RFA | របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​មនុស្ស​២​នាក់​ទៀត​ករណី​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​ការ​សម្រេច​របស់​តុលាការ និង​បទ​ញុះញង់ | hot news

By , Comment
Share on Facebook Tweet on Twitter

របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ២​នាក់ និង​ពលរដ្ឋ​ម្នាក់​ទៀត នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ និង​បទ​ញុះញង់។ ការ​ចាប់ខ្លួន​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​វិញ​របស់​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កាន់តែ​ខិត​ជិត​ចូល​មក​ដល់។ អ្នកវិភាគ​យល់​ថា នេះ​ជា​ចំណាត់​ការ​បង្ក្រាប​លើ​សមាជិក​បក្ស​ប្រឆាំង ជាង​ការអនុវត្ត​ច្បាប់។

សកម្មជន​បក្សប្រឆាំង ២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ គឺ​ជា​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​បរសេដ្ឋ លោក ពុយ តាក់ អាយុ ៣៧​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ អ៊ុំ យ៉ុន អាយុ ៦១​ឆ្នាំ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក ទី សំណាង ចេញ​ដីកា​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី៨ ដើម្បី​យក​មក​សាកសួរ​យក​ព័ត៌មាន​ទាក់ទង​នឹង​បទ​ចោទ ២​ករណី គឺ​បទ​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​ការសម្រេច​របស់​តុលាការ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត គឺជា​ប្អូនប្រុស​បង្កើត​របស់ លោក ពុយ តាក់ ឈ្មោះ ហ៊ុន ទីន អាយុ​ជាង​៣០​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ពី​បទ​រារាំង​សមត្ថកិច្ច ក្នុង​ការ​អនុវត្ត​សាលដីកា​តុលាការ។

ភរិយា​របស់ លោក ពុយ តាក់ គឺ​លោកស្រី ស ស្រីអូន ប្រាប់​ថា ស្វាមី​លោកស្រី ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា នៅ​ពេល​កំពុង​ដឹក​សាច់​ជ្រូក និង​មាន់ តាម​ម៉ូតូ យក​ទៅ​លក់​នៅ​ផ្សារ​ស្លាប​លែង ស្ថិតនៅ​ភូមិ​ស្លាប​លែង ឃុំ​ស្វាយ​រំពា។ លោកស្រី​រៀបរាប់​ទៀត​ថា នៅ​ពេល​សមត្ថកិច្ច​ចូល​ទៅ​ចាប់ខ្លួន លោក ពុយ តាក់ ប្អូនប្រុស​បង្កើត​ម្នាក់​របស់ លោក ពុយ តាក់ ឈ្មោះ ហ៊ុន ទីន ជា​អ្នកលក់​ទឹកកក​នៅ​ម្ដុំ​ផ្សារ​ស្លាប​លែង បាន​ទៅ​ជួយ​បងប្រុស ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ទាំង​២​នាក់​។ អ្នក​ទាំង​២ ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ៖ «និយាយ​អត់​ដឹង​អ្វី​ហ្មង អត់​ដឹងខ្លួន គេ​មក​ចាប់​យក​តែម្ដង។ គេ​អត់​មាន​ឱ្យ​ដំណឹង​យើង ឱ្យ​អ្វី អត់​មាន​សោះ​។ ពេល​គាត់​ដឹក​សាច់​ជ្រូក ដាក់​លើ​គ្រែ​ហើយ គាត់​ត្រលប់​មក​ផ្ទះ​ជិត​ផ្សារ​ហ្នឹង​ដែរ​។ គាត់​មក​យក​សាច់​ជ្រូក ដូច​ថា សាច់​ជ្រូក​ដែល​យើង​លក់​សល់​តិចតួច​យើង​ក្លាស្សេ​អ៊ីចឹង​ណា។ អ៊ីចឹង​គាត់​មក​យក មក​យក​នៅផ្ទះ​ចាស់​អ៊ីចឹង​ទៅ​ណា មិន​ទាន់​បាន​យក​ផង គេ​មក​ចាប់​តែម្ដង»

ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត គឺ លោក អ៊ុំ យ៉ុន អាយុ​៦១​ឆ្នាំ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី៩ តុលា ដែរ។

អាស៊ីសេរី បាន​ទូរស័ព្ទ​ច្រើនដង ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក អ៊ូ ផាត និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ លោក សីន វីរៈ ដើម្បី​សួរ​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ នៅ​ថ្ងៃ​ទី៩ តុលា តែ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នកទទួល។

ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់​ថ្ងៃ​នេះ អ្នកវិភាគ យល់​ថា សកម្មជន​របស់​គណបក្ស​ប្រឆាំង កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ ហើយ​ការចោទប្រកាន់ និង​ចាប់ខ្លួន​ពួកគេ គឺជា​ការ​បំបាក់​ស្មារតី​ផ្នែក​នយោបាយ ជា​ជាង​ការអនុវត្ត​ច្បាប់។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ការ​ចោទ​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ​២​នាក់ ពី​បទ​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ និង​បទ​ញុះញង់ ហាក់​មិន​សម​ហេតុផល​ទេ។ កញ្ញា​ថា សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​ដឹង​ថា ពលរដ្ឋ គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ទាំងមូល ដោយសារតែ​តុលាការ​ខ្លួនឯង និង​ការ​ជ្រៀតជ្រែក​ពី​អំណាចនីតិប្រតិបត្តិ​លើ​អំណាចតុលាការ​។ អ្នកវិភាគ​រូប​នេះ យល់​ថា ការ​អនុវត្ត​លាយឡំ​គ្នា រវាង​នយោបាយ និង​ច្បាប់ ជា​មូលហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ មិនមែន​ដោយសារ​សកម្មជន​២​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ អាច​បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ បាត់​ជំនឿ​លើ​តុលាការ​ទេ៖ «បើ​យើង​និយាយ​ឱ្យ​ខ្លី​ទៅ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​បញ្ហា​ដែល​ជួបប្រទះ​ហ្នឹង វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ជ្រៀតចូល​នៃ​ការប្រើប្រាស់​អំណាច​នៅ​ក្នុង​នីតិប្រតិបត្តិ​ទៅលើ​តុលាការ»

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង លោក ពុយ តាក់ លោកស្រី ស ស្រីអូន ប្រាប់​ថា នៅ​ថ្ងៃ​ទី​១០​តុលា លោកស្រី នឹង​ទៅ​មើល​ស្វាមី​នៅ​ទី​រួម​ខេត្ត​កំពង់ស្ពឺ។ តែ​យ៉ាងណា លោកស្រី សង្ឃឹមថា សមត្ថកិច្ច នឹង​ដោះលែង​ស្វាមី​និង​ប្អូនថ្លៃ ឱ្យ​រួចខ្លួន​វិញ ដោយសារ​អ្នក​ទាំងពីរ មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments