។ ខ្ញុំ​មាន​តែ​ទ្រាំ​ដេក​យំ ខ្ញុំ​អស់​សង្ឃឹម ខ្ញុំ​រត់​ទៅ​ផ្លូវ​ណា​ក៏​អត់​ចេញ​ដែរ ខ្ញុំ​នៅ​អង្គុយ​អស់​សង្ឃឹម។ ខ្ញុំ​មិន​ធ្វើ​ម៉េច? រក​ផ្លូវ​ទៅ​ណា​ក៏​មិន​រួច»

ទាក់ទង​នឹង​រឿង​នេះ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន នៅតែ​ប្រាប់​ឱ្យ​ក្រុម​ពលករ​រង់ចាំ​ដំណោះស្រាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ព្រមាន​ដល់​ក្រុម​ពលករ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​បញ្ចេញ​ព័ត៌មាន​នានា ទៅ​ក្រៅ ក្នុង​អំឡុង​ពេល​ភាគី​ពាក់ព័ន្ធ​សម្របសម្រួល និង​ដោះ​ស្រាយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង លោក អ៊ុក សារុន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី៦ ខែឧសភា។

អំឡុង​ពេល​ក្រុម​ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត ហើយ​ពលករ​ខ្លះ មិន​ត្រូវ​បាន​ថៅកែ​បើក​ប្រាក់​ខែ​ឱ្យ​ផង​នោះ ពលករ​មួយ​ចំនួន ដែល​ជំពាក់​បំណុល​ធនាគារ​នៅ​កម្ពុជា ពួកគេ​បាន​សុំ​ពន្យារ​ពេល​ម្ចាស់​បំណុល​ជា​បន្តបន្ទាប់ ប៉ុន្តែ​ភាគី​ខាង​មន្ត្រី​ធនាគារ​នៅ​តែ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​គេ។

ពលករ​កំពុង​ជាប់​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត លោកស្រី ជឹម សារ៉ន ឱ្យ​ដឹង​ថា លោកស្រី​គ្មាន​លុយ​បង់​ធនាគារ​ជាង ៣ខែ​មក​នេះ ដោយសារ​តែ​ថៅកែ​ពុំ​បាន​បើក​ប្រាក់​ខែ​ឱ្យ​លោកស្រី ដែល​ធ្វើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​នៅ​កម្ពុជា​រឹបអូស​យក​ម៉ូតូ​លោកស្រី។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោកស្រី​បញ្ជាក់​ថា លោកស្រី​បាន​ពឹង​សាច់ញាតិ​នៅ​កម្ពុជា​ឱ្យ​ខ្ចី​លុយ​គេ​បង់​ធនាគារ ដើម្បី​យក​ម៉ូតូ​មក​វិញ​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី៦ ខែឧសភា។ លោកស្រី​និយាយ​ថា បើ​ស្ថាន​ទូត និង​ក្រសួង​ការងារ នៅតែ​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​លោកស្រី​ត្រឡប់​ទៅ​កម្ពុជា លោកស្រី​អាច​ប្រឈម​ជំងឺ​បញ្ហា​ផ្លូវ​ចិត្ត។

លោកស្រី ជឹម សារ៉ន៖ «វា​ហួសចិត្ត​នឹង​និយាយ​ណា​មួយ​ទៅ​យើង​បាក់​ទឹកចិត្ត គ្រប់​យ៉ាង​ទាំង​អស់​មក​ធ្វើ​ការ​ចង់​បាន​លុយ​ផ្ញើ​ទៅ​គ្រួសារ​បង់​ធនាគារ ឱ្យ​កូន​ចាយ ម៉ែឪ​ចាយ ពេល​មក​ជួប​បញ្ហា​មុខ​ក្រោយ​ថៅកែ​គេ​មិន​បើក​លុយ​ឱ្យ បាយ​ទឹក​ហូប​មិន​គ្រប់គ្រាន់ នៅ​ផ្ទះ​ថៅកែ​ឃុំឃាំង​បង្អត់​បាយ​ទឹក។ បើ​យើង​មិន​ធ្វើ​ការ​ឱ្យ​គេ គំរាម​យើង​រហូត មក​ដល់​ក្រុមហ៊ុន​ក៏​អ៊ីចឹង បញ្ហា​ជំពាក់​នៅ​ផ្ទះ​ថៅកែ​ផង មក​ក្រុមហ៊ុន​ជំពាក់​នៅ​ក្រុមហ៊ុន​ទៀត»

របាយការណ៍​របស់​ការិយាល័យ​ក្រសួង​ការងារ​ឱ្យ​ដឹង​ថា មាន​ពលករ ១៣៣នាក់ បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ក្រសួង​ទទួល​ស្គាល់​ថា ក្រុម​ពលករ​ទាំង​នោះ មាន​ពលករ​ខ្លះ ធ្វើ​ការ​ហួស​ម៉ោង និង​កម្លាំង ប្រឈម​បញ្ហា​សុខភាព និង​គ្មាន​សិទ្ធ​សេរីភាព​ជា​ដើម។ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែមីនា រហូត​មក​ដល់​ពេល​នេះ ក្រសួង​ការងារ​អះអាង​ថា មាន​ពលករ​ចំនួន ២៨នាក់​ត្រូវ​បាន​ជួយ​អន្តរាគមន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​ក្រុម​ពលករ​នៅតែ​ទទូច​ដល់​ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ស្វែងរក​ក្រុម​ពលករ​ផ្សេង​ទៀត ដែល​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលករ រំលោភ​សិទ្ធិ​ពលករ ពី​សំណាក់​ក្រុមហ៊ុន និង​ថៅកែ ដើម្បី​បញ្ជូន​ពួកគាត់​មក​កម្ពុជា​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments